គណៈកម្មការ ទី២ សភា រកឃើញ ភាពមិនប្រក្រតី របស់ អាជ្ញាធរ អប្សរា
RFA / វិទ្យុ អាស៊ី សេរី | ២២ ធ្នូ ២០១៤
គណៈកម្មការ ទី២ នៃរដ្ឋសភា បានជួបប្រជុំ រយៈពេល ជាង៤ម៉ោង ជាមួយ មន្ត្រីអាជ្ញាធរ អប្សរា ដែលទទួលបន្ទុក ការពារ ថែរក្សា ប្រាសាទបូរាណ នៅខេត្ត សៀមរាប កាលពីព្រឹក ថ្ងៃច័ន្ទ ទី២២ ខែធ្នូ។
កិច្ចប្រជុំ ដែលបិទទ្វារ មិនអនុញ្ញាត ឱ្យអ្នកសារព័ត៌មាន ចូលស្ដាប់និងថតសំឡេង ទាល់តែសោះ គឺ ដេញដោល អំពី ចំណូល ដែលលក់សំបុត្រ ឱ្យអ្នកទេសចរ បរទេស ចូលទស្សនា អង្គរ និងភាពមិនប្រក្រតី ខ្លះទៀត ពាក់ព័ន្ធ នឹងការជួលដី ទៅឱ្យក្រុមហ៊ុន រយៈពេល ៧០ឆ្នាំ។
សមាជិក គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងសវនកម្ម នៃរដ្ឋសភា មកពីគណបក្ស ប្រឆាំង អះអាងថា, គេ បានរកឃើញ ភាពមិនប្រក្រតី លើការ កេងបន្លំ ប្រាក់ចំណូល ជាតិ ដែលបាន ពីការលក់សំបុត្រ ឱ្យបរទេស ចូលទស្សនា អង្គរវត្ត និងការជួលដី ដែលគ្រប់គ្រង ដោយអាជ្ញាធរ អប្សរា ជាច្រើន ហិកតារ ផ្សេងទៀត។
អនុប្រធាន គណៈកម្មការ សេដ្ឋកិច្ច, ហិរញ្ញវត្ថុ, ធនាគារ, និងសវនកម្ម នៃរដ្ឋសភា គឺ លោក សុន ឆ័យ។ លោក មានប្រសាសន៍ បន្ទាប់ពីបញ្ចប់ កិច្ចប្រជុំ ជាមួយ អាជ្ញាធរ អប្សរា កាលពីរសៀល ថ្ងៃច័ន្ទ ទី២២ ខែធ្នូ ថា, នៅក្នុងកិច្ចប្រជុំ គឺ អាជ្ញាធរ អប្សរា បានយក ឯកសារ តួលេខ អ្នកទេសចរ បរទេស ដែលមកទស្សនា អង្គរវត្ត ចំនួន ៤ឆ្នាំ មកបង្ហាញ។ ជាពិសេស ជាងនេះ ទៅទៀត គឺ អាជ្ញាធរ អប្សរា បានយក តួលេខ អ្នកទេសចរ បរទេស ដែលចូល ទស្សនា អង្គរ រយៈ ១០ខែ ឆ្នាំ២០១៤ មកបង្ហាញ ថា, មានចំនួន យ៉ាងច្រើន ២លាននាក់ ដោយទទួលបាន ចំណូល ៥២លាន ដុល្លារ អាមេរិក។
លោក សុន ឆ័យ បញ្ជាក់ថា, នេះ ជាលើក ទី១ ដែលសមាជិក សភា មកពីគណបក្ស ប្រឆាំង បានទទួល របាយការណ៍ ជាលាយលក្ខណ៍ អក្សរ ស្ដីពី ចំនួន ទេសចរណ៍ បរទេស ចូលទស្សនា អង្គរ, ក៏ប៉ុន្តែ លោក នៅតែ មិនជឿ ចំពោះ តួលេខ និងចំណូល ទេសចរណ៍ ដែលអះអាង ដោយអាជ្ញាធរ អប្សរា នោះទេ៖ «ចំណុច ដែលត្រូវ ពិនិត្យនោះ គឺ ចំនួន ជាក់ស្ដែង ព្រោះ អ្វី ដែលគេ ផ្ដល់ឱ្យ គឺ មិនមាន ភស្តុតាង បង្ហាញថា, ជាចំនួន ពិតប្រាកដទេ, គ្រាន់តែ តួលេខ។ ហើយ តម្លៃសំបុត្រ ភាគច្រើន ២០-៤០ ដុល្លារ អីហ្នឹង ក៏សុទ្ធតែ ជាតួលេខដែរ។»
លោក សុន ឆ័យ អះអាងទៀតថា ក្រៅពីភាពមិនប្រក្រតីនៃតួលេខភ្ញៀវបរទេសដែលចូលទស្សនាអង្គរ គឺនៅមានភាពមិនប្រក្រតីមួយទៀត ដោយសារអាជ្ញាធរអប្សរាបានជួលដី ២៣ហិកតារ នៅជិតអង្គរឃ្យុងយូរ ទៅឱ្យក្រុមហ៊ុនសូគីម៉ិច សង់រមណីយដ្ឋានទេសចរណ៍ រយៈពេល ៧០ឆ្នាំ។ ការជួលនោះ ក្នុងតម្លៃ ៩លានដុល្លារសហរដ្ឋអាមេរិក ក៏ប៉ុន្តែរហូតមកដល់បច្ចុប្បន្ន គឺទើបតែបានទទួលលុយជាង ៤លានដុល្លារ ហើយប្រគល់ជូនរដ្ឋបានតែ ២លានដុល្លារ ចំណែក ២លានដុល្លារទៀតមិនដឹងបាត់ទៅណា?
មន្ត្រីអាជ្ញាធរអប្សរា បានបញ្ចេញប្រតិកម្មឆ្លើយតបវិញភ្លាមៗ ទៅនឹងការរិះគន់របស់សមាជិកគណៈកម្មការទី២ នៃរដ្ឋសភាមកពីបក្សប្រឆាំងនេះ។
អគ្គនាយកអាជ្ញាធរអប្សរា លោក ប៊ុន ណារិទ្ធ មានប្រសាសន៍ថា អាជ្ញាធរបានព្យាយាមបង្ហាញតួលេខអ្នកទេសចរបរទេសដែលចូលទស្សនា អង្គរវត្តរយៈពេល ៤ឆ្នាំ ជូនគណៈកម្មការទី២នៃរដ្ឋសភាអស់ហើយ។ លោក ប៊ុន ណារិទ្ធ ផ្ដល់ឧទាហរណ៍ថា កាលពីឆ្នាំ២០១៣ កន្លងទៅ ចំនួនអ្នកទេសចរបរទេសដែលមកទស្សនាកម្ពុជា គឺជាង ៤.២លាន ក្នុងនោះគឺមកខេត្តសៀមរាប ប្រហែលជាង ២លាននាក់ ប៉ុន្តែភ្ញៀវដែលមកទិញសំបុត្រទស្សនាអង្គរវត្តមែនទែន គឺក្រោមចំនួន ២លាននាក់នោះទៅទៀត ដូច្នេះចំនួននេះមិនអាចគុណឃើញចំណូល ១៦០លានដូចការអះអាងរបស់សមាជិកសភានៃគណបក្សប្រឆាំងនោះទេ។
លោក ប៊ុន ណារិទ្ធ ប្រតិកម្ម ថា, បើ តំណាងរាស្ត្រ នៃគណបក្ស ប្រឆាំង មិនជឿ លើតួលេខ ដូចលោក អះអាងនេះ គឺ លោក គ្មាន តួលេខណា ផ្សេងទៀតទេ៖ «ដែលលេខ បំប៉ោងហ្នឹង មកពីយក ចំនួន ៤លាន នាក់ ទៅគុណ។ លេខ របស់ខ្ញុំ មិនពិត ឬក៏ពិត យ៉ាងម៉េច អាហ្នឹង ស្រួលទេ, យក ទៅគុណ មើលទៅ។ ខ្ញុំ មិនមែន ផលិតលេខ ខ្លួនឯង ឯណា, គឺ លេខ ចេញពីក្រសួង ទេសចរណ៍។»
ទោះយ៉ាងណាអនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ នៅតែយល់ថា ការលក់សំបុត្រឱ្យបរទេសចូលទស្សនាអង្គរ និងការជួលដីទៅឱ្យក្រុមហ៊ុនវិនិយោគ គឺមានភាពមិនប្រក្រតី ធ្វើឱ្យបាត់ចំណូលជាតិធ្ងន់ធ្ងរ។
លោក សុន ឆ័យ មិនរំពឹងថា បញ្ហានេះអាចនឹងចាត់វិធានការផ្លូវច្បាប់បានក្នុងនាមគណៈកម្មការទី ២នៃរដ្ឋសភា ដែលមានសមាជិកចម្រុះមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនោះទេ ក៏ប៉ុន្តែរូបលោកដែលជាអ្នកតំណាងរាស្ត្រ១រូប នឹងបន្តការស្រាវជ្រាវរកភស្តុតាងថែមទៀតមុននឹងទាមទារឱ្យចាត់ វិធានការផ្លូវច្បាប់ប្រឆាំងករណីនេះ៕
No comments:
Post a Comment