ក្រុមការងារ ចរចា បក្សទាំងពីរ ខ្វែងគំនិតគ្នា ត្រង់ឯកសារ បញ្ជាក់ អត្តសញ្ញាណ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ២៦ ធ្នូ ២០១៤
ក្រុមការងារ ចរចា គណបក្ស ទាំងពីរ ខ្វែងគំនិតគ្នា ត្រង់ឯកសារ បញ្ជាក់ អត្តសញ្ញាណ បម្រើ ឲ្យការបោះឆ្នោត។ ទំនាស់នេះ កើតឡើង ក្នុងកិច្ចប្រជុំ ស្ដីពី ការកែទម្រង់ ច្បាប់បោះឆ្នោត របស់ ក្រុមការងារ ចរចា រវាង គណបក្ស ទាំងពីរ នារសៀលថ្ងៃ ទី២៦ ខែធ្នូ នៅវិមាន រដ្ឋសភា។
គណបក្ស ប្រឆាំង ចង់ ឲ្យអ្នកបោះឆ្នោត ប្រើប័ណ្ណបោះឆ្នោត ដូចសម័យ អ៊ុនតាក់ (UNTAC) ខណៈ ដែលបក្ស កាន់អំណាច មានបំណង ឲ្យអ្នកបោះឆ្នោត ប្រើប្រាស់ ឯកសារ បញ្ជាក់ អត្តសញ្ញាណ ដូចការ បោះឆ្នោត លើកមុនៗ។
បន្ទាប់ ពីកិច្ចប្រជុំ ដំណើរការ អស់រយៈពេល ជាង ១ម៉ោង រួចមក, ក្រុមការងារ ចរចា គណបក្ស ទាំងពីរ មិនកៀកដៃគ្នា ដើរ រកអ្នកកាសែត ដូចពេល មុនៗទេ។ ប្រធាន ក្រុមចរចា គណបក្សប្រជាជន កម្ពុជា លោក ប៊ិន ឈិន បន្ត ជជែកគ្នា ជាមួយ សមាជិក របស់ខ្លួន ពីរឿងរ៉ាវ ដែលកើតមាន នៅក្នុង ពេលប្រជុំ។ ចំណែកឯមន្ត្រីគណបក្សសង្គ្រោះជាតិ អ្នកខ្លះដើរចេញពីកន្លែងប្រជុំទៅផ្ទះមុន ហើយមានតែ លោក គួយ ប៊ុនរឿន ម្នាក់ប៉ុណ្ណោះ ដែលងើបមកផ្តល់បទសម្ភាសន៍ឲ្យអ្នកកាសែត។
ប្រធាន ក្រុមចរចា គណបក្សប្រឆាំង លោក គួយ ប៊ុនរឿន មានប្រសាសន៍ ថា, គណបក្ស សង្គ្រោះជាតិ ចង់ឲ្យ អ្នកបោះឆ្នោត ទាំងអស់ អាចបោះឆ្នោតបាន ដោយប្រើ អត្តសញ្ញាណ តែមួយ ដើម្បី ទប់ស្កាត់ បញ្ហា ដែលកើត មានឡើង ដូចការបោះឆ្នោត នាពេល កន្លងទៅ។ លោក បន្តថា, ការប្រើប្រាស់ ប័ណ្ណបោះឆ្នោត ដោយឡែក នឹងអាច ការពារ បញ្ហាបានច្រើន ដូចជា ការបាត់ឈ្មោះ, ខុសឈ្មោះ, ហើយ អាជ្ញាធរ មូលដ្ឋាន ក៏មិនអាច បញ្ជាក់ អត្តសញ្ញាណ ឲ្យអ្នកបោះឆ្នោត ស្រេចតែ នឹងចិត្ត នោះដែរ។
ឆ្លើយតប នឹងបញ្ហានេះ, ប្រធាន ក្រុមចរចា គណបក្ស ប្រជាជន កម្ពុជា លោក ប៊ិន ឈិន លើកឡើង ថា, គណបក្ស ប្រជាជន កម្ពុជា ប្ដេជ្ញាធ្វើ យ៉ាងណា ឲ្យពលរដ្ឋ ខ្មែរ គ្រប់រូប មានអត្តសញ្ញាណប័ណ្ណ ប្រើប្រាស់ គ្រប់ៗគ្នា មុនឆ្នាំ២០១៧ ដើម្បី ងាយស្រួល យកទៅ បោះឆ្នោត ឃុំ-សង្កាត់ និងបោះឆ្នោត តំណាងរាស្ត្រ នាពេល ខាងមុខ។ លោក បញ្ជាក់ថា, បើសិនជា ធ្វើប័ណ្ណ បោះឆ្នោតនោះ ក៏នៅតែ មានបញ្ហា ដូចគ្នា ដដែល, ហើយ ដំណោះស្រាយ ចុងក្រោយ ក៏នៅតែ តម្រូវ ឲ្យអាជ្ញាធរ មូលដ្ឋាន ចុះបញ្ជាក់ អត្តសញ្ញាណ ឲ្យអ្នកបោះឆ្នោត ដោយជៀស មិនរួច។
ទោះ ជាយ៉ាងណាក្តី សមាជិក សម្ព័ន្ធកែទម្រង់ ការបោះឆ្នោត (ហៅកាត់ ថា អ៊ឺរ៉ា, ERA) លោក យង់ គិមអេង លើកឡើង ថា, គណបក្ស ទាំងពីរ ត្រូវតែ បើកចំហ ឲ្យមាន ការចូលរួម ឲ្យបាន ទូលំទូលាយ ជាងនេះ ទើប ធ្វើឲ្យច្បាប់ ថ្មីនោះ អាចទទួល យកបាន ពីគ្រប់មជ្ឈដ្ឋាន។ លោក បញ្ជាក់ថា, គណបក្ស ទាំងពីរ កំពុង បិទទ្វារ ចរចា រកប្រយោជន៍ រៀងៗខ្លួនប៉ុណ្ណោះ, បើ ទោះជា ខ្វែងគំនិតគ្នា ឬត្រូវរ៉ូវគ្នា ក៏ដោយ។
ទោះយ៉ាងណាក៏ដោយ បំណងរបស់បក្សប្រឆាំងដែលចង់ឲ្យអ្នកបោះឆ្នោតប្រើប័ណ្ណបោះឆ្នោត ដូចសម័យអ៊ុនតាក់នោះ ក៏ដូចនឹងសេចក្តីព្រាងច្បាប់របស់សម្ព័ន្ធកែទម្រង់ការបោះឆ្នោត ដែរ។ មកដល់ពេលនេះ គណបក្សទាំងពីរចរចាគ្នាលើការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់ ជំពូកទី៦ ដែលនិយាយពីបញ្ហាសំខាន់ៗមួយចំនួន ដូចជាអ្នកទទួលខុសត្រូវក្នុងការចុះឈ្មោះបោះឆ្នោត របៀបចុះឈ្មោះ ការរៀបចំបញ្ជីឈ្មោះបោះឆ្នោត និងឯកសារសម្គាល់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត ជាដើម។
ប្រធានក្រុមចរចាគណបក្សទាំងពីរសន្យាថា នៅពេលចរចាគ្នារួចរាល់ នឹងធ្វើសិក្ខាសាលាមួយផ្សព្វផ្សាយពីសេចក្តីព្រាងច្បាប់ទាំងនេះ ដើម្បីស្នើសុំយោបល់ពីសង្គមស៊ីវិល និងផ្នែកពាក់ព័ន្ធ។ ភាគីទាំងពីរ នឹងបន្តចរចាគ្នាទៀតនៅថ្ងៃសុក្រ សប្ដាហ៍ក្រោយ៕
If both of them parties are really and truly looking out for the Cambodian/People's interests [and not be subservient to the Viet/YUON's], would there be this kind of nonsensical bickering or brick wall mounting?
ReplyDeletePlease tell me, Ms. Theary Séng, please?
. [DoT]
not being subservient to***
ReplyDeleteCPP intention is to get youn to vote so they can win easily.
ReplyDelete