គ្រូបង្រៀន វិទ្យាល័យ បឹងត្របែក ផ្ដិតមេដៃ ជំទាស់ ការផ្ដល់ដី ឲ្យមជ្ឈមណ្ឌល ស្លឹក រឹត
RFA / វិទ្យុ អាស៊ី សេរី | ៩ ធ្នូ ២០១៤
ដី ចំនួន ៨ពាន់ ម៉ែត្រការ៉េ ក្នុងចំណោម ផ្ទៃដី សរុប ប្រមាណ ១២ហិកតារ នៃវិទ្យាល័យ បឹងត្របែក នោះ បានក្លាយ ជាជម្លោះ ខ្វែងគំនិតគ្នា លើសំណង នៃការអភិវឌ្ឍ បន្ទាប់ ពីវិទ្យាស្ថាន ស្លឹក រឹត របស់ លោក ឆាំង យុ ស្នើសុំ គោលការណ៍ ពីរដ្ឋាភិបាល ដើម្បី រៀបចំ ជាមជ្ឈមណ្ឌល វប្បធម៌ ប្រវត្តិសាស្ត្រ ក្នុងបរិវេណ នៃដី វិទ្យាល័យ បឹងត្របែក នេះ។
ក្រុមគ្រូបង្រៀន ដែលបាន ផ្ដិតមេដៃ ជំទាស់ គោលការណ៍ អភិវឌ្ឍន៍នេះ ឲ្យដឹង នៅថ្ងៃ ទី៩ ធ្នូ ថា, មូលហេតុ ដែលពួកគាត់ មិនពេញចិត្ត ចំពោះ គម្រោងនេះ ដោយសារតែ សំណង នៃការ ដោះដូរ មានចំនួន ៦០០ដុល្លារ គឺ តិចជាង ការចង់បាន របស់ ពួកគេ ដែលស្នើសុំ សម្រាប់ គ្រូបង្រៀនម្នាក់ ដែលបាន មើលថែរក្សា ដីសាលានេះ តាំងពីឆ្នាំ ១៩៧៩ មក។ ពួកគាត់ ទាមទារ ៥ពាន់ ដុល្លារ ក្នុងម្នាក់។ ក្រុមគ្រូបង្រៀន ដែលថ្លែង ក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះ ឲ្យដឹង ទៀតថា, ហេតុផល ដែលពួកគាត់ តវ៉ា ក្នុងតម្លៃ មួយ ដ៏ខ្ពស់នេះ គឺ មិនចង់ ឲ្យបាត់បង់ ដីសាលា តែប៉ុណ្ណោះ។ ពួកគាត់ បន្តថា, «គាត់ ឲ្យជាគោលនយោបាយ ឲ្យគ្រូម្នាក់ ៦០០ដុល្លារ។ ដូច្នេះ គ្រូ ឥឡូវ គេ បដិសេធ មិនព្រមយក ប៉ុណ្ណឹងទេ ព្រោះ គេ ថែរក្សា យូរហើយ តាំងឆ្នាំ ១៩៧៩ មក។ គោលបំណង របស់ខ្ញុំ ធ្វើអ្វី មិនចង់ ឲ្យបាត់បង់ ទ្រង់ទ្រាយ ដើម ទុក ទីធ្លា ឲ្យធំ ដើម្បី ឲ្យក្មេងៗ បានលេង។»
ក្រុមគ្រូបង្រៀនដែលគ្រោងថាប្រមូលផ្ដុំគ្នានៅរសៀលថ្ងៃទី៩ ធ្នូ នៅទីតាំងវិទ្យាល័យបឹងត្របែក ដើម្បីសម្ដែងមតិប្រឆាំងគម្រោងអភិវឌ្ឍន៍នេះ ប៉ុន្តែត្រូវរំសាយទៅវិញ បន្ទាប់ពីមន្ត្រីនៃក្រសួងអប់រំ លើកពេលពិភាក្សាទៅថ្ងៃទី១៥ ខែធ្នូ វិញ។ បើទោះជាពុំបានជួបជុំដូចការគ្រោងទុក ក៏ក្រុមគ្រូបង្រៀនបានផ្ដិតមេដៃជំទាស់នឹងគោលការណ៍នេះដែរ នៅរសៀលថ្ងៃទី៩ ខែធ្នូ។
នាយកវិទ្យាល័យបឹងត្របែក លោក ផេង សុវណ្ណារ៉ា ថ្លែងថា បើទោះជាគោលការណ៍របស់រដ្ឋាភិបាលដែលរៀបចំគម្រោងនេះពុំមានសំណងណា មួយក៏ដោយ ក៏លោកអះអាងថា លោកក៏នឹងមិនជំទាស់គោលការណ៍នេះដែរ។ លោកបន្តថា «ក្នុងនាមខ្ញុំជាបុគ្គលិករបស់មន្ត្រីរាជការរដ្ឋហ្នឹង គឺសម្រាប់រាជរដ្ឋាភិបាលគាត់ត្រូវការហើយ ខ្ញុំឥតមានជំទាស់ទេ។»
ពាក់ព័ន្ធរឿងនេះ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជា ឲ្យដឹងថា ការពិតក្រុមគ្រូបង្រៀនគួរសប្បាយចិត្តទៅវិញ ជាជាងជំទាស់គម្រោងសាងសង់វិទ្យាស្ថានស្លឹករឹត នេះ។ បើទោះជាបែបណា លោកពុំបានឆ្លើយនឹងសំណួរ ថាតើគួរផ្អាកគម្រោង ឬបន្តទៅទៀត ក្រោយពីមានការមិនពេញចិត្តនៅពេលនេះ។ ដោយលោកគ្រាន់តែបញ្ជាក់ថា ប្រសិនបើអគារនេះកើតមាន គឺពុំមែនជាកម្មសិទ្ធិរបស់លោក ឬជារបស់រដ្ឋាភិបាលឡើយ។ ផ្ទុយទៅវិញ វិទ្យាស្ថាននេះ គឺជាសម្បត្តិមនុស្សជាតិនៅទូទាំងប្រទេសកម្ពុជា ជាពិសេស មុននឹងបង្កើតគំនិតផ្ដួចផ្ដើមឲ្យមានវិទ្យាស្ថានស្លឹករឹត នេះ គឺមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក្នុងចំណោមជាង ៣ពាន់ភូមិ ដែលគាំទ្រឲ្យមានវិទ្យាស្ថាននេះលេចជារូបរាងឡើង។ លោកបន្តថា «មិន មែនជារឿងដីធ្លី។ ប៉ុន្តែជារឿងដែលយើងបង្កើតវិទ្យាស្ថានមួយសម្រាប់ជាតិ។ ធ្វើនេះមិនមែនជាការដោះដូរទេ។ ដីនៅតែជារបស់រដ្ឋ។»
ទាក់ទិនការដោះដូរគោលនយោបាយនេះ គឺជាបន្ទុករបស់រដ្ឋាភិបាល។ ដោយឡែកវិទ្យាស្ថានស្លឹករឹត មានភារៈក្នុងការសាងសង់អគារ និងរកថវិកាប៉ុណ្ណោះ។ បន្ថែមពីលើនេះ លោក ឆាំង យុ និយាយថា ហេតុផលដែលវិទ្យាស្ថានស្លឹករឹត គ្រោងនឹងបង្កើតនៅចំណុចវិទ្យាល័យបឹងត្របែក គឺដោយសារទីតាំងនេះជាអតីតការិយាល័យមន្ទីរស២១ នៃរបបខ្មែរក្រហមផង៕
No comments:
Post a Comment