Paris Peace Accords 23 Oct. 1991

Thursday, January 1, 2015

សង្គម​ស៊ីវិល រៀបចំ​ វេទិកា​ ស្ដីពី​ ការ​លើក​កម្ពស់​ តម្លាភាព ​និង​គណនេយ្យ​ភាព នៅ​សាលា​រៀន | ANSA-EAP conducts forum on transparency and accoutability in schools

សង្គម​ស៊ីវិល រៀបចំ​ វេទិកា​ ស្ដីពី​ ការ​លើក​កម្ពស់​ តម្លាភាព ​និង​គណនេយ្យ​ភាព នៅ​សាលា​រៀន

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣១ ធ្នូ ២០១៤

ជួយ​មើល​សាលា​រៀន ៦២០
អាវ​សរ សេរ​ឈ្មោះ ​គម្រោង​ ជួយ​មើល​សាលា​រៀន។ រូបថត​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៤ (RFA/Saut Sokprathna)

វេទិកា ​ស្ដីពី​ គម្រោង ​ត្រួត​ពិនិត្យ​ សាលា​រៀន ​នៅ​ខេត្ត​ កំពង់ចាម ដែល​រៀបចំ​ឡើង​ ដោយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល នៅ​ថ្ងៃ ​ទី​៣០ ធ្នូ គឺ ​ដើម្បី ​ផ្តល់​ឱកាស ​សម្រាប់​ អ្នក​ពាក់ព័ន្ធ និង​អ្នក​ទទួល​ ផល​ប្រយោជន៍​ ពី​វិស័យ​អប់រំ អាច​បញ្ចេញ ​នូវ​មតិ ឬ​សេចក្តី​ ត្រូវ​ការ​ របស់​ខ្លួន សម្រាប់ ​រួម​ចំណែក ​លើក​កម្ពស់ ​វិស័យ​អប់រំ​ ឲ្យ​បាន​ ប្រសើរ​ឡើង។

វេទិកា ​ដែល​មាន ​អ្នក​ចូលរួម ១៣០​នាក់ ក្រោម​ការ​រៀបចំ​ ដោយ​អង្គការ​ ក្រៅ​រដ្ឋាភិបាល ​មួយ​ចំនួន, គឺ​ ដើម្បី ​ឲ្យ​អ្នក​ចូលរួម​ ទាំងអស់ អាច​យល់​ដឹង​ ពី​ការ​ប្រើប្រាស់​ ប្រព័ន្ធ​បច្ចេកវិទ្យា, រួម​មាន ​ទូរស័ព្ទ ឬ​ការ​ផ្ញើ​សារ ​ជា​សំឡេង និង​បណ្ដាញ​សង្គម​ ផ្សេងៗ​ ក្រោម​គម្រោង​ ឈ្មោះ​ថា ជួយ​មើល​ សាលា​រៀន ឬ​ហៅ​ថា ​ឆែក​ម៉ាយស្កូល (Check My School) គឺ ​ដើម្បី​ ជា​ប្រយោជន៍ ​ជំរុញ​ ឲ្យ​មាន​ ការ​ដោះស្រាយ ​នូវ​បញ្ហា​ ផ្សេងៗ ​របស់​ សិស្ស ឬ​អ្នក​ពាក់ព័ន្ធ និង​ធ្វើ​ ឲ្យ​វិស័យ ​អប់រំ​ កាន់​តែ ​ប្រសើរ​ឡើង។

តំណាង​ សម្ព័ន្ធ ​គណនេយ្យ​ភាព​ សង្គម​ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក (ANSA-EAP ) លោក សន ជ័យ មាន​ប្រសាសន៍ ​ថា, ការ​រៀបចំ​ វេទិកា ​នេះ​ឡើង គឺ ​ដើម្បី​ ណែនាំ​ អ្នក​ចូលរួម​ ទាំងអស់​ ឲ្យ​មាន​ ឱកាស​ លើក​ឡើង ​ពី​បញ្ហា ឬ​មតិ​ របស់​ខ្លួន ចំពោះ ​ស្ថានភាព​ទូទៅ​ នៅ​ក្នុង​សាលា​រៀន​ ដែល​ពួក​គាត់ ​ជួប​ប្រទះ និង​ដើម្បី​ ស្វែង​យល់ ​ពី​អត្ថប្រយោជន៍ ​នៃ​គម្រោង ​ជួយ​មើល សាលា​រៀន ​មួយ​នេះ៖ «ប្រព័ន្ធ​ ឆ្លើយ​តប​ សារ​ ជា​សំឡេង​ សម្រាប់​ ប្រជាពលរដ្ឋ, សហគមន៍, សិស្ស​ហ្នឹង រាយការណ៍​ ពី​តម្រូវ​ការ​ ពួក​គេ​ នៅ​សាលា​រៀន, ហើយ​ ពួក​គេ​ ក៏​អាច​ ទូរស័ព្ទ​ មក​កាន់​ លេខ​ទូរស័ព្ទ ០៧០ ២២១ ១២៥ ដើម្បី​ រាយការណ៍​ ថា, ​អ្វី​ខ្លះ​ ជា​តម្រូវ​ការ, អ្វី​ខ្លះ​ ជា​កត្តា​ប្រឈម។»

លោក ​បន្ត​ថា បច្ចុប្បន្ន​បញ្ហា​ប្រឈម​មួយ​ចំនួន​កើត​ឡើង​ទៅ​លើ​វិស័យ​អប់រំ ដូចជា តំបន់​ខ្លះ​ជួប​ប្រទះ​កង្វះ​សាលា​រៀន សៀវភៅ​សិក្សា បញ្ហា​បង្គន់​អនាម័យ បញ្ហា​ទីធ្លា​សម្រាប់​លេង​កម្សាន្ត ជាដើម។ លោក​ថា បញ្ហា​ទាំង​នេះ​ក៏​ជា​ហេតុផល​មួយ​ដែល​នាំ​ឲ្យ​សិស្ស​មួយ​ចំនួន ពិសេស​នៅ​ថ្នាក់​អនុវិទ្យាល័យ សម្រេច​ចិត្ត​បោះ​បង់​ចោល​ការ​សិក្សា​តែ​ម្តង៖ «ការ​ខ្វះ​ខាត​សេវា​នៅ​ សាលា​រៀន គឺ​ជា​ឧបសគ្គ​មួយ​ដែរ។ យើង​ដឹង​ហើយ​ថា សាលា​រៀន គឺ​ជា​កន្លែង​មួយ​ដែល​មាន​ផាសុកភាព ជា​កន្លែង​មួយ​ដែល​អាច​ទទួល​យក​បាន។»

ទាក់ទង​គម្រោង​ជួយ​ត្រួត​ពិនិត្យ​សាលា​រៀន​ពេល​នេះ ប្រធាន​អធិការកិច្ច​នៃ​មន្ទីរ​អប់រំ យុវជន និង​កីឡា ខេត្ត​កំពង់ចាម លោក ហង្ស ប៊ុនឡេង មាន​ប្រសាសន៍​ថា គោល​នយោបាយ​របស់​ក្រសួង​អប់រំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ គឺ​ធ្វើ​យ៉ាង​ណា​ធានា​នូវ​ការ​អប់រំ​មួយ​ប្រកប​ដោយ​សមធម៌ លើក​កម្ពស់​គុណភាព​អប់រំ និង​ការ​ឆ្លើយ​តប រីឯ​ចុង​ក្រោយ គឺ​ធានា​ប្រសិទ្ធភាព​នៃ​ការ​ដឹក​នាំ និង​ការ​គ្រប់គ្រង​របស់​ថ្នាក់​ដឹក​នាំ​វិស័យ​អប់រំ​ទាំងអស់។ លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​គោល​នយោបាយ​របស់​ក្រសួង​អប់រំ ទាំង​បី​ចំណុច​អាច​សម្រេច​បាន លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​ដៃគូ​ពាក់ព័ន្ធ ពី​សហគមន៍​ជាតិ និង​អន្តរជាតិ ពិសេស​គម្រោង​ត្រួត​ពិនិត្យ​សាលា​របស់​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍ ​ជាតិ ហៅ​ថា ខាញដ៍ (KIND) សហការ​ជាមួយ​សម្ព័ន្ធ​គណនេយ្យ​សង្គម​ពេល​នេះ ក៏​អាច​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​លើក​កម្ពស់​វិស័យ​អប់រំ​ដែរ៖ «គឺ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​អង្គការ​ជាតិ ឬ​អន្តរជាតិ ឬ​សហគមន៍​ចូលរួម​ដើម្បី​សម្រេច​កិច្ចការ​នេះ។ ក្រសួង​អប់រំ ក៏​បើក​ទូលាយ។»

យ៉ាង​ណា លោក សន ជ័យ បន្ថែម​ថា ស្ថានភាព​លំបាក​មួយ​ចំនួន​របស់​សិស្ស នឹង​អាច​ប្រសើរ​ឡើង​បន្ថែម​ទៀត ប្រសិន​បើ​ថវិកា​ជាតិ​សម្រាប់​វិស័យ​អប់រំ​នៅ​តែ​កើន​ឡើង ហើយ​ធានា​ថា​ថវិកា​ដែល​ប្រើប្រាស់​ទាំង​នោះ គឺ​ចំ​គោលដៅ និង​មាន​តម្លាភាព។ លោក​បញ្ជាក់​ថា ផែនការ​បន្ត ខាង​លោក និង​អង្គការ​ជា​ដៃគូ ខិតខំ​ប្រឹងប្រែង​ប្រមូល​ព័ត៌មាន ឬ​សេចក្តី​ត្រូវ​ការ​របស់​សិស្ស​នៅ​តាម​មូលដ្ឋាន​ឲ្យ​ច្រើន សម្រាប់​ដាក់​ជូន​ទៅ​រាជ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​នូវ​រាល់​តម្រូវ​ការ​របស់ ​ពួក​គាត់ ពីព្រោះ​លោក​យល់​ថា កត្តា​ធនធាន​មនុស្ស គឺ​ជា​បញ្ហា​យ៉ាង​សំខាន់​ដើម្បី​អភិវឌ្ឍ​ប្រទេស​ជាតិ និង​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​នៅ​ពេល​សមាហរណកម្ម​អាស៊ាន (ASEAN) ចូល​មក​ដល់៕



No comments:

Post a Comment