Paris Peace Accords 23 Oct. 1991

Friday, January 23, 2015

លោក​ ប៊្រែដ​ អាដាម ​រិះ​គន់​ បក្ស​ប្រជាជន ​ដែល​ទាមទារ​ កាត់​បន្ថយ ​ចំនួន​ថ្ងៃ​ ឃោសនា​ បោះឆ្នោត | Brad Adams criticizes CPP for demanding less days for campaigning

លោក​ ប៊្រែដ​ អាដាម ​រិះ​គន់​ បក្ស​ប្រជាជន ​ដែល​ទាមទារ​ កាត់​បន្ថយ ​ចំនួន​ថ្ងៃ​ ឃោសនា​ បោះឆ្នោត

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ មករា ២០១៥

ប៊្រែដ អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ ទទួល​បន្ទុក ​កិច្ចការ​ តំបន់​ អាស៊ី ​របស់ ​អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ ​របស់​ វិទ្យុ​ អាស៊ី សេរី នា​ទីក្រុង​ វ៉ាស៊ីនតោន (Washington, DC) សហរដ្ឋ​ អាមេរិក កាល​ពី​ថ្ងៃ ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។  Photo: RFA

មន្ត្រី​ច្បាប់​ សិទ្ធិមនុស្ស​ អន្តរជាតិ ឲ្យ​ដឹង​ថា, ​ក្រុម​ការងារ ពិភាក្សា​ សេចក្ដីព្រាង​ច្បាប់ បោះឆ្នោត របស់​ គណបក្ស​ ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ អាច ​នឹង​ធ្វើ​ ឲ្យ​កម្ពុជា ប្រាសចាក​ឆ្ងាយ ​ពី​គន្លង​ ប្រជាធិបតេយ្យ។  ជា​ពិសេស​នោះ គឺ​ ចំណុច​ថ្មី​ មួយ​ចំនួន​ ទាក់ទង នឹង​យុទ្ធនាការ​ បោះឆ្នោត​ ដែល​ស្នើ​ឡើង​ ដោយ​គណបក្ស​ ប្រជាជន​កម្ពុជា។

មន្ត្រី ​អង្គការ​ សិទ្ធិមនុស្ស ​ក្នុងស្រុក និង​ក្រៅ​ស្រុក កំពុង​សំដែង​ ការ​ព្រួយបារម្ភ​ ចំពោះ សេចក្ដីព្រាង​ច្បាប់ ​បោះឆ្នោត ដែល​គណបក្ស​ កាន់​អំណាច និង​គណបក្ស​ ប្រឆាំង កំពុង ​ពិភាក្សា​គ្នា។

លោក ប៊្រែដ អាដាម (Brad Adams) មន្ត្រី​​ជាន់ខ្ពស់​នៃ​​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ហៅ​ ការ​ទាមទារ​ កាត់បន្ថយ​ ចំនួន​ថ្ងៃ យុទ្ធនាការ​ បោះឆ្នោត​ ពី​រយៈពេល​ ១​ខែ មក​ត្រឹម ​១៤​ថ្ងៃ និង​ការ​ហែ​ក្បួន​ ឃោសនា​ មក​ត្រឹមតែ ​២​ថ្ងៃ​នោះ ថា​, ជា​ការ​ប៉ុនប៉ង ​កាត់បន្ថយ​ លំហ​ ប្រជាធិបតេយ្យ នៅ​កម្ពុជា​។  លោក ប៊្រែដ អាដាម រិៈគន់​ សេចក្ដី​សំអាង ​របស់​ គណបក្ស​ ប្រជាជន​កម្ពុជា ដែល​លើក​ឡើង​ ថា, ការកាត់បន្ថយ​ ចំនួន​ថ្ងៃ​ យុទ្ធនាការ​នោះ គឺ​ ដើម្បី ​ជៀសវាង​ ការ​កកស្ទះ​ ចរាចរណ៍៖ «សំណើ​ កែ​ប្រែ​នេះ គ្មាន ​ហេតុផល​ សមរម្យ​ សម្រាប់​ រឹតត្បិត​ ការ​ជួបជុំ និង​ប្រមូល​ផ្ដុំ​ នៅ​តាម​ ដង​វិថី​ ឡើយ។  ហេតុផល​ ដែល​លើក​ឡើង​ ថា, ការ​ជួប​ជុំ​គ្នា ឬ​ការ​ហែ​ក្បួន​ តាម​ផ្លូវ​ថ្នល់ បណ្ដាល​ ឲ្យកកស្ទះ​ ចរាចរណ៍​នោះ គឺ ជា​រឿង​ ឲ្យអស់​សំណើច។  គេ​ គួរ​ដឹង​ ថា, ដើម្បី ទទួល​បាន ​លទ្ធិប្រជាធិបតេយ្យ, គេ ​ត្រូវ​ មាន​ការ​ លះបង់។  ដើម្បី​ ការបោះឆ្នោត ការ​ស្ទះ​ ចរាចរណ៍​, វា​ ជា​ការ​លះបង់​ តូចតាច​មួយ។  ប្រជាពលរដ្ឋ ​ខ្មែរ​ យល់​ណាស់​ ទៅ​ហើយ អំពី​ រឿង​នេះ។  ប្រជាធិបតេយ្យ មិន​អាច​បាន​ ដោយ​ទទេរៗ ​ទេ, "free-free" នោះ​ទេ។  ដូច្នេះ​ ហេតុផល​ ដែល​លើក​ឡើង​ ថា, ការ​ជួប​ជុំ​គ្នា ឬ​ការ​ហែ​ក្បួន​ តាម​ផ្លូវ​ថ្នល់​ ធ្វើ​ឲ្យ កកស្ទះ​ ចរាចរណ៍​នោះ ជា​ហេតុផល​ ក្លែងក្លាយ។  គណបក្ស​ កាន់អំណាច គ្មាន​ ហេតុផល​ ណា​ផ្សេង​ទៀត ក្រៅ​តែ​ ពី​ភ័យខ្លាច​ គណបក្ស​ប្រឆាំង ឡើង​ប្រជាប្រិយភាព​ ពី​មហាជន ទើប ​រក​លេស​ ដើម្បី ​រឹតត្បិត ​នូវ​លទ្ធភាព ​ធ្វើ​យុទ្ធនាការ ​បោះឆ្នោត ​របស់​ គណបក្ស ប្រឆាំង»



ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ក៏បាន​ស្នើ​បញ្ចូល​បញ្ញត្តិ​ថ្មី ដែល​ត្រូវ​គេ​មើល​ឃើញ​ថា មាន​បំណង​បង្រួញ សេរីភាព​សំដែង​មតិ​របស់​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល នៅ​ក្នុង​រដូវ​បោះឆ្នោត​ដែរ។ លោក ប៊្រែដ អាដាម មាន​ប្រសាសន៍​ថា ការ​រឹតត្បិត​សិទ្ធិ​នយោបាយ របស់​សង្គម​ស៊ីវិល​នឹង​នាំមក​នូវ​ភាព​អន្តរាយ ដល់​នីតិរដ្ឋ​នៅ​កម្ពុជា ដែល​សង្គម​ស៊ីវិល បាន​ខិតខំ​ចូលរួម​កសាង តាំង​តែ​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី​១​មក៖ «តាំងពី​ឆ្នាំ​ ១៩៩៣​មក ការ​បញ្ចេញ​សារ​នយោបាយ ក្នុង​រដូវ​បោះឆ្នោត​គ្មាន​ការ​ហាមឃាត់​ទេ ប៉ុន្តែ​ឥឡូវនេះ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន ស្នើ​បញ្ចូល​ចំណុច​ថ្មី​មួយ រឹតត្បិត​ការ​បញ្ចេញមតិ របស់​សង្គម​ស៊ីវិល​ទៅ​ក្នុង​ច្បាប់បោះឆ្នោត នៅ​ក្នុង​អំឡុង​ពេល​ឃោសនា។ ចំណុច​ថ្មី​ដែល​គួរ​អោយ​តក់ស្លុត​នោះ កំណត់​ថា អាច​ទទួលទោស​ព្រហ្មទណ្ឌ ចំពោះ​មន្ត្រី​សង្គម​ស៊ីវិល​ណា ដែល​ហ៊ាន​និយាយ​ប៉ះពាល់ ដល់​គណបក្ស​នយោបាយ ឬ​ឥស្សរជន​នយោបាយ ដូចជា​ការ​ជេរប្រមាថ​ជាដើម។ អ្វី​ទៅជា​ការ​និយាយ​ប៉ះពាល់ អ្វី​ទៅជា​ការ​ជេរប្រមាថ។ ប្រសិនបើ​គេ​និយាយ​ថា លោក ហ៊ុន សែន ឬ​លោក សម រង្សី អសមត្ថភាព ឬ​ពុករលួយ វា​ជា​ការ​ជេរប្រមាថ​ដែរ​ទេ? មក ​ដល់​ពេល​នេះ គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន គួរ​យល់​ហើយ​ថា អ្នក​ដែល​និយាយ​ជេរប្រមាថ​គេឯង​ច្រើន​ជាង​គេ​នោះ គ្មាន​នរណា​ក្រៅពី​លោក​ហ៊ុន សែន ខ្លួនឯង​នោះ​ទេ»

ចំណុច​សំខាន់​មួយទៀត ដែល​អាច​ប៉ះពាល់​ដល់​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ដែរ​នោះ គឺ​ការ​ចង់​បាន​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា អោយ​លុបចោល​បញ្ញត្តិ ក្នុង​ច្បាប់​គណបក្ស​នយោបាយ ត្រង់​ចំណុច ហាមឃាត់​មន្ត្រី​តុលាការ យោធា និង​នគរបាល​ជាតិ ក្នុង​ការ​ឃោសនា​នយោបាយ។ លោក ប៊្រែដ អាដាម បញ្ជាក់​ថា និយាយ​រួម គណបក្ស​ប្រជាជន​កម្ពុជា ចង់​លុបចោល​ចំណុច​នេះ ដើម្បី​បើកផ្លូវ អោយ​មន្ត្រី​តុលាការ និង​កង​ប្រដាប់​អាវុធ ចូលរួម​ឃោសនា​អោយ​គណបក្ស​ខ្លួន ដែល​ប្រការ​នេះ ជា​ការ​ផ្ទុយ​ស្រឡះ​ពី​គោលការណ៍ ប្រជាធិបតេយ្យ​ក្នុង​លោក​នេះ​។ ស្ថាប័ន​ប្រដាប់​អាវុធ និង​តុលាការ​ត្រូវតែ​ឯករាជ្យ។ បើ​មិន​ដូច្នេះ​ទេ កម្ពុជា​នឹង​ក្លាយទៅជា​ប្រទេស​ដឹកនាំ​ដោយ​មេដឹកនាំ​ផ្ដាច់ការ។

មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប៊្រែដ អាដាម បន្តថា ប្រសិន​បើ គណបក្ស​សង្គ្រោះ​ជាតិ យល់ព្រម​តាម​សំណើ ទាមទារ​របស់​បក្ស​ប្រជាជន​កម្ពុជា ទាំង​អំបាលម៉ាន​នេះ ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា នឹង​ប្រឈម​ជាមួយ​ភាព​អន្តរាយ ហើយ​គណបក្សប្រឆាំង​ខ្លួន​មួយ​នេះ នឹង​ទទួល​ការ​ស្ដីបន្ទោស​ពី​ប្រជាជន​ខ្មែរ។ ពីព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ប្រយោជន៍ របស់​គណបក្ស​សង្គ្រោះជាតិ​ខ្លួនឯង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាជន​ខ្មែរ ទាំងមូល​ដែល​ចង់​ចូលរួម​ក្នុង​ឆាក​នយោបាយ។

ក្រុមការងារ​ពិភាក្សា​លើ​សេចក្ដីព្រាង​ច្បាប់បោះឆ្នោត របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មក​ដល់​ពេល​នេះ បាន​ពិភាក្សា​គ្នា​ដល់​ជំពូក​៨​ហើយ ប៉ុន្តែ​នៅ​ខ្វែងគំនិត​លើ​ចំណុច​រសើប​ទាំង​នោះ លើកលែងតែ​ចំណុច​រឹតត្បិត​សេរីភាព បញ្ចេញ​មតិ​របស់​សង្គម​ស៊ីវិល ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហាក់​ដូចជា បាន​ព្រមព្រៀង​លើ​គោលការណ៍។ ទោះជា​យ៉ាងណា គណបក្ស​ទាំងពីរ​នឹង​ពិភាក្សា​គ្នា​ត្រង់​ជំពូក​៨​បន្ត​ទៀត នៅ​ថ្ងៃ​ចន្ទ ខាងមុខ៕



No comments:

Post a Comment