Paris Peace Accords 23 Oct. 1991

Friday, January 23, 2015

សម្ភាស ​មេធាវី​ អន្តរជាតិ​ ជុំវិញ​ ពាក្យ​បណ្ដឹង ​លើ​មន្ត្រី ​កម្ពុជា​ ពី​បទ​ឧក្រិដ្ឋកម្ម ​ប្រឆាំង​ មនុស្ស​ជាតិ | Interview of intl lawyer re case against Khmer officials for crimes against humanity

សម្ភាស ​មេធាវី​ អន្តរជាតិ​ ជុំវិញ​ ពាក្យ​បណ្ដឹង ​លើ​មន្ត្រី ​កម្ពុជា​ ពី​បទ​ឧក្រិដ្ឋកម្ម ​ប្រឆាំង​ មនុស្ស​ជាតិ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២២ មករា ២០១៥

រីឆាត រ៉ូជើរ (Richard Rogers) ៦២០
មេធាវី​ អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន ​មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) ផ្ដល់​បទសម្ភាសន៍ ​ដល់​វិទ្យុ​ អាស៊ី សេរី នា​បន្ទប់​ផ្សាយ ​រដ្ឋធានី ​វ៉ាស៊ីនតោន សហរដ្ឋ​ អាមេរិក កាល​ពី​ថ្ងៃ​ ទី​១៨ ខែ​មករា ឆ្នាំ​២០១៥។  RFA/Yun Samean

មេធាវី ​អង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​ មេធាវី គ្លបល ឌីលីជេនស៍ (Global Diligence) មក​សហរដ្ឋ​ អាមេរិក ដើម្បី​ ស្វែងរក​ ការ​គាំទ្រ​ ពី​ពលរដ្ឋ ​ខ្មែរ-អាមេរិកាំង និង​ស្ថាប័ន ​អាមេរិក មួយ​ចំនួន​ទៀត ជំរុញ​ ឲ្យ​តុលាការ​ ព្រហ្មទណ្ឌ​ អន្តរជាតិ (ICC) ស៊ើប​អង្កេត​ បឋម ​ទៅ​លើ ​ពាក្យ​បណ្ដឹង ​មួយ ប្រឆាំង ​នឹង​មន្ត្រី​ មាន​អំណាច​ រដ្ឋាភិបាល​ ទីក្រុង​ភ្នំពេញ ពី​បទល្មើស​ ឧក្រិដ្ឋកម្ម​ ប្រឆាំង​ នឹង​មនុស្ស​ជាតិ។

សូម ​អញ្ជើញ ​លោក​អ្នក​នាង ​ស្តាប់​បទសម្ភាសន៍ ​របស់ លោក យន់ សាមៀន ជាមួយ លោក រីឆាត រ៉ូជើរ ជុំវិញ​រឿង​នេះ ​ដូច​ត​ទៅ៖

លោក យន់ សាមៀន៖ តើ ​លោក ​ធ្វើ​សកម្មភាព ​អ្វី​ខ្លះ ដើម្បី​ ជំរុញ​ ពាក្យ​បណ្ដឹង ​របស់​លោក ​ឲ្យ​ទៅ​មុខ?


លោក រីឆាត រ៉ូជើរ៖ ជា​ការ​សំខាន់​មួយ​ដែល​ត្រូវ​ដឹង​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មាន​ធនធាន​ដោយ​កម្រិត និង​មាន​សំណុំ​រឿង​ជាច្រើន​ទៀត​នៅ​ក្នុង​ពិភពលោក​យើង​នេះ​ដើម្បី​ដោះស្រាយ។ ដូច្នោះ​ហើយ អ្វី​ដែល​សំខាន់​សម្រាប់​យើង​បច្ចុប្បន្ន​នេះ គឺ​យើង​ត្រូវ​ប្រមូល​ផ្តុំ​ការ​ចាប់​អារម្មណ៍ ដើម្បី​ឲ្យ​ព្រះរាជ​អាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដឹង​ថា សហគមន៍​អន្តរជាតិ​កំពុង​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជន​រងគ្រោះ​កម្ពុជា ហើយ​សហគមន៍​អន្តរជាតិ​គាំទ្រ​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ។ អ្វី​ដែល​យើង​បាន​ធ្វើ​នោះ គឺ​បាន​ជជែក​ជាមួយ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល អ្នក​នយោបាយ​នៅ​ក្នុង​ប្រទេស និង​អន្តរជាតិ ដើម្បី​ប្រមូល​ផ្តុំ​ការ​គាំទ្រ​របស់​ពួក​គេ។

លោក យន់ សាមៀន៖ តើ​មាន​លទ្ធផល​អ្វី​ខ្លះ​ហើយ?

លោក រីឆាត រ៉ូជើរ៖ យើង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន។ មនុស្ស​ជាច្រើន​ត្រេកអរ​នៅ​ពេល​ពួក​គេ​ឃើញ​យុត្តិធម៌​ខ្លះ​បាន​កើត​ឡើង​ សម្រាប់​ប្រទេស​កម្ពុជា នៅ​ពេល​យើង​ដាក់​ពាក្យ​បណ្ដឹង​នៅ​តុលាការ​កាល​ពី​ថ្ងៃ​ទី​១៧ តុលា។ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​របស់​បារាំង ហ្វីដ (FIDH) និង​អង្គការ​ឃ្លាំ​មើល​បរិស្ថាន (Global Witness) ក៏​គាំទ្រ​ពាក្យ​បណ្ដឹង​នេះ​យ៉ាង​ខ្លាំងក្លា។ ចាប់​តាំង​ពី​ពេល​នោះ​មក មាន​អង្គការ​ចំនួន ៤០​អង្គការ​នៅ​ពាសពេញ​ពិភពលោក ដែល​ធ្វើ​ការងារ​ឃ្លាំ​មើល​បញ្ហា​ដីធ្លី បាន​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យ​បណ្ដឹង​នេះ។ ពួក​គេ​បាន​ដាក់​ញត្តិ​ទាំង​នោះ​ទៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ស្នើ​ឲ្យ​តុលាការ​ចាប់​ផ្តើម​ស៊ើប​អង្កេត​បឋម​ទៅ​លើ​ករណី​នេះ។

លោក យន់ សាមៀន៖ ក្នុង​ដំណើរ​មក​សហរដ្ឋ​អាមេរិក នេះ តើ​លោក​បាន​ធ្វើ​ការងារ​អ្វី​ខ្លះ​ហើយ​ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ?

លោក រីឆាត រ៉ូជើរ៖ នៅ​សហរដ្ឋ​អាមេរិក គោល​បំណង​សំខាន់ គឺ​ដើម្បី​ពន្យល់​សហគមន៍​ខ្មែរ​ពី​ព័ត៌មាន​បន្ថែម​ទៀត​ជុំវិញ​ពាក្យ​បណ្ដឹង​ នេះ និង​បកស្រាយ​បន្ថែម​ជុំវិញ​បទ​ចោទ​ប្រកាន់​មួយ​ចំនួន និង​ដំណើរ​ការ​របស់​តុលាការ។ ខ្ញុំ​បាន​ពន្យល់​សហគមន៍​ខ្មែរ​នៅ​កាលីហ្វ័រញ៉ា អូរីហ្គេន ឌីស៊ី និង​ហ្វីឡាដែលហ្វីយា (California, Oregon, DC and Philadelphia)។ ដោយ​ឡែក​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន យើង​បាន​ជួប​នឹង​តួអង្គ​សំខាន់ៗ​មួយ​ចំនួន​ដូចជា អ្នក​នយោបាយ និង​អង្គការ​សង្គម​ស៊ីវិល។ ពួក​គេ​ទាំង​នោះ​បង្ហាញ​ការ​គាំទ្រ​បណ្ដឹង​របស់​យើង។ យើង​សង្ឃឹម​ថា រដ្ឋសភា​អាមេរិក នឹង​បើក​កិច្ច​ប្រជុំ​មួយ​ជុំវិញ​បញ្ហា​ទន្ទ្រាន​យក​ដីធ្លី​នៅ​កម្ពុជា។ ជា​ចុង​ក្រោយ​យើង​សង្ឃឹម​ថា សមាជិក​រដ្ឋ​សហរដ្ឋ​អាមេរិក នឹង​ធ្វើ​ញត្តិ​គាំទ្រ​ពាក្យ​បណ្ដឹង​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ក្នុង​ជំនួប​នឹង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល យើង​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត ជុំវិញ​បទ​ឧក្រិដ្ឋកម្ម​ដែល​បាន​ចោទ​ប្រកាន់​ទៅ​លើ​ក្រុម​មាន​អំណាច​ រដ្ឋាភិបាល​កម្ពុជា។

លោក យន់ សាមៀន៖ តើ​ការ​គាំទ្រ​ទាំង​នោះ ផ្ដោត​ទៅ​លើ​បញ្ហា​អ្វី​ខ្លះ​ដែរ? តើ​ការ​គាំទ្រ​នោះ​សំដៅ​ទៅ​លើ​ការ​នាំ​ខ្លួន​ជន​សង្ស័យ​ទៅ​តុលាការ​កាត់​ទោស ​មែន​ទេ?

លោក រីឆាត រ៉ូជើរ៖ បាទ! មនុស្ស​ទាំង​ឡាយ​សុទ្ធតែ​ដឹង​ថា ការ​ដឹក​នាំ​ក្នុង​រយៈពេល ៣០​ឆ្នាំ​នេះ ពោរពេញ​ទៅ​ដោយ​អំពើ​និទ្ទណ្ឌភាព រដ្ឋាភិបាល​បន្ត​គ្រប់គ្រង​ប្រព័ន្ធ​យុត្តិធម៌ ដូច្នោះ​ហើយ​តុលាការ​នៅ​កម្ពុជា មិន​អាច​ផ្តល់​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ ដែល​រងគ្រោះ​ដោយសារ​បទល្មើស​បង្ក​ឡើង​ដោយ​ជន​មាន​អំណាច​ក្នុង​រដ្ឋាភិបាល​ ឡើយ។ ដូច្នោះ​ហើយ​មាន​មធ្យោបាយ​តែ​មួយ​គត់​សម្រាប់​ជន​រងគ្រោះ​ស្វែងរក​យុត្តិធម៌ គឺ​ត្រូវ​យក​សំណុំ​រឿង​អយុត្តិធម៌​ទាំង​នោះ​ទៅ​ប្ដឹង​នៅ​តុលាការ​អន្តរជាតិ ដែល​ឯករាជ្យ និង​អព្យាក្រិត ដែល​មិន​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ។ មាន​តែ​តុលាការ​ព្រហ្មទណ្ឌ​មួយ​គត់​សម្រាប់​ឲ្យ​ជន​រងគ្រោះ​ស្វែងរក​ យុត្តិធម៌។ មន្ត្រី​មួយ​ចំនួន​ដែល​យើង​បាន​ជួប​នៅ​សហរដ្ឋ​អាមេរិក និង​អឺរ៉ុប យល់​ពី​បញ្ហា និង​ការ​ពិត​នៅ​កម្ពុជា ដែល​កំពុង​ជួប​ប្រទះ។ ពួក​គេ​គាំទ្រ​ការ​ស្វែងរក​យុត្តិធម៌​ឲ្យ​ជន​រងគ្រោះ។

លោក យន់ សាមៀន៖ តើ​បណ្ដឹង​របស់​លោក​នោះ​មាន​បទ​ចោទ​អ្វី​ខ្លះ?

លោក រីឆាត រ៉ូជើរ៖ ពាក្យ​ចោទ​នោះ​រួម​មាន អ្នក​មាន​អំណាច​នៅ​កម្ពុជា បាន​ប្រព្រឹត្ត​បទល្មើស​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​ អន្តរជាតិ។ បទ​ចោទ​ប្រកាន់​នេះ ផ្ដោត​លើ​ចំណុច​សំខាន់​ចំនួន​ពីរ។ ទី​មួយ​គឺ​បទល្មើស​នៃ​ការ​រក្សា​អំណាច ដោយ​កម្ទេច​អ្នក​ប្រឆាំង ការ​ធ្វើ​ឃាតកម្ម​ទៅ​លើ​មេ​ដឹក​នាំ​សហជីព​កម្មករ អ្នក​ការពារ​បរិស្ថាន និង​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង។ ការ​ចោទ​ប្រកាន់​ទី​ពីរ គឺ​សំដៅ​ទៅ​លើ​បញ្ហា​ដីធ្លី។ នៅ​កម្ពុជា ពលរដ្ឋ​ជាង​ប្រមាណ ៧​សែន​គ្រួសារ រង​ផល​ប៉ះពាល់​ដោយសារ​បញ្ហា​ដីធ្លី។ ជន​រងគ្រោះ​ទាំង​នោះ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ​ពី​ផ្ទះ​សម្បែង និង​ធ្វើ​ឃាត​ជាប់​ឃុំឃាំង​ដោយ​ការ​ចោទ​ប្រកាន់​គ្មាន​ហេតុផល។ រាល់​បទល្មើស​ទាំង​នេះ សុទ្ធតែ​ឋិត​នៅ​ក្រោម​យុត្តាធិការ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ យើង​ឃើញ​បទល្មើស​ពាក់ព័ន្ធ​នឹង​ដីធ្លី និង​ការ​ពង្រឹង​អំណាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា។ បទល្មើស​ទាំង​នោះ សុទ្ធតែ​បង្ក​ឡើង​ដោយ​អ្នក​មាន​អំណាច។

លោក យន់ សាមៀន៖ តើ​លោក​មាន​ភស្តុតាង​អ្វី​ខ្លះ​សម្រាប់​ដាក់​នៅ​តុលាការ?

លោក រីឆាត រ៉ូជើរ៖ ភស្តុតាង​ទាំង​ឡាយ​ត្រូវ​បាន​ប្រមូល​ផ្តុំ​ដោយ​អង្គការ​សង្គម​ស៊ីវិល និង​អង្គការ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ស្រុក និង​អន្តរជាតិ ក្នុង​រយៈពេល ២០​ឆ្នាំ។ យើង​ពិនិត្យ​បទល្មើស​កើត​ឡើង​ក្នុង​រយៈពេល ១២​ឆ្នាំ​កន្លះ​តែ​ប៉ុណ្ណោះ ដោយសារ​តែ​លក្ខន្តិកៈ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ទើប​ចូល​ជា​ធរមាន។ យើង​មាន​របាយការណ៍​រាប់​រយ​ករណី​ពី​អង្គការ​សិទ្ធិ​មនុស្ស អង្គការ​សហប្រជាជាតិ និង​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ។ យើង​បាន​ផ្សំ​ភស្តុតាង​ទាំង​នោះ ហើយ​បាន​បង្កើត​ជា​របាយការណ៍​ផ្លូវ​ច្បាប់​មួយ​បង្ហាញ​ថា បទល្មើស​ទាំង​នោះ​ស្មើ​ទៅ​នឹង​បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

លោក យន់ សាមៀន៖ រដ្ឋាភិបាល​ថ្មីៗ​នេះ បាន​ដក​ហូត​ដី​ព្រៃ​សម្បទាន​មក​វិញ។ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​អះអាង​ថា លោក​ជា​អ្នក​ធ្វើ​កំណែ​ទម្រង់​ដីធ្លី​ដំបូង។

លោក រីឆាត រ៉ូជើរ៖ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នោះ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ យើង​ប៉ាន់ស្មាន​ថា ពលរដ្ឋ​ជាង ៧​សែន​គ្រួសារ​រង​ផល​ប៉ះពាល់ អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​នោះ​មិន​ទាន់​បាន​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​វិញ​នៅ ​ឡើយ​ទេ។ ការ​ដោះស្រាយ​មួយ ឬ​ពីរ​ករណី​នោះ គ្រាន់​តែ​ជា​ការ​អួតអាង​តែ​ប៉ុណ្ណោះ។ យើង​ដឹង​ថា ជម្លោះ​ដីធ្លី​កំពុង​បន្ត។ យើង​មិន​ទទួល​ស្គាល់​ថា រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​សង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ។

លោក យន់ សាមៀន៖ តើ​លោក​មាន​គម្រោង​អ្វី​បន្ថែម​ទៀត​ទេ?

លោក រីឆាត រ៉ូជើរ៖ យើង​ត្រូវ​តែ​រក្សា​ការ​ចាប់​អារម្មណ៍​ជា​បន្ត​ទៀត​សម្រាប់​ករណី​នេះ។ យើង​នឹង​បន្ត​ជជែក​នឹង​មន្ត្រី​អន្តរជាតិ​មួយ​ចំនួន​ទៀត។ យើង​នឹង​ប្រមូល​ញត្តិ​ពី​ពលរដ្ឋ​ខ្មែរ ស្នើសុំ​ឲ្យ​តុលាការ​ស៊ើប​អង្កេត​ករណី​នេះ។ យើង​មិន​ចោទ​ទៅ​លើ​បុគ្គល​ណា​ឲ្យ​ចំ​ឈ្មោះ​ទេ។ យើង​នឹង​ទុក​ឲ្យ​ព្រះរាជ​អាជ្ញា​តុលាការ​ជា​អ្នក​សម្រេច យោង​ទៅ​តាម​ភស្តុតាង។ យើង​ចង់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ប្រាប់​តុលាការ​ថា នៅ​កម្ពុជា ជន​រងគ្រោះ​គ្មាន​ឱកាស​ទទួល​បាន​យុត្តិធម៌ គឺ​ពលរដ្ឋ​ខ្មែរ​ចង់​បាន​តុលាការ​ឯករាជ្យ។ យើង​ក៏​សង្ឃឹម​ដែរ​ថា សភា​សហរដ្ឋ​អាមេរិក នឹង​បើក​កិច្ច​ប្រជុំ​មួយ​ស្តី​អំពី​បញ្ហា​ដីធ្លី។ សភា​សហភាព​អឺរ៉ុប ក៏​បាន​ពិភាក្សា​គ្នា​ជុំវិញ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​២២ មករា។ ជា​ចុង​ក្រោយ យើង​នឹង​ដាក់​របាយការណ៍​ភស្តុតាង​បន្ថែម​ទៀត ដើម្បី​ធ្វើ​បច្ចុប្បន្ន​ភាព​របស់​បទ​ឧក្រិដ្ឋកម្ម​ទាំង​ឡាយ​កើត​ឡើង​នៅ​ កម្ពុជា។ ចាប់​តាំង​ពី​ខែ​តុលា មក បទល្មើស​បន្ត​កើត​ឡើង​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​ករណី​ជម្លោះ​ដីធ្លី។ យើង​នឹង​ដាក់​ភស្តុតាង​បន្ថែម​ទៀត​លើ​បណ្ដឹង​នៅ​តុលាការ។

លោក យន់ សាមៀន៖ អ្នក​វិភាគ​បញ្ជាក់​ថា ពាក្យ​បណ្ដឹង​នេះ​មិន​ត្រូវ​តុលាការ​យក​មក​ពិនិត្យ​ទេ ដោយសារ​តែ​តុលាការ​បដិសេធ​ពាក្យ​បណ្ដឹង​ចំនួន​ពីរ​រួច​ហើយ។

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​រំពឹង​ថា យើង​នឹង​មាន​ឱកាស​ច្រើន។ បណ្ដឹង​មួយ​ចំនួន​ដាក់​នៅ​តុលាការ មិន​បាន​ស្រាវជ្រាវ​ម៉ត់ចត់។ ដូច្នោះ​ត្រូវ​បាន​តុលាការ​បដិសេធ​មិន​ទទួល​យក។ អ្វី​ដែល​យើង​បាន​ធ្វើ គឺ​យើង​បាន​ដាក់​បញ្ចូល​ឯកសារ​ម៉ត់ចត់​ស្ដីពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ ចំនួន ៤៥០​ទំព័រ។ ការ​ចោទ​ប្រកាន់​នីមួយៗ​មាន​ភស្តុតាង​ជា​សំអាង។ យើង​គិត​ថា ពាក្យ​បណ្ដឹង​នេះ​បង្ហាញ​ច្បាស់​ថា បទល្មើស​ប្រឆាំង​នឹង​មនុស្ស​ជាតិ​កើត​មាន​ឡើង​នៅ​កម្ពុជា។ សំណួរ​ដែល​ចោទ​សួរ គឺ​ថា តើ​តុលាការ​នឹង​យក​បណ្ដឹង​ជា​សំខាន់​មុន​បណ្ដឹង​ផ្សេងៗ​ទៀត ពីព្រោះ​តុលាការ​ទទួល​បាន​បណ្ដឹង​សំខាន់ៗ​ជាច្រើន​ផ្សេង​ទៀត​ដែរ។ ដូច្នោះ​ហើយ​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​បន្ត​ដំណើរ​ការ ដើម្បី​ឲ្យ​តុលាការ​យល់​ថា សហគមន៍​អន្តរជាតិ​កំពុង​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់។

លោក យន់ សាមៀន៖ តើ​លោក​រំពឹង​ថា នៅ​ពេល​ណា​ទើប​លោក​ទទួល​បាន​លទ្ធផល?

លោក រីឆាត រ៉ូជើរ៖ ខ្ញុំ​មិន​ទាន់​មាន​ចម្លើយ​នៅ​ឡើយ​ទេ ពីព្រោះ​ករណី​នេះ​មិន​កំណត់​ពេល​វេលា​ទេ។ យើង​រំពឹង​ថា នឹង​ទទួល​បាន​លទ្ធផល​បឋម​ពី​តុលាការ​នៅ​ឆ្នាំ​នេះ ជា​ដំណាក់​កាល​ដំបូង គឺ​ការ​ស៊ើប​អង្កេត​បឋម។ ករណី​ទី​ពីរ គឺ​ការ​ស៊ើប​អង្កេត​ទាំង​ស្រុង ដែល​ទាមទារ​ពេលវេលា​យូរ​បន្ថែម​ទៀត ប៉ុន្តែ​យើង​រំពឹង​ថា សម្រាប់​ឆ្នាំ​នេះ​យ៉ាង​ហោច​ណាស់​ក៏​មាន​ការ​ស៊ើប​អង្កេត​ជា​បឋម​ដែរ៕




No comments:

Post a Comment