លោក ហ៊ុន សែន ចាត់ទុក របាយការណ៍ អង្គការ សិទ្ធិមនុស្ស អន្តរជាតិ ថា, មិនឆ្លុះបញ្ចាំង ការពិត
RFA / វិទ្យុ អាស៊ី សេរី | ១៤ មករា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញ ប្រតិកម្ម នៅក្នុងពិធីសម្ពោធ ស្ពានអ្នកលឿង នៅថ្ងៃ ទី១៤ មករា ចំពោះរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជាង ៧០ទំព័រ រិះគន់ ពីការដឹកនាំ របស់លោក ក្នុងរយៈពេល ៣០ឆ្នាំ កន្លងមកនោះ។
លោក ហ៊ុន សែន អះអាងថា បើលោកដឹកនាំមិនល្អ មិនមែនដឹកនាំមាគ៌ាកម្ពុជា ដល់សព្វថ្ងៃនេះទេ។ ទន្ទឹមនេះ លោក ហ៊ុន សែន ក៏សារភាពថា ការដឹកនាំរបស់លោកកន្លងមកក៏មានការខុសឆ្គងខ្លះដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ថាជារបាយការណ៍មិនឆ្លុះបញ្ចាំងពីការពិត អំពីការដឹកនាំរបស់លោកក្នុងរយៈពេល ៣០ឆ្នាំមកនេះ។
លោក ហ៊ុន សែន អះអាងថា ការដឹកនាំរយៈពេលយូរមកនេះ ដោយសារតែប្រជាពលរដ្ឋបានបោះឆ្នោតជូនលោក។ លោកបានរំឭកពីនយោបាយឈ្នះៗរបស់លោកដែលបញ្ចប់សង្គ្រាមរ៉ាំរ៉ៃនៅ កម្ពុជា បាន ហើយអ៊ុនតាក់ (UNTAC) ប្រើថវិកាជាង ២ពាន់លានដុល្លារសហរដ្ឋអាមេរិក មិនអាចបញ្ចប់សង្គ្រាមបានទេ តែលោកជាអ្នកបង្រួបបង្រួមរហូតដល់មានកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ យ៉ាងនេះក្ដី លោក ហ៊ុន សែន ទទួលស្គាល់ថា ការដឹកនាំរបស់លោកកន្លងមក ក៏មានកំហុសខ្លះដែរ៖ «បើ សិនជាខ្ញុំដឹកនាំខុស ស្មានថាជប៉ុន អនុម័តថវិកាឲ្យធ្វើស្ពាន? តាមពិតខ្ញុំដឹកនាំក៏មានការខុសឆ្គងដែរ មិនមែនថាអត់ទេ តែត្រូវការមើលពីការការដឹកនាំត្រូវច្រើនជាង។ អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ថាខ្ញុំដឹកនាំខុសទាំងអស់ គឺលោក ប្រែត អាដាម (Brad Adams)។»
ការថ្លែងរបស់ លោក ហ៊ុន សែន បែបនេះ ធ្វើឡើងភ្លាមៗបន្ទាប់ពីអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បានបញ្ចេញរបាយការណ៍ជាង ៧០ទំព័រកាលពីថ្ងៃទី១៣ មករា សរសេរពីការប្រើប្រាស់អំពើហិង្សា ការគាបសង្កត់ និងអំពើពុករលួយរបស់រដ្ឋាភិបាល។
នៅក្នុងរបាយការណ៍នោះបញ្ជាក់ថា រដ្ឋាភិបាលរដ្ឋកម្ពុជា ដែលបន្តការងារពីសាធារណរដ្ឋកម្ពុជា ជាអ្នកទទួលខុសត្រូវចំពោះការប៉ុនប៉ងសម្លាប់ក្រុមនយោបាយប្រឆាំង ចំនួនជិត ៤០ករណី និងពលរដ្ឋជាជនស៊ីវិលជាង ២០ករណីទៀត នៅមុនពេលបោះឆ្នោតជាតិអាណត្តិទី១។ របាយការណ៍បន្តទៀតថា ការរំលោភបំពានទាំងនោះ ប្រព្រឹត្តដោយកងកម្លាំងនគរបាល និងយោធា ដែលអនុវត្តក្រោមបញ្ជារបស់ភ្នាក់ងាររបស់គណបក្សប្រជាជនកម្ពុជា។ ក្រៅពីនេះ គេបានបង្កើតក្រុមកងកម្លាំងជាច្រើន មានទាំងក្រុមចំហ និងក្រុមសម្ងាត់។ ក្រុមប្រភេទនេះមានទាំងនៅថ្នាក់ក្រសួង បណ្ដាក្រុង និងខេត្ត។
អ្នកធ្វើការតាមក្រុមទាំងនោះ អាចនឹងត្រូវគេជ្រើសរើសចេញពីកងកម្លាំងរក្សាសន្តិសុខ។ ភាគច្រើននៃក្រុមទាំងនោះ ត្រូវបង្កើតក្នុងគោលដៅវាយប្រហារក្រុមប្រឆាំង។ ក្នុងចំណោមក្រុមទាំងនោះ មានក្រុមមួយដែលទំនងជាក្រុមដែលក្រោយមក បានពាក់ព័ន្ធនឹងការវាយប្រហារដោយគ្រាប់បែកលើហ្វូងបាតុករ ក្នុងឆ្នាំ១៩៩៧ និងការរំលោភបំពានផ្សេងទៀត ហើយក្រោយមក ក្រុមនេះបានប្ដូរឈ្មោះថ្មី គឺកងពលតូច ង៧០ ដែលត្រូវគេស្គាល់ថាជាកងកម្លាំងផ្ទាល់របស់ លោក ហ៊ុន សែន។
នៅក្រោយហេតុការណ៍គប់គ្រាប់បែកនោះ លោក ហ៊ុន សែន បានបន្តប្រើយុទ្ធសាស្ត្របំបែក ដើម្បីទទួលបានសំឡេងភាគច្រើនក្នុងសភា ដោយផ្ដល់សំណូក និងគំរាមកំហែងប្រឆាំងសមាជិកហ៊្វុនស៊ិនប៉ិច។
នៅក្នុងខែកក្កដា ឆ្នាំ១៩៩៧ លោក ហ៊ុន សែន បង្កើតអោយមានព្រឹត្តិការណ៍មួយដែលអង្គការសហប្រជាជាតិ ហៅថាជារដ្ឋប្រហារប្រឆាំងនាយករដ្ឋមន្ត្រីទី១ ទ្រង់ នរោត្តម រណឫទ្ធិ។
កងកម្លាំង និងក្រុមមន្ត្រីមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា មាន លោក ជា ស៊ីម លោក ស ខេង និងលោក កែ គឹមយ៉ាន ជាដើម បានប្រឆាំងនឹងផែនការរដ្ឋប្រហារនោះ ប៉ុន្តែ លោក ហ៊ុន សែន បានប្រើកម្លាំងផ្ទាល់ខ្លួន។ រដ្ឋប្រហារនោះ ត្រូវបន្តដោយការសម្លាប់ក្រៅច្បាប់ ការបូជាសពដែលមិនស្គាល់អត្តសញ្ញាណ ដោយលាក់កំបាំង ការធ្វើទារុណកម្ម និងការឃុំឃាំងដោយកងកម្លាំងរបស់ លោក ហ៊ុន សែន។ អ្នករងគ្រោះភាគច្រើនជាកងកម្លាំងហ៊្វុនស៊ិនប៉ិច។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានរកឃើញថា ពេលនោះមានមន្ត្រីបក្សនយោបាយប្រមាណពី ៤០ ទៅ ៦០នាក់ ត្រូវសម្លាប់ក្រៅច្បាប់។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវតែទទួលស្គាល់របាយការណ៍នេះ ហើយ លោក ហ៊ុន សែន ត្រូវវិភាគមើលពីការប្រើអំពើហិង្សា ការគាបសង្កត់ និងការប្រព្រឹត្តអំពើពុករលួយនេះ៖ «បើសិនជា លោក ហ៊ុន សែន យល់ថា មានស្នាដៃប៉ុណ្ណឹង លោកត្រូវតែលាលែងត្រឹមប៉ុណ្ណឹង លោកនឹងមានកិត្តិយស។ ហើយបើសិនជាលោកនៅតែបដិសេធរបាយការណ៍ដែលគេរកឃើញយ៉ាងច្បាស់លាស់ បែបនេះ លោកនឹងធ្លាក់ចូលក្នុងមេដឹកនាំកុម្មុយនីស្តដែលបរាជ័យ។»
យ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា លោកនឹងដឹកនាំប្រទេសដល់ចប់អាណត្តិរបស់លោកនៅឆ្នាំ២០១៨។ លោកបញ្ជាក់ថា អាយុរបស់លោកក៏មិនទាន់ចាស់អ្វីដែរ។
ទោះជាបែបណាក៏ដោយ លោកបណ្ឌិត កែម ឡី បញ្ជាក់ថា លោក ហ៊ុន សែន ត្រូវតែពិចារណាពីសកម្មភាពដឹកនាំរបស់ខ្លួនឡើងវិញ ពិសេសពិចារណាទៅលើអ្វីដែលអង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ រកឃើញ ព្រោះរបាយការណ៍នេះគេបានកត់ត្រាច្បាស់លាស់ពីមួយឆ្នាំទៅមួយឆ្នាំ នូវអ្វីដែលកើតឡើងនៅកម្ពុជា ហើយមហាជនជាទូទៅក៏បានដឹងពីអ្វីដែលបានកើតឡើងនេះដែរ៕
No comments:
Post a Comment