មេធាវី អន្តរជាតិ៖ លោក ហ៊ុន សែន អាចប្រឈម នឹងបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ
RFA / វិទ្យុ អាស៊ី សេរី | ១៥ មករា ២០១៥
មេធាវី និងអ្នកការពារ សិទ្ធិមនុស្ស អន្តរជាតិ អះអាង ថា, សមិទ្ធផល ៣០ឆ្នាំ ក្នុងការដឹកនាំ ប្រទេសកម្ពុជា របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន អាចប្រឈមមុខ នឹងបទឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ ដែលតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ នឹងអាចពិនិត្យ ទៅថ្ងៃក្រោយ។ ទោះបី ជាយ៉ាងណា ក៏ដោយ, លោក ហ៊ុន សែន ប្រកាស ថា, ការគ្រប់គ្រង រយៈពេល បីទសវត្សរ៍ របស់លោក បានបញ្ចប់សង្គ្រាម, ហើយ នាំមក នូវការអភិវឌ្ឍ រហូត មកទល់ បច្ចុប្បន្ន បើ ទោះ ជាមានកំហុស ឆ្គងខ្លះ ក៏ដោយចុះ។
ស្ថាបនិក អង្គការ អន្តរជាតិ សម្រាប់ សិទ្ធិមនុស្ស អាមេរិក និងជាមេធាវី លោក មូរតុន ក្លា (Morton Sklar) បញ្ជាក់ថា, របាយការណ៍ អង្គការ សិទ្ធិមនុស្ស អន្តរជាតិ (Human Rights Watch) ដែលភ្ជាប់ នឹងភស្តុតាង ឯកសារ បង្ហាញ ពីការរំលោភ សិទ្ធិមនុស្ស, ការចាប់ឃុំឃាំង ដោយខុសច្បាប់, និងការធ្វើ ឃាតកម្ម ក្រៅប្រព័ន្ធច្បាប់ ទៅលើ អ្នកនយោបាយ ប្រឆាំង, អ្នកកាសែត, សហជីព, និងជនរងគ្រោះ ដីធ្លី។ របាយការណ៍ នៃការ រំលោភ សិទ្ធិមនុស្ស និងសម្លាប់ ក្រៅប្រព័ន្ធច្បាប់ នេះ ស្មើ នឹងនិយមន័យ នៃបទល្មើស «ឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ» ក្នុងមាត្រា ៧ នៃលក្ខន្តិកៈ ទីក្រុងរ៉ូម។ ឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ រួមមាន៖ ការធ្វើ ទុក្ខបុកម្នេញ ទូលំទូលាយ និងជាប្រព័ន្ធ ទៅលើពលរដ្ឋ, រួមមាន ការធ្វើឃាត, ការបង្ខំ បណ្ដេញចេញ, និងការធ្វើ ទារុណកម្ម។
លោក មូរតុន ក្លា បន្ថែមទៀត ថា, ការរកឃើញ របាយការណ៍ មួយសំខាន់ ទៀតនោះ គឺ ការផ្សារភ្ជាប់ ការធ្វើ ទុក្ខបុកម្នេញ ទាំងនោះ ជាគោល នយោបាយ របស់ រដ្ឋាភិបាល ដើម្បី គាបសង្កត់ អ្នកមាន ទស្សនៈ មិនស្រប នឹងរដ្ឋាភិបាល និងគណបក្ស ប្រឆាំង។ លោក បន្តថា, កំហុសលោក ហ៊ុន សែន ដែលអាច ឲ្យតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ កាត់ទោស លោក បាននោះ គឺ ការរារាំង យុត្តិធម៌ នៅសាលាក្ដី ខ្មែរក្រហម មិនឲ្យ ស៊ើបអង្កេត និងកាត់ទោស អតីត មេដឹកនាំ ខ្មែរក្រហម បន្ថែមទៀត។ លោក ថា, ចំណុចនេះហើយ ភ្ជាប់លោក ហ៊ុន សែន ទៅ នឹងរបប ប្រល័យពូជសាសន៍ ខ្មែរក្រហម ដោយសារ តែ លោក ចង់បំបិទ ភស្តុតាង និងលាក់បាំង ព័ត៌មាន ឲ្យមន្ត្រី រដ្ឋាភិបាល មួយចំនួន ដែលជាប់ ពាក់ព័ន្ធ នឹងអំពើ ឃោរឃៅ ក្នុងរបប ខ្មែរក្រហម។
លោក មូរតុន ក្លា កាលពីខែ មីនា ឆ្នាំ២០១៤ បានដាក់ ពាក្យបណ្ដឹង ទៅកាន់ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចោទប្រកាន់ លោក ហ៊ុន សែន ថា, បានរារាំង យុត្តិធម៌ ដោយបង្ក ជាឧបសគ្គ ដល់ដំណើរការ សាលាក្ដី ខ្មែរ ក្រហម។ ករណីនេះ ក៏ឋិត នៅក្រោម យុត្តាធិការ របស់ តុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ផងដែរ។
បច្ចុប្បន្ននេះ មានបណ្ដឹង ប្រឆាំងលោក ហ៊ុន សែន នៅតុលាការ ព្រហ្មទណ្ឌ អន្តរជាតិ ចំនួនបី ដែលតុលាការ កំពុង ពិចារណា បើកការ ស៊ើបអង្កេត ជាបឋម។ ប្រសិនបើ តុលាការ ដាក់ករណី របស់លោក ហ៊ុន សែន ក្នុងសំណុំរឿង ដើម្បី ស៊ើបអង្កេតនោះ, បណ្ដឹងទាំងនោះ នឹងទទួលបាន ជោគជ័យ នៃការទទួលស្គាល់ ស្ថាប័ន អន្តរជាតិ ថា, ឧក្រិដ្ឋកម្ម ក្រោមការ ដឹកនាំ លោក ហ៊ុន សែន ស្មើទៅ នឹងនិយមន័យ នៃឧក្រិដ្ឋកម្ម ប្រឆាំង នឹងមនុស្សជាតិ។
ក្នុងថ្ងៃខួប ៣០ឆ្នាំ ថ្ងៃទី១៤ មករា ជាថ្ងៃនៃការឡើងតំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បដិសេធរបាយការណ៍អង្គការសិទ្ធិមនុស្ស Human Rights Watch ទាំងស្រុង។ ប៉ុន្តែលោក ហ៊ុន សែន មិនបានឆ្លើយតបទៅនឹងរបាយការណ៍ឯកសារនៃការរំលោភសិទ្ធិមនុស្ស និងការសម្លាប់មនុស្សក្រៅប្រព័ន្ធឡើយ។ លោកបន្តថា លោកមិនចាប់អារម្មណ៍ទៅនឹងខួបនៃការឡើងកាន់តំណែងរបស់លោកឡើយ៖ «ពី ឆ្នាំ១៩៨៥ មកទល់បច្ចុប្បន្នជានាយករដ្ឋមន្ត្រី។ គុណសម្បត្តិនិងគុណវិបត្តិតែងកើតមាន ក៏ប៉ុន្តែសូមក្រឡេកមើលថយក្រោយបន្តិច នៅពេល លោក ហ៊ុន សែន ចាប់ផ្ដើមធ្វើនាយករដ្ឋមន្ត្រី ប្រទេសនៅមានសង្គ្រាមនៅឡើយ បើគ្មានបាតដៃ ហ៊ុន សែន ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែរ។»
ពាក់ព័ន្ធទៅនឹងការមិនទទួលខុសត្រូវនេះដែរ លោក មូរតុន ក្លា បញ្ជាក់ថា វាជាភស្តុតាងថ្មីបន្ថែមទៀតសម្រាប់តុលាការអន្តរជាតិដើម្បីនាំ ខ្លួនលោក ហ៊ុន សែន ទៅកាត់ទោស។ លោកបន្តថា របាយការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ជារបាយការណ៍ដកស្រង់ឯកសារជាច្រើនពីអង្គការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិ ដែលបានជឿជាក់បាន៖ «សេចក្ដីថ្លែងការណ៍របស់ លោក ហ៊ុន សែន ថារបាយការណ៍អង្គការសិទ្ធិមនុស្សមិនមែនជាការពិតនោះ មិនមែនការពិតទេ។ ងាកទៅមើលកម្មករ និងសកម្មជនគណបក្សប្រឆាំង អ្នកទាំងនោះសុទ្ធតែបន្តជាប់ឃុំឃាំងនៅឡើយទេ។»
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ កាលពីថ្ងៃអង្គារ ទី១៣ ផ្សាយរបាយការណ៍មួយបង្ហាញថា ក្នុងរយៈពេល ៣០នេះ លោក ហ៊ុន សែន ប្រើប្រាស់អំពើហិង្សា និងអំពើពុករលួយ ដើម្បីរក្សាតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។
ពាក់ព័ន្ធនឹងរបាយការណ៍នេះដែរ លោក នី ចរិយា ប្រធានផ្នែកអង្កេតសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) កាលពីថ្ងៃទី១៣ មករា បញ្ជាក់ថា របាយការណ៍អង្គការសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ ឆ្លុះបញ្ចាំងការពិតពីកម្ពុជា។ លោកបន្ថែមទៀតថា ការបាញ់សម្លាប់កម្មករកាលពីដើមឆ្នាំ២០១៤ បង្ហាញកាន់តែច្បាស់ថា កងកម្លាំងប្រដាប់អាវុធរដ្ឋាភិបាលបានរំលោភសិទ្ធិមនុស្ស និងសម្លាប់ពលរដ្ឋនៅទីសាធារណៈដោយមិនបានលាក់បាំងពីព័ត៌មាននៃការ រំលោភសិទ្ធិមនុស្សឡើយ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជា ត្រូវតែស៊ើបអង្កេតបទឧក្រិដ្ឋកម្ម និងការរំលោភសិទ្ធិមនុស្សដែលត្រូវបានលើកឡើងក្នុងរបាយការណ៍សិទ្ធិ មនុស្ស ប្រសិនបើរដ្ឋាភិបាលចង់រក្សាកេរ្តិ៍ឈ្មោះល្អ៖ «យើងឃើញថា មានអំពើឃាតកម្មជាច្រើនតាំងពីក្រោយឆ្នាំ១៩៩៣ យើងមិនដែលឃើញចាត់វិធានការទេ ដូចជាឃាតកម្មលើលោក ជា វិជ្ជា និងសម្លាប់លោក ឈុត វុទ្ធី មិនដែលរកឃើញជនល្មើសពិតប្រាកដទេ។ បើតាមចាប់ គឺចាប់តែជនល្មើសសិប្បនិមិត្ត ធ្វើឲ្យមានការចោទប្រកាន់ថា រំលោភសិទ្ធិមនុស្សជាប្រព័ន្ធ។»
ចំណែកមន្ត្រីនាំពាក្យគណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា លោកបានអានរបាយការណ៍អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ហើយ ប៉ុន្តែគណបក្សមិនទាន់សម្រេចធ្វើសេចក្ដីថ្លែងការណ៍ជាសាធារណៈនៅឡើយ ទេ៖ «ក្រោយសន្ធិសញ្ញាទីក្រុងប៉ារីសមកមានការអភិវឌ្ឍខ្លះ ដោយសារប្រាក់ជំនួយបរទេស និងប្រាក់កម្ចី ប៉ុន្តែភាពអវិជ្ជមានក៏មានច្រើនដែរ ដូចជាការរំលោភដីធ្លី និងអំពើនិទ្ទណ្ឌភាព។»
ពាក់ព័ន្ធទៅនឹងពាក្យបណ្ដឹងនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ប្រឆាំងនឹង លោក ហ៊ុន សែន នេះដែរ មេធាវីជនជាតិអង់គ្លេស លោក រីឆាត រ៉ូជើរ (Richard Rogers) នៃក្រុមមេធាវីអន្តរជាតិ គ្លបល ឌីលីជេនស៍ (Global Diligence) ក៏បានដាក់ពាក្យបណ្ដឹងមួយផ្សេងទៀតចោទមន្ត្រីមានអំណាចរដ្ឋាភិបាល លោក ហ៊ុន សែន ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ពីបញ្ហាការរំលោភដីធ្លីជាប្រព័ន្ធ លោក រីឆាត រ៉ូជើរ កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីប្រមូលការគាំទ្រពីមន្ត្រីរដ្ឋាភិបាល សមាជិកសភា និងព្រឹទ្ធសភាអាមេរិក ដើម្បីអន្តរាគមន៍ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ស៊ើបអង្កេតបឋមលើបណ្ដឹងរបស់លោក។
ទោះបីជា អង្គការសិទ្ធិមនុស្សបញ្ជាក់ថា សមិទ្ធផលក្នុងរយៈពេល ៣០ឆ្នាំរបស់លោក ហ៊ុន សែន នេះ បណ្ដាលឲ្យប៉ះពាល់ដល់វិស័យសិទ្ធិមនុស្ស និងកើតមានអំពើនិទ្ទណ្ឌភាពក៏ដោយ ក៏លោក ហ៊ុន សែន បញ្ជាក់ក្នុងថ្ងៃខួប ៣០ឆ្នាំថា អាយុលោកនៅតែអនុញ្ញាតឲ្យលោកដឹកនាំកម្ពុជា ជាបន្តទៀត ហើយវាសនានៃការដឹកនាំរបស់លោកអាស្រ័យទៅនឹងការសម្រេចចិត្តរបស់ អ្នកបោះឆ្នោត៕
No comments:
Post a Comment