Paris Peace Accords 23 Oct. 1991

Tuesday, January 20, 2015

លោក ហ៊ុន សែន ​គំរាម​​ គណបក្ស​ សង្គ្រោះជាតិ | Hun Sen threatens CNRP

លោក ហ៊ុន សែន ​គំរាម​​ គណបក្ស​ សង្គ្រោះជាតិ

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
លោក ​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​ នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
អស់​រយៈ​ពេល​ តែ​ ជាង​៥​ខែ​ ប៉ុណ្ណោះ​ បន្ទាប់​ ពី​គណបក្ស​ សង្គ្រោះជាតិ​ និងគណបក្ស​ ប្រជាជន​កម្ពុជា ​បាន​សន្យា ​ផ្ទាល់​មាត់​ នៅ​ក្នុង​មន្ទីរ​ រដ្ឋ​សភាជាតិ ថា, ​ឈប់ ​វាយ​ប្រហារ​គ្នា​ និង​ងាក​មក​រក ​វប្បធម៌​សន្ទនាគា្ន ​ម្តង​វិញ​ ដើម្បី ​រកដំណោះ​ស្រាយ ​លើ​បញ្ហាជាតិ ធំៗ​ នោះ,​ ការ ប្រឈម​មុខ​គ្នា​ កើតមាន ឡើងវិញ។


ការ​សន្យា​នេះ​ បាន​រលាយ​បាត់​ទៅ​វិញ​ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ថា​ ឈប់​លែង​មាន​វប្បធម៌​ជជែក​សន្ទនាគ្នា​រវាង​លោក​ និង​លោក​ សម រង្ស៊ី​ទៀត​ហើយ​ ដោយ​សារ​តែ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ លោក​កឹម សុខា​ អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា​ និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ​បាន​បរិហារ​រិះ​គន់​ឥត​សំចៃ​ទៅ​លើ​ការ​ដឹក​នាំ​រយៈ​ពេល​៣០​ឆ្នាំ​របស់​លោក​ ហ៊ុន សែន។​

លោក​ និយាយ​ថា៖​ «សម្តី​ឈ្លើយ​នោះ​ឈ្លើយ។​ ខ្ញុំ​គ្រាន់​តែ​បញ្ជាក់ទៅ​វិញ​ ល្មមៗ​បាន​ហើយ​ អា​សម្តី​តាម​ចិញ្ចើម​ថ្នល់ រំខាន​ប្រជា​ពល​រដ្ឋ។ ​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ ហើយ​ងិក​ ងក់ៗ​ បាតុកម្ម​ចុះ​ បាតុកម្ម​ឡើង​ មិន​ទាន់​អស់​ចិត្ត​ទេ​អី!»

កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​២០១៤​ បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​អ្នក​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​ចូល ​រួម​ប្រជុំ​រដ្ឋ​សភា​ដើម្បី​បំពេញ​ភាព​ស្រប​ច្បាប់​ដល់​រដ្ឋាភិបាល​អណត្តិ​ ទី​៥​នេះ ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​សម រង្ស៊ី​ និង​លោក​ហ៊ុន សែន​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​បាន​សន្យា​ថា ​នឹង​បញ្ឈប់​វប្បធម៌​រិះ​គន់​គ្នា​ និង​ចាប់​យក​វប្បធម៌​សន្ទនាគ្នា​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​របស់​ប្រទេស​ ជាតិ។​

មាន​ប្រសាសន៍​ក្នុង​ពិធី​ចែក​សញ្ញា​ប័ត្រ​នៅ​ក្នុង​ខេត្ត​ស្វាយ​រៀង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនក្រៅ​ពី​ប្រកាស​បញ្ចប់​វប្បធម៌​សន្ទាគ្នា​នេះ​ ​លោក​ថែម​ទាំង​ព្រមាន​ថា ​នឹង​ដក​ហូត​អភ័យ​ឯក​សិទ្ធិ​សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ ចំនួន​៧​រូប​ដើម្បី​បើក​ផ្លូវឲ្យតុលាការ​ដំណើរ​រឿង​ក្តី​ពាក់​ព័ន្ធ​សំណុំ​ រឿង​អំពី​ព្រឹត្តិការណ៍​នៅសួន​ប្រជាធិបតេយ្យ​ឡើង​វិញ។​
លោក​និយាយ​ថា៖ ​«អត់​រួច​ខ្លួន​ទេ​ ប្រាប់ឲ្យហើយ។​  អ្នក​ពាក់​ព័ន្ធ​ ទាំង​អស់ ​អត់​រួច​ខ្លួន​ទេ។​ ​ ចង់​ទៅ​ជា​អ្វី ក៏​ទៅៗ។​  តុលាការ ​ធ្វើ​តាម​ នីតិ​វិធី ​រាប់​ទាំង ​អ្នក​តំណាង​រាស្ត្រ​ ៧​រូប,​ អត់​រួច​ខ្លួន​ទេ, ​សូម  ប្រាប់ឲ្យហើយ​ ពី​ព្រោះ​ អ្វី​ តំណាង​រាស្ត្រ​ ទាំង​៧ ​រូប​នេះ​ បាន​អភ័យ​ឯក​សិទ្ធិ​ ក្រោយ​ ពី​តុលាការ ​ចោទ​ប្រកាន់ ​ផ្លូវ​ច្បាប់។  ​អត់​រួច​ខ្លួន​ទេ»

អ្នក​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ចំនួន​៧​រូប​ត្រូវ​ បានតុលាការសម្រេចដោះ​លែងឲ្យនៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៅ​ក្នុងកិច្ច​ប្រជុំ​កំពូល​ កាល​ពី​ថ្ងៃ​ទី​២២​ខែ​កក្កដា​ឆ្នាំ​២០១៤។​

អ្នក​តំណាង​រាស្ត្រ​ទាំង​៧​រូប​ ដែល​ជាប់​ក្នុង​សំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥​ខែ​កក្កដា​ រួម​មាន​អ្នក​ស្រី​មួរ សុខហួរ​ លោក​ហូរ វ៉ាន់ ​លោក​ឡុង រី​ លោក​នុត រំដួល ​ លោក​រៀល ខេមរិន្ទ​ លោក​ម៉ែន សុឋាវរិន្ទ​ និង​លោក​កែវ ភិរម្យ។

លោកស្រី​មួរ សុខហួរ​ អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ កា​រគំរាម​កំហែង​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​គឺ​ជា​ការ​គំរាម​ កំហែង​ដល់​សំឡេងរបស់​រាស្ត្រ​ជា​ម្ចាស់​ឆ្នោត។​ ​

លោក​ស្រី​បាន​បញ្ជាក់​ថា​ លោក​ស្រី​មិន​ខ្លាច​ការ​ដក​អភ័យ​ឯក​សិទ្ធិ​ទេ ​តែ​រាល់​ការ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​បាន​ទាល់​តែ​មាន​ សំឡេង២ភាគ​៣​នៃ​សមាជិក​សភា​ទាំង​មូល។​

លោក​ស្រី​ និយាយ​ថា៖​ «បើ​សិន​ជា ​តំណាង​រាស្ត្រ​ នៅ​តែ​ ទទួល​ នូវ​ការ​គំរាម​កំហែង ​ពី​សំណាក់​ បុគ្គលណា​ ក៏​ដោយ​, ​តើ​ សភា​ ដែល​ជា​ស្ថាប័ន ​កំពូល ​នៃ​ព្រះ​រាជាណាចក្រ​ កម្ពុជា​ នឹង​ក្លាយទៅ​ ជា​ស្ថាប័ន​អ្វី?»​

លោក​នី ចរិយា ​ប្រធាន​ក្រុម​ស៊ើប​អង្កេត​របស់​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍​ថា ​យោង​តាម​ច្បាប់​រដ្ឋធម្មនុញ្ញ​ អភ័យឯក​សិទ្ធិ​អ្នក​តំណាង​រាស្ត្រ​មិន​អាច​ដក​បាន​ទេ ​លុះត្រាតែ​មាន​សំឡេង​សមាជិក​សភា​គ្រប់គ្រាន់។​ ​ប៉ុន្តែ​អ្វី​ដែល​ជា​ការ​ព្រមាន​របស់​លោក​ហ៊ុន សែន​ជា​សារ​មួយ​ទៅ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បីឲ្យឈប់​វាយ​ ប្រហារ​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ បើ​មិន​ដូច្នេះ​ទេ​ មិន​ដោះ​លែង​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​នោះ​ទេ។

លោក ​និយាយ​ថា៖​ «ខ្ញុំ​ មើល​ទៅ ​ប្រហែល​ ជា​គាត់​ មាន​ការ​ ខកចិត្ត​ ​ដោយ​សារ​ តែ​ កំណែ​ទម្រង់ ការ​ងារ​ បោះ​ឆ្នោត​ ទាក់​ទង​ កំណែ​ទម្រង់ គណៈ​កម្មាធិការ​ ជាតិ ​បោះ​ឆ្នោត។​ ​ អញ្ចឹង​ គ្រាន់​តែ​ ស្រែក​ ដើម្បី​ សន្សំ​យក​ ជា​លេស ​ដើម្បី ​កុំឲ្យមាន ​ការ​ធ្វើ ​ការ​កែ​ទម្រង់​ ​ពីព្រោះ ​យើង ​ដឹង​ហើយ​ ថា, ​គ.ជ.ប.​ ពី​ដើម​មក​ហ្នឹង ​គឺ​ ថា ​១០០%​ នៅ​លើ​កណ្តាប់​ដៃ ​គណបក្ស ​ប្រជាជន​កម្ពុជា»

មាន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១​នាក់​ផ្សេង​ទៀត​កំពុង​ស្ថិត​ ក្នុង​មន្ទីរ​ឃុំ​ឃាំង​ និង​មួយ​ចំនួន​ទៀត​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះ​អាសន្ន​ទាក់​ទិន​ នឹងសំណុំ​រឿង​សួន​ប្រជា​ធិបតេយ្យ​ ​ក្នុង​នោះ​មាន​លោក​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះ​ជាតិ៕


1 comment:

  1. Anonymous8:28 AM

    After the 'bonbon' for Sam and Kem, it's time to 'turn down the bed' at the White woods hotel for the rest of the CNRP's VIPs...That's the Hun Sen Viet-CPP-controlled regime politics at this current phase of the Vietnamization of Cambodia, ladies and Gentlemen!!!

    Toch Keo

    ReplyDelete