លោក ស៊ូប៊ែឌី៖ ចង់ឱ្យ បក្សទាំងពីរ បន្តវប្បធម៌ សន្ទនា
អ្នករាយការណ៍ ពិសេស របស់ អង្គការ សហប្រជាជាតិ ស្តីពី សិទ្ធមនុស្ស ប្រចាំ នៅកម្ពុជា លោក សុរិយា ប្រសាទ ស៊ូប៊ែឌី នៅថ្ងៃអង្គារ ទី២០ មករានេះ បានជួប ពិភាក្សា ជាមួយ ប្រធាន គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ នៅវិមាន រដ្ឋសភា។ ជំនួប នៅព្រឹកនេះ គឺ ក្នុងក្របខណ្ឌ ជាប្រធាន តំណាងរាស្ត្រ ភាគតិច និងអនុប្រធាន សភា។
ក្នុងដំណើរ ទស្សនៈកិច្ច បញ្ចប់អាណត្តិ នៅកម្ពុជានេះ, លោក ស៊ូប៊ែឌី បានបញ្ជាក់ ថា, កិច្ចសន្ទនារវាងបក្សទាំងពីរនឹងនាំមកនូវនិតិរដ្ឋ ការគោរពសិទ្ធមនុស្ស និងជាដំណើរឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យក៏ ពិតប្រាកដនៅកម្ពុជា ។ ព្រោះថាសូម្បីតែកំណែទម្រង់ និង ការបង្កើតគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតតាមកាលកំណត់នោះ ក៏ត្រូវការវប្បធម៌នៃកិច្ចសន្ទនានេះផងដែរ។ បើតាមលោក ស៊ូប៊ែឌីដដែលនោះ វប្បធម៌នៃកិច្ចសន្ទនារវាងបក្សទាំងពីរ គឺជាអនុសាសន៍របស់លោកតាំងពី៦ឆ្នាំមុនមកម្លេះ។
សូមបញ្ជាក់ថា ការជំរុញរបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិរូបនេះ គឺធ្វើឡើងក្នុងខណៈប្រមុខដឹកនាំគណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក សម រង្ស៊ី រួមទាំងលោកកឹម សុខា កំពុងបង្កើនការរិះគន់គ្នាទៅវិញទៅមក។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃម្សិលមិញ បានព្រមានដល់គណបក្សប្រឆាំងរបស់លោក សម រង្ស៊ី ពីការរិះគន់វាយប្រហារខ្លាំងៗទៅលើគណបក្សកាន់អំណាច។ ហើយលោកនាយករដ្ឋមន្ត្រីព្រមទាំងបានព្រលយថា សមាជិកសភាគណបក្សសង្គ្រោះជាតិចំនួន៧រូបក៏នៅមិនទាន់រួចខ្លួន ក្នុងរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងអំពើហិង្សានៅទីលានប្រជាធិបតេយ្យនៅ ឡើយនោះទេ។
លោក សម រង្ស៊ីប្រធានគណបក្សសង្គ្រោះជាតិបានប្រាប់អ្នកសារព័ត៌មាននៅក្រោយ កិច្ចជំនួបថ្ងៃនេះថា គណបក្សសង្គ្រោះជាតិនឹងគោរពតាមកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរ និងគោរពតាមបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាដែលទើបតែបានអនុម័ត។ យ៉ាងណាក៏ដោយ ជំនួបរវាងអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិលោក សុរិយាប្រសាទ ស៊ូប៊ែឌី និងថ្នាក់ដឹកនាំសមាជិកសភាគណបក្សសង្គ្រោះជាតិនៅថ្ងៃទីអង្គារនេះ គឺជាជំនួបក្នុងដំណើរទស្សនៈកិច្ចរបស់លោកក្នុងអាណត្តិចុងក្រោយនៅ កម្ពុជា មុននឹងជួបជាមួយប្រមុខរដ្ឋាភិបាលមកពីគណបក្សកាន់អំណាច លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
No comments:
Post a Comment