លោក កឹម សុខា៖ របបលោក ហ៊ុន សែន អន់ជាងរបប ណាៗ ទាំងអស់
RFA / វិទ្យុ អាស៊ី សេរី | ១៨ មករា ២០១៥
មន្ត្រីជាន់ខ្ពស់ របស់ គណបក្ស សង្គ្រោះជាតិ ចោទប្រកាន់ ថា, រដ្ឋាភិបាល ដែលដឹកនាំ ដោយលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បច្ចុប្បន្ន គឺ បានបំផ្លាញ អ្វីៗ គ្រប់យ៉ាង របស់ជាតិ, ក្នុងនោះ ដោយរួម ទាំងដី, ព្រៃឈើ, និងមច្ឆាជាតិ, ជាដើម។ បន្ថែម ពីលើនេះទៀត, គ្រប់សម័យកាល និងស្ទើរ គ្រប់របប ពុំមាន របបណាមួយ ដែលអន់ជាង ការដឹកនាំ ក្នុងអាណត្តិ របស់លោក នាយករដ្ឋមន្ត្រី ឡើយ។
ចំណែក មន្ត្រី រដ្ឋាភិបាលវិញ ច្រានចោល ការចោទប្រកាន់នេះ ដោយចាត់ ថា, គណបក្ស សង្គ្រោះជាតិ កំពុងតែ ធ្វើ ឲ្យបរិយាកាស នយោបាយ កាន់តែ អួអាប់ទៅៗ, ហើយ មើលខុស ចំពោះ រដ្ឋាភិបាល ឲ្យក្លាយ ជាសត្រូវ ទៅវិញ។
កម្ដៅ នយោបាយ ការឌឺដង ផ្លែផ្កា ដាក់គ្នា រវាង គណបក្ស ដែលឈ្នះឆ្នោត ទាំងពីរ នៅពេលនេះ ហាក់ផ្ទុះ ឡើងវិញ បើ ទោះជាមាន ការអំពាវនាវ ជាហូរហែ កន្លងទៅ របស់លោក ហ៊ុន សែន ថា គួរ ប្រើប្រាស់ រដ្ឋសភា ដើម្បី ជជែក ដេញដោល រកខុសត្រូវ ជាជាង ដើរនិយាយ នៅតាម ទីសាធារណៈ ក៏ដោយ។
ថ្វីបើ នៅពេលនេះ ថ្ងៃឃោសនា ឬយុទ្ធនាការ បោះឆ្នោត មិនទាន់ បានចាប់ផ្ដើមក្តី ក៏សង្កេត ឃើញថា, អ្នកនយោបាយ ហាក់កំពុង ធ្វើយុទ្ធនាការ រកសំឡេងឆ្នោត តែ រៀងៗ ខ្លួន ទៅហើយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដៀមដាម ឌឺដង ឲ្យគណបក្ស ប្រឆាំង រាល់ពេល មានវេទិកា សាធារណៈ ម្តងៗ។ ចំណែក គណបក្ស ប្រឆាំងវិញ ក៏មិនអន់ ណាស់ដែរ ក្នុងការ ឆ្លើយតប, ជាពិសេស ចំណុចខ្វះ ចន្លោះរឿង អនុវត្ត គោលនយោបាយ របស់ រដ្ឋាភិបាលនោះ។
លោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ និងជាអនុប្រធាន ទីមួយ នៃរដ្ឋសភា អះអាង កាលពីព្រឹក ថ្ងៃទី១៨ មករា នៅក្នុងវេទិកា សាធារណៈ នាសង្កាត់ ព្រែកលៀប ថា, បច្ចុប្បន្ន ប្រទេសកម្ពុជា បាត់បង់ ស្ទើរគ្រប់វិស័យ ក្នុងកណ្ដាប់ដៃ នៃការដឹកនាំ របស់ គណបក្ស ប្រជាជន, កម្ពុជា ជាពិសេស លោក ចោទប្រកាន់ ថា, លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ ជាបុគ្គល ដែលដឹកនាំ អន់ជាងគេ បើ ប្រៀបធៀប ក្នុងរបប មុនៗ ដែលបានធ្វើ ឲ្យធនធាន ធម្មជាតិ ត្រូវ បាត់បង់ និងបណ្ដោយ ឲ្យមាន ការរំលោភ សិទ្ធិមនុស្ស ម្ដងហើយ ម្ដងទៀត មិនចេះចប់ មិនចេះហើយ ក្នុងរយៈពេល ៣ទសវត្សរ៍ កន្លងទៅនេះ។
លោក កឹម សុខា ចំអក ឲ្យលោក ហ៊ុន សែន នៅចំពោះ មុខអ្នកគាំទ្រ របស់លោក ប្រហែល ១ពាន់នាក់ ក្នុងខណ្ឌ ជ្រោយចង្វារ ជាយរាជរាជធានី ភ្នំពេញ ថា, លោក ហ៊ុន សែន ពុំមាន សមត្ថភាព ដឹកនាំ ប្រទេស ឲ្យរីកចម្រើន ដូចអរិយប្រទេស ដទៃឡើយ ក្រៅពីដឹកនាំ តាមរបៀប ដដែលៗ ពីមួយអាណត្តិ ទៅមួយអាណត្តិ។
ការថ្លែងសារ នយោបាយ របស់លោក កឹម សុខា អំពី ភាពអសកម្ម ក្នុងការអនុវត្ត គោលនយោបាយ របស់ រដ្ឋាភិបាលនេះ ហាក់អន្ទងចិត្ត អ្នកគាំទ្រ សម្បើមណាស់ ក្នុងពិធីនោះ។ មនុស្ស ម្នាក់ៗ ញញឹម, ហើយ ស្រែកបន្ទរ តាមក្រោយ យ៉ាងកងរំពង ពេញវេទិកា។
បើ ទោះជាបែបនេះ ក៏ដោយចុះ, លោក ទិត សុធា អ្នកនាំពាក្យ អង្គភាព ព័ត៌មាន និងប្រតិកម្ម រហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី យល់ឃើញ ថា, សារនយោបាយ របស់លោក កឹម សុខា គឺ គ្រាន់តែ ដើម្បី ធ្វើឲ្យ បរិយាកាស នយោបាយ អួអាប់ និងការយល់ខុស របស់ សាធារណជន មកលើរដ្ឋាភិបាល ប៉ុណ្ណោះ។ លោក បន្តថា, រដ្ឋាភិបាល បានជម្នះ គ្រប់ឧបសគ្គ ក្នុងកិច្ចខិតខំ ប្រឹងប្រែង របស់ខ្លួន ដើម្បី នាំមក នូវសន្តិភាព សម្រាប់ ប្រទេសជាតិ ទម្រាំមានថ្ងៃនេះ។
លោក អ៊ូ វីរៈ ប្រធាន អង្គការ នៃវេទិកា អនាគត ចាត់ទុក ថា, ការថ្លែងសារ នយោបាយ ណាមួយ របស់ មេដឹកនាំ គណបក្ស គឺ ជារឿងធម្មតា នៅក្នុងសង្គម ប្រជាធិបតេយ្យ ក្នុងពិភពលោក, ពោល គឺ ពុំមានអ្វី ទាស់ខុស នោះទេ។ ផ្ទុយទៅវិញ នេះ ជាយន្តការ ក្នុងការបណ្ដុះស្នូល នៃសេរីភាព បញ្ចេញមតិ ថែមទៀងផង។ លោក បញ្ជាក់ថា មិនខុសគ្នាទេក្នុងប្រវត្តិសាស្ត្រនយោបាយ បើប្រៀបធៀបនឹងរបបមុនៗ ដែលដឹកនាំហើយមានកំហុសនោះ។ បើទោះជាបែបណា លោកទទួលស្គាល់ថា សព្វថ្ងៃពិតជាមានបញ្ហា ហើយបានបន្តចាក់ស្រេះក្រោមគោលនយោបាយពិតមែន។
លោក អ៊ូ វីរៈ ចាត់ទុកថា ជាទម្លាប់ក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយតែងប្រើប្រាស់វេទិកាដើម្បីរិះគន់ចំណុចខ្សោយរបស់គួរ បដិបក្ខក្នុងការដណ្ដើមប្រជាប្រិយភាព៕
No comments:
Post a Comment