Paris Peace Accords 23 Oct. 1991

Sunday, January 18, 2015

ប្រធាន ​បក្ស​សមរង្ស៊ី៖ បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ជា​បក្ស​រាជា​និយម ​អន់​ជាង​គេ​ នៅ​កម្ពុជា | Kong Korm: Funcinpec is the worst royalist party

ប្រធាន ​បក្ស​សមរង្ស៊ី៖ បក្ស​ហ្វ៊ុនស៊ិនប៉ិច​ ជា​បក្ស​រាជា​និយម ​អន់​ជាង​គេ​ នៅ​កម្ពុជា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ មករា ២០១៥

គង់ គាំ ៦២០
ប្រធាន​ គណបក្ស​ សម រង្ស៊ី លោក គង់ គាំ ថ្លែង​​ក្នុង​ វេទិកា​បក្ស​ សង្គ្រោះ​ជាតិ នៅ​ខណ្ឌ​ ជ្រោយចង្វារ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​១៨ មករា ២០១៥។  RFA/Morm Moniroth

ប្រធាន ​គណបក្ស សម រង្ស៊ី និយាយ​ ថា, គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច គឺ​ ជា​គណបក្ស​ រាជា​និយម​ ដែល​អន់​ជាង​គេ​ បង្អស់ ​នៅ​ក្នុង​ប្រទេស ​កម្ពុជា។  ការ​ថ្លែង​រិះគន់​ បែប​នេះ ធ្វើ​ឡើង​ ក្នុង​ពេល​ ប្រធាន​ គណបក្ស សម រង្ស៊ី ចូលរួម​ ក្នុង​ពិធី​ជួបជុំ ​របស់ ​គណបក្ស​ សង្គ្រោះ​ជាតិ ជាមួយ ​អ្នកគាំទ្រ ​របស់​ខ្លួន នៅ​ខណ្ឌ ​ជ្រោយចង្វារ រាជធានី ​ភ្នំពេញ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​១៨ មករា។

ប្រធាន​ គណបក្ស សម រង្ស៊ី លោក គង់ គាំ អះអាង​ ថា, គណបក្ស​ នយោបាយ​ ធំៗ​ នៅ​កម្ពុជា ទាំង​អស់, ​មិន​ថា គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច, គណបក្ស​ សង្គ្រោះ​ជាតិ, ឬ​គណបក្ស​ ប្រជាជន​ កម្ពុជា​ ឡើយ, គឺ​ សុទ្ធសឹង តែ​ ជា​គណបក្ស ​រាជា​និយម​ ទាំង​អស់។  ប៉ុន្តែ ​ដោយ​ឡែក​ សម្រាប់ ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច វិញ គឺ​ ជា​គណបក្ស​ រាជា​និយម ​ដែល​អន់ និង​ល្ងង់​ ជាង​គេ​ បំផុត។

​ការ​វាយ​ប្រហារ​ ខ្លាំងៗ ជា​របៀប​ ឌឺដង ​របស់​លោក គង់ គាំ ទៅ​លើ ​គណបក្ស ​ហ្វ៊ុនស៊ិនប៉ិច បែប​នេះ ដោយសារ​ លោក​ មើល​ឃើញ​ ថា, ក្នុង​ពេល​ បោះឆ្នោត​ កាល​ពី​ឆ្នាំ​ ២០១៣ កន្លង​ទៅ, គណបក្ស​ ហ្វ៊ុនស៊ិនប៉ិច មិន​ទទួល​បាន ​សូម្បី តែ ១​អាសនៈ​ តំណាងរាស្ត្រ ​នៅ​ក្នុង​រដ្ឋសភា ខណៈ​ ដែល​គណបក្ស ​ផ្សេង​ទៀត ជាពិសេស​គណបក្ស​សង្គ្រោះ​ជាតិ បាន​កើន​ចំនួន​អាសនៈ​គួរ​ឲ្យ​កត់សម្គាល់។ លោក គង់ គាំ ថ្លែង​ថា ការ​រួបរួម​រវាង​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ និង​លោក ញឹក ប៊ុនឆៃ ជា​ថ្មី​នេះ នឹង​មិន​ទទួល​បាន​ជោគជ័យ​អ្វី​ឡើយ។

​លោក គង់ គាំ បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស សម រង្ស៊ី និង ជា​ឧត្ដម​ទីប្រឹក្សា​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ប្រាប់​ទៅ​កាន់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​មួយ​នេះ ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ការ​ដឹក​នាំ​នៅ​កម្ពុជា។

​លោក គង់ គាំ ដែល​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពី​ឆ្នាំ​១៩៨៦ ដល់​ឆ្នាំ​១៩៨៧ ក្នុង​សម័យ​រដ្ឋ​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ព្រួត​កម្លាំង​គ្នា​ដើម្បី​បោះឆ្នោត​ ទម្លាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​បាន​នៅ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៨។

​ឆ្លើយតប​ចំពោះ​ពាក្យ​សម្ភី​វាយប្រហារ​មិន​សំចៃ​មាត់​របស់​លោក គង់ គាំ អ្នក​នាំ​ពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទុំ សម្បុរ មាន​ប្រសាសន៍​ថា គណបក្ស​រាជា​និយម​ពិត​ប្រាកដ​នៅ​កម្ពុជា គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច មិនមែន​គណបក្ស​ដែល​ទើប​តែ​បាន​កើត​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​ ទេ។

លោក ទុំ សម្បុរ បាន​និយាយ​ចំអក​ទៅ​លោក គង់ គាំ វិញ​ថា គណបក្ស​រាជា​និយម​ដែល​ពូកែ​ជាង​គេ​គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នេះ​ឯង ព្រោះ​ថា គណបក្ស​មួយ​នេះ មាន​ប្រវត្តិ​តស៊ូ​តាំង​ពី​យូរយារ​ណាស់​មក​ហើយ គឺ​តាំងពី​ពេល​ដែល​លោក គង់ គាំ នៅ​ធ្វើ​ការ​បម្រើ​ឲ្យ​វៀតណាម នៅ​កម្ពុជា​មក​ម្ល៉េះ។ លោក​ថា ផ្ទុយ​ទៅ​វិញ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នេះ​ឯង ដែល​បាន​តស៊ូ​ដេញ​បរទេស​ចេញ​ពី​ស្រុក​ខ្មែរ។

​យ៉ាង​ណា​ក៏ដោយ លោក ទុំ សម្បុរ ទទួល​ស្គាល់​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ទទួល​បរាជ័យ​កាល​ពី​ពេល​កន្លង​មក។ លោក​ថា ការ​បរាជ័យ​នេះ គឺ​ដោយសារ​ហ្វ៊ុនស៊ិនប៉ិន មិន​មាន​កា​រួបរួម​គ្នា និង​មិន​ឋិត​នៅ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ។ ប៉ុន្តែ​លោក​ថា ពេល​នេះ​ហ្វ៊ុនស៊ិនប៉ិច កំពុង​រួប​រួមគ្នា​សា​ជា​ថ្មី​ដែល​ប្រការ​នេះ គឺ​ជា​ចន្ទល់​យ៉ាង​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​នៅ​ពេល​ខាង​មុខ។

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ទទួល​ជោគជ័យ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​១៩៩៣។ តែ​ក្រោយ​មក បក្ស​រាជា​និយម​មួយ​នេះ បាន​បាត់បង់​ការ​គាំទ្រ​របស់​ពលរដ្ឋ​ជា​បន្តបន្ទាប់ ដោយសារ​ការ​បែកបាក់​ផ្ទៃក្នុង អំពើ​ពុករលួយ បក្សពួក​និយម និង​ការ​បំបែក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ ក៏​ត្រូវ​បាន​គេ​ធ្វើ​បក្ស​ប្រហារ​ទម្លាក់​ពី​ព្រះ​ប្រធាន​របស់​គណបក្ស​នៅ​ ឆ្នាំ​២០០៦។ ប៉ុន្តែ​កាល​ពី​ដើម​ខែ​មករា នេះ សម្ដេច​ក្រុមព្រះ នរោត្តម រណឫទ្ធិ បាន​សម្រេច​ព្រះទ័យ វិល​ត្រឡប់​មក​ដឹកនាំ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ឡើង​វិញ ដោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ដើម្បី​ប្រមែ​ប្រមូល​អ្នក​រាជា​និយម និង​អ្នក​សីហនុ​និយម​សា​ជា​ថ្មី។

​ព្រះអង្គ​នឹង​ត្រូវ​បាន​គណបក្ស​ធ្វើ​សមាជ​ដើម្បី​ប្រគល់​តំណែង​ប្រធាន​ បក្ស​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ មករា នា​សាល​សន្និបាត​កោះ​ពេជ្រ។ បើ​តាម​លោក ទុំ សម្បុរ សមាជ​នោះ​នឹង​មាន​សមាជិក សមាជិកា​គណបក្ស​ប្រមាណ​ជាង ២​ពាន់​នាក់​ចូល​រួម៕


No comments:

Post a Comment