Paris Peace Accords 23 Oct. 1991

Tuesday, January 13, 2015

ក្រុមការងារ ​ចរចា ​រវាង ​បក្ស​ទាំង​ពីរ ​បន្ត​ ខ្វែង​គំនិត​គ្នា ​លើ​ពេល​វេលា​ និង​ចំនួន​ថ្ងៃ ​​ឃោសនា | Working group continues to disagree on time and number of days for campaigning

ក្រុមការងារ ​ចរចា ​រវាង ​បក្ស​ទាំង​ពីរ ​បន្ត​ ខ្វែង​គំនិត​គ្នា ​លើ​ពេល​វេលា​ និង​ចំនួន​ថ្ងៃ ​​ឃោសនា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១២ មករា ២០១៥

ក្រុម​ការងារ​CPP CNRP ប្រជុំ ៦២០
ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ប្រជុំ​ការងារ​នៅ​មន្ទីរ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី ១២ មករា ២០១៥។  RFA/Yeang Socheametta

ក្រុមការងារ​ ចរចា​ គណបក្ស ​ប្រជាជន​ កម្ពុជា​ និង​គណបក្ស​ សង្គ្រោះ​ជាតិ នៅតែ​ ខ្វែងគំនិត​គ្នា លើ​ថេរវេលា និង​ចំនួន​ថ្ងៃ ​ហែ​ក្បួន ​ក្នុងពេល​ ឃោសនា បោះឆ្នោត។  ការ​ខ្វែង​គំនិត​នេះ ក្នុង​ពេល​ ដែល​ក្រុម​ចរចា​ គណបក្ស​ទាំង​២​ បន្ត​ពិភាក្សាគ្នា ទៅលើ​សេចក្តីព្រាង ​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​ សេចក្តីព្រាង​ច្បាប់​ បោះឆ្នោត នៅ​រសៀល​ ថ្ងៃទី​១២ ខែមករា នា​មន្ទីរ​រដ្ឋសភា។

បើ ​ទោះ ​ជា​ក្រុមការងារ​ ចរចា​ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ឯកភាព​គ្នា​លើ​ចំណុច​ច្រើន​នៅ​ក្នុង​ជំពូក​ទី​៧ នៃ​សេចក្តីស្នើ​សេចក្តីព្រាង​ច្បាប់បោះឆ្នោត តែ​មាន​ពួកគេ​មិនទាន់​ឯកភាព​គ្នា លើ​ចំនួន​ថ្ងៃ ឃោសនា​ទេ។ ជំពូក​ទី​៧ នេះ គឺ​ផ្តោតទៅលើ​ការឃោសនាបោះឆ្នោត។
ការខ្វែងគំនិត​គ្នា​នេះ គឺ​នៅពេលដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​រក្សា​ថេរវេលា​នៃ​ការ ឃោសនា​បោះឆ្នោត​ឲ្យ​បាន​៣០​ថ្ងៃ ដូចដែល​មានចែង​នៅក្នុង​ច្បាប់បោះឆ្នោត​ចាស់ និង​ចង់​ឲ្យ គណបក្ស​នយោបាយ​ទាំងអស់ អាច​ហែ​ក្បួន​ឃោសនា​រក​សំឡេង​ឆ្នោត​គ្រប់​ទាំង​៣០​ថ្ងៃ​តែម្តង។

ប៉ុន្តែ​ពី​ខាង​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ពួកគេ​មិន​ចង់​ឲ្យ​មាន​ថេរវេលា ៣០​ថ្ងៃ​នោះ​ទេ គឺមាន​ត្រឹមតែ​១៤​ថ្ងៃ​ប៉ុណ្ណោះ។ លើស​ពី​នេះ​ទៀត ក្នុង​រយៈពេល​១៤​ថ្ងៃនេះ គណបក្សនយោបាយ​អាច​ដង្ហែ​ក្បួន ឃោសនាបោះឆ្នោត​បាន​ត្រឹមតែ​២​ថ្ងៃ គឺ​នៅ​ថ្ងៃ ដំបូង​និង​ថ្ងៃ​បញ្ចប់ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត។

ថ្លែង​ទៅកាន់​អ្នកកាសែត នៅ​ក្រោយ​កិច្ចពិភាក្សា​អស់​រយៈពេល​ជាង​២​ម៉ោង ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះ​ជាតិ​លោក គួយ ប៊ុន​រឿន មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្សប្រឆាំង ​មួយ​នេះ ចង់​ឲ្យ​មានការ​ឃោសនា​រយៈពេល​៣០​ថ្ងៃ ដោយសារ​ពួកគេ ចង់​ផ្តល់ឱកាស​និង​លទ្ធភាព​ឲ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់ ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​ផ្សព្វផ្សាយ នូវ​គោលនយោបាយ​របស់ខ្លួន​ទៅដល់​អ្នកបោះឆ្នោត ជាពិសេស​សម្រាប់​គណបក្ស នយោបាយ​តូចៗ ដែល​អ្នកបោះឆ្នោត​ពុំ​សូវ​បាន​ស្គាល់។ មួយ​វិញ​ទៀត លោក​ថា ការ​កំហិត​ឲ្យ​បក្សនយោបាយ​ហែ​ក្បួន​ឃោសនា​តែ​២​ថ្ងៃ វា​គឺជា​ការ​រិត​ត្បិត​ទៅលើ​សិទ្ធិ សេរីភាព​របស់​គណបក្ស​នយោបាយ។  

ច្បាប់បោះឆ្នោត​ចាស់​របស់​កម្ពុជា អនុញ្ញាតិ​ឲ្យ​គ្រប់​គណបក្សនយោបាយ​ដែល​ចូលរួម​ក្នុង ការប្រកួតប្រជែង​រក​សម្លេងឆ្នោត​ទាំងអស់ អាចធ្វើ​ការឃោសនាបោះឆ្នោត​រយៈពេល​៣០​ថ្ងៃ ហើយ​ក្នុង​រយៈពេល​៣០​ថ្ងៃនេះ បក្សនយោបាយ​អាច​ហែ​ក្បួន​បាន​គ្រប់​៣០​ថ្ងៃ​តែម្តង។

យ៉ាងណាក៏ដោយ ប្រធាន​ក្រុមការងារ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា​លោក ប៊ិន ឈិន កត់​សម្គាល់​ថា ការ​ដែល​ គណបក្សកាន់អំណាច​ចង់​ឲ្យ​មាន​រយៈពេល​១៤​ថ្ងៃ​សម្រាប់​ការ ឃោសនា​នេះ គឺ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​រវាង​គណបក្សនយោបាយ។ លោក​លើក ឧទាហរណ៍​នៅ​ប្រទេស​ជប៉ុន ដែល​ការ​ឃោសនា​នៅ​ទីនោះ​មានតែ​១២​ថ្ងៃ ខណៈដែល ប្រទេស​សឹង្ហ​បុរី​នៅក្នុង​សមាគម​អាស៊ាន​ដូច​កម្ពុជា​ដែរនោះ គឺមាន​រយៈពេល​៩​ថ្ងៃ​ប៉ុណ្ណោះ។ ចំណែក​ការ​ហែ​ក្បួន​ឃោសនា​តែ​២​ថ្ងៃ​វិញ លោក ប៊ិន ឈិន អះអាងថា គឺ​ដើម្បី​បញ្ចៀស ការ​កកស្ទះ​ចរាចរណ៍ និង​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម​ក្នុងសង្គម​ដូចគ្នា។  

ទាក់ទង​នឹង​ការ​រិត​ត្បិត​ទៅ​សិទ្ធិសេរីភាព​របស់​គណ​បក្សនយោបាយ និង​ការផ្តល់​ពេល វេលា​មិន​គ្រប់គ្រាន់​ឲ្យ​ពួកគេ​ដើម្បី​ឃោសនា​គោលនយោបាយ​វិញ លោក ប៊ិន ឈិន មាន​ប្រសាសន៍​ថា វា​គ្រាន់តែ​ជា​មតិ​លើកឡើង​ប៉ុណ្ណោះ ប៉ុន្តែ​លោក​ថា នៅពេល​ដែលមាន ការកំណត់​ជាក់លាក់​ក្នុង​ច្បាប់​រួចហើយ ពេល​នោះ គណបក្ស​នយោបាយ​នឹង​ត្រៀមខ្លួន​ជាមុន ថា​នឹង​ត្រូវធ្វើ​បែបណា​ហើយ។

លោក គួយ ប៊ុនរឿន បញ្ជាក់​ថា ចំពោះ​ចំណុច​ខ្វែងគំនិត​គ្នា​ទាំងនេះ ក្រុមការងារ​ចរចា​នៃ គណបក្ស​ទាំង​២ នឹង​ដាក់ជូន​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ទាំងសង្ខាង ដើម្បី​ស្វែងរក​ចំណុច​រួមមួយ។
តាម​គម្រោង ក្រុមការងារ​ចរចា​គណបក្ស​ទាំង​២ នឹង​ពិភាក្សា​ទៅលើ​សេចក្តីស្នើ​សេចក្តីព្រាង ច្បាប់​នេះ​បន្តទៀត នៅ​ថ្ងៃ​សុក្រ​ទី​១៦ មករា ខាងមុខ ។

សេចក្តីកែតម្រូវ៖

យើង​ខ្ញុំ​សូម​កែ​តម្រូវ​ការ​ផ្សាយ​កាល​ពី​យប់​មិញ​ ត្រង់​ចំណុច​ដែល​ថា​គណបក្ស​សង្រ្គោះជាតិ​ស្នើ​ទៅ​កាន់​គណបក្ស​ ប្រជាជនកម្ពុជា​ ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តី​រាជការ​ អាច​ចូលរួម​ធ្វើការ​ឃោសនា​បោះឆ្នោត​បាន​ ។

ប្រធាន​ក្រុម​ការងារ​ចរចា​គណបក្ស​សង្គ្រោះជាតិ​លោក​ គួយ​ ប៊ុនរឿន​ បញ្ជាក់​ជា​ថ្មី​ថា​ ចំណុច​នេះ​មិនមែន​ជា​សំណើរ​របស់​គណបក្ស​សង្រ្គោះជាតិ​ឡើយ​ ។​ ផ្ទុយ​ទៅ​វិញ​ វា​ជា​ការ​ចង់​បាន​របស់​គណបក្ស​ប្រជាជនកម្ពុជា​ ។

លោក​ គួយ​ ប៊ុនរឿន​ បញ្ជាក់​ថា​ គណបក្ស​សង្គ្រោះជាតិ​មិន​ចង់​ឲ្យ​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ មន្រ្តី​តុលាការ​ ចូលរួម​ធ្វើ​សកម្មភាព​ឃោសនា​គាំទ្រ​ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ បើ​ទោះ​ជា​ក្នុង​ម៉ោង​ ឬ​ក្រៅ​ម៉ោង​ធ្វើការ​ក្តី​ ។ ​លោកថា​ យោង​តាម​មាត្រា​១៥​ នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ មន្រ្តី​តុលាការ​ កង​កម្លាំង​ប្រដាប់អាវុធ​ អាច​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​នានា​បាន​ តែ​មិន​ត្រូវ​ធ្វើ​សកម្មភាព​គំាទ្រ​ ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ឡើយ​ ៕​



No comments:

Post a Comment