Paris Peace Accords 23 Oct. 1991

Wednesday, January 14, 2015

របាយការណ៍ ​នៃ​ការ​ កាន់​អំណាច ​របស់​លោក ហ៊ុន សែន ​រយៈពេល​ ៣០​ឆ្នាំ | Report marking 30 years of Hun Sen's rule

ហ៊ុន សែន ៦២០
លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​សន្និសីទ ​ពាណិជ្ជកម្ម នា​រាជធានី ​ភ្នំពេញ កាល​ពី​ព្រឹក ​ថ្ងៃ​ទី​៦ តុលា ២០១៤។
RFA/An Sithav

របាយការណ៍ ​នៃ​ការ​ កាន់​អំណាច ​របស់​លោក ហ៊ុន សែន ​រយៈពេល​ ៣០​ឆ្នាំ

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៣ មករា ២០១៥

ថ្ងៃ​ទី​១៤ ខែ​មករា ស្អែក​នេះ គឺ​ ជា​ខួប​គម្រប់ ​រយៈពេល ៣០​ឆ្នាំ ដែល​លោក ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី។  ស្រប​គ្នា​នេះ ​អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ (Human Rights Watch) ចេញ​របាយការណ៍ ​ថ្មី​មួយ ​ស្ដីពី​ រយៈពេល ៣០​ឆ្នាំ ​ក្នុង​ពេល​ កាន់​តំណែង ​របស់​លោក ហ៊ុន សែន

អង្គការ​នេះ​ បង្ហាញ​ថា លោក ហ៊ុន សែន គឺ​ ជា​មេដឹកនាំ​ ដែល​ជាប់​ចំណាត់​ ថ្នាក់​ទី​៦ ក្នុង​ចំណោម ​អ្នក​ដឹកនាំ​ កាន់​ដំណែង​ យូរ​ជាង​គេ​ ក្នុង​ពិភពលោក។  អង្គការ​នេះ បាន​ចាត់​ទុក​ លោក​ ថា, ​ជា​មេដឹកនាំ ​កាន់​អំណាច​ យូរ ​ដោយប្រើប្រាស់​ មធ្យោបាយ​ សំខាន់ៗ​ មួយ​ចំនួន, រួម​មាន​ ការ​ប្រើ​អំពើ​ហិង្សា, ការ​គាប​សង្កត់, និង​អំពើ​ ពុករលួយ។  យ៉ាងណា​ មន្ត្រី​រដ្ឋាភិបាល ​ច្រាន​ចោល​ របាយការណ៍​នេះ ដោយ​ចាត់​ទុក ​អង្គការ​នេះ​ ថា, ព្យាយាម​ បង្ខូច​កេរ្តិ៍​ឈ្មោះ ​លោក​ នាយក​រដ្ឋមន្ត្រី និង​រដ្ឋាភិបាល។

ក្នុង​របាយការណ៍ ​ដែល​មាន​កម្រាស់ ​ជាង៧០​ទំព័រ ​របស់ ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​រៀបរាប់ ​ពី​ជីវិត ​ក្នុង​ឆាក ​នយោបាយ​ របស់​លោក​ នាយក​រដ្ឋមន្ត្រី ដែល​អាច ​កាន់​កាប់​ អំណាច​បាន​យូរ គឺ ​នឹង​ចូល​ដល់ ៣០​ឆ្នាំ​ នៅ​ពេល​នេះ។


របាយការណ៍​ របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ ចំណុច​ ជា​ច្រើន​ ពាក់​ព័ន្ធ​ ដល់​ការ ​ប្រើប្រាស់​ អំណាច ​របស់​លោក​ នាយក​រដ្ឋមន្ត្រី ដើម្បី ​រក្សា​តំណែង​ ចាប់​តាំង ​ពី​ពេល ​លោក ​បាន​កាន់​តំណែង​ ជា​នាយក​រដ្ឋមន្ត្រី​ កាល​ពី​ឆ្នាំ​ ១៩៨៥។

របាយការណ៍​ ដដែល​ លើក​ឡើង​ទៀត​ ថា, លោក ហ៊ុន សែន ត្រូវ​ ដាក់​បញ្ចូល ​ក្នុង​ចំណោម ​អ្នក​ដឹកនាំ​ ដែល​ឋិត ​ក្នុង​តំណែង​ តាមរយៈ​ ការប្រើប្រាស់​ អំពើ​ហិង្សា​ ក្នុង​ចេតនា​ នយោបាយ ​គ្រប់​គ្រង​ កង​កម្លាំង​ ប្រដាប់​អាវុធ, ​គៃ​បន្លំ​ ការ​បោះឆ្នោត, ប្រព្រឹត្ត​ អំពើ​ ពុក​រលួយ​ ធ្ងន់ធ្ងរ, និង​មាន​ ការ​គាំទ្រ ​ពី​បរទេស​ គឺ​ រដ្ឋាភិបាល​ ទីក្រុង​ ហាណូយ ដែល​ជ្រើសរើស​លោក ​ឲ្យ​កាន់​តំណែង និង​អាច​បន្ត តំណែង ​ទៅ​មុខ​ទៀត​ ស្រប​តាម​ ការ​អះអាង ​របស់ លោក ហ៊ុន សែន នៅ​ពេល​ កន្លង​ទៅ។

របាយការណ៍ ​បញ្ជាក់​ទៀត ​ថា, នៅ​ក្នុង ​ផ្នែក​ខ្លះ លោក ហ៊ុន សែន បាន​បង្ហាញ​ ឲ្យឃើញ​ ថា, បាន​ខិត​ខំ ​ប្រឹងប្រែង​ ក្នុង​ឋានៈ​ ជា​អ្នក​ដឹកនាំ ​វ័យ​ក្មេង ​ក្នុង​ការ​នាំ​ប្រទេស​ ត្រឡប់​ទៅ​ឆាក​ អន្តរជាតិ និង​បាន ​សម្របសម្រួល ​ឲ្យ​មាន​ កិច្ចព្រមព្រៀង​ ក្រុង​ប៉ារីស កាល​ពី​ឆ្នាំ​ ១៩៩១។  ប៉ុន្តែ ​ក្នុង​ស្ថានភាព​ ពិត ​គឺ ​ផ្ទុយ​គ្នា​ ទៅ​វិញ​ទេ, ដ្បិត ​ក្នុង​តួនាទី​ ជា​នាយក​រដ្ឋមន្ត្រី ជំនួស​ ឲ្យ​ការ​ ប្រើប្រាស់​ តួនាទី ​ដើម្បី​ កែលំអ ​វិស័យ ​សុខាភិបាល, ការ​អប់រំ, និង​បទដ្ឋាន ​រស់​នៅ ​របស់ ​ពលរដ្ឋ, លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​ទៅ​វិញ រួម​មាន​អំពើ​កាប់​សម្លាប់​ក្រៅ​ច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស​ ក្នុង​គោលបំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណៈ​មតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើ​ប្រាស់​កម្លាំង។

ក្នុង​ពេល​ដែល​លោក ហ៊ុន សែន កាន់​អំណាច​មាន​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង អ្នក​សារព័ត៌មាន មេដឹកនាំ​សហជីព​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​ចេតនា​នយោបាយ។ ករណី​ខ្លះ​ដែល​ឃាតក​ត្រូវ​គេ​ស្គាល់ ប៉ុន្តែ​ពុំ​ត្រូវ​ស៊ើបអង្កេត ចោទ​ប្រកាន់ ឬ​ដាក់​ទោស​ឡើយ។

អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈ​រដ្ឋមន្ត្រី លោក ទិត សុធា មាន​ប្រសាសន៍​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ជា​របាយការណ៍​បំផ្លើស​ការ​ពិត ព្យាយាម​បំភ្លេច​រាល់​សមិទ្ធផល​ដែល​រដ្ឋាភិបាល​សម្រេច​បាន៖  «របាយការណ៍​ នេះ ​បំភ្លេច​ចោល​ ទាំង​ស្រុង នូវ​វីរភាព ​គ្មាន​ ពីរ​ របស់​ ថ្នាក់ដឹកនាំ​ ដែល​បាន​ តស៊ូ លះបង់ បូជា​អាយុ​ជីវិត រហូត​ធានា​បាន ​នូវ​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ មក​ដល់​ បច្ចុប្បន្ន​នេះ, សុទ្ធ​តែ​ មាន​ឫស​គល់ ​នៃ​បញ្ហា​ដែល​ជា​កត្តា​ប្រវត្តិសាស្ត្រ​ពិត​ប្រាកដ។  ប៉ុន្តែ យូមែន រ៉ៃត៍ វ៉ច្ឆ នេះ ជា​ទម្លាប់​គាត់​ តែងតែ ​ខ្វាក់​ភ្នែក ​ជុំវិញ​ សភាពការណ៍​ ពិត, ហើយ​ គាត់​ តែងតែ​ និយាយ​បំផ្លើស​ នូវ​ព័ត៌មាន ​ដែល​បាន​ កើត​ឡើង ​ក្នុង​សង្គម​ កម្ពុជា បច្ចុប្បន្ន»

ទោះ​យ៉ាងណា​របាយការណ៍​នោះ​បាន​កត់ត្រា​ពី​បញ្ហា​សិទ្ធិ​មនុស្ស​ដែល​ពាក់​ ព័ន្ធ​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​អាច​ចាត់​ទុក​ជា​បទ​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ​ចាប់​តាំង​ពី​លោក​បាន ​កាន់​តួនាទី​ជា​មេបញ្ជាការ​ទ័ព​ខ្មែរ​ក្រហម ក្នុង​អំឡុង​ទសវត្ស​៧០ ចំពោះ​ការ​ប្រព្រឹត្ត​ប្រឆាំង​ជនជាតិ​ចាម។ នៅ​ក្នុង​ទសវត្ស​៨០ ពេល​លោក​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​នឹង​ការងារ​ដោយ​បង្ខំ និង​ឃុំឃាំង​មនុស្ស​ជា​ប្រព័ន្ធ។ លុះ​ក្នុង​ទសវត្ស​៩០ លោក​បាន​ពាក់ព័ន្ធ​នឹង​ការ​កាប់​សម្លាប់​ក្រៅ​ច្បាប់​ក្នុង​រដ្ឋ​ប្រហារ ការ​គប់​គ្រាប់​បែក​លើ​ហ្វូង​បាតុករ។ ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក​បាន​រារាំង​ដំណើរ​ការ​របស់​សាលាក្ដី​កាត់​ទោស​មេដឹកនាំ​ខ្មែរ​ក្រហម មិន​គោរព​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ លោក​ហាក់​បំភ្លេច​ចោល​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​មនុស្ស ដែល​រដ្ឋាភិបាល​របស់​លោក​បាន​ផ្ដល់​សច្ចាប័ន រួម​នឹង​ការ​គំរាម​កំហែង​ជា​ច្រើន​ទៀត​ទៅ​អ្នក​នយោបាយ អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ស្រប​គ្នា​នេះ​កម្ពុជា ត្រូវ​រាយការណ៍​ថា ប្រឈម​នឹង​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ រី​ឯ​លោក ហ៊ុន សែន មាន​ទ្រព្យ​សម្បត្តិ​រាប់​រយ​លាន​ដុល្លារ​តែ​ក្នុង​រយៈពេល​ដែល​លោក​លេច​មុខ​ ក្នុង​តួនាទី​ដឹកនាំ​គិត​ពី​ឆ្នាំ​១៩៧៩។

លោក ទិត សុធា បន្ត​ថា របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ បង្ហាញ​ថា អង្គការ​នេះ​នៅ​តែ​បន្ត​ផ្សព្វផ្សាយ​បង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ប្រមុខ​ដឹក​ នាំ និង​រដ្ឋាភិបាល​កម្ពុជា ក្នុង​ឆាក​អន្តរជាតិ តាម​និន្នាការ​ប្រឆាំង៖ «ក្រុមប្រឆាំង ​គេ បាន​សហការ​គ្នា ​យ៉ាង​ស្អិតល្មួត​ ក្នុង​ការ​ផ្គុំ​ នូវ​របាយការណ៍ ​មួលបង្កាច់ ដើម្បី​ សម្អុយ​កេរ្តិ៍​ឈ្មោះ​ នរណា​មួយ, ជា​ពិសេស ​គឺ​ គេ​ ប៉ុនប៉ង​ សម្អុយ​កេរ្តិ៍​ឈ្មោះ​ រាជរដ្ឋាភិបាល​នេះ ​យូរ​មក​ ហើយ»

នៅ​ទំព័រ​ ចុង​ក្រោយ​ របស់ របាយការណ៍​ បាន​បញ្ជាក់​ ថា របាយការណ៍​នេះ​ ស្រាវជ្រាវ ​នឹង​សរសេរ​ដោយ​នាយក​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) និង​ក្រុម​ការងារ​របស់​លោក។ ក្នុង​របាយការណ៍​ក៏​បាន​លើក​ឡើង​នូវ​អនុសាសន៍​មួយ​ចំនួន​ទៅ​សហគម​អន្តរជាតិ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សហប្រជាជាតិ ដើម្បី​អនុវត្ត​ជំរុញ​អោយ​មាន​ការ​ផ្លាស់ប្ដូរ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​ចង់​បាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ នីតិរដ្ឋ​បញ្ចប់​អំពើ​ពុករលួយ និង​ការ​រំលោភ​ដីធ្លី មិន​ថា ក្នុង​ការ​ដឹក​នាំ​របស់​លោក ហ៊ុន សែន ឬ​ក្នុង​អាណត្តិ​ដឹកនាំ​របស់​អ្នក​ផ្សេង​ឡើយ។

ការ​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​របស់​លោក ហ៊ុន សែន

របាយការណ៍​ជា​ភាសា​អង់គ្លេស​ចំនួន ៧៣​ទំព័រ​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ​ចូល​ប្រឡូក​ក្នុង​នយោបាយ​របស់​លោក ហ៊ុន សែន តាំង​ពី​ដើម​ទសវត្សរ៍ ឆ្នាំ​១៩៧០ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន។ ក្នុង​នោះ​រួម​មាន​ជីវប្រវត្តិ​របស់​លោក ហ៊ុន សែន ព្រម​ទាំង​ដំណើរ​ជីវិត​របស់​លោក​ក្នុង​សម័យ​ខ្មែរ​ក្រហម​ទាក់ទង​ផែនការ «ក៥» នៅ​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា ផង​ដែរ។

សូម​ ស្ដាប់​ សេចក្ដី​រាយការណ៍ ​របស់​លោក យាង សុជាមេត្តា៖



ការ​ប្រើប្រាស់​អំណាច​របស់​លោក ហ៊ុន សែន ក្នុង​សម័យ​អ៊ុនតាក់​និង​ឆ្នាំ​១៩៩៧

ក្នុង​ផ្នែក​បន្ត​ទៀត​នេះ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​អំពី​ការ​ប្រើប្រាស់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ក្នុង​ពេល​ដែល​អាជ្ញាធរ​បណ្ដោះ អាសន្ន​របស់​អង្គការ​សហប្រជាជាតិ ឬ អ៊ុនតាក់ (UNTAC) បាន​មក​កម្ពុជា ដោយ​គិត​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​១៩៩៣ និង​អំពើ​ហិង្សា​ក្នុង​ឆ្នាំ​១៩៩៧។

តើ​អង្គការ​នេះ​បាន​កត់ត្រា​អ្វីខ្លះ​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​ពេល​ដែល​អ៊ុនតាក់ ចូល​មក​កម្ពុជា និង​បញ្ហា​នយោបាយ​ក្នុង​ឆ្នាំ​១៩៩៧?

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​អ្នកស្រី សុ ជីវី៖


អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​រៀបរាប់​ថា ដើម្បី​ស្វាគមន៍​ការ​មក​ដល់​របស់​អ៊ុនតាក់ គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្កើត​ក្រុម​ការងារ​ពិសេស ដើម្បី​វាយ​ប្រហារ គំរាមកំហែង និង​បំភិតបំភ័យ​គណបក្ស​នយោបាយ​មួយ​ចំនួន រួម​មាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​ប្រជាធិបតេយ្យ​សេរី​និយម​ព្រះពុទ្ធ​សាសនា ក្រុម​ខ្មែរ​ក្រហម  និង​ក្រុម​ប្រឆាំង​ដទៃ​ទៀត។ ក្នុង​រយៈពេល​នេះ លោក ហ៊ុន សែន នៅ​តែ​បន្ត​ធ្វើ​ជា​នាយករដ្ឋមន្ត្រី និង​កាន់​កាប់​កងទ័ព។
អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​សំអាង​របាយការណ៍​ចុង​ក្រោយ​មួយ​របស់​អ៊ុនតាក់ ដែល​រៀបរាប់​ពី​អំពើ​ហិង្សា​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​នៃ​គណបក្ស​ ប្រជាជន​កម្ពុជា។ ស្រប​គ្នា​នេះ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា ដែល​បន្ត​ការងារ​ពី​សាធារណរដ្ឋ​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប៉ុនប៉ង​សម្លាប់​ក្រុម​នយោបាយ​ប្រឆាំង​ ចំនួន​ជិត ៤០​ករណី និង​ពលរដ្ឋ​ជា​ជន​ស៊ីវិល​ជាង ២០​ករណី​ទៀត​នៅ​មុន​ពេល​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​១។ របាយការណ៍​បន្ត​ទៀត​ថា ការ​រំលោភ​បំពាន​ទាំង​នោះ ប្រព្រឹត្ត​ដោយ​កងកម្លាំង​នគរបាល និង​យោធា​ដែល​អនុវត្ត​ក្រោម​បញ្ជា​របស់​ភ្នាក់ងារ​របស់​គណបក្ស​ប្រជាជន​ កម្ពុជា។ ក្រៅ​ពី​នេះ គេ​បាន​បង្កើត​ក្រុម​កង​កម្លាំង​ជា​ច្រើន មាន​ទាំង​ក្រុម​ចំហ និង​ក្រុម​សម្ងាត់។ ក្រុម​ប្រភេទ​នេះ​មាន​ទាំង​នៅ​ថ្នាក់​ក្រសួង បណ្ដា​ក្រុង និង​ខេត្ត។

អ្នក​ធ្វើ​ការ​តាម​ក្រុម​ទាំង​នោះ​អាច​នឹង​ត្រូវ​គេ​ជ្រើសរើស​ចេញ​ពី​ កងកម្លាំង​រក្សា​សន្តិសុខ។ ភាគ​ច្រើន​នៃ​ក្រុម​ទាំង​នោះ ត្រូវ​បង្កើត​ក្នុង​គោលដៅ​វាយ​ប្រហារ​ក្រុម​ប្រឆាំង។ ក្នុង​ចំណោម​ក្រុម​ទាំង​នោះ​មាន​ក្រុម​មួយ​ដែល​ទំនង​ជា​ក្រុម​ដែល​ក្រោយ​មក​ បាន​ពាក់ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​លើ​ហ្វូង​បាតុករ​ក្នុង​ ឆ្នាំ​១៩៩៧ និង​ការ​រំលោភ​បំពាន​ផ្សេង​ទៀត ហើយ​ក្រោយ​មក​ក្រុម​នេះ​បាន​ប្ដូរ​ឈ្មោះ​ថ្មី គឺ​កងពល​តូច ង៧០ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​កងកម្លាំង​ផ្ទាល់​របស់​លោក ហ៊ុន សែន។ ក្នុង​របាយការណ៍​ដដែល​បាន​លើក​ឧទាហរណ៍​ជាក់ស្ដែង​ពី​ក្រុម​មួយ​ដែល​ដឹកនាំ​ ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋ​កម្ពុជា ដែល​អាច​ជាប់​ទាក់ទង​នឹង​គម្រោងការ​សម្លាប់​សកម្មជន​ប្រឆាំង។ មន្ត្រី​ម្នាក់​ដែល​អ៊ុនតាក់ បាន​សម្ភាស​ប្រាប់​ថា នៅ​ពេល​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ភ័យ​ខ្លាច​ចាញ់​ឆ្នោត ស៊ិន សុង និង ស៊ិន សេន ដែល​ទទួល​បន្ទុក​សន្តិសុខ​ផ្ទៃក្នុង បាន​រួម​គ្នា​ជាមួយ​ក្រុម​ឧត្ដមសេនីយ៍ ប៉ូលិស និង​ទាហាន បង្កើត​រចនា​សម្ព័ន្ធ​ថ្មី​មួយ។ ក្រុម អា៩០ (A90) ជា​ក្រុម​សម្ងាត់​ដែល​ត្រួត​ពិនិត្យ និង​គ្រប់គ្រង​ស្ថានភាព​ទូទាំង​ប្រទេស។ ក្រុម​នេះ​ក៏​មាន​តួនាទី​ស្វែង​រក​ចលនា​នយោបាយ និង​ក្រុម​ប្រឆាំង។ រី​ឯ​ក្រុម អា៩២ (A92) ក៏​ជា​ក្រុម​សម្ងាត់​នៅ​ក្រោម​ក្រសួង​មហាផ្ទៃ។

ក្រុម​ទាំង​២​នេះ​អាច​សម្លាប់ អាច​ចាប់ខ្លួន​ដោយ​សម្ងាត់ និង​ចាប់​ជំរិត។ មន្ត្រី​ដដែល​នោះ​ប្រាប់​ទៀត​ថា នៅ​ពេល​ក្រុម​របស់​លោក ម៉ក់ ជីតូ ដែល​កាល​ណោះ​ជា​មន្ត្រី​ជាន់​ខ្ពស់​ប៉ូលិស រក​ឃើញ​គោលដៅ​គឺ​តែង​សុំ​សេចក្ដី​សម្រេច​ពី​ថ្នាក់​លើ។ លោក ម៉ក់ ជីតូ បាន​ពាក់​ព័ន្ធ​នឹង​ការ​សម្លាប់​ជា​ច្រើន។ លោក សុខ ផល ទទួល​ខុស​ត្រូវ​ផ្នែក​សន្តិសុខ​​ជាតិ​ត្រូវ​រាយការណ៍​ទៅ ស៊ិន សេន។ ចំណែក លោក លួ រ៉ាមីន កាន់​ផ្នែក​អន្តរជាតិ។

ក្រោយ​មក លោក ស៊ិន សេន ត្រូវ​បាន​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​នៅ​ក្នុង​គម្រោង​រដ្ឋ​ប្រហារ​ក្នុង​ ឆ្នាំ​១៩៩៤។  ក្រុម អា (A) ក៏​ត្រូវ​កែ​សម្រួល។ ពេល​ដែល ហ៊ុន សែន ទាមទារ​អោយ​តែងតាំង​អ្នក​ថ្មី​អោយ​កាន់​តំណែង​ថ្មី​ដែរ គឺ​មេ​ប៉ូលិស​ជាតិ នោះ​គឺ​លោក ហុក ឡងឌី ដែល​ក្រោយ​មក​ពង្រីក​ការ​គ្រប់គ្រង​ទៅ​ដល់​ដែន​អំណាច​របស់​លោក ជា ស៊ីម និង​​លោក ស ខេង។ បច្ចុប្បន្ន​នេះ​ក្រុម​នេះ​ត្រូវ​ដំណើរការ​ក្រោម​នគរបាល ដោយ​បែង​ចែក​ជា​២​ក្រុម គឺ​កម្លាំង​ល្អ និង​កម្លាំង​សម្ងាត់។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បាន​លើក​ឡើង​ថា រហូត​មក​ដល់​ពេល​នេះ​ពុំ​មាន​នរណា​ម្នាក់​ដែល​ត្រូវ​រៀប​រាប់​ក្នុង​ របាយការណ៍​របស់​អ៊ុនតាក់​នោះ ត្រូវ​បាន​គេ​នាំ​អោយ​ទៅ​ទទួល​ខុសត្រូវ​មុខ​ច្បាប់​ឡើយ។ ប៉ុន្តែ​កាន់​តែ​អាក្រក់​ថែម​ទៀត គឺ​អ្នក​ទាំងនោះ​ត្រូវ​ផ្ដល់​តួនាទី​អោយ នៅ​ក្រោយ​ពេល​ដែល​អ៊ុនតាក់ បាន​ដក​ចេញ។
ចូល​ទៅ​ដល់​ឆ្នាំ​១៩៩៧ រដ្ឋាភិបាល​សម្ព័ន្ធ​ភាព​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បែកបាក់។ ការ​ផ្ទុះ​អាវុធ​ដាក់​គ្នា​រវាង​កងកម្លាំង​បក្ស​ទាំង​២ ចាប់​ផ្ដើម​នៅ​បាត់ដំបង។

ក្រោយ​មក​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​បណ្ដេញ​ពី​តួនាទី​ជា​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ បាន​ចាប់​ផ្ដើម​ការ​តវ៉ា​ជា​ច្រើន។ ក្នុង​ខែ​មីនា ឆ្នាំ​ដដែល លោក​បាន​ចូលរួម​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល ដែល​មាន​មនុស្ស​ប្រមាណ ២០០​នាក់ និង​បាន​ទៅ​ដល់​ក្បែរ​ព្រះ​បរម​រាជវាំង។ ការ​គប់​គ្រាប់​បែក​ទៅ​លើ​ក្រុម​នេះ​បាន​សម្លាប់​មនុស្ស ១៦​នាក់ ជា​ច្រើន​នាក់​ទៀត​របួស។ ក្រុម​ប៉ូលិស​ដែល​ឋិត​នៅ​ទី​នោះ​បាន​រារាំង​មិន​អោយ​សង្គ្រោះ​អ្នក​រងគ្រោះ។ ហេតុការណ៍​នោះ​គឺ​ជា​លើក​ដំបូង​បង្អស់​ដែល​កងកម្លាំង​កងពល​តូច​លេខ​៧០ ត្រូវ​គេ​ពង្រាយ​ឃ្លាំ​មើល​អ្នក​តវ៉ា។ យ៉ាង​ណា​ ការិយាល័យ​ស៊ើបការណ៍​សហព័ន្ធ ឬ អេហ្វ.ប៊ី.អាយ (FBI) បាន​បញ្ឈប់​បេសកកម្ម​របស់​ខ្លួន​មុន​កំណត់​ដោយ​ពុំ​មាន​មូលហេតុ។ ចំណែក​រដ្ឋាភិបាល​វិញ​ ពុំ​បាន​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​ដែរ។ ផ្ទុយ​ទៅ​វិញ​ក្រុម​មន្ត្រី​ត្រូវ​ឡើង​តំណែង។ មេបញ្ជាការ​កងពលតូច​លេខ​៧០ លោក ហ៊ុយ ពិសិដ្ឋ ត្រូវ​តែងតាំង​ជា​ឧត្ដមសេនីយ៍ និង​អនុ​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ។ ចំណែក​មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ ដែរ​នោះ លោក ហ៊ីង ប៊ុនហៀង ក្រោយ​មក​ត្រូវ​តែង​តាំង​ជា​មេ​បញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ។ ករណី​គប់​គ្រាប់​បែក​នោះ​នៅ​តែ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ផ្នែក​មួយ​នៃ​ និទណ្ឌភាព​នៅ​កម្ពុជា។ នៅ​ក្រោយ​ហេតុការណ៍​គប់​គ្រប់​បែក​នោះ លោក ហ៊ុន សែន បាន​បន្ត​ប្រើ​យុទ្ធសាស្ត្រ​បំបែក​ដើម្បី​ទទួល​បាន​សំឡេង​ភាគច្រើន​ក្នុង​ សភា ដោយ​ផ្ដល់​សំណូក និង​គំរាម​កំហែង​ប្រឆាំង​សមាជិក​ហ្វ៊ុនស៊ិនប៉ិច។

នៅ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បង្កើត​អោយ​មាន​ព្រឹត្តិការណ៍​មួយ​ដែល​អង្គការ​សហប្រជាជាតិ​ហៅ​ថា ជា​រដ្ឋប្រហារ​ប្រឆាំង​នាយក​រដ្ឋមន្ត្រី​ទី​១ ទ្រង់ នរោត្តម រណឫទ្ធិ។ 

កង​កម្លាំង និង​ក្រុម​មន្ត្រី​មួយ​ចំនួន​របស់​គណបក្ស​ប្រជាជន​កម្ពុជា មាន​លោក ជា ស៊ីម ស ខេង និង​លោក កែ គឹមយ៉ាន ជា​ដើម​ បាន​ប្រឆាំង​នឹង​ផែនការ​រដ្ឋ​ប្រហារ​នោះ ប៉ុន្តែ​លោក ហ៊ុន សែន បាន​ប្រើ​កម្លាំង​ផ្ទាល់​ខ្លួន។ រដ្ឋប្រហារ​នោះ​ត្រូវ​បន្ត​ដោយ​ការ​សម្លាប់​ក្រៅ​ច្បាប់ ការ​បូជា​សព ដែល​មិន​ស្គាល់​អត្តសញ្ញាណ ដោយ​លាក់​កំបាំង​ការ​ធ្វើ​ទារុណកម្ម និង​ការ​ឃុំឃាំង​ដោយ​កងកម្លាំង​របស់​លោក ហ៊ុន សែន។ អ្នក​រងគ្រោះ​ភាគ​ច្រើន​ជា​កងកម្លាំង​ហ៊្វុនស៊ិនប៉ិច។ របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​បាន​រក​ឃើញ​ថា ពេល​នោះ​មាន​មន្ត្រី​បក្ស​នយោបាយ​ប្រមាណ​ពី ៤០ ទៅ ៦០​នាក់​ត្រូវ​បាន​សម្លាប់​ក្រៅ​ច្បាប់។

ក្នុង​របាយការណ៍​ក៏​បាន​រៀបរាប់​ពី​ការ​ស្លាប់​របស់​ឧត្ដម​សេនីយ៍​មួយ​ ចំនួន​ មាន ចៅ សម្បត្តិ ក្រូច យឿម បន្ទាប់​ពី​ត្រូវ​ចាប់​បាន​នៅ​ថ្ងៃ​ទី​៨ កក្កដា ដោយ​កងកម្លាំង​អង្គភាព​ឆត្រយោង ៩១១ ក្រោម​បញ្ជាការ​របស់​លោក ចាប ភក្តី។ សាក្សី​និយាយ​ថា អ្នក​ទាំង​២ ត្រូវ​បាញ់​ចំក្បាល​ចំនួន ៣​គ្រាប់។ ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​ដែល​ស៊ើប​អង្កេត​ករណី​នេះ​ឡើយ គឺ​គ្រាន់​តែ​អះអាង​ថា លោក ចៅ សម្បត្តិ ខាំ​អណ្ដាត​សម្លាប់​ខ្លួន។ យ៉ាង​ណា​សាកសព​របស់​អ្នក​ទាំង ២ ត្រូវ​បាន​គេ​រក​ឃើញ ដោយ​អង្គការ​សហប្រជាជាតិ និង​ក្រុម​គ្រួសារ​ដែល​បង្ហាញ​ពី​អំពើ​ទារុណកម្ម​មុន​ពេល​សម្លាប់។ អង្គភាព ៩១១ ត្រូវ​រក​ឃើញ​ថា ពាក់​ព័ន្ធ​នឹង​ទារុណ​កម្ម។ នៅ​ពេល​ដែល​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើប​អង្កេត មេ​បញ្ជាការ​អង្គភាព ៩១១ លោក ចាប ភក្តី បាន​ទទួល​ស្គាល់​ថា ​បាន​ចាប់​ខ្លួន​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​បដិសេធ​ថា មិន​បាន​ដឹង​ថា មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​អ្នក​ទាំង​នោះ​ឡើយ។ ក្រោយ​មក​លោក ចាប ភក្តី ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន ថែម​ទាំង​ត្រូវ​បាន​ឡើង​បុណ្យ​ស័ក្ដិ តែងតាំង​ជា​ឧត្ដមសេនីយ៍​ទៀត។

ករណី​ធ្ងន់ធ្ងរ​ជាង​គេ គឺ​ការ​សម្លាប់​លោក ហូ សុក ដែល​ជា​មន្ត្រី​ហ៊្វុនស៊ិនប៉ិច ជា​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ធ្លាប់​ចេញ​មុខ​ប្រឆាំង​លោក​នាយក​រដ្ឋមន្ត្រី ក្នុង​ករណី​រៀបចំ​បណ្ដឹង​ប្រឆាំង​លោក ម៉ុង ឬទ្ធី ជា​អ្នក​ជំនួញ​ដែល​ស្និទ​នឹង​លោក ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ លោក ហ៊ុន សែន ធ្លាប់​គំរាម​អោយ​អ្នក​ហ៊ាន​លូកលាន់​រឿង​នេះ​អោយ​ពាក់​មួក​ដែក។ លោក ហូ សុក ក៏​មាន​សត្រូវ​ម្នាក់​ទៀត នៅ​ក្រសួង​មហាផ្ទៃ គឺ​លោក ហុក ឡង់ឌី។ នៅ​ក្រោយ​រដ្ឋប្រហារ​លោក​ត្រូវ​បាន​ចាប់​ទៅ​ក្រសួង​មហាផ្ទៃ ហើយ​ត្រូវ​បាញ់​សម្លាប់។ សាកសព​របស់​លោក​ត្រូវ​ដុត​ចោល​ក្នុង​វត្ត​មួយ​នៅ​ពាក់​កណ្ដាល​អធ្រាត្រ។ មនុស្ស ៣​នាក់ ត្រូវ​នាំ​ទៅ​សួរ​ចម្លើយ​ក្នុង​ករណី​នេះ ប៉ុន្តែ​ត្រូវ​ដោះលែង​អោយ​រួច​ខ្លួន ហើយ​ការ​ស៊ើប​អង្កេត​បន្ត​ក៏​ពុំ​មាន​លទ្ធផល។
របាយការណ៍​បន្ត​ទៀត​ថា ជន​ស៊ីវិល​ដែល​ត្រូវ​សម្លាប់​ក្នុង​ព្រឹត្តិការណ៍​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ នោះ គឺ​អ្នក​សារព័ត៌មាន​ខ្មែរ សញ្ជាតិ​កាណាដា លោក ដោក សុគន្ធ ឬ ម៉ៃឃើល សេនៀ (Michael Senior) នៅ​ពេល​កំពុង​ថត​រូប កងកម្លាំង​រដ្ឋាភិបាល​ប្រមូល​ជ័យភណ្ឌ​តាម​ហាង ឬ​ផ្ទះ​ពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ។ ភរិយា​របស់​លោក គឺ​ជា​សាក្សី​ផ្ទាល់​ភ្នែក ប៉ុន្តែ​ពុំ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​ណា​មួយ​ឡើយ។

ការ​សម្លាប់​ទាំង​អំបាលម៉ាន គឺ​ជា​ការ​បំភិត​បំភ័យ​អ្នក​នយោបាយ​ប្រឆាំង បាន​និរទេស​ខ្លួន​រហូត​ដល់​មាន​ការ​សម្រប​សម្រួល​របស់​ជប៉ុន អាមេរិក និង​អង្គការ​សហប្រជាជាតិ អោយ​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨។ ប៉ុន្តែ​ការ​បោះ​ឆ្នោត​ពោរពេញ​ដោយ​អំពើ​ហិង្សា និង​មូលដ្ឋាន​ទន់​ខ្សោយ។ លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន ឈ្នះ​សំឡេង​ភាគ​ច្រើន​ក្នុង​សភា។ ទាំង​រដ្ឋ​ប្រហារ និង​ការ​បោះ​ឆ្នោត​បាន​ជួយ​អោយ​លោក ហ៊ុន សែន ពង្រឹង​អំណាច។
នៅ​ចុង​ឆ្នាំ​១៩៩៩ ក្រសួង​មហាផ្ទៃ បាន​អះអាង​ប្រាប់​អង្គការ​សហប្រជាជាតិ​ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ចំនួន ៧​ផ្សេងៗ​គ្នា ប៉ុន្តែ​គេ​ពុំ​ឃើញ​មាន​ដំណឹង​អ្វី​ពី​ការ​ចោទ​ប្រកាន់​ជន​ដៃ​ដល់​ឡើយ៕

ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង រំលោភ​ដីធ្លី និង​ការ​លូក​ដៃ​ចូល​តុលាការ​ខ្មែរក្រហម

ក្នុង​ផ្នែក​បន្ទាប់​នេះ នឹង​រៀបរាប់​អំពី​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ប្រឆាំង ការ​រំលោភ​ដីធ្លី និង​ការ​លូក​ដៃ​ចូល​ក្នុង​តុលាការ​ខ្មែរ​ក្រហម​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី​១៣ មករា ឆ្នាំ​២០១៥។

សូម​ស្ដាប់​ការ​រៀបរាប់​របស់​លោក អាន ស៊ីថាវ អំពី​របាយការណ៍​នេះ៖



ចុច​ត្រង់​នេះ ​ដើម្បី​ អាន​របាយការណ៍ ​របស់ ​អង្គការ​ ឃ្លាំ​មើល​ សិទ្ធិ​មនុស្ស​ អន្តរជាតិ


No comments:

Post a Comment