សង្គមស៊ីវិល ទាមទារ លុបមាត្រា ច្បាប់បោះឆ្នោត ថ្មី ដែលរារាំង ការបញ្ចេញមតិ
RFA / វិទ្យុ អាស៊ី សេរី | ៤ កុម្ភៈ ២០១៥
អង្គការ សង្គមស៊ីវិល ចំនួន ៩ នៅថ្ងៃ ទី៤ កុម្ភៈ នេះ បានចេញ សេចក្ដីថ្លែងការណ៍ រួមគ្នា សម្ដែង ពីក្ដី ព្រួយបារម្ភ ចំពោះ ច្បាប់បោះឆ្នោត ថ្មី ថា, ច្បាប់នេះ នឹងមាន ការរឹតត្បិត សិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ របស់ អង្គការសង្គមស៊ីវិល។
ក្រុមអង្គការ សង្គមស៊ីវិល ស្នើ ឲ្យរដ្ឋាភិបាល និងគណបក្ស នយោបាយ គោរព សេរីភាព ខាងការ បញ្ចេញមតិ ដើម្បី ឲ្យកំណែទម្រង់ ច្បាប់បោះឆ្នោតនោះ មានលក្ខណៈ ល្អប្រសើរ ឈរលើ គោលការណ៍ ប្រជាធិបតេយ្យ។
ក្រុមអង្គការ សង្គមស៊ីវិល ទាមទារ ឲ្យគណបក្ស ជាប់ឆ្នោត ទាំងពីរ ដកចេញ មាត្រា១ ក្នុងសេចក្ដី ច្បាប់បោះឆ្នោត និយាយ ពីការរឹតត្បិត អង្គការ សង្គមស៊ីវិលនោះ។
អង្គការ សង្គមស៊ីវិល ចំនួន ៩ បានចេញ សេចក្ដីថ្លែងការណ៍ រួមគ្នានៅថ្ងៃ ទី៤ កុម្ភៈ សម្ដែង ការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ វិធានការ ថ្មី នៅក្នុងសេចក្ដី ព្រាងច្បាប់ បោះឆ្នោត ដែលហាមឃាត់ អង្គការ សង្គមស៊ីវិល ក្នុងការផ្ដល់ បទសម្ភាសន៍ ជាមួយ ប្រព័ន្ធផ្សព្វផ្សាយ ឬថ្លែងការណ៍ ផ្សេងៗ ដែលអាច ជេរប្រមាថ ដល់គណបក្ស នយោបាយ នៅពេល ឃោសនា បោះឆ្នោត។
នាយកប្រតិបត្តិ នៃអង្គការ សមធម៌ កម្ពុជា លោក អៀង វុទ្ធី មានប្រសាសន៍ថា អង្គការសង្គមស៊ីវិលធ្វើការក្នុងគោលបំណងលើកកម្ពស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។ លោកបញ្ជាក់ថា សង្គមស៊ីវិលធ្វើការរិះគន់ដើម្បីស្ថាបនា ដូច្នេះសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី បានកំណត់មិនឲ្យសង្គមស៊ីវិលរិះគន់គឺជាចំណុចផ្ទុយពីប្រទេស ប្រកាន់ប្រជាធិបតេយ្យ៖ «មិនត្រូវ ដាក់ខ្លឹមសារ នេះ នៅក្នុងច្បាប់ ទេ, ធ្វើ ឲ្យប៉ះពាល់ ដល់សេរីភាព, ដល់ការ បញ្ចេញមតិ, ហើយ ក៏អាចធ្វើ ឲ្យប្រជាពលរដ្ឋ និងមន្ត្រី, រួមទាំង មន្ត្រី រាជការផង, មានការភ័យខ្លាច។»
ការលើកឡើងរបស់អង្គការសង្គមស៊ីវិលនេះ នៅខណៈគណបក្សទាំងពីរកំពុងជជែកពីសេចក្ដីព្រាងច្បាប់បោះឆ្នោតដែល គណបក្សទាំងពីរប្ដេជ្ញាថា នឹងធ្វើឲ្យចប់នៅចុងខែកុម្ភៈ នេះ។ ក៏ប៉ុន្តែនៅត្រង់ចំណុចដាក់ឲ្យអង្គការសង្គមស៊ីវិលឯករាជ្យ និងមិនអនុញ្ញាតឲ្យប្រមាថដល់គណបក្សនយោបាយនេះ គឺស្ថិតនៅក្នុងភាពចម្រូងចម្រាសរវាងគណបក្សទាំងពីរនៅឡើយ។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា ក្រុមការងារគណបក្សទាំងពីរបានជជែករួចរាល់ក្នុងជំពូកទី៨ កាលពីថ្ងៃច័ន្ទ ទី២ កុម្ភៈ ក៏ប៉ុន្តែមាត្រាមួយដែលនិយាយពីឯករាជ្យ អព្យាក្រឹតភាព និងភាពឥតលំអៀងរបស់អង្គការសង្គមស៊ីវិលនេះ គណបក្សសង្គ្រោះជាតិ មិនទាន់ឯកភាពនៅឡើយ៖ «នៅក្នុងច្បាប់នោះ ដាក់ឲ្យ អង្គការ សង្គមស៊ីវិល ឯករាជ្យ, អព្យាក្រឹត ដើម្បី ឲ្យពួកគាត់ តាមដាន ក្នុងពេល ឃោសនា បោះឆ្នោត និងបោះឆ្នោត, ហើយ ក៏និយាយ ពីក្រមសីលធម៌ សង្គមស៊ីវិលដែរ, តែ គណបក្ស សង្គ្រោះជាតិ មិនទាន់ ឯកភាព នៅឡើយទេ។»
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបានលើកក្ដីកង្វល់អំពី សេចក្ដីព្រាងច្បាប់បោះឆ្នោតដែលរឹតត្បិតមិនឲ្យមន្ត្រីអង្គការ សង្គមស៊ីវិលផ្ដល់បទសម្ភាសន៍ ឬវិភាគដែលអាចប្រមាថដល់គណបក្សផ្សេងៗក្នុងពេលបោះឆ្នោត។ ការរឹតបន្តឹងបែបនេះស្មើនឹងការរំលោភបំពានសេរីភាពខាងបញ្ចេញមតិ។
ឆ្លើយតបនឹងករណីនេះ លោកឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា លោក ប៊ិន ឈិន ពន្យល់ថា មន្ត្រីអង្គការសង្គមស៊ីវិលអាចបញ្ចេញមតិបាន តែមិនអាចនិយាយដល់ការប្រមាថដល់ឥស្សរជននយោបាយ ឬគណបក្សនយោបាយណាមួយបានទេ៖ «កុំ ឲ្យគាត់ ប្រមាថ, បើ និយាយ ថា អ៊ីចេះ ថាអ៊ីចុះ។ ការពិត គឺ គាត់ ឯករាជ្យ, ឥតលំអៀង។ គាត់ អាចវិភាគ, ប៉ុន្តែ កុំ ឲ្យប្រមាថ។»
នាយកប្រតិបត្តិនៃអង្គការសមធម៌កម្ពុជា លោក អៀង វុទ្ធី ឆ្លើយតបថា ការកំណត់មិនឲ្យប្រមាថនៅក្នុងច្បាប់នេះ ហាក់ដូចជាទូលំទូលាយពេក ថាតើការប្រមាថណាមួយនោះ ត្រូវមានដែនកំណត់បែបណា?
សេចក្ដីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលបញ្ជាក់ថា ការកំណត់មិនឲ្យមន្ត្រីអង្គការសង្គមស៊ីវិលបញ្ចេញមតិណាមួយធ្វើ ឲ្យប៉ះពាល់ដល់គណបក្សនយោបាយ ឬការប្រមាថនេះ ជាការផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិនានា ដែលកម្ពុជា ជាភាគីហត្ថលេខី ដូចជាកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ ធានាសេរីភាពខាងការបញ្ចេញមតិ រាប់បញ្ចូលទាំងសេរីភាពស្រាវជ្រាវព័ត៌មាន ទទួល និងផ្សព្វផ្សាយព័ត៌មាន និងគំនិតសព្វបែបយ៉ាងដោយមិនគិតពីព្រំដែនដោយផ្ទាល់មាត់ សរសេរ ឬបោះពុម្ពតាមទម្រង់សិល្បៈក្ដី ឬក៏ដោយមធ្យោបាយដទៃទៀតក្ដីតាមការជ្រើសរើសរបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ ការដាក់ឲ្យអង្គការសង្គមស៊ីវិលឲ្យឯករាជ្យ និងមិនអនុញ្ញាតឲ្យនិយាយប្រមាថដល់គណបក្សនយោបាយនៅក្នុងសេចក្ដី ព្រាងច្បាប់បោះឆ្នោតនេះ គណបក្សសង្គ្រោះជាតិ នៅមិនទាន់យល់ព្រមនៅឡើយ។ ក្រុមការងារគណបក្សទាំងពីរទុកឲ្យថ្នាក់ដឹកនាំជាអ្នកសម្រេចជាចុង ក្រោយ។ បញ្ហានេះ គេមិនទាន់ដឹងនៅឡើយទេថា តើទីបំផុតគណបក្សទាំងពីរនឹងឯកភាពលើចំណុចនេះ ឬយ៉ាងណា?
No comments:
Post a Comment