ក្រុមចរចា កំណែទម្រង់ ការបោះឆ្នោត នឹងជួបគ្នា ជាថ្មី នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ ក្រោយ
RFA / វិទ្យុ អាស៊ី សេរី | ៣១ មករា ២០១៥
ប្រធាន ក្រុមចរចា គណបក្ស ប្រជាជនកម្ពុជា លោក ប៊ិន ឈិន (ឆ្វេង)
និងប្រធាន ក្រុមចរចា គណបក្សប្រឆាំង លោក គួយ ប៊ុនរឿន (ស្ដាំ)
ផ្ដល់បទសម្ភាសន៍ ដល់អ្នកកាសែត
បន្ទាប់ ពីកិច្ចប្រជុំ ស្ដីពី ការកែទម្រង់ ច្បាប់បោះឆ្នោត
នាវិមាន រដ្ឋសភា នៅថ្ងៃ ទី២៦ ខែធ្នូ ឆ្នាំ២០១៤។ RFA/Vann Vichar
បន្ទាប់ ពីក្រុមចរចា កំណែទម្រង់ ការបោះឆ្នោត របស់ គណបក្សប្រជាជន កម្ពុជា និងគណបក្ស សង្គ្រោះជាតិ ខកខាន មិនបានជួបគ្នា អស់មួយសប្ដាហ៍ រួចមក, ពួកគេ គ្រោង នឹងជួបគ្នា ជាថ្មី នៅមន្ទីរ រដ្ឋសភា នៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ ក្រោយ, គឺ ក្នុងមួយសប្ដាហ៍ ពីរដងដូចមុន, គឺ រសៀល ថ្ងៃច័ន្ទ និងរសៀល ថ្ងៃសុក្រ។
ការជួបគ្នានោះ នឹងបន្តជជែក ចាប់ពីជំពូក៨ នៃសេចក្តី ព្រាងច្បាប់ ស្ដីពី ការបោះឆ្នោត។
លោក គួយ ប៊ុនរឿន ឲ្យដឹងថា គណបក្សទាំងពីរព្រមព្រៀងកាលពីថ្ងៃសុក្រ ថា នៅថ្ងៃច័ន្ទ ទី២ ខែកុម្ភៈ ពួកគេនឹងជួបគ្នាដដែលដោយក្រុមការងារម្ខាងមាន ៨រូប និងមានជំនួយការ ១០រូបដូចសព្វដងដែរ។ លោកថា ក្រុមការងារនឹងខិតខំដើម្បីបញ្ចប់ការងារតាមការឯកភាពរបស់ថ្នាក់ ដឹកនាំបក្ស យ៉ាងយូរបំផុតនៅចុងខែកុម្ភៈ៖ «យើងចាប់ផ្ដើមដំណើរការពិភាក្សាបន្តទៀត ហើយយើងនឹងអនុវត្តតាមគោលការណ៍ដែលបានកំណត់។»
ការខកខានរយៈពេលមួយសប្ដាហ៍នៃក្រុមការងារទាំងពីរគណបក្ស ដោយសារតែភាគីគណបក្សប្រជាជនកម្ពុជា ត្រូវធ្វើមហាសន្និបាតកំណែទម្រង់បក្ស ហើយក្រុមការងារត្រូវជួបមន្ត្រីបច្ចេកទេសបោះឆ្នោតរបស់ប្រទេស ជប៉ុន។ ក្រុមការងារបានធ្វើដល់ជំពូក៨ និង ២៧មាត្រា ប៉ុន្តែមានចំណុចខ្លះមិនទាន់បានត្រូវរ៉ូវគ្នា រួមមាន រយៈពេលឃោសនា បញ្ជីចុះឈ្មោះបោះឆ្នោត កម្រិតនៃប្រព័ន្ធផ្សព្វផ្សាយ តួនាទីរបស់កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីតុលាការជាដើមនោះ ពួកគេនៅខ្វែងគំនិតគ្នានៅឡើយ។
សង្គមស៊ីវិលដែលធ្វើការងារទាក់ទងការបោះឆ្នោត ស្នើគណបក្សទាំងពីរបន្ថែមពេលវេលាជួបគ្នា គឺលើសពីពីរដងក្នុងមួយសប្ដាហ៍ ដើម្បីសងថ្ងៃដែលពួកគេមិនបានជួបគ្នា៕
No comments:
Post a Comment