Paris Peace Accords 23 Oct. 1991

Friday, February 27, 2015

លោក ហ៊ុន សែន ជំរុញ ​ក្រុម​ចរចា​ ដាក់​បញ្ចូល​ ច្បាប់ ​​ទប់ស្កាត់ ​អ្នក ​ធ្វើ​ពហិការ ​ប្រជុំ​សភា​ ដំបូង | Hun Sen pushes for negotiating party include law to prevent MP-elect boycott convening session of Parliament

លោក ហ៊ុន សែន ជំរុញ ​ក្រុម​ចរចា​ ដាក់​បញ្ចូល​ ច្បាប់ ​​ទប់ស្កាត់ ​អ្នក ​ធ្វើ​ពហិការ ​ប្រជុំ​សភា​ ដំបូង

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ កុម្ភៈ ២០១៥

សម រង្ស៊ី ហ៊ុន សែន ៦១០
ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ឆ្វេង) ចាប់​ដៃ​ ជាមួយ​លោក ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រោយ​ជំនួប​ចរចា​ នា​វិមាន ​ព្រឹទ្ធ​សភា ​នៅ​ថ្ងៃ​ ទី​២២ កក្កដា ២០១៤។  RFA/Tin Zakariya

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា, សមាជិក​ សភា​ គណបក្ស ​នយោបាយ​ ណា ​ដែល​មិន​ចូល​ ប្រជុំ​សភា ​ថ្ងៃ​ដំបូង​ តាម​ការ​ កោះ​ហៅ ​របស់​ ព្រះមហាក្សត្រ ត្រូវ​ ចាត់​ទុក​ថា, ជា​ការ​ បោះបង់ចោល ​អាសនៈ ​ក្នុង​រដ្ឋ​សភា។  លោក ហ៊ុន សែន បាន​ជំរុញ ​ឲ្យ​ក្រុម​ការងារ ​ចរចា គណបក្ស​ ប្រជាជន​កម្ពុជា ដាក់​ចំណុច​នេះ ​នៅ​ក្នុង​ច្បាប់ ​បោះ​ឆ្នោត​ថ្មី នៅ​ពេល​ ជួប​ចរចា ​ជាមួយ​ ក្រុម​ការងារ ​គណបក្ស សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ ទី​២៧ និង​២៨ កុម្ភៈ ខាង​មុខ។

ស្រប​ពេល​ ដែល​ក្រុម​ការងារ​ ចរចា​ គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​ ឯកភាព​គ្នា​ ទាំង​ស្រុង​ នៅ​ឡើយ ​លើ​ច្បាប់ ​បោះ​ឆ្នោត​ថ្មី ដែល​ចំណុច​ ខ្វែង​គំនិត​គ្នា ​មួយ​ចំនួន ​ត្រូវ​ គេ ​រុញ​ ឲ្យ​ថ្នាក់ដឹកនាំ​ កំពូល ​គណបក្ស​ ទាំង២​ ជា​អ្នក​សម្រេច​នោះ, លោក ហ៊ុន សែន ចង់ ​ឲ្យ​គណបក្ស​ ទាំង​២ បញ្ចូល​ចំណុច​នេះ​ បន្ថែម​ទៀត​ ទៅ​ក្នុង​ច្បាប់ ​បោះ​ឆ្នោត​ថ្មី។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ កុម្ភៈ លោក ហ៊ុន សែន បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​ចំណុច​នេះ ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី គឺ​ដើម្បី​បញ្ចៀស​ឲ្យ​បាន​នូវ​ការ​ធ្វើ​ពហិការ​មិន​ចូល​ប្រជុំ​សភា​នៅ​ក្រោយ ​ការ​បោះ​ឆ្នោត​ដូច​ពេល​កន្លង​មក៖ «ច្បាប់​បោះ​ឆ្នោត​ដែល​នឹង​ត្រូវ​ អនុម័ត​នៅ​ពេល​ខាង​មុខ​ដាក់​ឲ្យ​ហើយ​ទៅ​ថា សមាជិក​សភា​នៃ​គណបក្ស​នយោបាយ​ណា​ដែល​មិន​ចូល​រួម​តាម​ការ​កោះ​អញ្ជើញ​របស់​ ព្រះមហាក្សត្រ ត្រូវ​ចាត់​ទុក​ថា ជា​ការ​បោះបង់​ចោល​អាសនៈ បើ​មិន​ចូល​ទេ​ឲ្យ គ.ជ.ប ចែក​អាសនៈ​ទៅ​បក្ស​ផ្សេង​តែម្ដង​ទៅ បើ​មិន​អ៊ីចឹង​ទេ វា​មិន​ចប់​នោះ​ទេ​ធ្វើ​វិសោធនកម្ម ច្បាប់​បោះ​ឆ្នោត​ប៉ុន្មាន​រយ​ជាតិ​ទៀត​ក៏​នៅ​តែ​ប៉ុណ្ណឹង​ដែរ។»

លោក ហ៊ុន សែន ថ្លែង​បន្ត​ថា ការ​ដែល​សមាជិក​សភា​មិន​ចូល​ប្រជុំ​តាម​ការ​កោះ​របស់​ព្រះមហាក្សត្រ វា​មិន​ត្រឹមតែ​បង្ហាញ​ការ​ប្រមាថ​ដល់​ព្រះមហាក្សត្រ​នោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​បង្ហាញ​ពី​ការ​មិន​គោរព​ឆន្ទៈ​របស់​ម្ចាស់​ឆ្នោត និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​និរន្តភាព​នៃ​អំណាច​សាធារណៈ​ទៀត​ផង។ លោក​អះអាង​ថា សំណើ​របស់​លោក​គឺ​ដើម្បី​អនាគត​នៃ​គណបក្ស​នយោបាយ​ទាំង​អស់​នៅ​កម្ពុជា គឺ​មិន​មែន​សម្រាប់​តែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។

​លោក ហ៊ុន សែន បាន​ព្រមាន​ថា ប្រសិនបើ​គណបក្ស​ទាំង ២ មិន​ស្រុះស្រួល​គ្នា​ត្រង់​ចំណុច​នេះ​ទេ គឺ​គេ​អាច​រុញ​ទៅ​ឲ្យ​សមាជិក​សភា​អនុម័ត​តាម​សម្លេង ៥០​បូក​១​តែម្តង។ ចំណែក​ចំណុច​ខ្វែងគំនិត​គ្នា​រវាង​បក្ស​ទាំង​២ ដែល​នៅ​សេស​សល់​ទាំង​ប៉ុន្មាន​នោះ លោក ហ៊ុន សែន បន្ថែម​ថា គេ​ក៏​អាច​រុញ​ឲ្យ​សភា​បោះ​ឆ្នោត​សម្រេច​ដូច​គ្នា។ លោក​ថា ប្រសិនបើ​ច្បាប់​ថ្មី​មិន​អាច​ចេញ​រួច​នោះ​ទេ គឺ​គេ​ត្រូវ​យក​ច្បាប់​ចាស់​មក​ប្រើប្រាស់​ដដែល។

រដ្ឋធម្មនុញ្ញ​កម្ពុជា បច្ចុប្បន្ន​ចែង​ថា រដ្ឋ​សភា​បើក​សម័យ​ប្រជុំ​ដំបូង ៦០​ថ្ងៃ​យ៉ាង​យូរ ក្រោយ​ការ​បោះ​ឆ្នោត​តាម​ការ​កោះ​ប្រជុំ​របស់​ព្រះមហាក្សត្រ។ តែ​ទោះ​យ៉ាង​ណា លោក ហ៊ុន សែន លើក​ឡើង​ថា កន្លង​មក​គណបក្ស​ប្រឆាំង​មិន​បាន​គោរព​រដ្ឋធម្មនុញ្ញ​ត្រង់​ចំណុច​នេះ​ឡើយ។

លោក ហ៊ុន សែន ក៏​សម្ដែង​ការ​ហួសចិត្ត​នៅ​ពេល​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា គណបក្ស​ប្រជាជន​កម្ពុជា បន្លំ​សន្លឹក​ឆ្នោត​ក្នុង​ពេល​បោះ​ឆ្នោត​កន្លង​មក។  លោក​ថែម​ទាំង បបួល​គណបក្ស​ប្រឆាំង​ទៅ​ស្បថ​នៅ​ព្រះអង្គ​ដងកើ ឲ្យ​ចុះ​នរក​ទៀត​ផង។

ចំពោះ​ការ​លើក​ឡើង​អំពី​ការ​បញ្ចូល​ការ​បាត់បង់​អាសនៈ​សភា​ក្នុង​ច្បាប់​ បោះ​ឆ្នោត​ថ្មី​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ក្រម​ភាគ​តិច​ក្នុង​សភា មាន​ប្រសាសន៍​ថា លោក​ត្រូវ​លើក​យក​ចំណុច​នេះ​ទៅ​ពិគ្រោះ​យោបល់​ជាមួយ​សហការី​របស់​លោក​ជាមុន និង​ត្រូវ​សុំ​យោបល់​ពី​អ្នក​ច្បាប់​ផង​ដែរ ដើម្បី​ពិនិត្យ​មើល​ថា តើ​ចំណុច​ដែល​គណបក្ស​ប្រជាជន ចង់​ដាក់​បញ្ចូល​នោះ វា​ប៉ះពាល់ ឬ​ផ្ទុយ​នឹង​ច្បាប់​ផ្សេងៗ យ៉ាង​ដូច​ម្ដេច​ខ្លះ។

យ៉ាង​ណា​ក៏ដោយ លោក សម រង្ស៊ី បញ្ជាក់​ថា បញ្ហា​សំខាន់​បំផុត​នោះ គឺ​គុណភាព​នៃ​ការ​បោះ​ឆ្នោត។ លោក​ថា ប្រសិនបើ​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ យុត្តិធម៌ និង​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា និង​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ពលរដ្ឋ​ពិត​ប្រាកដ​នោះ វា​នឹង​មិន​មាន​បញ្ហា​អ្វី​កើត​ឡើង​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ឡើយ។

លោក សម រង្ស៊ី បញ្ជាក់​ថា គណបក្ស​ទាំង​២ ត្រូវ​ខិត​ខំ​រួម​គ្នា កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​ធ្វើ​ឲ្យ​អ្នក​ឈ្នះ ឈ្នះ ដោយ​កិត្តិយស​ចំណែក​អ្នក​ចាញ់​វិញ ចាញ់​ដោយ​អស់​ចិត្ត៖ «បើ​យើង​ ទទួល​ស្គាល់​លទ្ធផល​ទាំង​អស់​គ្នា​ហើយ វា​អត់​ត្រូវ​មាន​បញ្ហា​អ្វី​ទេ ដោយសារ គ.ជ.ប មិន​ត្រឹមត្រូវ​ការ​បោះ​ឆ្នោត​មិន​ត្រឹមត្រូវ​បាន​វា​មាន​រឿង​វែង​ឆ្ងាយ ប៉ុន្តែ​ឥឡូវ​នេះ​យើង​កំពុង​រៀបចំ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ ដូច្នេះ​យើង​មិន​ចាំបាច់​ព្រួយ​បារម្ភ​រឿង​បាតុកម្ម​នោះ​ទេ។»

​ទាក់ទង​នឹង​ការ​បបួល​ទៅ​ស្បថស្បែ​នៅ​ព្រះអង្គ​ដងកើ ពី​ការ​បន្លំ​សន្លឹក​ឆ្នោត​វិញ លោក សម រង្ស៊ី កត់សម្គាល់​ថា លោក​មិន​បារម្ភ​អំពី​ការ​ស្បថ​ស្បែ​អ្វី​នោះ​ឡើយ។ ប៉ុន្តែ​លោក​ថា អ្វី​ដែល​សំខាន់​ជាង​ការ​ស្បថស្បែ​ទៀត​នោះ គឺ​ធ្វើ​យ៉ាង​ណា​រៀបចំ​វិធានការ​ការ​បោះ​ឆ្នោត​ឲ្យ​បាន​ល្អ​ជា​មុន​សិន។

ចំណែក​នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា វិញ យល់​ឃើញ​ថា គេ​អាច​ដាក់​បញ្ចូល​ចំណុច​ដូច​ដែល​លោក ហ៊ុន សែន លើក​ឡើង​បាន ដើម្បី​ឲ្យ​មាន​បញ្ញត្តិ​ច្បាស់លាស់។ លោក​ថា ការ​ធ្វើ​ដូច​នេះ គឺ​វា​អាច​បញ្ចៀស​នូវ​ការ​ជាប់​គាំង​នយោបាយ​បាន។

យ៉ាង​ណា​ក៏ដោយ លោក​ថា ដើម្បី​អាច​ធ្វើ​ទៅ​បាន​វា​ចាំបាច់​ទាមទារ​ឲ្យ​មាន​ការ​កែទម្រង់​បោះ​ឆ្នោត​ ប្រកប​ដោយ​ភាព​ទុក​ចិត្ត​ឲ្យ​បាន​ជា​មុន​សិន ជា​ពិសេស គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ក្រុមប្រឹក្សា​ធម្មនុញ្ញ ត្រូវតែ​ជា​ស្ថាប័ន​ដែល​មនុស្ស​គ្រប់គ្នា​គោរព និង​ទទួល​យក​បាន បើ​មិន​ដូច្នេះ​ទេ វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​នៅ​តែ​កើត​មាន​ឡើង​ដដែល។

លោក ហ៊ុន សែន ព្រមាន​ប្រើ​ច្បាប់​បោះ​ឆ្នោត​ចាស់​បើ​បក្ស​ទាំង​ពីរ​មិន​ឯកភាព​លើ​ចំណុច​នៅ​សល់

នៅ​ក្នុង​ពិធី​បិទ​កិច្ច​ប្រជុំ​មួយ​នៅ​ក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ នេះ​ដែរ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ប្រើប្រាស់​ច្បាប់​បោះ​ឆ្នោត​ចាស់ ប្រសិន​បើ​ក្រុម​ពិភាក្សា​កែ​ទម្រង់​ការ​បោះ​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ នៅ​តែ​មិន​អាច​ចុះ​សម្រុង​គ្នា​ចំពោះ​ចំណុច​ដែល​នៅ​សេសសល់។

លើស​ពី​នេះ លោក​នាយក​រដ្ឋមន្ត្រី បាន​ស្នើ​ឲ្យ លោក ស ខេង ដាក់​បញ្ចូល​មាត្រា​ដែល​និយាយ​ពី​ការ​កំណត់​សុពលភាព​សមាជិក​សភា​នៅ​ក្រោយ​ ការ​បោះ​ឆ្នោត ពោល​គឺ​ល្គឹកណា​សមាជិក​សភា​មិន​ចូលរួម​កិច្ច​ប្រជុំ​ដែល​កោះ​អញ្ជើញ​ដោយ​ ព្រះមហាក្សត្រ​ទេ គឺ​ត្រូវ​ចាត់​ទុក​ថា បាន​បោះ​បង់​សមាជិក​ភាព៕



No comments:

Post a Comment