Paris Peace Accords 23 Oct. 1991

Friday, February 27, 2015

លោក ហ៊ុន សែន ព្រមាន​​ ប្រើ​កម្លាំង ​ប្រដាប់​អាវុធ​ កម្ចាត់ ​អ្នក​ចង់​ធ្វើ​ បដិវត្តន៍​ដោយ​ ប្រើ​​អំណាច​​ពលរដ្ឋ | Hun Sen threatens to use military force to suppress those who want to have political revolution using people power

លោក ហ៊ុន សែន ព្រមាន​​ ប្រើ​កម្លាំង ​ប្រដាប់​អាវុធ​ កម្ចាត់ ​អ្នក​ចង់​ធ្វើ​ បដិវត្តន៍​ដោយ​ ប្រើ​​អំណាច​​ពលរដ្ឋ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២៦ កុម្ភៈ ២០១៥

ហ៊ុន សែន ៦១០
លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ សម្ពោធ​ស្ពាន ​ស្ទឹងមានជ័យ កាល​ពី​ថ្ងៃ ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០១៤។  RFA/Uon Chhin

លោក​ នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន ​ប្រើប្រាស់​ កងកម្លាំង​ ប្រដាប់​អាវុធ ​កម្ចាត់​គណបក្ស​ នយោបាយ​ ណា​មួយ​ ដែល​ចង់​ធ្វើ​ បដិវត្តន៍​ ផ្លាស់ប្ដូរ​ រដ្ឋាភិបាល​ តាម​រយៈ​ អំណាច​ ប្រជាពលរដ្ឋ។ ប៉ុន្តែ ​ទន្ទឹម​គ្នា​នោះ ប្រមុខ​ដឹកនាំ​ រដ្ឋាភិបាល​ ក៏​ព្រមាន ​ឲ្យ​កងកម្លាំង ​ប្រដាប់​អាវុធ ​ត្រូវ​ រក្សា​ អព្យាក្រឹត​ភាព ​រវាង​ គណបក្ស​នយោបាយ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ បិទ​សន្និបាត​ ក្រសួង​ មហាផ្ទៃ កាល​ពី​ថ្ងៃ​ពុធ ទី​២៥ ម្សិលមិញ ​ថា, រដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត ​ឲ្យ​គណបក្ស ​នយោបាយ​ ណា​មួយ ​ដឹកនាំ​ ធ្វើ​បដិវត្តន៍​ ទម្លាក់​ រដ្ឋាភិបាល ​ពី​អំណាច ​ដូច​នៅ​ពិភព ​អារ៉ាប់ និង​ទ្វីប​ អឺរ៉ុប​ ឡើយ។  លោក ​ចោទ​ប្រកាន់​ គណបក្ស ​ប្រឆាំង--គឺ, គណបក្ស​សង្គ្រោះ​ ជាតិ--​ថា, បាន​ដឹកនាំ​ បដិវត្តន៍​អំណាច​ ពលរដ្ឋ​ ដើម្បី​ ទម្លាក់​រដ្ឋាភិបាល ​ក្រោយ​ការ​ បោះឆ្នោត ​កាល​ពី​ឆ្នាំ​ ២០១៣, ហើយ​ បដិវត្តន៍​នោះ​ អាច​ នឹង​ទទួល​បាន ​ជោគជ័យ ប្រសិនបើ​ កងកម្លាំង​ ប្រដាប់​អាវុធ និង​យោធា ​មិន​ការពារ ​រដ្ឋាភិបាល ​ទេ​នោះ។

លោក ហ៊ុន សែន៖ «ដូច្នោះ​ហើយ​ បាន​ជា​ខ្ញុំ​ សន្និដ្ឋាន​ ថា, បាតុកម្ម​ថ្ងៃ​ ទី​១៥ ១៦ និង១៧ កញ្ញា ឆ្នាំ​២០១៣ ជា​ការ​ធ្វើ​តេស្ត​ សាកល្បង​ នៃ​កងកម្លាំង​ ប្រដាប់​អាវុធ​ ចំពោះ​ រដ្ឋាភិបាល ប្រហែល​ ជា​អស់​លោក ​បាន​ដឹង​ហើយ ​ថា, មុន​ពេល​ បាតុកម្ម​, គេ​ ដើរ​ចែក​ផ្កា និង​នំ​ចំណី​ ឲ្យ​កម្លាំង​ ប្រដាប់​អាវុធ។  ប៉ុន្តែ​ ខ្ញុំ​ សូម​ បញ្ជាក់​ ថា, កងកម្លាំង​ ប្រដាប់​អាវុធ​ អាច​អព្យាក្រឹត​បាន​ តែ​ ចំពោះ​ បក្ស​នយោបាយ, ប៉ុន្តែ​ មិន​អាច​ អព្យាក្រឹត​ម្ខាង បក្ស​នយោបាយ និង​ម្ខាង ​រដ្ឋាភិបាល​ទេ។»

ប៉ុន្តែ ​លោក ហ៊ុន សែន អះអាង​ ថា, ប្រសិនបើ ​កងកម្លាំង​ ប្រដាប់​អាវុធ និង​យោធា មិន​ការពារ​ រដ្ឋាភិបាល​ នោះ​ទេ, លោក ​នឹង​បញ្ចេញ​ កងកម្លាំង ពិសេស ​ដើម្បី​ ការពារ​ រដ្ឋាភិបាល។  លោក​ស្នើ ​ឲ្យ​កងកម្លាំង ​ប្រដាប់​អាវុធ​ ទាំង​អស់ ត្រូវ​ ការពារ​ រដ្ឋាភិបាល៖ «ចាំមើល​ កងទ័ព​យើង​ យ៉ាង​ម៉េច?  គ្រាន់បើ!  អរគុណ! ស្មាន​តែ​ ទុក​លោក​ឯង​អី។  តែ​ លោក​ឯង​ មិន​ធ្វើ​, មាន​អ្នក​ដទៃ​ ទៀត ​ធ្វើ​ហើយ, កុំ​ឆ្ងល់​ពេក។»

អត្ថាធិប្បាយ​របស់​លោក ហ៊ុន សែន គឺ​ផ្ទុយ​ទៅ​នឹង​ការ​សម្រេច​ចិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​សមាជ​កាល​ពី​ដើម​​ខែ​កុម្ភៈ ដែល​បាន​ដាក់​បញ្ចូល​សមាជិក​កងកម្លាំង​យោធា កងរាជអាវុធហត្ថ ប៉ូលិស ច្រើន​ជាង ៨០​នាក់​ទៅ​ក្នុង​គណៈកម្មាធិការ​កត្តា​ល​គណបក្ស​ប្រជាជន​កម្ពុជា។ ចំនួន​សមាជិក​នៃ​កម្លាំង​គ្រប់គ្រង​បញ្ជាការ​លើ​កង​សន្តិសុខ​ដែល​ជា​សមាជិក​ គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បាន​បង្កើន​ចំនួន​បី​ដង គឺ​ពី ៣៦​នាក់​ទៅ​យ៉ាង​តិច​ណាស់ ១១៦​នាក់។
មន្ត្រី​យោធា នគរបាល និង​កងរាជអាវុធហត្ថ​ដែល​ទទួល​តួនាទី​ថ្មី​ក្នុង​បក្ស​ប្រជាជន​កម្ពុជា សុទ្ធ​តែ​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស ដូចជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​នគរបាល​ជាតិ លោក ម៉ក់ ជីតូ អគ្គ​មេបញ្ជាការ​រង កង​យោធពល​ខេមរភូមិន្ទ ហ៊ីង ប៊ុនហៀង អគ្គ​មេបញ្ជាការ​រង​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក រ័ត្ន ស៊្រាង អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​ប៉ូលិស​រាជធានី​ភ្នំពេញ លោក ជួន សុវណ្ណ និង​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិវង្ស។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ​នៅ​កម្ពុជា បញ្ជាក់​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​លំអៀង ឬ​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្ស​ណា​មួយ​ឡើយ។ ច្បាប់​នេះ ក៏​បាន​ហាម​មិន​ឲ្យ​គណបក្ស​នយោបាយ​បង្កើន​រចនាសម្ព័ន្ធ​បក្ស​ក្នុង​ស្ថាប័ន​ កងកម្លាំង​ប្រដាប់​អាវុធ ប៉ុន្តែ​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់​ប្រាប់​អង្គការ​សិទ្ធិមនុស្ស​ថា មេបញ្ជាការ​យោធា​បាន​បង្កើត​បណ្ដាញ​បក្ស​កាន់​អំណាច​ក្នុង​ស្ថាប័ន​យោធា ប៉ូលិស និង​កងរាជអាវុធហត្ថ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ ក្នុង​ការ​ចរចា​នយោបាយ​បង្កើត​ច្បាប់បោះឆ្នោត​ថ្មី តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ស្នើ​សុំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ព្រម​ទាំង​មន្ត្រី​តុលាការ​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ឃោសនា​បោះឆ្នោត​បាន ថ្វីត្បិតតែ​ច្បាប់​បោះ​ឆ្នោត​បច្ចុប្បន្ន​មិន​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​នោះ​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ក្តី។

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់​កងកម្លាំង​ប្រដាប់​អាវុធ​កម្ចាត់​ផែនការ​បដិវត្តន៍​នៅ​ កម្ពុជា ប្រឆាំង​នឹង​គណបក្ស​នយោបាយ។ កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ លោក ហ៊ុន សែន ក៏​បាន​ព្រមាន​ប្រើប្រាស់​កាំជ្រួច​ប្រភេទ BM21 បាញ់​កម្ទេច​សកម្មជន​ការពារ​បរិស្ថាន​នៅ​តំបន់​អារ៉ែង ប្រសិនបើ​សកម្មជន​ទាំង​នោះ​បង្កើត​តំបន់​អបគមន៍។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​លោក ហ៊ុន សែន ឡើយ ប៉ុន្តែ​អះអាង​ថា កងកម្លាំង​ប្រដាប់​អាវុធ​មិន​ទាន់​មាន​អព្យាក្រឹតភាព​ឡើយ។ លោក​បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​ឲ្យ​កងកម្លាំង​ប្រដាប់​អាវុធ​ឲ្យ​មាន​ឯករាជភាព និង​អព្យាក្រឹតភាព​នៅ​ពេល​គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ឆ្នោត៖ «ខ្ញុំ​យល់​ ឃើញ​ថា យើង​ទាំង​អស់​គ្នា​ត្រូវ​រួម​គ្នា​ធ្វើ​ឲ្យ​កងទ័ព​មាន​អព្យាក្រឹត ព្រោះ​យើង​មិន​ដោះស្រាយ​ឲ្យ​ប្រទេស​យើង​តាម​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​ទេ យើង​នឹង​ងាក​ទៅ​រក​អនុស្សាវរីយ​ដ៏​ជូរចត់ ដូច​ពី​អតីតកាល។ គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​កង​យោធពល​ខេមរភូមិន្ទ​ជា​កងទ័ព​របស់​ជាតិ មិន​មែន​កងទ័ព​របស់​គណបក្ស។»

​បច្ចុប្បន្ន​មន្ត្រី​ជាន់​ខ្ពស់​ដឹកនាំ​កងទ័ព​កំពុង​មាន​តួនាទី​ក្នុង​ គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​កម្ពុជា រួច​ហើយ រួម​មាន​អគ្គ​មេ​បញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក ប៉ុល សារឿន រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក ទៀ បាញ់ អគ្គ​មេបញ្ជាការ​រង  កង​យោធពល​ខេមរភូមិន្ទ លោក គន់ គីម និង មាស សុភា អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន និង​អគ្គ​មេបញ្ជាការ​កង​រាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក សៅ សុខា។

អង្គការ​សិទ្ធិ​មនុស្ស​រក​ឃើញ​ថា  អង្គភាព​ជា​ច្រើន​ដែល​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​កណ្ដាល​បក្ស​ប្រជាជន​ កម្ពុជា ធ្លាប់​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស ការ​បាញ់​សម្លាប់​បាតុករ បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះសម្បែង ឃាតកម្ម​នយោបាយ ធ្វើ​ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន​យ៉ាង​អនាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​រត់​ពន្ធ​មនុស្ស៕



No comments:

Post a Comment