Paris Peace Accords 23 Oct. 1991

Sunday, March 1, 2015

បក្ស​​ជាប់​ឆ្នោត ​​ទាំងពីរ​​ បញ្ចប់ ​​ភាព​ជាប់គាំង​​ នៃ​​កំណែ​ទម្រង់ ​​ច្បាប់​បោះឆ្នោត​ | Both elected parties end deadlock in reforming electoral law

បក្ស​​ជាប់​ឆ្នោត ​​ទាំងពីរ​​ បញ្ចប់ ​​ភាព​ជាប់គាំង​​ នៃ​​កំណែ​ទម្រង់ ​​ច្បាប់​បោះឆ្នោត​

RFI / ​​វិទ្យុ​​ បារាំង ​​អន្តរជាតិ | ១ មិនា ២០១៥ 

media 
ថ្នាក់​ដឹកនាំ​តំណាងរាស្រ្ត​បក្ស​ជាប់ឆ្នោត​ទាំងពីរ​បាន​ជួប​ពិភាក្សា​គ្នា​ជា​លើកទីពីរ​ ​ដើម្បី​បញ្ចប់​បញ្ហា​ដែល​នៅ​សេស​សល់​RFI/ Siv Chana
គណបក្ស ​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​ សង្គ្រោះ​ជាតិ ​បាន​​ដោះស្រាយ​​ បញ្ចប់ នូវ​​រាល់​​បញ្ហា ​​ដែល​​នៅ​​ សេសសល់​​ទាំង​អស់​​ នៃ​​សេចក្តី​ព្រាង​​ សេចក្តី​ស្នើ ​​វិសោធន​កម្ម​​ ច្បាប់​​ ស្តីពី​​ ការ​បោះឆ្នោត​ ​ជ្រើស​តាំង​​ តំណាងរាស្ត្រ​។ ​ ការ​ដោះស្រាយ​​ បញ្ចប់​​ បាន​​ធ្វើឡើង ​​នៅ​ក្នុង​​កិច្ចប្រជុំ​​ លើក​ទី​ពីរ​​ របស់​​ ថ្នាក់ដឹកនាំ​​ តំណាងរាស្ត្រ ​​នៃ​​គណបក្ស ​​ប្រជាជន​​កម្ពុជា ​ដឹកនាំ ​​ដោយ​​លោក ស ខេង ​និងខាង​​គណបក្ស​​ សង្គ្រោះ​ជាតិ ​​ដឹកនាំ​​ ដោយ​លោក​ សម រង្ស៊ី ​កាល​ពី​ល្ងាច ​​ថ្ងៃ​សៅរ៍​​ ម្សិលមិញ ​​នៅ​​វិមាន ​​រដ្ឋសភា​។  

បន្ទាប់ ពី​ជួប ពិភាក្សា​គ្នា ​អស់​រយៈពេល ​ប្រមាណ ៤ម៉ោង, ថ្នាក់ដឹកនាំ​ តំណាងរាស្ត្រ ​នៃ​គណបក្ស ​ប្រជាជន​កម្ពុជា និង​គណបក្ស​ សង្គ្រោះ​ជាតិ បាន​បិទ​បញ្ចប់​ ទាំងស្រុង ​នូវ​បញ្ហា ​ដែល​នៅ​សេសសល់​ នៃ​សេចក្តីព្រាង​ សេចក្តីស្នើ​ វិសោធនកម្ម​ ច្បាប់​ ស្តីពី​ ការបោះឆ្នោត ​ជ្រើសតាំង​ តំណាងរាស្ត្រ។  សេចក្តីព្រាង​ សេចក្តីស្នើ ​វិសោធនកម្ម​ ច្បាប់​នេះ ត្រូវ​ ក្រុមការងារ​ ចរចា ​នៃ​គណបក្ស​ ទាំងពីរ បាន​ជួប ​ពិភាក្សាគ្នា​ ជា​បន្តបន្ទាប់​ អស់​រយៈពេល ​ជិត៣ខែ​ មកហើយ។

លោក​សម រង្ស៊ី ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ មានប្រសាសន៍ថា «យើង​បានបញ្ចប់​ការងារ​យើង​ទាំង​អស់ហើយ ចំណុច​ដែល​នៅ​សេសសល់​យើង​បាន​ដោះស្រាយ​ទាំងអស់​ដោយ​ស្មារតី​លើកតម្កើង​ថា ជា​ស្មារតី​រួបរួម​ជាតិ​យោង​វប្បធម៌​សន្ទនា​ដែល​គណបក្ស​ទាំងពីរ​បាន​ ផ្តួចផ្តើម​បង្ហាញ​ឲ្យ​ឃើញថា វប្បធម៌​សន្ទនា​នេះ​បាន​នាំមក​នូវ​ផ្លែផ្កា​ជា​វិជ្ជមាន​ហើយ​ថ្ងៃទី២៨ ខែកុម្ភៈ​នេះ គឺជា​ថ្ងៃមួយ​ដែល​អាច​កត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ​ថា ខ្មែរ​យើង​គ្រប់​និន្នាការ​នយោបាយ​អាច​ធ្វើការ​ជាមួយគ្នា ដើម្បី​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ​មាតុភូមិ​នៃ​យើងទាំងអស់គ្នា បាទ!»

 
ជាមួយគ្នា​នោះ លោ​កស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បន្ថែមថា
«ខ្ញុំ​គិតថា នីតិវិធី​បន្ត​នោះ គឺ​យើង​នឹង​ខិតខំ ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ច្បាប់​នេះ​ចូល​ទៅជា​ច្បាប់​ដែលមាន​ជា​ធរមាន​អាច​ ប្រើប្រាស់​បាន​ក្នុងពេលឆាប់ៗខាងមុខនេះ។»  

សូមបញ្ជាក់ថា ជំនួប​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​នេះ គឺ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ព្រមានខ្លាំងៗចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃទី២៥ កុម្ភៈ​ថា ប្រសិនបើ​ក្រុមការងារ​ចរចា​កែ​ច្បាប់បោះឆ្នោត​នៃ​គណបក្ស​ទាំងពីរ​នៅតែ​បន្ត​ ខ្វែងគំនិត​គ្នា​ទៀត​នោះ គឺ​គួរតែ​បន្ត​ប្រើប្រាស់​ច្បាប់បោះឆ្នោត​ចាស់។

គួរ​រំលឹក​ជូន​ផងដែរ​ថា ក្រុមការងារ​ចរចា​កែ​ច្បាប់បោះឆ្នោត​នៃ​គណបក្ស​ទាំងពីរ បាន​បន្សល់ទុក​នូវ​ចំណុច​ខ្វែងគំនិត​គ្នា​ចំនួន១៥ចំណុច​ស្មើនឹង១៥មាត្រា។ ចំណុច​ខ្វែងគំនិត​ទាំងនោះ​រួមមាន​ដូចជា ការកំណត់​អត្តសញ្ញាណ​អ្នកបោះឆ្នោត ការចេញ​ឯកសារ​ឲ្យ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ការបន្ថែម​អាសនៈ​រដ្ឋសភា ការកំណត់​សកម្មភាព រយៈពេល និង​ទីតាំង​នៃ​ការឃោសនាបោះឆ្នោត ការចែង​ពី​អព្យាក្រឹត​ឥត​លំអៀង​របស់​ អង្គការ​សង្គម​ស៊ីវិល និង​ការចូលរួម​របស់​មន្ត្រី​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រី​តុលាការ​ក្នុង​សកម្មភាព​ឃោសនាបោះឆ្នោត​ជាដើម។ ចំណុច​ទាំងនេះ ត្រូវបាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​ដោះស្រាយ​បញ្ចប់​ទាំងស្រុង។ ក៏ប៉ុន្តែ​ទាក់ទង​នឹង​ការធានា​និរន្តរភាព និង​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ដើម្បី​បង្ការ​ភាពជាប់គាំង​ក្រោយពី​ការបោះឆ្នោត ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ បាន​ព្រមព្រៀងគ្នា​ជាគោលការណ៍ ដើម្បី​សិក្សា​បញ្ហា​នេះ ហើយនឹង​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​អត្ថបទ​ច្បាប់​សមស្រប​ណាមួយ។ នេះ បើតាម​សេចក្តីប្រកាស​រួម​នៃ​ជំនួប​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ ទាំងពីរ។

ទន្ទឹមគ្នា​នេះដែរ គណបក្ស​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ថា នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើ​ វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នាពេល​ដ៏​ខ្លី​ខាងមុខនេះ​ផងដែរ៕



No comments:

Post a Comment