អឺរ៉ា នឹងដាក់លិខិត ទៅក្រុមការងារ បក្សទាំងពីរ សូម ឲ្យដកមាត្រាខ្លះ នៃច្បាប់ បោះឆ្នោត ថ្មី
RFA / វិទ្យុ អាស៊ី សេរី | ១៦ មិនា ២០១៥
សេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី សភាជាតិនឹងបើកកិច្ចប្រជុំវិសាមញ្ញពេញអង្គនៅថ្ងៃទី១៩ មីនា ខាងមុខនេះ ទោះជាសេចក្ដីព្រាងច្បាប់ទាំងពីរនេះ ទទួលរងការរិះគន់ និងស្នើសុំឲ្យមានការលុបចោលមាត្រាមួយចំនួនក្ដី។ មាត្រាទាំងនោះគេចាត់ទុកថា ជាការរឹតត្បិតសេរីភាពប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល តែសភានឹងបើកសម័យប្រជុំពេញអង្គនីតិកាលទី៥ ដដែល។
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ហៅកាត់ថា អឺរ៉ា (ERA) នឹងដាក់លិខិតផ្ដល់អនុសាសន៍ស្នើទៅក្រុមការងារគណបក្សទាំងពីរ (គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា) នៅថ្ងៃទី១៧ មីនា សុំឲ្យលុបចោលមាត្រាមួយំនួន និងពិនិត្យឡើងវិញនូវមាត្រាមួយចំនួនទៀត មុននឹងដាក់ឲ្យសភាបើកកិច្ចប្រជុំអនុម័ត។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា លោក គល់ បញ្ញា និងជាតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត អឺរ៉ា មានប្រសាសន៍ថា សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតមានអនុសាសន៍សំខាន់ៗ ចំនួន៤ សុំឲ្យក្រុមការងារគណបក្សទាំងពីរលុបចោលមាត្រា ៨៤ និយាយពីការដាក់ទោសអង្គការសង្គមស៊ីវិល សុំឲ្យដកចេញមាត្រា ១៦០ ដែលចែងពីការផាកពិន័យអ្នកសង្កេតការណ៍ស្ម័គ្រចិត្ត សុំឲ្យពិនិត្យឡើងវិញមាត្រា ៨៣ ដែលអនុញ្ញាតឲ្យមន្ត្រីតុលាការ យោធាមានសិទ្ធិចូលរួមឃោសនាបោះឆ្នោត និងមាត្រា ១៦២ ចែងពីបទល្មើសបុគ្គលផ្សារភ្ជាប់ទៅគណបក្សនយោបាយ៖ «គណបក្សពីរ ហ្នឹងមិនអាចធ្វើតាមចិត្តទេ ព្រោះការធ្វើច្បាប់នេះប៉ះពាល់គេ ប៉ះពាល់គណបក្សផ្សេងទៀតចូលប្រកួតប្រជែង និងប៉ះពាល់សង្គមស៊ីវិល។ កាលណាធ្វើច្បាប់ត្រូវមានការពិគ្រោះយោបល់ទូលំទូលាយ ដើម្បីឲ្យគេកាន់តែមានទំនុកចិត្ត។»
ការគ្រោងដាក់លិខិតផ្ដល់អនុសាសន៍ទៅក្រុមការងារគណបក្សទាំងពីរ នេះ នៅស្របពេលដែលអគ្គលេខាធិការដ្ឋានសភាបានចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនា ខាងមុខ សភានឹងកោះប្រជុំជាវិសាមញ្ញនីតិកាលទី៥ ដែលមានរបៀបវារៈពីរសំខាន់គឺ ទី១ ការពិភាក្សានិងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ ទី២ ការពិភាក្សា និងអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងជាអ្នកនាំពាក្យរដ្ឋសភា លោក ឈាង វុន មានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់ទាំងពីរនេះ ក្រុមការងារគណបក្សទាំងពីរជាតំណាងឲ្យប្រជាពលរដ្ឋទាំងអស់នៅក្នុង សភា ដូច្នេះការស្នើសុំរបស់អង្គការក្រៅរដ្ឋាភិបាល មិនមែនតំណាងឲ្យប្រជាពលរដ្ឋទេ ដូច្នេះក្រុមការងារគណបក្សទាំងពីរ ឬសភាមិនចាំបាច់ពិនិត្យមើលអនុសាសន៍ទាំងនោះទេ៖ «ពួកអឺរ៉ាហ្នឹង មិនមែនជាតំណាងប្រជាពលរដ្ឋទេ ហើយសង្គមស៊ីវិលហ្នឹង ក៏មិនទាន់មានច្បាប់គ្រប់គ្រងផង អ៊ីចឹងស្អីដែលគាត់លើក យើងមិនយកតាមទេ ព្រោះពួកយើងជាតំណាងប្រជាពលរដ្ឋនេះ មិនបាច់គិតពិចារណាស្អីដែលគាត់លើកទេ។»
នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី៩ មីនា នោះ អ្នកចូលរួមបានចោទជាសំណួរជាង ៩០សំណួរ និងមតិយោបល់សម្ដែងពីការព្រួយបារម្ភពីការរឹតត្បិតអង្គការសង្គម ស៊ីវិល ហើយប្រធានក្រុមការងារគណបក្សទាំងពីរសន្យាថា នឹងពិនិត្យមើលការស្នើសុំទាំងនោះ។ ក៏ប៉ុន្តែលោក ឈាង វុន អះអាងថា សំណួរមួយចំនួនទាក់ទងនឹងសេចក្ដីព្រាងច្បាប់នេះ ក្រុមការងារគណបក្សទាំងពីរបានបកស្រាយនៅក្នុងសិក្ខាសាលានោះរួចហើយ ដូច្នេះ សភានឹងពិភាក្សា និងអនុម័តយោងលើខ្លឹមសារដើមដែលគណបក្សទាំងពីរបានព្រមព្រៀងគ្នា គឺមិនមានការកែប្រែអ្វីឡើយ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអង្គការសង្គមស៊ីវិលបានលើកឡើងថា ការធ្វើសេចក្ដីព្រាងច្បាប់នេះ គឺធ្វើឡើងដើម្បីតែផលប្រយោជន៍គណបក្សជាប់ឆ្នោតទាំងពីរតែប៉ុណ្ណោះ ពីព្រោះថា សេចក្ដីព្រាងច្បាប់នេះ មានការរឹតត្បិត និងធ្វើ ឲ្យការបោះឆ្នោត នៅពេល ខាងមុខ គ្មាន តម្លាភាព នោះឡើយ, ហើយ ថា, ការធ្វើ សេចក្ដីព្រាងច្បាប់ ទាំងនេះ គណបក្ស ទាំងពីរ កំពុងធ្វើ ឲ្យដំណើរការ ប្រជាធិបតេយ្យ ដើរថយក្រោយ៕
No comments:
Post a Comment