លោក ហ៊ុន សែន មិនខ្វល់ ពីប្រតិកម្ម មន្ត្រីអង្គការ ក្រៅរដ្ឋាភិបាល ចំពោះ ច្បាប់បោះឆ្នោតថ្មី
RFA / វិទ្យុ អាស៊ី សេរី | ១០ មិនា ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុង សន្និសីទ ពាណិជ្ជកម្ម នារាជធានី ភ្នំពេញ កាលពីព្រឹក ថ្ងៃទី៦ តុលា ២០១៤។ RFA/An Sithav
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងចំអក ឲ្យមន្ត្រី អង្គការ សង្គមស៊ីវិល មួយចំនួន ថា, មានជំងឺតួឯក ដែលតាំងខ្លួនឯង ថា, ជាមនុស្ស សំខាន់ ដែលធ្វើ ពហិការ មិនចូលរួម សិក្ខាសាលា ស្ដីពី សេចក្តីព្រាងច្បាប់ បោះឆ្នោត និងសេចក្តីព្រាងច្បាប់ កែទម្រង់ ស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត។
លោក ហ៊ុន សែន មានប្រតិកម្ម នៅក្នុងពិធី ប្រគល់វិញ្ញាបនបត្រ នៅវិទ្យាស្ថាន ជាតិ អប់រំ នៅព្រឹកថ្ងៃ ទី១០ មីនា ដូច្នេះ ដោយសារ តែ អង្គការ សង្គមស៊ីវិល ដែលធ្វើការ យ៉ាងសកម្ម លើការងារ បោះឆ្នោត កន្លងមក មិនចូលរួម ក្នុងសិក្ខាសាលា ស្ដីពី សេចក្ដីព្រាងច្បាប់ ចំនួនពីរ ដែលរៀបចំ ដោយគណបក្ស ទាំងពីរ កាលពីថ្ងៃ ទី៩ មីនា នៅវិមាន រដ្ឋសភា ដែលរៀបចំឡើង ដោយគណបក្ស ជាប់ឆ្នោត ទាំងពីរ។
លោក ហ៊ុន សែន អះអាងថា, រដ្ឋសភា នឹងមិន អញ្ជើញ មន្ត្រី អង្គការ សង្គមស៊ីវិល ចូលរួម ក្នុងសិក្ខាសាលា ស្ដីពី សេចក្ដីព្រាងច្បាប់ ទាំងពីរ នេះ ទៀតទេ ទោះបី ជាមន្ត្រី អង្គការ សង្គមស៊ីវិល មួយចំនួននេះ មិនចូលរួម ក៏គ្មាន បញ្ហាអ្វីដែរ។
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានថា, ដំណើរការ បោះឆ្នោត នៅពេល ខាងមុខ នឹងមិនគាំងទេ បើសិនជា ច្បាប់បោះឆ្នោត ថ្មីនេះ ចេញមិនរួច ក៏នៅមាន ច្បាប់ចាស់ និង គ.ជ.ប. ដែលមាន ជាធរមាន អាចរៀបចំ ការបោះឆ្នោត បានដែរ ដោយយោង លើកិច្ចព្រមព្រៀង ដំណោះស្រាយ នយោបាយ កាលពីថ្ងៃ ទី២២ កក្កដា នោះ៖ «ម្សិលមិញ សិក្ខាសាលា អំពី ច្បាប់បោះឆ្នោត ដែលមានការ សម្រប សម្រួល ដោយគណបក្ស ទាំងពីរ ដោយសារតែ លង់ ដោយជំងឺតួឯក។ ហើយ មានអង្គការខ្លះ, គេ ធ្វើពហិការ ស្មានថា ធ្វើពហិការហ្នឹង គេ ងាប់អី ធ្វើទៅ? ឥឡូវ ឮថា, បើ អញ្ជើញ លើកក្រោយ គេ នឹងទៅ។ គ្មាន ពេលទេ។ ទៅ ឬមិនទៅ, ជារឿង របស់ លោកឯងទេ។ គ្មាន នរណា គេ តម្រូវចិត្ត របស់ លោកឯង ប៉ុន្មាននាក់ នោះទេ។»
ឆ្លើយតបនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នេះ មន្ត្រីអង្គការសង្គមស៊ីវិល អ្នកវិភាគចាត់ទុកការសិក្ខាសាលាដែលរៀបចំឡើងដោយគណបក្សសង្គ្រោះ ជាតិ និងគណបក្សប្រជាជនកម្ពុជា នោះ គ្រាន់តែជាល្ខោនឲ្យល្អមើលតែប៉ុណ្ណោះ។ ហើយបញ្ជាក់ថា ពួកគាត់មិនទៅចូលរួមក្នុងសិក្ខាសាលានេះ ដោយសារតែមិនចង់ទៅប្រថាប់ត្រាក្នុងសិក្ខាសាលានេះ។
ប្រធានគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា និងតំណាងសម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតអឺរ៉ា (ERA) មានប្រសាសន៍ថា មូលហេតុដែលអង្គការសង្គមស៊ីវិលមួយចំនួនមិនចូលរួមក្នុងសិក្ខាសាលា នេះ ដោយសារក្រុមការងារគណបក្សទាំងពីរ មិនបានផ្ដល់របៀបវារៈជាមុន។ លោក គល់ បញ្ញា បានហៅសិក្ខាសាលានេះថា គ្រាន់តែជាការប្រជុំមួយធម្មតាប៉ុណ្ណោះ។
ក្រោយពីក្រុមការងារគណបក្សទាំងពីរ បានធ្វើសិក្ខាសាលាបញ្ចប់កាលពីថ្ងៃទី៩ មីនា នោះ អង្គការសង្គមស៊ីវិលចំនួន ៦០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍ និងធ្វើសន្និសីទសារព័ត៌មានរួមគ្នាភ្លាមៗ មិនគាំទ្រសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មី និងសេចក្ដីព្រាងច្បាប់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះឡើយ ដោយពួកគេសម្ដែងការព្រួយបារម្ភចំពោះដំណើរការរៀបចំសេចក្ដីព្រាង ច្បាប់ទាំងពីរនេះ ថាគ្មានគុណភាពច្បាប់ និងការរឹតត្បិតសិទ្ធិសេរីភាពប្រជាពលរដ្ឋ និងសង្គមស៊ីវិល។ល។
អ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោកបណ្ឌិត កែម ឡី មានប្រសាសន៍ថា មន្ត្រីអង្គការសង្គមស៊ីវិល មិនចូលរួមក្នុងសិក្ខាសាលានេះជាកាយវិការត្រឹមត្រូវ ព្រោះសិក្ខាសាលានេះជាសិក្ខាសាលាប្រថាប់ត្រា មិនមែនពិគ្រោះយោបល់នោះទេ៖ «រៀបចំឡើង ប្រថាប់ត្រាហ្នឹង រំលោភរដ្ឋធម្មនុញ្ញ ខ្ញុំគាំទ្រអង្គការក្រៅរដ្ឋាភិបាលដែលមិនចូលរួមរដ្ឋាភិបាលមិន ស្ដាប់ អ៊ិន.ជី.អូ (NGO) ហ្នឹង គឺមិនស្ដាប់យូរមកហើយ តែកន្លែងខ្លះក៏គេទទួលយកទេ មិនសំខាន់ទេ បរិបទនេះប្រជាពលរដ្ឋមានការយល់ដឹងច្រើន។»
មកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេថា តើគណបក្សទាំងពីរនឹងរៀបចំសិក្ខាសាលាទៀត ឬយ៉ាងណា? ក្រុមការងារគណបក្សទាំងពីរ ឲ្យដឹងនៅក្នុងសិក្ខាសាលាថា គេទុកឲ្យថ្នាក់ដឹកនាំគណបក្សទាំងពីរជាអ្នកសម្រេច។ ក៏ប៉ុន្តែ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ចេញសារមិនខ្វល់ពីអង្គការសង្គមស៊ីវិលគាំទ្រច្បាប់នេះ ឬមិនគាំទ្រនោះ ហាក់ដូចជាលោកមិនចង់ឲ្យមានសិក្ខាសាលាបន្តទៀត ព្រោះលោកសំអាងលើ គ.ជ.ប ថ្មី មិនត្រូវបានបង្កើតឡើង ក៏នៅមាន គ.ជ.ប ចាស់ នៅមានជាធរមានដែរ។
ក្រុមមន្ត្រីអង្គការសង្គមស៊ីវិល អះអាងថា ការធ្វើច្បាប់ថ្មីទាំងពីរនេះ គណបក្សជាប់ឆ្នោតទាំងពីរកំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ហើយបើសេចក្ដីព្រាងច្បាប់នេះមិនបានដាក់ឲ្យពិគ្រោះយោបល់ និងទទួលយកអនុសាសន៍យ៉ាងទូលំទូលាយទេនោះ ការបោះឆ្នោតនៅពេលខាងមុខ នៅតែមិនត្រឹមត្រូវ ឯករាជ្យ សេរី និងយុត្តិធម៌នោះឡើយ៕
No comments:
Post a Comment