លោក កឹម សុខា៖ លោក ហ៊ុន សែន កំពុងប្រើប្រាស់ នយោបាយ បំបែកបំបាក់
RFA / វិទ្យុ អាស៊ី សេរី | ១៩ មិនា ២០១៥
ភាពចម្រូងចម្រាស នយោបាយ រវាង លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា អនុប្រធាន គណបក្ស សង្គ្រោះជាតិ បានផ្ទុះឡើង សាជាថ្មីវិញ ដែលអាច ជាការផ្លាស់ប្ដូ របរិបទ នយោបាយ នៅប្រទេស កម្ពុជា។
លោក ហ៊ុន សែន បានចោទប្រកាន់ លោក កឹម សុខា ថា, ជាមេដឹកនាំ ផ្ដួលរំលំ រដ្ឋាភិបាល និងស្នើ ឲ្យតុលាការ ចាត់វិធានការ កាត់ទោស ទៅតាមច្បាប់។ ពាក់ព័ន្ធ នឹងការ ចោទប្រកាន់នេះ, លោក កឹម សុខា បញ្ជាក់ថា, បាតុកម្ម របស់ គណបក្ស សង្គ្រោះជាតិ ជាបាតុកម្ម អហិង្សា ដឹកនាំ ដោយលោក និងលោក សម រង្ស៊ី ប្រធានបក្ស។ លោក ចោទតប ទៅលោក ហ៊ុន សែន វិញថា, កំពុងប្រើយុទ្ធសាស្ត្រ បំបែក គណបក្ស សង្គ្រោះជាតិជាពីរ។
មួយថ្ងៃ មុនរដ្ឋសភា គ្រោង នឹងបោះឆ្នោត អនុម័ត សេចក្ដីព្រាងច្បាប់ ដ៏ចម្រូងសម្រាស ចំនួន ពីរនោះ, លោក ហ៊ុន សែន បានប្រកាសថា សមាជិករដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា អាចមានលទ្ធភាពដើម្បីដកអភ័យឯកសិទ្ធិលោក កឹម សុខា ដើម្បីឲ្យតុលាការផ្តន្ទាទោសពីបទរៀបគំរោងផ្ដួលរំលំរដ្ឋាភិបាល។ ប៉ុន្តែក្នុងពេលតែមួយនោះ លោក ហ៊ុន សែន បែរជាងាកទៅសរសើរលោក សម រង្ស៊ី ថា កំពុងធ្វើការសហការដើម្បីអនុម័តច្បាប់ និងរៀបចំសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យបាននៅថ្ងៃទី១៣ មេសា។
ពាក់ព័ន្ធទៅនឹងសង្គ្រាមសម្ដីផ្ទុះឡើងថ្មីនេះ លោក កឹម សុខា ដែលកំពុងមានវត្តមាននៅសហរដ្ឋអាមេរិក អះអាងថា លោក ហ៊ុន សែន កំពុងប្រើល្បិចចាស់បំបែកលោកពីលោក សម រង្ស៊ី ក្នុងការដឹកនាំគណបក្សប្រឆាំង។ លោកបដិសេធការចោទប្រកាន់របស់លោក ហ៊ុន សែន ដោយបញ្ជាក់ថា លោកមិនដែលបានអះអាងពីផែនការផ្ដួលរំលំរដ្ឋាភិបាលដោយហិង្សាឡើយ៖ «វា មិនមែនជារឿង កឹម សុខា ទេ។ បាតុកម្មក៏ដោយមិនមែនដឹកនាំដោយ កឹម សុខា គឺ កឹម សុខា សម រង្ស៊ី។ គណបក្សសង្គ្រោះជាតិ ជាអ្នកដឹកនាំ តែបាតុកម្មសុទ្ធតែអហិង្សា។»
ទោះបីជាយ៉ាងក៏ដោយ លោក ហ៊ុន សែន កាលពីថ្ងៃទី១៨ មីនា ប្រកាសជាសាធារណៈថា លោកទទួលបានទទួលព័ត៌មានការសារភាពរបស់លោក កឹម សុខា ក្នុងពិធីជួបជុំសកម្មជនបក្សនៅសហរដ្ឋអាមេរិក តាមរយៈបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ លោកថា លោក កឹម សុខា ជាមេដឹកនាំបាតដៃទីពីរនិងទីបី៖ «ឥឡូវអ្នកចេញមកសារភាពថា គេបានប្រឹងប្រែងផ្ដួលរំលំរដ្ឋាភិបាលនិងបក្សប្រជាជន តែមិនបានសម្រេច។ គេបរាជ័យសុំទោសប្រជាពលរដ្ឋនៅអាមេរិក។»
លោក ហ៊ុន សែន ក៏រិះគន់លោក កឹម សុខា ថា ម្តងសំដែងការគាំទ្រ ប៉ុន្តែក្រោយមកទៀតបដិសេធមិនគាំទ្រលើសេចក្ដីព្រាងច្បាប់បោះឆ្នោត និងការរៀបចំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកជំរុញឲ្យតំណាងរាស្ត្រគណបក្សទាំងពីរចូលរួមអនុម័តសេចក្ដីព្រាង ច្បាប់ទាំងពីរឲ្យចប់ នៅថ្ងៃព្រហស្បតិ៍ ទី១៩ មីនា បើទោះបីជាត្រូវវេចខ្ចប់បាយនិងម្ហូបអាហារបរិភោគថ្ងៃត្រង់នៅ ក្នុងរដ្ឋសភាក៏ដោយ។
លោក ហ៊ុន សែន៖ «អនុម័តច្បាប់ដល់ពីរស្អែក គណបក្សទាំងពីរស្រុះស្រួលគ្នាឯកឧត្តម សម រង្ស៊ី ថា គាត់ពេញចិត្តដល់អនុប្រធានគាត់ទៅអាមេរិកថា អត់ពេញចិត្តទេ។ ឥឡូវពេញចិត្ត ឬមិនពេញចិត្តជារឿងរបស់គាត់។ ខ្ញុំអត់ដឹងផ្ទៃក្នុងរបស់យ៉ាងម្តេចទេ។ សមាជិកសភាប្រជុំទាល់តែចប់។»
ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់នេះ លោក កឹម សុខា មិនបានបញ្ជាក់ឲ្យច្បាស់លាស់ថា តើលោកផ្ទាល់គាំទ្រ ឬអត់នោះទេ។ ប៉ុន្តែលោកគ្រាន់តែបញ្ជាក់ថា លោកគោរពគោលការណ៍គណបក្សដែលបានយល់ព្រមលើសេចក្ដីព្រាងច្បាប់ទាំង ពីរនោះ៖ «យើងមានមតិផ្ទុយគ្នាខ្លះ។ ក្រោយពេលយើងវិភាគផលចំណេញវិជ្ជមាន និងអវិជ្ជមានទៅ យើងឯកភាពគ្នាស្អីៗគឺ សម រង្ស៊ី និង កឹម សុខា តែមួយ។»
លោក ហ៊ុន សែន ក៏មិនភ្លេចផ្ដាំផ្ញើទៅអង្គការក្រៅរដ្ឋាភិបាលក្រៅស្រុក និងក្នុងស្រុកថា អង្គការទាំងនោះកុំឲ្យជ្រៀតជ្រែកកិច្ចការងាររដ្ឋសភា ហើយត្រូវតែគោរពសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាខ្មែរដែលលោកអះអាង ថា ជាស្ថាប័នមួយគត់តំណាងឲ្យប្រជាពលរដ្ឋកម្ពុជា។
ចុងក្រោយក្នុងសន្ទនារយៈពេលជាងមួយម៉ោងរបស់លោក ហ៊ុន សែន នោះ ក្រៅតែពីការគំរាមចាប់លោក កឹម សុខា ដាក់ពន្ធនាគារនោះ លោក ហ៊ុន សែន ក៏ប្រកាសមិនព្រមធ្វើអន្តរាគមន៍ដោះលែងសកម្មជនគណបក្សសង្គ្រោះជាតិ មួយចំនួនដែលកំពុងជាប់ពន្ធនាគារផងដែរ។ លោកបញ្ជាក់ថា សកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារទាំងអស់នោះ ត្រូវបន្តជាប់ឃុំឃាំងបន្ថែមទៀត៕
No comments:
Post a Comment