Paris Peace Accords 23 Oct. 1991

Thursday, March 19, 2015

សង្គម​ស៊ីវិល ​អះអាង ​ថា, ​ច្បាប់​បោះ​ឆ្នោត ​ថ្មី​ អាក្រក់​ ជាង​ច្បាប់​ បោះ​ឆ្នោត​ ចាស់ | Civil society says new election laws worse than old laws

សង្គម​ស៊ីវិល ​អះអាង ​ថា, ​ច្បាប់​បោះ​ឆ្នោត ​ថ្មី​ អាក្រក់​ ជាង​ច្បាប់​ បោះ​ឆ្នោត​ ចាស់

RFA / ​វិទ្យុ ​អាស៊ី សេរី | ១៨ មិនា ២០១៥

អឺរ៉ា​ស្នើ​លុប​មាត្រា​ច្បាប់​បោះឆ្នោត ៦២០
សមាជិក​ សម្ព័ន្ធ​ កំណែ​ទម្រង់​ ការ​បោះឆ្នោត (ERA) ថ្លែង​ ក្នុង​សន្និសីទ​កាសែត នៅ​សណ្ឋាគារ​ អ៊ីភើរៀល កាល​ពី​ថ្ងៃ​ ទី១៨ មីនា ២០១៥។  RFA/Tin Zakariya

សេចក្ដី​ព្រាង​ ច្បាប់​បោះ​ឆ្នោត ​ថ្មី​ ដ៏​ចម្រូងចម្រាស ដែល​មន្ត្រី​ អង្គការ​ សង្គម​ស៊ីវិល និង​អង្គ​ទូត​ មួយ​ចំនួន ​ប្រចាំ​នៅ​ទីក្រុង​ ភ្នំពេញ មើល​ឃើញ ​ថា, សេចក្ដី​ព្រាង ​ច្បាប់​នេះ​ បង្ហាញ ​ពី​ការ​រឹត​ត្បិត​ សិទ្ធិ​សេរីភាព​ ប្រជាពលរដ្ឋ និង​អង្គការ​ សង្គម​ស៊ីវិល។  សេចក្ដី​ព្រាង​ ច្បាប់​នេះ នឹង​ត្រូវ​ សភា ​ពិនិត្យ និង​អនុម័ត ​នៅ​ថ្ងៃ ​ទី​១៩ មីនា ទោះ​បី​ជា​ អង្គការ​ សង្គម​ស៊ីវិល ​ស្នើសុំ​ហើយ ​សុំ​ទៀត គឺ​ ចង់ ​ឲ្យ​លុប​មាត្រា ​មួយ​ចំនួន ចេញ​ ពី​សេចក្ដី​ព្រាង​ ច្បាប់​នេះ​ ក៏ដោយ។

តើ ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​សុំ​ទៅ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​ជា​អ្នក​រៀបចំ​ធ្វើ​ សេចក្ដី​ព្រាង​ច្បាប់​នេះ ដក​ចេញ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​បញ្ញត្តិ​ច្បាប់​នេះ?
សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ហៅ​ថា​អឺរ៉ា (ERA) បាន​ចាត់​ទុក​សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី ជា​ច្បាប់​គាប​សង្កត់​ប្រជាពលរដ្ឋ អ្នក​សង្កេតការណ៍​បោះ​ឆ្នោត និង​អង្គការ​សង្គម​ស៊ីវិល ពោល​គឺ​សេចក្ដី​ព្រាង​ច្បាប់​នេះ​អាក្រក់​ជាង​ច្បាប់​ចាស់​ដែល​មាន​ជា​ ធរមាន។

ការ​លើក​ឡើង​ដូច្នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែល​រៀបចំ​ឡើង​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​ បោះ​ឆ្នោត​អឺរ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មីនា។

អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ នៅ​តែ​ទទូច​សុំ​ឲ្យ​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​ទាំង​ពីរ ពិនិត្យ​ឡើង​វិញ​នូវ​មាត្រា​មួយ​ចំនួន​ឲ្យ​បាន​ល្អិតល្អន់ មុន​នឹង​លើក​ដៃ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ គឺ​សេចក្ដី​ស្នើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ពីព្រោះ​ថា ការ​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ គឺ​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា សម្រាប់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​សេរី តម្លាភាព និង​ត្រឹមត្រូវ​ពិត​ប្រាកដ​នៅ​ពេល​ខាង​មុខ។

ប្រធាន​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក​បណ្ឌិត ហង្ស ពុទ្ធា និង​ជា​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ គណបក្ស​ទាំង​ពីរ​ធ្វើ​ឡើង​ដើម្បី​តែ​ផល​ប្រយោជន៍​គណបក្ស​របស់​ខ្លួន​តែ​ ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ដំណើរ​ការ​បោះ​ឆ្នោត និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​អឺរ៉ា បាន​ផ្ដល់​អនុសាសន៍​ចំនួន ៤​សំខាន់ៗ​ដាក់​ជូន​តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ។ អនុសាសន៍​ទាំង​នោះ​រួម​មាន ស្នើ​ឲ្យ​ដក ឬ​លុប​ចោល​នូវ​បញ្ញត្តិ​នៃ​មាត្រា​៨៤ មាត្រា​១៣៧ មាត្រា​១៤៨ មាត្រា​១៥៩ និង​មាត្រា​១៦០ នៃ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ ជ្រើស​តាំង​តំណាង​រាស្ត្រ​លើ​បញ្ញត្តិ​ដែល​ចែង​ពី​ការ​ដាក់​ទោស​ពិន័យ​ពី ១០ ទៅ ២០​លាន​រៀល ទៅ​លើ​សិទ្ធិ​ចូលរួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ និង​សេរីភាព​របស់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។ បញ្ញត្តិ​ដែល​ស្នើ​ដោយ​គណបក្ស​ទាំង​ពីរ​នេះ បាន​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​រដ្ឋធម្មនុញ្ញ​ក្នុង​បញ្ញត្តិ​នៃ​មាត្រា​៣៥ មាត្រា​៣៦ មាត្រា​៤១ និង​មាត្រា​៤២ ពិសេស​រំលោភ​សិទ្ធិ​ចូលរួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ សេរីភាព​ខាង​បញ្ចេញ​មតិ និង​សិទ្ធិ​បង្កើត​អង្គការ​សមាគម អង្គការ​មិន​មែន​រដ្ឋាភិបាល។ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មន្ត្រី​តុលាការ យោធា ដូច​ចែង​នៅ​ក្នុង​មាត្រា​៨៣​ថ្មី អនុញ្ញាត​ឲ្យ​ចូលរួម​ឃោសនា​បោះ​ឆ្នោត​នៅ​ក្រៅ​ម៉ោង​ការងារ​ឡើយ ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គណបក្ស​នយោបាយ​មាត្រា​១៥​ថ្មី ឲ្យ​បាន​ពេញ​លេញ និង​មាន​ប្រសិទ្ធភាព​នោះ។ ក្រៅ​ពី​នេះ​ទៀត មន្ត្រី​តុលាការ យោធា និង​នគរបាល​ជាតិ មិន​ត្រូវ​ក្លាយ​ជា​សមាជិក​សកម្ម ជា​មន្ត្រី​ថ្នាក់​ដឹក​នាំ​គណបក្ស​នយោបាយ​ណា​មួយ​បាន​ឡើយ ពីព្រោះ​ថា មន្ត្រី​យោធា នគរបាល​ជាតិ ជា​អ្នក​ទទួល​ខុស​ត្រូវ​សំខាន់​ផ្ទាល់​ក្នុង​ការ​រក្សា​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​នៃ​ដំណើរ​ការ​បោះ​ឆ្នោត។ រីឯ​មន្ត្រី​តុលាការ​វិញ នឹង​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​ដោះស្រាយ និង​កាត់​សេចក្ដី​លើ​បណ្ដឹង​ទាក់ទង​ការ​បោះ​ឆ្នោត។ ពិសេស​ទៅ​ទៀត មន្ត្រី​ជាន់​ខ្ពស់​យោធា នគរបាល និង​មន្ត្រី​តុលាការ​មួយ​ចំនួន បាន​ធ្វើ​ជា​សមាជិក​គណៈកម្មការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ល។

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) លោក អំ សំអាត បាន​លើក​ជា​សំណួរ​ថា តើ​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​នៅ​ប្រទេស​មួយ​ចំនួន​លើ​ពិភពលោក តើ​កើត​ឡើង​ដោយសារ​អង្គការ​សង្គម​ស៊ីវិល ឬ​ដោយ​មន្ត្រី​យោធា? លោក​បញ្ជាក់​ថា ការ​ផ្ដួល​រំលំ​នោះ ធ្វើ​ឡើង​ដោយ​មន្ត្រី​យោធា និង​កង​កម្លាំង​ប្រដាប់​អាវុធ។ តែ​ពេល​នេះ គណបក្ស​ទាំង​ពីរ បាន​គាប​សង្កត់​អង្គការ​សង្គម​ស៊ីវិល​ទៅ​វិញ។

អនុសាសន៍​មួយ​ចំនួន​ទៀត គឺ​ស្នើ​ឲ្យ​លុប​ចោល​មាត្រា​១៦០ ដើម្បី​រក្សា​អ្នក​សង្កេតការណ៍​ស្ម័គ្រ​ចិត្ត រក្សា​ត្រឹម​និយាម​បញ្ញត្តិ​នៅ​ជា​ធរមាន ព្រោះ​ការងារ​សង្កេត​ការណ៍​បោះ​ឆ្នោត គឺ​ជា​ការងារ​ស្ម័គ្រ​ចិត្ត ដែល​ត្រូវ​មាន​ការ​លើក​ទឹក​ចិត្ត ត្រូវ​មាន​ការ​ចូលរួម​ពី​ប្រជាពលរដ្ឋ ពិសេស​យុវជន ដោយ​មិន​ត្រូវ​ឋិត​នៅ​ក្រោម​សម្ពាធ ឬ​ការ​គំរាម​កំហែង​ចំពោះ​សកម្មភាព​ពួក​គេ​ទេ។ តែ​មាត្រា​១៦០ នេះ បើ​អ្នក​សង្កេត​ការណ៍​ផ្ដល់​ការ​ណែនាំ ឬ​ស្ដី​បន្ទោស​ដល់​មន្ត្រី​បោះ​ឆ្នោត ឬ​មន្ត្រី​រាប់​សន្លឹក​ឆ្នោត​ដែល​ក្លាយ​ជា​បទល្មើស និង​ត្រូវ​ទទួល​ការ​ផាក​ពិន័យ​ពី ១​លាន ទៅ ១០​លាន​រៀល​ទៅ​វិញ។ ស្នើ​ឲ្យ​លុប​មាត្រា​១៦២ ព្រោះ​មាត្រា​នេះ​បាន​ភ្ជាប់​បទល្មើស​របស់​បុគ្គល ឬ​តំណាង​របស់​គណបក្ស​នយោបាយ​ទៅ​ជា​បទល្មើស​របស់​គណបក្ស​នយោបាយ។ ការ​អនុវត្ត​មាត្រា​នេះ នឹង​ជួប​ហានិភ័យ​ខ្លាំង​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត តុលាការ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ដែល​មិន​ឯករាជ្យ នឹង​បង្ក​ទំនាស់​អំពី​លម្អៀង​នយោបាយ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋសភា លោក ឈាង វុន មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់។ ដូច្នេះ ការ​ស្នើសុំ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល មិន​មែន​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ទេ។ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ ឬ​សភា មិន​ចាំបាច់​ពិនិត្យ​មើល​អនុសាសន៍​ទាំង​នោះ​ទេ៖ «ពួក​អឺរ៉ា​ហ្នឹង​មិន​ មែន​ជា​តំណាង​ប្រជាពលរដ្ឋ​ទេ ហើយ​សង្គម​ស៊ីវិល​ហ្នឹង​ក៏​មិន​ទាន់​មាន​ច្បាប់​គ្រប់គ្រង​ផង។ អ៊ីចឹង​ស្អី​ដែល​គាត់​លើក យើង​មិន​យក​តាម​ទេ ព្រោះ​ពួក​យើង​ជា​តំណាង​ប្រជាពលរដ្ឋ នេះ​មិន​បាច់​គិត​ពិចារណា​ស្អី​ដែល​គាត់​លើក​ទេ។»

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​របស់ លោក ឈាង វុន មន្ត្រី​អង្កេត​ជាន់​ខ្ពស់​នៃ​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​កម្ពុជា លោក សំ គន្ធាម៉ី បញ្ជាក់​ថា អង្គការ​សង្គម​ស៊ីវិល គឺ​តំណាង​ឲ្យ​ប្រជាពលរដ្ឋ មិន​មែន​មាន​តែ​តំណាង​រាស្ត្រ ដូច លោក ឈាង វុន លើក​ឡើង​នោះ​ទេ។

ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក យ៉េង វីរៈ និង​ជា​សមាជិក​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត មាន​ប្រសាសន៍​ថា តំណាង​រាស្ត្រ​គណបក្ស​ទាំង​ពីរ​ត្រូវ​តែ​ពិនិត្យ​មើល​ពី​ប្រវត្តិសាស្ត្រ​ របស់​កម្ពុជា ពិសេស​នៅ​ក្នុង​របប​ខ្មែរ​ក្រហម ព្រោះ​ថា ការ​សម្រេច​ចិត្ត​របស់​តំណាង​រាស្ត្រ ឬ​ថ្នាក់​ដឹក​នាំ មិន​មែន​ជា​រឿង​ត្រូវ​ទាំងអស់​នោះ​ទេ។

ការ​ទាមទារ និង​ការ​ផ្ដល់​អនុសាសន៍​របស់​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ទៅ​គណបក្ស ​ជាប់​ឆ្នោត​ទាំង​ពីរ​នេះ បាន​ធ្វើ​ឡើង​ជាច្រើន​លើក​ច្រើន​សា​មក​ហើយ តែ​គណបក្ស​ទាំង​ពីរ​ហាក់​ដូចជា​មិន​ទទួល​យក​អនុសាសន៍​ពួក​គេ​ទាំង​ស្រុង​នោះ ​ឡើយ។ យ៉ាង​នេះ​ក្ដី ទោះ​បី​ជា​សភា​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ​នៅ​ថ្ងៃ​ទី​១៩ មីនា ក្ដី តែ​អង្គការ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពិនិត្យ​មើល​ឡើង​វិញ​ចំពោះ​ច្បាប់​នេះ មុន​នឹង​ប្រថាប់​ត្រា​ផ្ដល់​ភាព​ស្រប​ច្បាប់​ចំពោះ​ច្បាប់​នេះ ដែល​សភា និង​ព្រឹទ្ធសភា​បាន​អនុម័ត​នោះ។

ក្រៅ​ពី​នេះ​ទៀត អង្គការ​សង្គម​ស៊ីវិល នឹង​រៀបចំ​កិច្ច​ពិភាក្សា​ពិគ្រោះ​យោបល់​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក្នុង​ ពេល​ឆាប់ៗ​នេះ ដោយ​អញ្ជើញ​គ្រប់​ភាគី​ចូលរួម​ពិភាក្សា ដើម្បី​ឲ្យ​សេចក្ដី​ព្រាង​ច្បាប់​ដែល​កែប្រែ​ដោយ​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​ បោះ​ឆ្នោត​នោះ ប្រកប​ដោយ​អត្ថន័យ​ខ្លឹមសារ និង​គ្មាន​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព ដើម្បី​បង្ហាញ​ថា សេចក្ដី​ព្រាង​ច្បាប់​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​ទាំង​ពីរ ដើម្បី​បម្រើ​តែ​ផល​ប្រយោជន៍​គណបក្ស​ទាំង​ពីរ​តែ​ប៉ុណ្ណោះ៕



No comments:

Post a Comment