មេ បក្សប្រឆាំង ថា, បក្សទាំងពីរ បានបញ្ចប់ ភាពចម្រូងចម្រាស លើសេចក្ដី ព្រាងច្បាប់ បោះឆ្នោត
RFA / វិទ្យុ អាស៊ី សេរី | ១ មិនា ២០១៥
មេដឹកនាំ គណបក្ស ប្រឆាំង ឲ្យដឹងថា, គណបក្ស ប្រជាជនកម្ពុជា និងគណបក្ស សង្គ្រោះជាតិ បានបញ្ចប់ ជាស្ថាពរ នូវភាពចម្រូងចម្រាស លើចំណុច មួយចំនួន ដែលនៅ សេសសល់ ពីរការចរចាគ្នា របស់ ក្រុមដឹកនាំ នៃគណបក្ស ទាំងពីរ កាលពីថ្ងៃ ទី២៨ ខែកុម្ភៈ ទាក់ទិនទៅ នឹងការធ្វើ វិសោធនកម្ម នៃសេចក្ដីព្រាងច្បាប់ ស្ដីពី ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ។
តាមរយៈ សារអេឡិចត្រូនិក (Email) និងទំព័រ ហ្វេកប៊ុក (Facebook) របស់លោក សម រង្ស៊ី កាលពីយប់ថ្ងៃ ទី១ មីនា ឲ្យដឹងថា, ចំណុច សំខាន់ៗ, រួមមាន៖
ទី១, គឺ កិច្ចព្រមព្រៀងនេះ ជាជំហាន នយោបាយ ចុងក្រោយមួយ ឆ្ពោះរក ការអនុម័ត ដោយរដ្ឋសភា នូវច្បាប់ បោះឆ្នោត ថ្មីមួយ សម្រាប់ ការបោះឆ្នោត ឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោត ជាតិ ឆ្នាំ២០១៨;
ទី២, គឺ កិច្ចព្រមព្រៀងនេះ ក៏ជាដំណាក់កាល ចុងក្រោយមួយ ផងដែរ ដើម្បី បើកផ្លូវ ឲ្យរដ្ឋសភា អនុម័តច្បាប់ ថ្មី មួយទៀត ពាក់ព័ន្ធ នឹង ការបោះឆ្នោតដែរ, គឺ ច្បាប់ ស្ដីពី ការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) ដែលគណបក្ស ទាំងពីរ បានយល់ព្រម លើខ្លឹមសារ នៃសេចក្ដី ព្រាងច្បាប់នេះ ទាំងស្រុងហើយ;
ចំណុចទី៣ នៃកិច្ចព្រមព្រៀង បញ្ជាក់ថា, បន្ទាប់ ពីរដ្ឋសភា អនុម័តច្បាប់ ទាំងពីរ នេះហើយ, គណៈកម្មាធិការ អចិន្ត្រៃយ៍ នៃរដ្ឋសភា នឹងចាប់ផ្ដើម ជ្រើសរើស សមាជិក ចំនួន ៩ នៃគ.ជ.ប. ថ្មី ដែលជាវិធានការ នៃការអនុវត្ត លក្ខន្តិកៈថ្មី នៃគ.ជ.ប. ដូចដែលមានចែង ក្នុងរដ្ឋធម្មនុញ្ញ កាលពីថ្ងៃ ទី១ ខែតុលា ឆ្នាំ២០១៤។ ផ្អែកតាមលក្ខន្តិកៈនេះ គ.ជ.ប. ថ្មី នឹងមាន សមាជិក ៤រូប ពីខាងគណបក្ស ប្រជាជនកម្ពុជា, ៤រូបទៀត ពីខាង គណបក្ស សង្គ្រោះជាតិ, ហើយ ម្នាក់ទៀត ជាមនុស្សអព្យាក្រឹត ពីខាងសង្គមស៊ីវិល។
រីឯ ចំណុច ទី៤ គឺ ច្បាប់បោះឆ្នោត ថ្មីនេះ នឹងនាំ ឲ្យគណបក្ស ទាំងពីរ ធ្វើការ ជាមួយគ្នា ដើម្បី ធានា ការគោរព មូលដ្ឋានគ្រឹះ នៃគោលការណ៍ លទ្ធិប្រជាធិបតេយ្យ, ដូចជា៖
- សុក្រឹតភាព និងតម្លាភាព នៃដំណើរការ បោះឆ្នោត ដើម្បី ធានា នូវការ គោរពឆន្ទៈ របស់ ប្រជាពលរដ្ឋ;
- សេរីភាព នៃការបញ្ចេញមតិ របស់ ពលរដ្ឋ និងសង្គមស៊ីវិល;
- ហាម មិន ឲ្យមាន ការគំរាមកំហែង ផ្នែកនយោបាយ;
- ហាម ការទិញ សន្លឹកឆ្នោត; និង
- សមធម៌ ការធ្វើយុទ្ធនាការ ឃោសនា ការបោះឆ្នោត។
លទ្ធផលនៃការចរចានេះ គឺបានមកពីការធ្វើសម្បទានគ្នាទៅវិញទៅមកដែលគណបក្សទាំងពីរ កំពុងសម្រេចលើវាសនាប្រទេសជាតិ ហើយថា លទ្ធផលនេះគឺផ្លែផ្កាដ៏ប្រសើរនៃវប្បធម៌សន្ទនាគ្នាដែលគណបក្សទាំង ពីរបានចាប់យកទន្ទឹមគ្នាដើម្បីដោះស្រាយរាល់បញ្ហាដោយសន្តិវិធី ក្នុងគោលដៅបម្រើ និងការពារឧត្ដមប្រយោជន៍ជាតិ៕
No comments:
Post a Comment