ជនជាតិ វៀតណាម រស់នៅ លើបឹង ទន្លេសាប ស្នើសុំ បញ្ចុះតម្លៃ ឯកសារ ស្នាក់នៅ និងប្ដូរ ទីតាំងថ្មី
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិនា ២០១៥
ជនអន្តោប្រវេសន៍វៀតណាម រស់នៅលើផ្ទៃទឹកទន្លេក្នុងតំបន់ឆ្នុកទ្រូ តំបន់កំពង់ប្រាសាទ និងតំបន់ផ្សារឆ្នាំង ខេត្តកំពង់ឆ្នាំង នាំគ្នាផ្ដិតមេដៃ ៦៥៦នាក់ ដើម្បីភ្ជាប់នឹងពាក្យស្នើសុំទៅរដ្ឋសភាឲ្យជួយពួកគេ។ ពួកគេអះអាងថា រដ្ឋសភាកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ បានទទួលយកសំណើនេះ តែមិនព្រមបោះត្រាចូល ឬចុះហត្ថលេខាទេ ដោយមន្ត្រីធ្វើការនៅរដ្ឋសភាចង់ឲ្យដាក់ទៅក្រសួងមហាផ្ទៃ វិញ។
នៅក្នុងពាក្យស្នើសុំដែលវិទ្យុអាស៊ីសេរី ទទួលបានកាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៥ រៀបរាប់ថា ពួកយើងខ្ញុំជាជនជាតិវៀតណាម បានកើត និងរស់នៅលើទឹកដីកម្ពុជា តាំងពីមុនឆ្នាំ១៩៧០ ហើយអ្នកខ្លះត្រូវក្រុមខ្មែរក្រហមសម្លាប់ និងខ្លះបញ្ជូនទៅប្រទេសវៀតណាម វិញនៅឆ្នាំ១៩៧៥ តែក្រោយថ្ងៃរំដោះឆ្នាំ១៩៧៩ ពួកគាត់នាំគ្នាចូលមករស់នៅលើទឹកបឹងទន្លេសាបតាមទម្លាប់ក្នុង ខេត្តកំពង់ឆ្នាំង វិញ។
នៅក្នុងពាក្យស្នើសុំដដែលបន្តថា ចាប់តាំងពីឆ្នាំ១៩៨២ មក ការធ្វើជំរឿនកើតមានជាហូរហែ ហើយពួកគាត់បានបង់លុយប្រចាំឆ្នាំក្នុងតម្លៃមួយសមរម្យ។ តែក្រោយការចុះធ្វើជំរឿនរបស់នាយកដ្ឋានអន្តោប្រវេសន៍ថ្មីៗនេះ បានតម្រូវឲ្យបង់លុយថ្លៃប្រកាសក្នុងម្នាក់ចំនួន ២៥ម៉ឺនរៀល រយៈពេលពីរឆ្នាំម្ដង។ តំណាងពួកគាត់ចង់ឲ្យរដ្ឋាភិបាល ឬអាជ្ញាធរពាក់ព័ន្ធបញ្ចុះតម្លៃត្រឹម ១ម៉ឺនរៀលក្នុងមួយឆ្នាំ។
តំណាងជនជាតិវៀតណាម លោក ច្រឹង យ៉ាំងតាំង មានប្រសាសន៍ថា អ្នករស់នៅលើទឹកសញ្ជាតិវៀតណាម ទាំងអស់ មានការលំបាករកលុយបង់អាករចំនួន ២៥ម៉ឺនរៀល ដើម្បីបានរស់នៅបន្តក្នុងប្រទេសកម្ពុជា។ ក្រៅពីបញ្ហានេះ ពួកគាត់ក៏ប្រឈមនឹងការបណ្ដេញពីផ្ទៃទឹកឡើងគោក ដោយពួកគាត់ភាគច្រើនគ្មានសិទ្ធិ និងលទ្ធភាពទិញដីសង់លំនៅឋានរស់នៅក្បែរមាត់ទន្លេទេ៖ «ប៉ុន្តែ បងប្អូនខ្ញុំក្រីក្រណាស់! មិនអាចមានលុយទិញដីសម្រាប់ធ្វើលំនៅឋានដោយខ្លួនឯងបានទេ។ សូមរដ្ឋមានកន្លែងដីសម្បទានណាជិតមាត់ទន្លេរស់នៅផង ព្រោះអីបងប្អូនខ្ញុំរស់នៅនេសាទត្រី។ ដល់អ៊ីចឹងឲ្យឡើងទៅនៅធ្វើស្រែចម្ការអត់ចេះនៅទេ ទម្លាប់ពីមុនមក ហើយម្យ៉ាងទៀតខ្ញុំសូមធានាថា បងប្អូនខ្ញុំរស់នៅតាមដងទន្លេនេះមាន ៩៩ភាគរយហើយដែលកើតនៅកម្ពុជា ជាច្រើនជំនាន់មកហើយអត់មានអ្នកចំណូលមកថ្មីទេ។»
ទាក់ទងបញ្ហានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែងថា ជនបរទេសអន្តោប្រវេសន៍ទាំងអស់រស់នៅកម្ពុជា កំពុងឋិតនៅក្រោមការគ្រប់គ្រងច្បាប់អន្តោប្រវេសន៍ ហើយអ្នកទាំងនោះត្រូវមានកាតព្វកិច្ចបង់ប្រាក់ និងលក្ខណៈមួយចំនួនទៀតដែលច្បាប់តម្រូវ។ លោកថា ការបង់អាករស្នាក់នៅអចិន្ត្រៃយ៍សម្រាប់ជនបរទេសអន្តោប្រវេសន៍ម្នាក់ ក្នុងតម្លៃ ២៥ម៉ឺនរៀល គឺជាតម្លៃមួយសមរម្យ ដែលពីដើមឡើយតម្រូវឲ្យបង់រហូត ៥០ម៉ឺនរៀល ប៉ុន្តែមកដល់បច្ចុប្បន្នបានបន្ធូរបន្ថយមកនៅត្រឹម ២៥ម៉ឺនរៀល។
លោក ខៀវ សុភ័គ បញ្ជាក់ថា រដ្ឋាភិបាលបានគិតគូរដោះស្រាយបញ្ហាដោយឈរលើគោលការណ៍ច្បាប់ គោរពសិទ្ធិមនុស្ស ហើយក៏ឈរលើគោលការណ៍មនុស្សធម៌ដែរ ដោយមិនចង់ប៉ះដៃយកដៃ ប៉ះជើងយកជើងនោះទេ។ យ៉ាងណាលោកថា ការស្នើសុំដីសម្បទានសង្គមកិច្ចសម្រាប់ជនជាតិវៀតណាម រស់នៅលើគោកនោះ ក្នុងកាលៈទេសៈនេះមិនអាចធ្វើទៅរួចទេ ព្រោះអ្នកទាំងនោះកំពុងអនុវត្តកាតព្វកិច្ចតាមច្បាប់អន្តោប្រវេសន៍ នៅឡើយ៖ «ប៉ុន្តែឥឡូវនេះយើងកំពុងរៀបចំរៀបម៉េចឲ្យច្បាប់ការពារ គាត់សិន! ក្នុងពេលច្បាប់អន្តោប្រវេសន៍មិនការពារគាត់ គឺគ្មាននរណាអាចជួយគាត់បានទេក្នុងន័យហ្នឹង។ ហើយអ្នកខ្លះមានប្រកាសហើយតេ (ទូរស័ព្ទ) ទៅគាត់ ហើយក៏មិនព្រមមកយក គាត់ថាអត់មានលុយបង់។ គាត់អត់មានក្រដាសស្នាមអីបន្តិច ហើយទៅរកដីឲ្យគាត់នៅលើគោកណាកើត។»
ចំណែកអ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា ប្រសិនបើការស្នើសុំរបស់ជនជាតិវៀតណាម នេះមានប្រសិទ្ធភាព វានឹងមានបញ្ហាច្រើនដល់សង្គមកម្ពុជា ព្រោះអ្នកដែលមករស់នៅលើទឹកនេះសុទ្ធតែជាអ្នកខុសច្បាប់។ ដូច្នេះ រដ្ឋសភាត្រូវពិចារណាលើសំណើនេះឲ្យបានច្បាស់ ហើយរដ្ឋាភិបាលត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ និងច្បាប់សញ្ជាតិឲ្យបានត្រឹមត្រូវ មិនអាចយកអធិបតេយ្យភាពប្រទេសមួយ ហើយឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ធ្វើអ្វីស្រេចចិត្តបាននោះទេ៖ «ជា ដំណោះស្រាយទី១ យើងត្រូវសហការជាមួយនឹងរដ្ឋាភិបាលវៀតណាម និងអង្គការសហប្រជាជាតិ ដើម្បីរៀបចំបញ្ជូនជាបន្ទាន់នូវជនជាតិវៀតណាម ដែលរស់នៅខុសច្បាប់។ នៅក្នុងច្បាប់អន្តោប្រវេសន៍ គឺមានរហូតដល់ចាប់ដាក់ពន្ធនាគាររយៈពេលបីខែឯណោះ ប៉ុន្តែយើងអាចថាធ្វើការសហការគ្នា ដើម្បីរៀបចំបញ្ជូនជនជាតិហ្នឹងដោយសុវត្ថិភាព ហើយដោយការគោរពសិទ្ធិមនុស្ស។ ខ្ញុំគិតថាអាចទៅរួច ហើយប្រទេសយើងអាចជៀសផុតពីការរើសអើងជាតិ និងហានិភ័យសំខាន់ៗទៅថ្ងៃខាងមុខ។»
លោក កែម ឡី ថ្លែងថា ការរស់នៅលើទឹករបស់អន្តោប្រវេសន៍វៀតណាម បានប៉ះពាល់ធ្ងន់ធ្ងរដល់ទឹក ធនធានមច្ឆជាតិ និងបរិស្ថាន ប៉ុន្តែបើនាំយកអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ទាំងនោះឡើងគោកដោយមិនអនុវត្តច្បាប់អន្តោប្រវេសន៍ វារឹតតែខុសច្បាប់ទៅទៀត ព្រោះតាមច្បាប់ ត្រូវបញ្ជូនទៅតុលាការ ហើយបើរដ្ឋាភិបាលស៊ុមគ្រលុំជាមួយជនខុសច្បាប់នោះ រដ្ឋាភិបាលនឹងខុសច្បាប់ដែរ៕
No comments:
Post a Comment