គណបក្ស ទាំងពីរ នៅរក្សា ការសំងាត់ នៃសមាសភាព គ.ជ.ប. ថ្មី
ដូច ការគ្រោងទុក នៅល្ងាច ថ្ងៃចន្ទ ទី៦ មេសា ម្សិលម៉ិញនេះ, ភាគី គណបក្ស ប្រជាជនកម្ពុជា ដឹកនាំ ដោយលោក ស ខេង បានជួបពិភាក្សា ជាមួយ លោក សម រង្ស៊ី ប្រធាន គណបក្ស សង្គ្រោះជាតិ នៅឯវិមាន រដ្ឋសភា។ កិច្ចពិភាក្សា បានផ្តោត ទៅលើ ការជ្រើសរើស សមាសភាព គ.ជ.ប. ថ្មី រួមទាំង ការកំណត់ តួនាទី ប្រធាន និងអនុប្រធាន នៃស្ថាប័ន រៀបចំ ការបោះឆ្នោត ជាតិ ថ្មី នេះ។ ប៉ុន្តែ កិច្ចប្រជុំ កាលពីថ្ងៃ ម្សិលម៉ិញ ភាគី ទាំងពីរ បានរក្សា ការសម្ងាត់ នៃសមាសភាព គ.ជ.ប. ថ្មី រហូត ដល់ជំនួប លើកក្រោយ នឹងធ្វើឡើង នៅថ្ងៃ ទី៨ មេសា ខាងមុខ។
នៅក្រោយកិច្ចប្រជុំកាលពីល្ងាចថ្ងៃចន្ទទី៦មេសាម្សិលម៉ិញ ភាគីគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ស ខេង ប្រធានក្រុមតំណាងរាស្ត្រមតិភាគច្រើននៅរដ្ឋសភា និងលោក សម រង្ស៊ី ប្រធានក្រុមតំណាងរាស្ត្រមតិភាគតិចនៅរដ្ឋសភា បានផ្តោតទៅលើសមាសភាព សមាជិក គជប ថ្មី ទាំង៩នាក់ ក៍ប៉ុន្តែ ភាគីទាំងពីរនៅតែរក្សាការសម្ងាត់ មុនពេលការជួបគ្នាជាថ្មី ដែលគ្រោងនឹងធ្វើឡើងនៅល្ងាចថ្ងៃទី៨ខែមេសាខាងមុខ។
សូមបញ្ជាក់ថា កិច្ចប្រជុំដែលធ្វើឡើងដោយមានសមាសភាពបីនាក់ម្ខាងនេះ ភាគីគណបក្សគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ស ខេង អមដោយមន្ត្រីជាន់ខ្ពស់ពីររូបទៀត គឺលោក គាត ឈន់ និងលោកស្រី ម៉ែន សំអន។ ចំណែកឯភាគីខាងគណបក្សសង្គ្រោះជាតិដឹកនាំដោយលោក សម រង្ស៊ី និងអមដោយ លោក កឹម សុខា អនុប្រធាន និងលោក យឹម សុវណ្ណ។
ការប្រជុំពិភាក្សាបានធ្វើឡើង នៅក្រោយពេលដែល រដ្ឋសភាបានបិទបញ្ចប់ការទទួលពាក្យស្នើសុំបេក្ខភាពជាសមាជិក គជប ថ្មីនៅប្រមាណជាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៦មេសា។ តាមគំរោង ភាគីទាំងពីរនឹងជួបគ្នាជាថ្មីនៅថ្ងៃទី៨មេសាខាងមុខ បន្ទាប់មកគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងប្រជុំនៅថ្ងៃទី៩ មេសា មុនពេលរដ្ឋសភាពបើកកិច្ចប្រជុំពេញអង្គដើម្បីអនុម័ត សមាសភាព គជប ថ្មីនៅថ្ងៃទី១៣មេសា។ អ្វីដែលគេដឹងពីសមាសភាព គជប ថ្មី នៅពេលនេះ គឺលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិអង្គការសង្កេតការបោះឆ្នោតនិចហ្វិច និងលោក គួយ ប៊ុនរឿន មកពីគណបក្សសង្គ្រោះជាតិ៕
No comments:
Post a Comment