Paris Peace Accords 23 Oct. 1991

Tuesday, April 7, 2015

លោក​ កឹម សុខា​ មិនទាន់​ប្រាកដ​ ថា, នឹង​ចូល​តុលាការ​ តាម​ដីកា​ ថ្ងៃទី៨ មេសា​ ឬ​អត់​​ទេ | Kem Sokha uncertain whether attend court on April 8

លោក​ កឹម សុខា​ មិនទាន់​ប្រាកដ​ ថា, នឹង​ចូល​តុលាការ​ តាម​ដីកា​ ថ្ងៃទី៨ មេសា​ ឬ​អត់​​ទេ

media 
លោក កឹម សុខា ពេលចូលទៅបំភ្លឺនៅតុលាការក្រុង ថ្ងៃទី ២៥ កក្កដា ឆ្នាំ ២០១៤។RFI/Siv Channa

រហូត ដល់ថ្ងៃ​ចន្ទ​នេះ លោក កឹម ​សុខា អនុប្រធាន ​ទី១ រដ្ឋសភា និង​ជា​អនុប្រធាន គណបក្ស​ សង្គ្រោះ​ជាតិ មិនទាន់​សម្រេច ថា, នៅ​ថ្ងៃ ទី៨ មេសា លោក ​ត្រូវ​ ចូលខ្លួន ទៅកាន់​តុលាការ ​រាជធានី​ ភ្នំពេញ តាម​ដីកា​កោះហៅ ឬ​យ៉ាងណា​ នៅឡើយ​ទេ។  នេះ​ បើ តាម​មេធាវី លោក ចាន់ ចេង។  លោក​ កឹម​ សុខា ត្រូវ បាន​តុលាការ កោះហៅ ទៅ​សាកសួរ​ ក្នុង​សំណុំរឿង​ បាតុកម្ម ក្រោយ​ការបោះឆ្នោត ឆ្នាំ២០១៣។  សំណុំរឿង​ក្តី​នោះ កាលពីដើម ឆ្នាំ២០១៤, លោក​ កឹម​ សុខា បាន​ចូល​បំភ្លឺ​ តុលាការ ជាមួយ​ លោក ​សម រង្ស៊ី និង​លោក ​រ៉ុង​ ឈុន ម្តង​រួច មកហើយ។

ថ្ងៃទី៨មេសា ជា​ថ្ងៃ​កំណត់ ដែល​តុលាការ​រាជធានី​ភ្នំពេញ កោះអញ្ជើញ​លោក​កឹម​សុខា ចូល​ឆ្លើយបំភ្លឺ​ផ្ទាល់មាត់ ជាថ្មីទៀត។ ទោះបីជា​ដីកាកោះ មិន​បញ្ជាក់ថា លោក​កឹម​សុខា ត្រូវ​បំភ្លឺ ពាក់ព័ន្ធ​សំណុំរឿង​អ្វី ប៉ុន្តែ​អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ អះអាងថា ការសាកសួរ​លោក​កឹម​សុខា លើក​នេះ ពាក់ព័ន្ធ​នឹង​សំណុំរឿង​បាតុកម្ម កើត​អំពើហិង្សា នៅក្រោយ​ថ្ងៃ​បោះឆ្នោត ឆ្នាំ២០១៣ ព្រមទាំង​បាតុកម្ម នៅ​ទីលាន​ប្រជាធិបតេយ្យ ថ្ងៃ១៥កក្កដា ឆ្នាំ២០១៤។

រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ ទី៦មេសា លោក ចាន់ ចេង មេធាវី​ការពារ​ក្តី​លោក​កឹម​សុខា បាន​ឲ្យ​ដឹងថា លោក​មិនទាន់​ជួប​ជាមួយ​កូនក្តី ហើយ​មិនដឹងថា នៅ​ថ្ងៃទី៨មេសា លោក​កឹម​សុខា សព្វថ្ងៃ ជា​អនុប្រធាន​ទី១រដ្ឋសភា និង​ជា​អ្នកតំណាងរាស្ត្រ ដែលមាន​អភ័យឯកសិទ្ធិសភា ចូល​បំភ្លឺ​តុលាការ តាម​ដីកាកោះ​អញ្ជើញ ឬ​មិន​ចូល​នោះទេ។

លោក​មេធាវី បន្ថែមថា ដីកាកោះ​អញ្ជើញ​របស់​តុលាការ ទាំង​មេធាវី និង​ទាំង​ខុទ្ទកាល័យ​លោក​កឹម​សុខា បានទទួល​រួចហើយ។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី៦មេសា លោក មុត ចន្ថា ប្រធាន​ខុទ្ទកាល័យ​លោក​កឹម​សុខា មិនអាច​ទាក់ទង​បានទេ។

ចំណែក​លោក អំ សំអាត សកម្មជន​ការពារ​សិទ្ធិមនុស្ស អង្គការ លីកាដូ យល់ថា ក្នុង​កាលៈទេសៈ​ពេលនេះ តុលាការ​អាច​សាកសួរ​លោក​កឹម​សុខា បាន តែបើ​ត្រូវ​ចោទប្រកាន់ ឬក៏​ឃាត់ខ្លួន គឺ​ត្រូវ​ស្នើ​ឲ្យ​រដ្ឋសភា ព្យួរ​អភ័យឯកសិទ្ធិសភា​តំណាងរាស្ត្រ​របស់លោក​កឹម​សុខា ដែល​ត្រូវការ​សំឡេងគាំទ្រ​យ៉ាងតិច ២ ភាគ ៣ នៃ​សមាជិក​រដ្ឋសភា សរុប ១២៣ រូប។

យ៉ាងណាក៏ដោយ សកម្មជន​សិទ្ធិមនុស្ស លោក អំ សំអាត មើលឃើញថា រឿងក្តី​កោះអញ្ជើញ​សាកសួរ​លោក​កឹម​សុខា ជាថ្មីទៀត នៅ​ថ្ងៃ៨មេសា គឺជា​រឿង​នយោបាយ ហើយ​តុលាការ បាន​ដំណើរការ​សំណុំរឿង​ក្តី​នោះ បន្ទាប់ពី​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុនសែន។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុនសែន ថ្មីៗនេះ បានប្រកាសថា លោក​កឹម​សុខា ជា​មេក្លោង ដឹកនាំ​កម្លាំង​មហាជន ធ្វើ​បដិវត្ត​ពណ៌ មិនបាន​សម្រេច ក្នុងការ​ផ្តួលរំលំ​រដ្ឋា​ភិ​បាល នៅក្រោយ​ការបោះឆ្នោត។

ក៏ប៉ុន្តែ​លោក​កឹម​សុខា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បដិសេធ​រួចហើយ​ថា បាតុកម្ម​ក្រោយ​ការបោះឆ្នោត ដែល​ប៉ូលិស​ប៉េអឹម​អាជ្ញាធរ បាញ់​បង្ក្រាប បណ្តាល​ឲ្យ​ស្លាប់ របួស​បាតុករ និង​ខូចខាត​ទ្រព្យសម្បត្តិ​រោងចក្រ​កាត់ដេរ​ផង​នោះ មិនមែនជា​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល ដូច​ការចោទប្រកាន់​ឡើយ៕





No comments:

Post a Comment