Paris Peace Accords 23 Oct. 1991

Wednesday, April 8, 2015

ក្រុម​អង្គការ​ មិន​មែន​ រដ្ឋាភិបាល​ ទាមទារ​ ឲ្យ​មាន ​សមភាព ​យេនឌ័រ ​ក្នុង​គ.ជ.ប​. ថ្មី | Civil society demands gender-sensitive composition of new NEC

ក្រុម​អង្គការ​ មិន​មែន​ រដ្ឋាភិបាល​ ទាមទារ​ ឲ្យ​មាន ​សមភាព ​យេនឌ័រ ​ក្នុង​គ.ជ.ប​. ថ្មី

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ មេសា ២០១៥

ស្ត្រី​ក្នុង​គ.ជ.ប ៦២០
ក្រុម​បណ្ដាញ​ស្ត្រី​លើក​បដា​ស្នើសុំ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​ពីរ ធានា​សមភាព​រវាង​ស្ត្រី និង​បុរស​ក្នុង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត នៅ​ថ្ងៃ​ទី​៧ ខែ​មេសា ឆ្នាំ​២០១៥។  Photo courtesy of CPWP

ក្រុម​បណ្ដាញ​ស្ត្រី​ ដែល​មក​ពី​អង្គការ និង​សមាគម​ជិត ១០​ស្ថាប័ន ធ្វើ​ការងារ​ លើក​ស្ទួយ​ សិទ្ធិ​ស្ត្រី ស្នើ​ ឲ្យ​គណបក្ស​ នយោបាយ ​ទាំង​ពីរ ដែល​មាន​ អាសនៈ ​ក្នុង​សភា ធ្វើ​យ៉ាង​ណា ​ឲ្យ​មាន​ សមភាព ​រវាង ​បុរស និង​ស្ត្រី​ នៅ​ក្នុង​ក្បាល​ម៉ាស៊ីន​ ដឹក​នាំ​ គណៈកម្មាធិការ ​ជាតិ​ រៀបចំ​ ការ​បោះ​ឆ្នោត។

ពួក​គេ​នាំ​គ្នា​ជិះ​រ៉ឺម៉ក​កង់​បី​មាន​បដា ទាមទារ​សមភាព​យេនឌ័រ​ក្នុង គ.ជ.ប. និង​មាន​ក្រុម​របាំ​ត្រុដិ​ដែល​បង្ហាញ​ថា នេះ​ជា​យុទ្ធនាការ​ធ្វើ​ឲ្យ​ស្រប​នឹង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ កំពុង​ខិត​មក​ដល់។ ស្រប​ពេល​នៃ​ការ​ទាមទារ​នេះ បញ្ជី​របស់​រដ្ឋសភា​បង្ហាញ​ថា មាន​ស្ត្រី​តែ​មួយ​រូប​គត់​បាន​ដាក់​ពាក្យ​ជា​បេក្ខនារី​ចូលរួម​ក្នុង​ការ​ ជ្រើស​រើស​សមាជិក គ.ជ.ប។

ការ​ទាមទារ​រក​សមភាព​ក្នុង គ.ជ.ប របស់​ក្រុម​បណ្ដាញ​ស្ត្រី ធ្វើ​ឡើង​តាម​រយៈ​ការ​ដាក់​ញត្តិ​របស់​ពួក​គេ​ទៅ​ស្ថាប័ន​ចំនួន​៣ រួម​មាន​រដ្ឋសភា ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា និង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មេសា ប៉ុន្តែ​ពួក​គេ​ត្រូវ​កង​កម្លាំង​អាជ្ញាធរ​រារាំង​មិន​ឲ្យ​ចូល​ទៅ​ខាង​មុខ​ រដ្ឋសភា​ឡើយ។ ចំណែក​ផ្លូវ​នៅ​ខាង​មុខ​រដ្ឋសភា ក៏​បិទ​មិន​ឲ្យ​មាន​ចរាចរ​ចេញ​ចូល​បាន​ស្រួល​ឡើយ។ នៅ​តាម​ផ្លូវ​ពី​រដ្ឋសភា​មក​កាន់​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​អាជ្ញាធរ​រារាំង ដោយ​ហាម​ប្រាម​មិន​ឲ្យ​ក្រុម​នេះ​ហែ​ក្បួន​រ៉ឺម៉ក​កង់​៣។

ក្រុម​ដដែល​នេះ ក៏​ហួស​ទៅ​ដាក់​ញត្តិ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​ទីនោះ ពួក​គេ​បាន​រាំ​ត្រុដិ​ជូនពរ​ឆ្នាំ​ថ្មី និង​បណ្ដេញ​ឧបទ្រព​ចង្រៃ​នៅ​ខាង​មុខ​គណបក្ស។ បន្ទាប់​មក ពួក​គេ​បាន​ព្យាយាម​ចូល​ទៅ​ខាង​មុខ​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​ក៏​ត្រូវ​រារាំង និង​ត្រូវ​កង​កម្លាំង​អាជ្ញាធរ​បណ្ដេញ​ចេញ។ ក្រុម​អ្នក​កាសែត ក៏​ត្រូវ​បណ្ដេញ​មិន​ឲ្យ​យក​ព័ត៌មាន ឬ​ថត​រូប​នៅ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​គណបក្ស​នេះ​ឡើយ។

ក្រុម​អ្នក​ដាក់​ញត្តិ បាន​សម្រេច​បញ្ចប់​ការ​ដាក់​ញត្តិ និង​បំបែក​គ្នា​ទៅ​តាម​ទីតាំង​រៀងៗ​ខ្លួន។ ក្រុម​អាជ្ញាធរ​អះអាង​ថា ក្រុម​នេះ​ហែ​ក្បួន​ក្នុង​ក្រុង​ដោយ​ពុំ​មាន​ការ​អនុញ្ញាត​ពី​សមត្ថកិច្ច។

នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​សីលការ និង​ជា​ប្រធាន​គណៈកម្មាធិការ​លើក​ស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អ្នកស្រី ធីតា ឃិះ មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្រោយ​ការ​ដាក់​ញត្តិ​ថា តាម​មើល​គណបក្ស​ទាំង​ពីរ​បាន​សម្រេច​សមាសភាព គ.ជ.ប នោះ​រួច​ហើយ ទើប​មិន​ទទួល​ញត្តិ​របស់​ក្រុម​អ្នកស្រី៖ «ការ​សម្រេច​របស់​គេ​រួច​ទៅ​ ហើយ ចឹង​គេ​ពិបាក​នឹង​មក​ឆ្លើយ​ជាមួយ​យើង បាន​ជា​អត់​ជួប​យើង ព្រោះ​ជា​ការងារ​មួយ​ដែល​គេ​ដោះស្រាយ​រឿង​បញ្ហា​នយោបាយ គឺ​គេ​សម្រេច​ចិត្ត​រួច​ហើយ។»

ក្នុង​ញត្តិ​របស់​ក្រុម​បណ្ដាញ​ស្ត្រី បាន​ស្នើ​នូវ​ចំណុច​សំខាន់​ពីរ រួម​មាន បើ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ត្រី ឬ​បុរស នោះ​អនុប្រធាន​ត្រូវ​ជា​ភេទ​ផ្ទុយ​គ្នា ហើយ​ក្នុង​ចំណោម​សមាជិក ៤​រូប​នៃ គ.ជ.ប ដែល​ជ្រើសរើស​ដោយ​គណបក្ស​នីមួយៗ ត្រូវ​មាន​ស្ត្រី​យ៉ាង​តិច​ពី ១ ទៅ ២​រូប។

តំណាង​រាស្ត្រ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មាន​ប្រសាសន៍​ថា លោក​គាំទ្រ​សំណើ​របស់​អង្គការ​មិន​មែន​រដ្ឋាភិបាល ប៉ុន្តែ​លោក​ពុំ​ឃើញ​មាន​ស្ត្រី​ដាក់​ពាក្យ​ច្រើន​ឡើយ ដែល​ពិបាក​នឹង​ជ្រើសរើស៖ «ខ្ញុំ​មើល​ទៅ​ប្រហែល​ជា​គាត់​មាន​លក្ខណៈ​ សម្បត្តិ​មិន​គ្រប់គ្រាន់ ដែល​មាន​ចែង​ក្នុង​ច្បាប់។ អ៊ីចឹង​មាន​តែ​ម្នាក់​ទេ នេះ​ជា​សិទ្ធិ​សម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ តើ​គាត់​រើស​នារី ឬ​អត់? ព្រោះ​កូតា ៤ៗ​ពី​បក្ស​ទាំង​២។»

ក្នុង​បញ្ជី​របស់​រដ្ឋសភា បង្ហាញ​ថា ក្នុង​ចំណោម​បេក្ខជន​សរុប ២៤​រូប មាន​ស្ត្រី​តែ​មួយ​រូប​គត់​ចូលរួម គឺ​អ្នកស្រី តែ ម៉ានីរ៉ុង។

អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា លទ្ធផល​នៃ​ការ​ជ្រើសរើស​នេះ​យ៉ាង​ណា គឺ​ឋិត​ក្នុង​ការ​ពិភាក្សា​នៅ​ឡើយ៖ «សំណួរ៖ ឃើញ​ថា​ស្ត្រី​មាន​តែ​ម្នាក់​ទេ​ដែល​ចុះ​ឈ្មោះ តើ​គាត់​អាច​ជ្រើសរើស​ដែរ​ទេ? ចម្លើយ៖ បាទ នឹង​ជូន​ព័ត៌មាន​នៅ​ថ្ងៃ​ស្អែក នៅ​ក្រោយ​ពេល​មេ​ដឹក​នាំ​តំណាង​រាស្ត្រ​គណបក្ស​ទាំង​២។ ជា​គោលការណ៍ គឺ​យើង​គាំទ្រ​ស្ត្រី។»

យ៉ាង​ណា មន្ត្រី​នៃ​គណៈកម្មាធិការ​ខុមហ្រ្វែល (COMFREL) អ្នកស្រី សឺន កេតសេរីលក្ខណ៍ មាន​ប្រសាសន៍​ថា ពុំ​ខ្វះ​ទេ​ស្ត្រី​ដែល​មាន​សមត្ថភាព។ ផ្ទុយ​ទៅ​វិញ គឺ​ពួក​គេ​ពុំ​ទទួល​បាន​ការ​ផ្ដល់​ឱកាស និង​ការ​លើក​ទឹក​ចិត្ត​ពី​គណបក្ស៖ «ឫសគល់​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​រឿង​ ស្ត្រី ចាប់​ផ្ដើម​ពី​ការ​អនុម័ត​ច្បាប់​បោះ​ឆ្នោត រៀបចំ​សមាសភាព គ.ជ.ប ពី​ថ្នាក់​លើ​ដល់​ថ្នាក់​ក្រោម។ តើ​ពួក​គាត់​បាន​យក​ចិត្ត​ទុក​ដាក់​ពី​ចំនួន​ស្ត្រី​ហើយ​ឬ​នៅ? អ៊ីចឹង​អ្នក​បោះ​ឆ្នោត​ទាំងអស់​ទាំង​បុរស​ស្ត្រី ជាពិសេស​ស្ត្រី​អាច​ពិចារណា​ថា ថ្ងៃ​បោះ​ឆ្នោត​យើង​គួរ​បន្ត​ការ​គាំទ្រ​គណបក្ស​ទាំង​ហ្នឹង​ទៀត​អត់ បើ​ពួក​គាត់​នៅ​តែ​មិន​អើពើ​ការ​ចូលរួម​របស់​ស្ត្រី ហើយ​កុំ​និយាយ​ពី​រឿង​គ្មាន​ស្ត្រី​អ្នក​ពូកែ​ធ្វើ​ការងារ​អី កុំ​និយាយ ជា​លេស​របស់​ពួក​គាត់​ដែល​គិត​តែ​ពី​យក​អំណាច​ដើម្បី​គ្រប់គ្រង​រដ្ឋ។»

ក្រុម​អង្គការ​ទាំង​នោះ​មើល​ឃើញ​ថា ខ្វះ​ស្ត្រី​ក្នុង​សមាសភាព គ.ជ.ប និង​ជំរុញ​ឲ្យ​ចំនួន​ស្ត្រី​ចូលរួម​ឈរ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តែ​តិច ធ្វើ​ឲ្យ​ស្ត្រី​ក្នុង​តួនាទី​ធ្វើ​សេចក្ដី​សម្រេច​ក៏​តិច ដែល​ធ្វើ​ឲ្យ​បញ្ហា​ស្ត្រី និង​កុមារ​នៅ​តែ​មិន​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឲ្យ​បាន​ពេញលេញ។ ការ​ទាមទារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​នេះ គឺ​នៅ​មួយ​ថ្ងៃ​មុន​ពេល​តំណាង​គណបក្ស​ទាំង​ពីរ​ជួប​គ្នា​ជា​ថ្មី ដើម្បី​សម្រេច​ពី​សមាសភាព​របស់ គ.ជ.ប ហើយ​ដែល​លទ្ធផល​នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​មេសា៕



No comments:

Post a Comment