Paris Peace Accords 23 Oct. 1991

Wednesday, April 8, 2015

លោក កឹម សុខា ប្រកាស​​ ចូល​ទៅ​​ ឆ្លើយ​បំភ្លឺ​​ តាម​ដីកា កោះហៅ ​របស់ ​តុលាការ | Kem Sokha declares he will adhere to summons to clarify in court

លោក កឹម សុខា ប្រកាស​​ ចូល​ទៅ​​ ឆ្លើយ​បំភ្លឺ​​ តាម​ដីកា កោះហៅ ​របស់ ​តុលាការ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៧ មេសា ២០១៥

កឹម សុខា ៦១០
លោក កឹម សុខា អនុប្រធាន​ គណបក្ស​ សង្គ្រោះជាតិ នៅ​មុខ​ សាលា​ដំបូង ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ ទី២៥ ខែ​កក្កដា ឆ្នាំ ២០១៤។  RFA/Tin Zakariya

អនុ​ប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ប្រកាស​ថា, លោក ​នឹង​ចូល​ទៅ​បំភ្លឺ​ តាម​ដីកា​កោះ ​របស់​ សាលា​ដំបូង​ រាជធានី​ភ្នំពេញ ដូច​ការ​គ្រោង​ទុក។

នៅ​មុន ​៣​ថ្ងៃ​ នៃ​ការ​ចូល​បំភ្លឺ​ របស់​ អនុប្រធាន ​ទី​១​ នៃ​រដ្ឋសភា​នេះ មាន​ខ្សែ​អាត់ ​វីដេអូ​មួយ ដែល​ផលិត​ ដោយ​រដ្ឋាភិបាល បាន​ចាក់​ផ្សាយ​ យ៉ាង​ខ្ទរខ្ទារ តាម​រយៈ ​ទូរទស្សន៍ ​ក្នុង​ស្រុក។  មន្ត្រី​នាំ​ពាក្យ​ ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ថ្លែង​ថា, គោល​បំណង ​នៃ​ការ​ចាក់​ផ្សាយ​នេះ គឺ​ ស្នើ​ ឲ្យ​តុលាការ​ ពិចារណា ​ចំពោះ​ បទ​ចោទ​ប្រឆាំង ​មន្ត្រី​ជាន់​ខ្ពស់ ​នៃ​គណបក្ស​ សង្គ្រោះ​ជាតិ។

ប្រហែល​ ជា​លោក កឹម សុខា ខ្លួន​ឯង​ យល់​ថា មិន​បាន ​ប្រព្រឹត្ត​បទ​ល្មើស​ ដូច​ការ​ចោទ​ប្រកាន់​ របស់ ​តុលាការ​ ហើយ​ មើល​ទៅ បាន​ជា​លោក ​ចិត្ត​សឿង​ហ៊ាន ​ប្រថុយ ​ចូល​តុលាការ ដោយ​មិន​ចាំបាច់​ គិតគូរ​​ ពី​ការ​ចាប់​ខ្លួន ថែម​ទាំង ​​ខ្លួន​លោក​ផ្ទាល់ ​កំពុង​ មាន​អភ័យ​ឯកសិទ្ធិ​ ដែល​មាន ​ធានា​ ដោយ​ច្បាប់​ នៅ​​ឡើយ​ផង។

នៅ​ក្នុងគណនេយ្យ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​លោក​ផ្ទាល់ ដែល​បាន​ចុះ​ផ្សាយ​ជា​សាធារណៈ នៅ​ថ្ងៃ​ទី​៧ មីនា លោក កឹម សុខា បញ្ជាក់​ជំហរ​ថា លោក​នឹង​ចូល​ទៅ​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ដូច​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​៨ មេសា។
ការ​ចូល​បំភ្លឺ​ជា​ថ្មី​ទៀត​របស់​លោក កឹម សុខា នៅ​ពេល​នេះ គឺ​ជា​ការ​ឆ្លើយ​តប​តាម​ដីកា​របស់​​​តំណាង​អយ្យការ​នៃ​សាលាដំបូង​រាជធានី​ ភ្នំពេញ លោក លី សុផាណា ដែល​បាន​ចេញ​ដីកា​កោះ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មីនា កន្លង​ទៅ​នេះ។

លោក មុត ចន្ថា នាយក​ខុទ្ទកាល័យ​របស់​លោក កឹម សុខា ថ្លែង​ថា ការ​ចូល​បំភ្លឺ​របស់​អនុ​ប្រធាន​ទី​មួយ​នៃ​រដ្ឋ​សភា​នេះ មិន​ដឹង​ជា​ឋានៈ​ជា​អនុ​ប្រធាន​បក្ស ឬ​ក្នុង​នាម​ជា​អនុប្រធាន​ទី​មួយ​នៃ​រដ្ឋសភា​ទេ ព្រោះ​ដីកា​មិន​បាន​បញ្ជាក់​ពី​តួនាទី​អ្វី​ឡើយ។

យ៉ាង​ណា​ក្រុម​អ្នក​ច្បាប់​យល់​ឃើញ​ថា បើ​ទោះ​ជា​លោក កឹម សុខា ចូល​បំភ្លឺ​ក្ដី បើ​ផ្អែក​តាម​គោលការណ៍​ច្បាប់​អនុ​ប្រធាន​គណបក្ស​នេះ នឹង​ពុំ​មាន​ធាតុផ្សំ​នៃ​បទល្មើស​ណា​មួយ​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចោទ​ ប្រកាន់ និង​ចាប់​ឃុំ​ខ្លួន​ទេ។ បើ​ទោះ​ជា​បែប​ណា គេ​សង្កេត​ឃើញ​​ថា តុលាការ​តែង​ចាត់វិធាន​ភ្លាមៗ ប្រសិន​បើ​​មាន​ប្រតិកម្ម​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ មាន​សំណុំរឿង​មួយ​ចំនួន​ត្រូវ​បាន​តុលាការ​រៀបចំ​បាន​យ៉ាង​ឆាប់​រហ័ស ដូច​ជា​សំណុំ​រឿង​លោក ឧកញ៉ា ថោង សារ៉ាត់ ជាដើម រហូត​ធ្វើ​ឲ្យ​របូត​កៅអី​របស់​លោក អាំង មាលតី ប្រធាន​តុលាការ​ក្រុង​ថែម​ទៀត​ផង។

លោក ហុង គឹមសួន មេធាវី​ការពារ​ក្ដី​របស់​អង្គការ​ក្រុម​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា យល់​ឃើញ​ថា តុលាការ​នឹង​មិន​អាច​ចោទ​ប្រកាន់​ប្រឆាំង​លើ​លោក កឹម សុខា បាន​ទេ ព្រោះ​ការ​កំណត់​ធាតុ​ផ្សំ​នៃ​បទ​ល្មើស​ដែល​អាច​ឈាន​ដល់​ការ​ចោទ​ប្រកាន់​ទៅ ​បាន លុះ​ត្រា​តែ​អ្នក​ប្រព្រឹត្ត​បទល្មើស​បាន​រៀបចំ​គ្រប់គ្រាន់ និង​មាន​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ ជា​ពិសេស ថែម​ទាំង​រក​ឃើញ​នៃ​វត្ថុ​តាំង​ទៀត​ផង ប៉ុន្តែ​គ្រាន់​តែ​សម្ដី​វា​ពុំ​មាន​ទៅ​ជា​បទ​ល្មើស​បាន​ទេ។ លោក​បន្ត​ថា «ធាតុ ​ផ្សំ​នៃ​បទល្មើស​បើ​ពាក្យ​ថា​ផ្ដួល​រំលំ​រដ្ឋាភិបាល​មួយ វា​ត្រូវ​មាន​ការ​បង្កើត​ជា​ទ័ព ឬ​ជា​កម្លាំង ឬ​ក៏​ជា​រចនាសម្ព័ន្ធ​គ្រោង​ទុក។ គេ​ហៅ​ថា​វិធានការ​ទាំង​ឡាយ​ទាំង​ប្រដាប់​អាវុធ មិន​ប្រដាប់​អាវុធ។ គ្រប់​ស្ថាប័ន ហើយ​ដែល​ប៉ុនប៉ង​ថា​នឹង​ផ្ដួល​រំលំ​រដ្ឋាភិបាល អា​ហ្នឹង​ទើប​ចោទ​ប្រកាន់​អំពី​បទ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល។»

បើ​ទោះ​ជា​បែប​ណា ការ​ចូល​បំភ្លឺ​ជា​ថ្មី​ម្ដង​ទៀត​នៅ​ពេល​នេះ​របស់​លោក កឹម សុខា ធ្វើ​ឡើង​មុន ៣​ថ្ងៃ នៃ​ខ្សែ​អាត់​វីដេអូ រយៈពេល​ជិត ៣០​នាទី​មួយ ដែល​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន កាល​ពី​ថ្ងៃ​៥ មេសា។ រូបភាព​ដែល​ស្រង់​សម្ដី​ឡើង​វិញ​របស់​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​សារ​នយោបាយ​នៅ​សហរដ្ឋអាមេរិក អំពី​រឿង​ផ្លាស់ប្ដូរ​មិន​បាន​សម្រេច​នោះ ក៏​មាន​ចាក់​រូបភាព​អម​ដោយ​យុទ្ធនាការ​ធ្វើ​បាតុកម្ម​ក្រោយ​ពេល​បោះ​ឆ្នោត​ ឆ្នាំ​២០១៣ ផង​ដែរ។

លោក ទិត សុធា មន្ត្រី​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ព្យាយាម​ដាក់​បន្ទុក​ប្រឆាំង​លោក កឹម សុខា តែ​ម្នាក់​គត់​នៅ​ពេល​នេះ គឺ​ដោយ​ផ្អែក​លើ​សកម្មភាព និង​សម្ដី​ចុង​ក្រោយ​របស់​លោក កឹម សុខា ដែល​ចង់​ផ្លាស់ប្ដូរ​រដ្ឋាភិបាល​តាម​រយៈ​ចលនា នៃ​កម្លាំង​បាតុកម្ម​មហាជន។ លើស​ពី​នេះ លោក កឹម សុខា ពុំ​ដែល​បាន​គោរព​កិច្ចព្រមព្រៀង ថ្ងៃ​២២ កក្កដា ឆ្នាំ​២០១៤ ម្ដង​ណា​ទេ ដែល​គណបក្ស​នយោបាយ​ទាំង​ពីរ​ទាមទារ​ចង់​ឲ្យ​មាន​វប្បធម៌​សន្ទនា​នោះ។ លោក​បន្ត​ថា «ឯកឧត្ដម កឹម សុខា ខ្លួន​គាត់ គាត់​បាន​ដឹក​នាំ​ហ្វូង​បាតុករ​ធ្វើ​ការ​តវ៉ា​តាម​ដង​ផ្លូវ។ គាត់​បាន​ស្រែក​ទៅ​ទៀត​ថា ហ៊ុន សែន អើយ​ចុះ​ចេញ​ទៅ ចេញ​ពី​បបូរ​មាត់​របស់​គាត់​ផ្ទាល់ ហើយ​គាត់​បាន​និយាយ​ទៀត​ថា បាន​ដាក់​ជណ្ដើរ​ឲ្យ​ចុះ បើ​មិន​ចុះ​ទេ​រុញ​សព្វគ្រប់​អី​បែប​យ៉ាង។ អ៊ីចឹង​នេះ​គឺ​ជា​ចេតនា​ផ្ដួល​រំលំ​ពិត​ប្រាកដ​ដែល​មិន​អាច​ប្រកែក​បាន​ទេ។»

យ៉ាង​ណា លោក នី ចរិយា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) យល់​ឃើញ​ថា ការ​ព្យាយាម​ម្ដង​ហើយ​ម្ដង​ទៀត ដើម្បី​ទម្លាក់​កំហុស​លើ​លោក កឹម សុខា នៅ​ពេល​នេះ ទំនង​ជា​ចង់​បំបែក​កម្លាំង​គណបក្ស​សង្គ្រោះ​ជាតិ ជា​ជាង​ហេតុផល​នៃ​បទល្មើស។លោក​បន្ថែម​ថា បើ​ពិនិត្យ​លើ​សំណុំ​រឿង​នេះ គឺ​គេ​រក​មិន​ឃើញ​ធាតុ​ផ្សំ​ណា​មួយ​នៃ​បទល្មើស​ដែល​អាច​ឈាន​ទៅ​ដល់​ការ​ចោទ​ ប្រកាន់ ឬ​ចាប់​ខ្លួន​ឡើយ។ លោក​ថា លើកលែង​តែ​តុលាការ​ធ្វើ​ការ​ដោយ​មាន​ទំនោរ​នយោបាយ ឬ​សម្ពាធ​ពី​មេដឹកនាំ​ណា​មួយ ទើប​អាច​ចោទ​ប្រកាន់ ឬ​ឃុំ​ខ្លួន​ទៅ​រួច។ លោក​បន្ត​ថា «គ្រាន់​តែ​និយាយ​ពី​រឿង​ការ​ផ្លាស់ប្ដូរ។ រឿង​ការ​ផ្លាស់ប្ដូរ​រឿង​ធម្មតា​ទេ រឿង​ពាក្យ​ហ្នឹង​នោះ មិន​មែន​ជា​ពាក្យ​ដែល​គេ​ហាម​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ ឬ​ក៏​ជា​ពាក្យ​ដែល​គេ​ចាត់​ទុក​ថា​ជា​បទល្មើស ដែល​មាន​នៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ​ទេ។ អ៊ីចឹង​មិន​អាច​យក​មក​ធ្វើ​ជា​ធាតុ​ផ្សំ​ក្នុង​ការ​ចោទ​ប្រកាន់ លោក កឹម សុខា បាន​ទេ។»

ចាប់​ពី​ម៉ោង ៨​ព្រឹក​ថ្ងៃ​ទី​៨ មេសា លោក កឹម សុខា នឹង​ចូល​ឆ្លើយ​បំភ្លឺ​ជា​ថ្មី​ទៀត តាម​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាណា។ ទាំង​លោក សម រង្ស៊ី លោក កឹម សុខា និង​លោក រ៉ុង ឈុន សុទ្ធ​តែ​បាន​ចូល​ឆ្លើយ​បំភ្លឺ​ម្តង​រួច​មក​ហើយ កាល​ពី​ដើម​ឆ្នាំ​២០១៤ នៅ​តុលាការ​ក្រុង​ភ្នំពេញ។ សំណុំរឿង​កាល​ណោះ គឺ​ពាក់ព័ន្ធ​នឹង​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ ក្រោយ​បោះឆ្នោត​សកល​រួច៕



No comments:

Post a Comment