Paris Peace Accords 23 Oct. 1991

Wednesday, April 22, 2015

បក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ ​ប្រកាន់​គោលការណ៍​ របស់​ ពលរដ្ឋ​ ដែល​ចង់​ ឲ្យ​មាន ការ​ផ្លាស់ប្ដូរ | CNRP continues to adhere to will of people for change

បក្ស​សង្គ្រោះ​ជាតិ​ នៅ​តែ ​ប្រកាន់​គោលការណ៍​ របស់​ ពលរដ្ឋ​ ដែល​ចង់​ ឲ្យ​មាន ការ​ផ្លាស់ប្ដូរ

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ មេសា ២០១៥

កឹម សុខា សម រង្ស៊ី ៦២០
ប្រធាន​ គណបក្ស ​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី (ស្ដាំ) និង​អនុ​ប្រធាន​បក្ស លោក កឹម សុខា នៅ​ក្នុង​វេទិកា ​ជួប​ជាមួយ ​ប្រជាពលរដ្ឋ នា​សង្កាត់ ​ព្រែកលៀប ខណ្ឌ​ ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ ទី​១៨ មករា ២០១៥។  RFA/Morm Moniroth

មន្ត្រី​ នាំ​ពាក្យ​ នៃ​អង្គភាព​ ព័ត៌មាន និង​ប្រតិកម្ម​រហ័ស ​នៃ​ទីស្ដីការ​ គណៈរដ្ឋមន្ត្រី ដែល​តំណាង ​ដោយ​ភាគី ​រដ្ឋាភិបាល នៅ​ពុំ​ទាន់​ មាន​ប្រតិកម្ម​ ប្រឆាំង​ សារ​នយោបាយ ​របស់​ អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ នៅ​ឡើយ​ទេ។

លោក កឹម សុខា ជា​អនុប្រធាន​ ទី​មួយ​ នៃ​រដ្ឋសភា និង​ជា​អនុប្រធាន​ គណបក្ស​ សង្គ្រោះ​ជាតិ ផង បញ្ជាក់​ជំហរ​ជា ​ថ្មី​ ទៀត​ថា, គណបក្ស​ប្រឆាំង​ នៅ​តែ ប្រកាន់​គោលការណ៍ ​របស់ ​ប្រជាពលរដ្ឋ​ ដែល​ទាមទារ ​ឲ្យ​មាន​ ការ​ផ្លាស់ប្ដូរ។

នៅ​ពេល លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ប្រកាស​អំពី​លទ្ធផល​ជាច្រើន​បាន​មក​ពី​ការ​អនុវត្ត​គោលការណ៍​វប្បធម៌​សន្ទនា រវាង​អ្នក​ដឹក​នាំ​គណបក្ស​នយោបាយ​ធំៗ​នៅ​កម្ពុជា នោះ លោក កឹម សុខា ថ្លែង​ជា​សាធារណៈ​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​ប្រកាន់​យុទ្ធសាស្ត្រ​នយោបាយ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ខ្លួន ដូចជា​ការ​ចង់​បាន​របស់​ម្ចាស់​ឆ្នោត​បន្ត​ទៀត។

លោក ទិត្យ សុធា មន្ត្រី​នាំ​ពាក្យ​នៃ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដែល​ជា​តំណាង​ដោយ​ភាគី​រដ្ឋាភិបាល ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ មេសា ដោយ​ចាត់​ទុក​ថា រហូត​មក​ដល់​ពេល​នេះ គឺ​រដ្ឋាភិបាល​នៅ​បន្ត​ឃ្លាំ​មើល​បន្ត​ទៀត​នូវ​សកម្មភាព​របស់ លោក កឹម សុខា ថា​តើ​ជា​សារ​នយោបាយ​ដើម្បី​បង្អួត​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន ឬ​ក្នុង​ចេតនា​អ្វី​មួយ?

លោក​ថ្លែង​បន្ត​ថា ប្រសិន​បើ លោក កឹម សុខា ធ្វើ​ឲ្យ​មាន​ភាព​វឹកវរ ឬ​ថា​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់ ដូច​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត នោះ​ប្រទេស​មាន​ច្បាប់​នឹង​មិន​ទុក​ឲ្យ​មាន​ភាព​អនាធិបតេយ្យ​កើត​ឡើង​បាន​ ទេ។ ម្យ៉ាង​ទៀត សំណុំ​រឿង​របស់ លោក កឹម សុខា កំពុង​ឋិត​នៅ​ក្នុង​ដៃ​នៃ​តុលាការ​ស្រាប់​នៅ​ឡើយ​ផង។ លោក ទិត្យ  សុធា បន្ត​ថា «អ៊ីចឹង​បើ​សិន​ជា​សកម្មភាព​ណា​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម​នោះ គឺ​លោក កឹម សុខា នឹង​ត្រូវ​ប្រឈម​ចំពោះ​នីតិវិធី​ផ្លូវ​ច្បាប់​បន្ត​ទៀត ពីព្រោះ​រឿង​គាត់​កំពុង​តែ​ឋិត​នៅ​ក្នុង​សំណាញ់​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។»

ព្រោះ​តែ​សារ​នយោបាយ​របស់ លោក កឹម សុខា ដែល​តែង​ថ្លែង​ម្ដង​ហើយ​ម្ដង​ទៀត ដែល​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​នេះ​ហើយ នៅ​នាទី​ចុង​ក្រោយ លោក​ត្រូវ​បាន លោក ហ៊ុន សែន ប្រកាន់ និង​ចាត់​ទុក​ថា ជា​ភាសា​មួយ​ដែល​ស្មើ​ទៅ​នឹង​ការ​ចង់​ផ្ដួល​រលំ​រដ្ឋាភិបាល​ដោយ​អំណាច​ ប្រជាពលរដ្ឋ​នោះ។
ការ​ប្រកាន់​ជំហរ​នៅ​ស្ងប់ស្ងាត់​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល លោក កឹម សុខា និង​លោក សម រង្ស៊ី ចូលរួម​ប្រកាស​សុពលភាព​ប្រធាន និង​អនុប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​បាត់ដំបង កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ មេសា។

នៅ​ក្នុង​ពិធី​នោះ លោក កឹម សុខា ដែល​ជា​អនុប្រធាន​គណបក្ស​ប្រឆាំង​មួយ​នេះ​ថ្លែង​ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​មិន​ប្រែប្រួល​យុទ្ធសាស្ត្រ និង​គោល​នយោបាយ​នៃ​ការ​ផ្លាស់ប្ដូរ​របស់​ខ្លួន​ទេ។ លោក​ចាត់​ទុក​ថា ប្រជាពលរដ្ឋ​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​មួយ​ដ៏​ពិត​ប្រាកដ។ ហេតុ​នេះ ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​នៅ​តែ​អនុវត្ត​នៃ​ការ​ផ្លាស់ប្ដូរ​នេះ​ដូច​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ មិន​ប្រែប្រួល​ឡើយ។ លោក កឹម សុខា បន្ត​ថា «ក្នុង​នាម​ជា​សកម្មជន​ ទាំងអស់ យើង​កុំ​ភ្លេចៗ​ខ្លួន​ថា ប្រជាពលរដ្ឋ​ដែល​គាំទ្រ​យើង​នេះ​ដោយសារ​អ្វី? ដោយសារ​គាត់​ចង់​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ។ ប៉ុន្តែ​បើ​យើង​ងាក​ចេញ​ពី​អ្វី​ដែល​គាត់​ចង់​បាន គាត់​ក៏​ងាក​ចេញ​ពី​យើង​ដែរ។ មិន​មែន​បងប្អូន? អ៊ីចឹង​យើង​ខ្ញុំ​ចង់​បញ្ជាក់​ជូន​បងប្អូន​ជន​រួម​ជាតិ​ថា គណបក្ស​សង្គ្រោះ​ជាតិ រក្សា​គោល​ជំហរ​ដដែល ឥត​ងាក​ចេញ​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​ជា​ដាច់​ខាត។»

គេ​សង្កេត​ឃើញ​ថា តុលាការ​ក្រុង​ភ្នំពេញ បាន​ចាត់​វិធានការ​ភ្លាមៗ​ប្រឆាំង​សារ​នយោបាយ​របស់ លោក កឹម សុខា នេះ ក្រោយ​ពី​មាន​ការ​ថ្លែង​រិះគន់​តែ​ប៉ុន្មាន​ថ្ងៃ​របស់ លោក ហ៊ុន សែន រួច​មក។ លោក​នាយក​រដ្ឋមន្ត្រី​ចាត់​ទុក​ថា សម្ដី​មួយ​ម៉ាត់​នេះ​នឹង​មិន​អាច​អត់​ឱន​ឲ្យ​បាន​ឡើយ ព្រោះ​ជា​សារ​ដែល​ស្មើ​ទៅ​នឹង​ការ​ផ្ដួល​រំលំ​រដ្ឋាភិបាល​ដោយ​ពិត​ប្រាកដ។ លោក ហ៊ុន សែន យល់​ឃើញ​ថា បើ​សារ​នយោបាយ​នៃ​ការ​ផ្លាស់ប្ដូរ​នេះ ធ្វើ​ឡើង​នៅ​មុន​ពេល​យុទ្ធនាការ​បោះ​ឆ្នោត គឺ​ជា​រឿង​ត្រឹមត្រូវ ក៏ប៉ុន្តែ​នេះ​ជា​យុទ្ធនាការ​កម្លាំង​មហាជន តាម​រយៈ​ការ​ធ្វើ​បាតុកម្ម​ក្រោយ​ការ​បោះ​ឆ្នោត។

យ៉ាង​ណា​ក៏ដោយ លោក រស់ រ៉ាវុធ បណ្ឌិត​វិទ្យាសាស្ត្រ​នយោបាយ មាន​ប្រសាសន៍​ថា នេះ​ជា​របៀប​របស់​អ្នក​នយោបាយ ហើយ​សារ​ដូច​នេះ ប្រទេស​នៅ​លើ​ពិភពលោក​គេ​តែង​ប្រើប្រាស់​ជា​ទម្លាប់ ជាពិសេស​បរិបទ​នយោបាយ​ជា​សាកល ការ​ផ្លាស់ប្ដូរ គឺ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ហេតុ​នេះ ភាសា​ផ្លាស់ប្ដូរ គឺ​ពុំ​មែន​ជា​សម្ដី​មួយ​ដ៏​អាក្រក់​ជូរ​ជាតិ ឬ​ថា​ផ្ទុយ​ទៅ​នឹង​គោលការណ៍​ច្បាប់​ជា​សាកល​ឡើយ។ លោក រស់ រ៉ាវុធ បន្ត​ថា «បើ ​យើង​ធៀប​ទៅ​នឹង​ភាសា​និយាយ​របស់ លោក កឹម សុខា ហើយ​និង​ការ​ផ្លាស់ប្ដូរ​ឆ្នាំ​១៩៧៥ ស្មើ​នឹង​បដិវត្ត គឺ​វា​ផ្ទុយ​គ្នា។ ផ្ទុយ​គ្នា​យ៉ាង​ម៉េច? ផ្ទុយ​គ្នា​ទៅ​នឹង​គេ​ហៅ​ថា ឆ្នាំ​១៩៧៥ គឺ​ការ​ធ្វើ​បដិវត្ត​សម្លាប់​ប្ដូរ​កម្លាំង​ប្រជាជន។ ប៉ុន្តែ​កម្លាំង​ប្រជាជន​កើត​ឡើង​ដោយ​ការ​ឈឺ​ចាប់ ពី​ការ​លួច​ឆក់​ប្លន់​របស់​ទ័ព និង​ការ​ទម្លាក់​គ្រាប់​បែក​របស់​សហរដ្ឋ​អាមេរិក។»

អ្នក​វិភាគ​នយោបាយ​យល់​ឃើញ​ថា ការ​ខ្វែង​គំនិត​គ្នា​រឿង​ឯកភាព​ជាតិ​ឲ្យ​ក្លាយ​ជា​ធ្លុង​មួយ នៅ​តែ​កើត​មាន​ចំពោះ​អ្នក​នយោបាយ​ខ្មែរ បើ​ទោះ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់​ម្នាក់ៗ ព្យាយាម​ជំរុញ​ឲ្យ​មាន​ចរន្ត​នៃ​វប្បធម៌​សន្ទនា​ក៏ដោយ៕



No comments:

Post a Comment