Paris Peace Accords 23 Oct. 1991

Thursday, April 2, 2015

លោក ហ៊ុន សែន ព្រមាន​ ប្រើប្រាស់ ​គ.ជ.ប.​ ចាស់​ បើ ​បក្ស​ទាំង​ពីរ ​នៅ​តែ​ បន្ត​ខ្វែង​គំនិត​គ្នា | Hun Sen threatens to use old NEC if both parties still disagree

លោក ហ៊ុន សែន ព្រមាន​ ប្រើប្រាស់ ​គ.ជ.ប.​ ចាស់​ បើ ​បក្ស​ទាំង​ពីរ ​នៅ​តែ​ បន្ត​ខ្វែង​គំនិត​គ្នា

RFA / ​វិទ្យុ ​អាស៊ី សេរី | ១ មេសា ២០១៥ ២០១៥

ហ៊ុន សែន ៦២០
លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នា​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ ខែ​មេសា ឆ្នាំ​២០១៥។  RFA/Brach Chev

ប្រមុខ រដ្ឋាភិបាល បាន​ព្រមាន ​ធ្ងន់ៗ​ ទៅ​មេ​ដឹក​នាំ ​គណបក្ស​ ប្រឆាំង ពាក់ព័ន្ធ​រឿង​ ខ្វែង​គំនិត​គ្នា​ អំពី ​ការ​ដាក់​បេក្ខភាព ​នៃ​សមាជិក​ គណៈកម្មាធិការ​ ជាតិ ​រៀបចំ​ ការ​បោះ​ឆ្នោត ​ទី​៩ ដែល​ជ្រើស​ចេញ​មក ​ពី​អង្គការ​ សង្គម​ស៊ីវិល។

លោក ហ៊ុន សែន ព្រមាន​ប្រើប្រាស់ គ.ជ.ប. ចាស់​ជំនួស​ឲ្យ គ.ជ.ប. ថ្មី បើ​គណបក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​មិន​អាច​ដើរ​លើ​ចំណុច​រួម​គ្នា​បាន​ទេ​ នោះ។ ជាង​នេះ​ទៀត លោក​បញ្ជាក់​ជំហរ​ថា បើ​នៅ​តែ​មិន​ត្រូវ​គ្នា នឹង​មិន​ចាំបាច់​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប ថ្មី សម្រាប់​សមាជិក​ទី​៩ ដែល​គ្រោង​នឹង​ធ្វើ​នៅ​ថ្ងៃ​ទី​១៣ មេសា ថែម​ទៀត​ផង។

ការ​គំរាម​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​ក្រោយ​ពី​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​បេក្ខភាព​នៃ​សមាជិក គ.ជ.ប ថ្មី​ទី​៩ ដែល​មិន​មែន​ជ្រើស​ចេញ​ពី​ការ​ស្នើ​ឡើង​ដោយ លោក ហ៊ុន សែន។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) ត្រូវ​បាន លោក ហ៊ុន សែន ស្នើ​ឡើង​ក្នុង​ជំនួប​ជា​ឯកជន​តាម​សារ​អេឡិចត្រូនិក (SMS) ជាមួយ លោក សម រង្ស៊ី កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា។ លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា លោក ហង្ស ពុទ្ធា គឺ​ជា​បេក្ខជន​តែ​ម្នាក់​គត់​ក្នុង​ចំណោម​បេក្ខជន​ប្រមាណ ៥០​នាក់​ដែល​ត្រូវ​មក​ជំនួស​ឲ្យ​ការ​បដិសេធ​របស់ អ្នកស្រី ពុង ឈីវកេក។

កម្ដៅ​នយោបាយ​ដែល​បាន​ផ្ទុះ​ឡើង​នៅ​ពេល​នេះ ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហៅ​ថា​ជា​ការ​មិន​យល់​របស់ លោក សម រង្ស៊ី។ លោក ហ៊ុន សែន អះអាង​ថា ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​ដក​ថយ​ឡើយ។ លោក​ថែម​ទាំង​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ ថា ប្រសិន​បើ​បក្ស​នយោបាយ​ទាំង​ពីរ​នៅ​តែ​បន្ត​ខ្វែង​គំនិត​គ្នា លោក​នឹង​ប្រើប្រាស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចាស់​ដែល​មាន​ ស្រាប់ ជំនួស​ឲ្យ គ.ជ.ប ថ្មី ដែល​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា​នេះ។ លោក​បន្ត​ថា «អ៊ីចឹង​ទេ បើ​សិន​ជា​មិន​អាច​ឯកភាព​គ្នា​បាន ទុក​ឯកឧត្ដម អ៊ឹម សួស្តី ធ្វើ​ជា​ប្រធាន គ.ជ.ប រហូត​ទៅ។ ទៅ​កុំ​ពិបាក​ពេក! អា​ថ្មី​មិន​ទាន់​ចេញ អា​ចាស់​បន្ត។ រឿង​វា​តែ​ប៉ុណ្ណឹង​ឯង ហើយ​កុំ​ថា​ចាញ់​ប្រៀប ឬ​មិន​ចាញ់​ប្រៀប។ ទុន​របស់​យើង​ប៉ុណ្ណឹង កុំ​ទារ​ភាគ​ហ៊ុន​ច្រើន​ពេក។»

ប្រតិកម្ម​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នេះ ខណៈ​ដែល​លោក​ចូលរួម​ក្នុង​ពិធី​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​នូវ​ស្ពាន និង​ផ្លូវ​ជាតិ​លេខ​៩ ដែល​ត​ភ្ជាប់​ពី​ខេត្ត​ស្ទឹងត្រែង ទៅ​ខេត្ត​ព្រះវិហារ។
ដើម​ចម​ដែល​នាំ​ឲ្យ លោក ហ៊ុន សែន ប្រតិកម្ម​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី លោក សម រង្ស៊ី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ពិនិត្យ​ពី​លទ្ធភាព​របស់ លោក ហង្ស ពុទ្ធា ដែល​សង្ស័យ​ថា​អាច​មាន​ជំងឺ​ទឹកនោម​ផ្អែម ហើយ​ទន្ទឹម​គ្នា​នោះ ប្រធាន​បក្ស​ប្រឆាំង​ស្នើ​ឲ្យ​ពិចារណា​បេក្ខភាព​ផ្សេង​វិញ​ក្រៅ​ពី លោក ហង្ស ពុទ្ធា។ ទំនង​ជា​មូលហេតុ​នេះ​ហើយ​មើល​ទៅ ដែល​ញាំង​ឲ្យ លោក ហ៊ុន សែន ខឹង​សម្បា​រហូត​ចាត់​ទុក​អ្នក​មាន​ទុន​តិច មិន​គប្បី​ចង់​បាន​ផល​ចំណេញ​ច្រើន​ពេក​នោះ​ទេ។

វិទ្យុ​អាស៊ីសេរី ព្យាយាម​ទាក់ទង លោក សម រង្ស៊ី ជាច្រើន​ដង​តាម​ទូរស័ព្ទ ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប។

យ៉ាង​ណា លោក យ៉ែម បុញ្ញឫទ្ធិ មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ដឹង​ថា គិត​មក​ដល់​ពេល​នេះ ខាង​គណបក្ស​នៅ​មិន​ទាន់​បាន​ប្រជុំ​ឯកភាព​ទទួល ឬ​បដិសេធ​នៅ​ឡើយ​ទេ​ចំពោះ​បេក្ខភាព​ទី​៩ ដែល​មិន​មែន​ជា​រូប អ្នកស្រី ពុង ឈីវកេក នោះ។ លោក​បន្ត​ថា អ្វី​ដែល លោក សម រង្ស៊ី ស្នើ​ឲ្យ​ពិនិត្យ​សុខភាព លោក ហង្ស ពុទ្ធា នោះ គឺ​ព្រោះ​តែ​គិតគូរ​ពី​និរន្តរភាព​របស់​លោក​ប៉ុណ្ណោះ។ លោក​បន្ត​ថា «រហូត​មក​ដល់​ពេល​បច្ចុប្បន្ន គណបក្ស​សង្គ្រោះ​ជាតិ ពុំ​ទាន់​បាន​ធ្វើ​ការ​សម្រេច​ថ្នាក់​ដឹក​នាំ​នោះ​ទៅ​លើ​បេក្ខជន​ដែល​ត្រូវ​ ការ​គាំទ្រ ទាំង​ឯកភាព​គ្នា​រវាង​គណបក្ស​ទាំង​ពីរ​ដែល​មាន​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​នៅ​ ឡើយ​ទេ។ ចំពោះ​បញ្ហា​ដែល​ឯកឧត្ដម សម រង្ស៊ី ដែល​បាន​លើក​ឡើង​ពី​បញ្ហា​សុខភាព​ទាំង​ប៉ុន្មាន មិន​មែន​ក្នុង​ន័យ​រឿង​ប្រមាថ​នោះ​ទេ។»

ដោយ​ឡែក លោក អ៊ូ វីរៈ នាយក​អង្គការ​វេទិកា​អនាគត ថ្លែង​ថា បើ គ.ជ.ប ថ្មី​ដំណើរ គឺ​ល្អ​ជាង គ.ជ.ប ចាស់ បើ​ទោះ​ជា​ចំណុច​ខ្លះ​មិន​ទាន់​អាច​ទទួល​យក​បាន​ក្ដី។ បន្ថែម​ពី​លើ​នេះ​ទៀត រឿង​ដែល​អកុសល​នោះ​នៅ​ត្រង់​ថា ការ​ចរចា​តាំង​ពី​ដើម​ទី​រៀង​មក គឺ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រៀប​លើ​គណបក្ស​សង្គ្រោះ​ជាតិ រហូត។ លោក​បន្ត​ថា «យើង​មើល​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ការ​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​អ្នក​មាន​ប្រៀប។ ពេល​គណបក្ស​ប្រជាជន ចង់​ចំណាយ​ពេល​យូរ​យ៉ាង​ណា​ក៏ដោយ ក៏​ឥត​អី​ដែរ។ ដោយសារ​ឥឡូវ​នេះ បើ​សិន​លទ្ធភាព​នៃ​ការ​ចរចា​ណា​មួយ​ដែល​មិន​ទៅ​ដល់​លទ្ធផល គឺ​យើង​ប្រើ គ.ជ.ប ចាស់។ គណបក្ស​សង្គ្រោះ​ជាតិ ប្រហែល​ជា​មិន​ជម្រើស​ប៉ុន្មាន​ទេ ក្រៅ​ពី​ទទួល​យល់ព្រម លោក ហង្ស ពុទ្ធា។»

លោក ហ៊ុន សែន បញ្ជាក់​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​ផ្លាស់ប្ដូរ​គោល​ជំហរ​របស់​ខ្លួន​ឡើយ។ បើ​បក្ស​ទាំង​ពីរ​មិន​អាច​រក​ចំណុច​រួម​បាន​ទេ គឺ​មាន​តែ​ប្រើ គ.ជ.ប ដែល​មាន​ស្រាប់។ លោក​នាយក​រដ្ឋមន្ត្រី​ថែម​ទាំង​បាន​ចំអក​ទៀត​ថា បេក្ខភាព​ដែល​មាន​ជាង ៥០​នាក់ ដែល​បាន​ដាក់​ពាក្យ​រួច​ហើយ​នេះ គឺ​ភាគ​ច្រើន​សុទ្ធតែ​មក​ពី​ភាគី​ម្ខាង ដែល លោក ហ៊ុន សែន ទំនង​ជា​ចង់​ថា​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឡែក​គណបក្ស​ប្រជាជន​កម្ពុជា វិញ​មាន​តែ ៤​រូប​ប៉ុណ្ណោះ​សម្រាប់ គ.ជ.ប ថ្មី​នេះ៕



No comments:

Post a Comment