នាយករដ្ឋមន្ត្រី ប្រកាស រៀបចំ ច្បាប់គ្រប់គ្រង សមាគម និងអង្គការ ក្រៅរដ្ឋាភិបាល ឡើងវិញ
RFA / វិទ្យុ អាស៊ី សេរី | ១ មេសា ២០១៥ ២០១៥
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃ ទី១ មេសា ប្រកាស ថា, លោក នឹងរៀបចំ ឲ្យមានច្បាប់ ស្តីពី ការគ្រប់គ្រង សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល ដើម្បី កំណត់តួនាទី សមាគម និងអង្គការ មិនមែន រដ្ឋាភិបាល នៅកម្ពុជា។
ក្រោយពីផ្អាកប្រមាណ ៣ឆ្នាំមកហើយ ស្រាប់តែនៅថ្ងៃទី១ មេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា លោកចង់ឲ្យមានច្បាប់សម្រាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញ ដើម្បីទប់ស្កាត់ការរិះគន់សកម្មភាពលោក និងរដ្ឋាភិបាល ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន៖ «សុំអ្នកទាំងឡាយដឹង ខ្លួនឲ្យបានច្បាស់។ តួនាទីខ្លួនកម្រិតណា។ ខ្ញុំសុំប្រកាសទុកជាមុន ច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល និងចេញនៅពេលខាងមុខ។ កុំវាទៅគេហៅថា ធ្វើតាមចិត្តចង់ ព្រោះឥឡូវអ្នកឯងកំពុងនៅក្រៅច្បាប់ហើយ បើចង់មានបញ្ជីជាតិ ទាល់តែធ្វើច្បាប់នោះ បានចុះបញ្ជីជាតិបាន អ៊ីចឹងច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ។»
លោក ហ៊ុន សែន ព្រមានដាក់ឲ្យមានច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាលនេះ ក្រោយពេលមានអង្គការមិនមែនរដ្ឋាភិបាល បានរិះគន់ច្បាប់ពីរដែលរដ្ឋសភា និងព្រឹទ្ធសភាអនុម័តថា អាក្រក់ជាងច្បាប់ចាស់។ ច្បាប់ដែលរដ្ឋសភា និងព្រឹទ្ធសភាបានអនុម័តកាលពីចុងខែមីនានេះ គឺច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតរួចមក និងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ៖ «ប្រហែលជាគេ យល់ថា ច្បាប់ថ្មីនេះអាក្រក់ជាងមុន តើអាក្រក់កន្លែងណា? ច្បាប់នេះធានាបោះឆ្នោតដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ ធានាសុខដុមនីយកម្ម នេះជាការកែទម្រង់ការបោះឆ្នោត។ ពួកអង្គការក្រៅរដ្ឋាភិបាល ពីដើមដើរឃោសនាឲ្យគេឯង តាមពិតពួកគេត្រូវអព្យាក្រិត។ ហើយឥឡូវបើឃោសនាជេរបក្សគេ ត្រូវជាប់ទោស ត្រូវបង់លុយ អានេះមិនទាន់គិតទោសព្រហ្មទណ្ឌផង។»
នៅក្នុងមាត្រាមួយចំនួនក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បានកំណត់ឲ្យអង្គការមិនមែនរដ្ឋាភិបាល ឬសមាគមក្នុងស្រុក ឬអង្គការអន្តរជាតិ ត្រូវមានជំហរអព្យាក្រឹត ឥតលម្អៀងនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ច្បាប់នោះបានហាមប្រាមមិនឲ្យអង្គការមិនមែនរដ្ឋាភិបាល ចូលរួមឃោសនា ចេញសេចក្ដីថ្លែងការណ៍គាំទ្រ ឬប្រឆាំងគណបក្សនយោបាយជាដើម។ ក្នុងករណីមានការរំលោភលើបម្រាមនោះ អង្គការមិនមែនរដ្ឋាភិបាលត្រូវរងការផាកពិន័យចាប់ពី ៥លានរៀល ទៅ ១០លានរៀល ដោយមិនទាន់គិតទោសព្រហ្មទណ្ឌផ្សេងទៀត។
ទាក់ទងការព្រមានរបស់លោក ហ៊ុន សែន អំពីការស្នើឲ្យមានច្បាប់ស្ដីពីការគ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលឡើងវិញនេះ លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (COMFREL) មានប្រសាសន៍ថា បើសិនជារដ្ឋាភិបាលមានគម្រោងដាក់ឲ្យមានច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលពិតមែននោះ គឺមានន័យថា គណបក្សប្រជាជនកម្ពុជា មានបំណងរឹតត្បិតសេរីភាពរបស់អង្គការមិនមែនរដ្ឋាភិបាលហើយ៖ «ត្រូវ តែមានការប្រុងប្រយ័ត្នដែរ ហើយបើបិទកិច្ចការរបស់អង្គការមិនមែនរដ្ឋាភិបាលនេះច្រើនពេក រូបភាពគណបក្សប្រជាជន ក៏មិនល្អដែរនៅក្នុងចំណោមប្រជាពលរដ្ឋនោះ។»
សេចក្ដីព្រាងច្បាប់គ្រប់គ្រងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវរដ្ឋាភិបាលផ្អាកមិនលើកយកមកពិភាក្សា កាលពីចុងឆ្នាំ២០១១ កន្លងទៅ។ ប្រភពមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល បានឲ្យដឹងថា នៅកម្ពុជា មានអង្គការមិនមែនរដ្ឋាភិបាលប្រមាណ ៣ពាន់ ធ្វើសកម្មភាពលើគ្រប់វិស័យ៕
No comments:
Post a Comment