Paris Peace Accords 23 Oct. 1991

Wednesday, April 1, 2015

លោក កឹម សុខា មិន​ទាន់​សម្រេច​ ថា, ​ត្រូវ ​ចូល​បំភ្លឺ​ តាម​ដីកា​កោះ ​របស់ ​តុលាការ ​នៅ​ឡើយ | Kem Sokha yet to decide whether to attend court to clarify

លោក កឹម សុខា មិន​ទាន់​សម្រេច​ ថា, ​ត្រូវ ​ចូល​បំភ្លឺ​ តាម​ដីកា​កោះ ​របស់ ​តុលាការ ​នៅ​ឡើយ

RFA / ​វិទ្យុ ​អាស៊ី សេរី | ៣១ មិនា ២០១៥

កឹម សុខា ៦២០
អនុ​ប្រធាន ​គណបក្ស​ សង្គ្រោះជាតិ លោក កឹម សុខា ផ្ដល់​បទសម្ភាសន៍ ខណៈ​​លោក​ ទៅ​សួរ​សុខទុក្ខ​ មន្ត្រី​ជាន់​ខ្ពស់​ របស់ ​គណបក្ស​ សង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ក្នុង​ពន្ធនាគារ ​ព្រៃ ស នៅ​ថ្ងៃ ​ទី​១២ មីនា ២០១៥។  RFA/Uon Chhin

អនុប្រធាន​ ទី​១ ​រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា នៅ​មិន​ទាន់​ សម្រេច​ ថា, ​យ៉ាង​ណា ​នៅ​ឡើយ បន្ទាប់​ ពី​ទទួល​បាន ​ដីកា​កោះ​ របស់​ តុលាការ ដែល​តម្រូវ​ ឲ្យ​លោក​ ចូល​ទៅ​បំភ្លឺ​ នៅ​សាលា​ដំបូង ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ខាង​មុខ។

មេធាវី ​ការពារ​ក្ដី ហៅ​ដីកា​កោះ​នោះ ​ថា​, ខុស​នីតិវិធី។  ចំណែក​ មន្ត្រី ​អង្គការ​ មិន​មែន​ រដ្ឋាភិបាល លើក​ឡើង​ ថា, ករណី​នេះ ​ជា​រឿង​ នយោបាយ ដែល​គួរ​តែ​ បិទ​បញ្ចប់​ នៅ​ពេល​ ចរចា​ នយោបាយ​ បាន​ស្រុះស្រួល។

មេធាវី​ការពារ​ក្ដី​ឲ្យ លោក កឹម សុខា លើក​ឡើង​ថា ការ​កោះ​ហៅ​កូន​ក្ដី​របស់​លោក​ដែល​ជា​តំណាង​រាស្ត្រ​កំពុង​មាន​អភ័យ​ ឯកសិទ្ធិ និង​ជា​អនុប្រធាន​រដ្ឋសភា គឺ​ជា​ការ​រំលោភ​អំណាច​រវាង​នីតិប្បញ្ញត្តិ និង​តុលាការ។

លោក​មេធាវី ចាន់ ចេន ដែល​ការពារ​ក្តី​នេះ​មាន​ប្រសាសន៍​ថា ករណី​នេះ​លោក​នៅ​មិន​ទាន់​បាន​ជួប​ពិភាក្សា​នឹង​កូន​ក្តី ថា​ត្រូវ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ដីកា​កោះ​នេះ​នៅ​ឡើយ៖ «ដីកា​ដែល​ផ្ញើ​ ទៅ​គាត់ បើ​គិត​តាម​បែបបទ​រដ្ឋបាល​គួរ​តែ​ទៅ​តាម​រយៈ​ក្រសួង​យុត្តិធម៌ ទៅ​ស្ថាប័ន​រដ្ឋសភា។ តុលាការ​គួរ​ធ្វើ​តាម​បែបបទ​ហ្នឹង​ប្រសើរ​ជាង។ គាត់​មាន​អភ័យ​ឯកសិទ្ធិ ហើយ​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ។ ទោះ​ជា​កូន​ក្តី​ខ្ញុំ​គាត់​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​តុលាការ ក៏​ខ្ញុំ​គិត​ថា គឺ​ជា​ការ​រំលោភ​អំណាច វា​ប៉ះពាល់​ដល់​អភ័យ​ឯកសិទ្ធិ ចឹង​តុលាការ​ដូច​មិន​មាន​សិទ្ធិ​ណា​សាកសួរ​ទេ​តាម​ខ្ញុំ​យល់។»

ចំណែក លោក កឹម សុខា ក៏​នៅ​មិន​ទាន់​ឆ្លើយ​យ៉ាង​ណា​ដែរ នៅ​ពេល​ចោទ​សួរ​ថា តើ​លោក​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ ឬ​យ៉ាង​ណា? ដោយ​លោក​ទុក​ភារៈ​នេះ​ឲ្យ​មេធាវី​លោក​ធ្វើ​ការ។
ព្រះរាជ​អាជ្ញា​រង​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក លី សុផាន់ណា បាន​ចេញ​ដីកា​កោះ​ហៅ លោក កឹម សុខា ជា​អនុប្រធាន​ទី​១​រដ្ឋសភា ឲ្យ​ចូល​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ទី​៨ ខែ​មេសា ឆ្នាំ​២០១៥ ខាង​មុខ​នេះ ដើម្បី​សាកសួរ​បន្ថែម​ក្នុង​សំណុំ​រឿង​អំពើ​ហិង្សា​នៅ​ផ្លូវ​វ៉េងស្រេង កាល​ពី​ដើម​ឆ្នាំ​២០១៤។

សំណុំ​រឿង​នេះ លោក កឹម សុខា ធ្លាប់​បាន​ចូល​ទៅ​បំភ្លឺ​នៅ​តុលាការ​ម្ដង​ហើយ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៤ កាល​នោះ​ចៅក្រម​បាន​ចំណាយ​ពេល​ពេញ​មួយ​ព្រឹក​សាកសួរ។ ពេល​នោះ លោក សម រង្ស៊ី ក៏​ត្រូវ​ចៅក្រម​សាកសួរ​ដែរ។ ការ​សាកសួរ​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ពេល​នោះ ពាក់ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ថា ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ ឬ​បង្ក​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម នៅ​ក្រោយ​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​កម្មករ​នៅ​ផ្លូវ​វ៉េងស្រេង និង​ក្បែរ​រោងចក្រ​យ៉ាក​ជីន (Yakjin) ដែល​ត្រូវ​អាជ្ញាធរ​បង្ក្រាប​ដោយ​ហិង្សា។

នាយក​ប្រតិបត្តិ​របស់​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា មាន​ប្រសាសន៍​ថា ករណី​នេះ​ជា​រឿង​នយោបាយ ដែល​គួរ​បន្ត​ដោះស្រាយ​តាម​ការ​ចរចា ហើយ​ម្យ៉ាង លោក កឹម សុខា ជា​តំណាង​រាស្ត្រ​ដែល​មាន​អភ័យ​ឯកសិទ្ធិ​ការពារ៖ «គួរ​តែ​ខិតខំ​ពង្រឹង​ វប្បធម៌​សន្ទនា​របស់​គណបក្ស​ទាំង​ហ្នឹង​ទៅ ហើយ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​យក​គោលការណ៍​រួម​ឲ្យ​បាន​ច្រើន។ ទោះ​បី​ករណី​ហ្នឹង​ជា​រឿង​ចាស់​ក៏ដោយ មិន​អាច​ចេះ​តែ​កោះ​ហៅ​ដែរ។ វា​អត់​មាន​អី​តុលាការ​ចេះ​តែ​កោះ​ហៅ ព្រោះ​មាន​អភ័យ​ឯកសិទ្ធិ​ណា​មួយ​វា​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ថា​អំណាច​ដាច់​ពី​គ្នា ម្ល៉ោះ​ហើយ​សមាជិក​នៃ​អំណាច​ទាំង​បី​ហ្នឹង​មិន​អាច​ចេះ​តែ​ប្រើ​អំណាច​រំលោភ ​លើ​គ្នា​បាន​ទេ។»

ដីកា​កោះ​ហៅ លោក កឹម សុខា នេះ​ធ្វើ​ឡើង​ក្រោយ​ពី លោក ហ៊ុន សែន ព្រមាន​ថា លោក កឹម សុខា នឹង​មិន​អាច​រួច​ខ្លួន​ឡើយ មិន​ថា​មាន​ឋានៈ​ណា​ឡើយ រឿង​ក្ដី​របស់​លោក​នៅ​តុលាការ​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​ រដ្ឋាភិបាល៕



No comments:

Post a Comment