Paris Peace Accords 23 Oct. 1991

Friday, May 22, 2015

សង្គម​ស៊ីវិល​ និង​បក្ស​ប្រឆាំង ​ប្រតិកម្ម​ នឹង​ការ​បកស្រាយ​ រឿង​ព្រំដែន​ កម្ពុជា-​វៀតណាម | Civil society and opposition party react to responses re Khmer-Vietnam border

វ៉ា គឹមហុង ហោ ណាំហុង ៦២០
ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង (ឆ្វេង) និង​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស លោក ហោ ណាំហុង បក​ស្រាយ​ក្នុង​កម្មវិធី​តុ​មូល​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥។  Photo from YouTube

សង្គម​ស៊ីវិល​ និង​បក្ស​ប្រឆាំង ​ប្រតិកម្ម​ នឹង​ការ​បកស្រាយ​ រឿង​ព្រំដែន​ កម្ពុជា-​វៀតណាម

RFA / ​វិទ្យុ ​អាស៊ី សេរី |  ២១ ឧសភា ២០១៥

ការ​ខ្វែង​គំនិត​គ្នា ​ជុំវិញ​ ការ​កំណត់ ​ព្រំដែន ​រវាង ​ប្រទេស​ កម្ពុជា និង​​វៀតណាម បាន​ផ្ទុះ​ឡើង​ សា​ជា​ថ្មី​ ឡើង​វិញ រវាង ​អ្នក​ឃ្លាំមើល ​បញ្ហា​ព្រំដែន និង​មន្ត្រី ​ជំនាញ ​របស់​ រដ្ឋាភិបាល។

អង្គការ​ សង្គម​ស៊ីវិល និង​គណបក្ស ​ប្រឆាំង​ ចាត់​ទុក​ថា, រដ្ឋាភិបាល នៅ​តែ ​មាន​ភាព ​លាក់លៀម ​ជុំវិញ ​ការ​កំណត់​ បង្គោល​ព្រំដែន​នេះ ដែល​ជា​មូលហេតុ​ ធ្វើ​ឲ្យ​កម្ពុជា ចេះតែ ​បន្ត​បាត់បង់ ​បូរណភាព ​ទឹកដី​ ម្ដង​ហើយ ​ម្ដង​ទៀត​ ទៅ​វៀតណាម។

ការ​លើកឡើង​នៅ​បន្ទាប់​ពី​មន្ត្រី​ជំនាញ​របស់​រដ្ឋាភិបាល​បកស្រាយ​រឿង​ ជម្លោះ​ព្រំដែន​នៅ​ឃុំ​ជាំ ស្រុក​មេមត់ តាម​រយៈ​កម្មវិធី​តុ​មូល​ស្ដីពី​បញ្ហា​ព្រំដែន​កម្ពុជា-​វៀតណាម។

គណបក្ស​នយោបាយ​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​ក្នុង​រដ្ឋសភា និង​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​បក​ស្រាយ​បំភ្លឺ​ពី​មន្ត្រី​ជំនាញ​របស់​ រដ្ឋាភិបាល​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​ដែល​អះអាង​ថា គណបក្ស​ប្រឆាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្យាយាម​គាស់​កកាយ​រឿង​ព្រំដែន​ដែល​ខុស​ពី​ការ ​ពិត។

ការ​ថ្លែង​រិះគន់​ភ្លាមៗ នៅ​ថ្ងៃ​ទី​២១  ខែ​ឧសភា របស់​គណបក្ស​ប្រឆាំង និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ពិភាក្សា​តុ​មូល​មួយ​និយាយ​ពី​ភាព​ចម្រូងចម្រាស​ ព្រំដែន​កម្ពុជា-​វៀតណាម ត្រង់​ចំណុច​ឃុំ​ជាំ ស្រុក​មេមត់​ ខេត្ត​ត្បូងឃ្មុំ ដែល​មាន​លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ជា​អ្នក​សម្របសម្រួល ហើយ​វាគ្មិន​មាន​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស ព្រម​ទាំង​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា។

នៅ​ក្នុង​ខ្សែអាត់​វីដេអូ ដែល​មាន​រយៈពេល​ជិត ៥០​នាទី (៤៧.៤៨​នាទី) ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា គឺ​ភាគី​នៃ​កិច្ចពិភាក្សា​ព្យាយាម​ឆ្លើយ​ការពារ និង​ដាក់​បន្ទុក​ទៅ​លើ​ក្រុម​អ្នក​រិះគន់​ថា មិន​បាន​យល់​ពី​កិច្ចការ​ដែល​រដ្ឋាភិបាល​កំពុង​ប្រឹងប្រែង​អ្វី​ទាល់​តែ​ សោះ។
ទាំង​លោក វ៉ា គឹមហុង និង​លោក ហោ ណាំហុង សុទ្ធ​តែ​បាន​អះអាង​ថា ការ​កំណត់​ព្រំដែន​រវាង​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម​នេះ គឺ​​យោង​លើ​ផែនទី​ដែល​អតីត​ព្រះមហាក្សត្រ គឺ​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ដែល​ទទួល​ស្គាល់​​ដោយ​​អន្តរជាតិ។ ដោយ​ឡែក ទីតាំង​ដែល​មាន​ជម្លោះ​នោះ គឺ​ជា​ចំណុច​ដែល​មាន​ការ​កែ​តម្រូវ​ខ្លះៗ និង​ព្រមព្រៀង​ជាមួយ​វៀតណាម រួចរាល់​ហើយ ដែល​មាន​ផ្ទៃដី​ប្រមាណ ១០០​ហិកតារ។ ក៏ប៉ុន្តែ អ្វី​ដែល​នាំ​ឲ្យ​មាន​ជម្លោះ​នេះ គឺ​ពលរដ្ឋ​កម្ពុជា ធ្វើ​ហួស​ពី​ការ​កែតម្រូវ​របស់​គណៈកម្មការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ហើយ​ពលរដ្ឋ​កម្ពុជា ធ្វើ​ចូល​ដី​វៀតណាម ថែម​ទៀត​រហូត​ជាង ១៦​ហិកតារ​ ទៅ​ក្នុង​ទឹកដី​វៀតណាម។

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ ក៏​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា និង​ជា​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ផង លោក ម៉ៅ ពិសេស យល់​ឃើញ​ថា ការ​ឆ្លើយ​បំភ្លឺ​ណា​មួយ​របស់​មន្រ្តី​ជំនាញ​ដែល​ជា​តំណាង​ឲ្យ​ភាគី​ រដ្ឋាភិបាល​នោះ គឺ​វា​ពុំ​បាន​ផ្អែក​លើ​ការពិត​អ្វី​ឡើយ។ លោក​ចាត់​ទុក​ផ្ទុយ​ទៅ​វិញ​ថា ការ​បក​ស្រាយ​នោះ គឺ​គ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​បិទបាំង​ពី​ភាព​ខុស​ឆ្គង​ក្នុង​រឿង​ព្រំដែន​ នេះ​ប៉ុណ្ណោះ៖ «ខ្ញុំ​អាច​យល់​បាន​​ថា អ្វី​ដែល​គាត់​លើក​ឡើង​គឺ​​ផ្តោត​ទៅ​លើ​សន្ធិសញ្ញា​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ នៃ​ការ​បោះ​បង្គោល​ព្រំដែន ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា បាត់បង់​ទឹកដី។»

ការ​ខ្វែង​គំនិត​គ្នា​ក្នុង​ការ​បោះបង្គោល​​ព្រំដែន​រវាង​ក្រុម​អ្នក​ ឃ្លាំមើល​កម្ពុជា និង​រដ្ឋាភិបាល​នេះ នៅ​ត្រង់​ក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា ចាត់​ទុក​ថា ការ​កំណត់​សីមា​ព្រំដែន​ជាមួយ​វៀតណាម នេះ គឺ​រដ្ឋាភិបាល​អនុវត្ត​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម ឆ្នាំ​២០០៥ ក៏ប៉ុន្តែ​រដ្ឋាភិបាល​វិញ​អះអាង​ថា ការ​ពិត​ការ​កំណត់​ព្រំដែន​នេះ គឺ​យោង​តាម​ខ្នាត​ផែន​ទី ១/១០០.០០០ (មួយ​លើ​មួយ​រយ​ពាន់) ដែល​តម្កល់​នៅ​អង្គការ​​សហប្រជាជាតិ។

លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ឆ្លើយ​សំណួរ​របស់​លោក ផៃ ស៊ីផាន នៅ​ក្នុង​ពិភាក្សា​តុ​មូល​នោះ​ថា ការ​កំណត់​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម​នេះ គឺ​ពុំ​បាន​ប្រើប្រាស់​តាម​សន្ធិសញ្ញា​បំពេញ​បន្ថែម​ណា​មួយ​ឡើយ។ លើស​ពី​នេះ​ទៀត សន្ធិសញ្ញា​បំពេញ​បន្ថែម​នេះ​ទៀត​សោត ក៏​ពុំ​មាន​លទ្ធភាព​ណា​មួយ​ក្នុង​ការ​កំណត់​ផែន​ទី​នោះ​ទៀត​ផង៖ «សន្ធិសញ្ញា ​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ មាន​និយាយ​ពី​​ផែនទី​កាល​ណា។ រួច​គាត់​ថា យក​ផែនទី​ឆ្នាំ​១៩៨២ ១៩៨៣ ១៩៨៥ និង​ឆ្នាំ​២០០៥។ គាត់​គិត​ថា ធ្វើ​សន្ធិសញ្ញា​មួយ ធ្វើ​ផែនទី​មួយ។»

បើ​ទោះ​ជា​មាន​ការ​បកស្រាយ​បែប​នេះ​ក្តី អ្នក​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ម៉ៅ មុនីវណ្ណ អះអាង​ថា ការ​បក​ស្រាយ​ណា​មួយ​របស់​រដ្ឋាភិបាល​រឿង​ខ្នាត​ផែន​ទី​នេះ គឺ​នៅ​តែ​ពុំ​អាច​ទទួល​យក​បាន។ លោក​ចាត់​ទុក​ថា បើ​រដ្ឋាភិបាល​ពិត​ជា​មាន​ភាព​ស្មោះត្រង់​មែន គួរ​លាត​ត្រដាង​ជា​សាធារណៈ​ពី​អ្វី​ដែល​បាន​ធ្វើ​រួច​ហើយ​នោះ ថា​តើ​ពិត​ជា​បាន​​អនុវត្ត​តាម​ផែន​ទី​ដែល​ពុំ​មែន​ជា​ផែនទី​នៃ​សន្ធិសញ្ញា​ បំពេញ​បន្ថែម​មែន ឬ​យ៉ាង​ណា៖ «ឯកឧត្ដម វ៉ា គឹមហុង ឯកឧត្ដម ហោ ណាំហុង នឹង​បង្ហាញ​សាធារណជន​មក​ថា ផែនទី​មួយ​ណា? ខុស​គ្នា​ត្រង់​ថា​ផែនទី​គាត់ ដែល​គាត់​យក​ទៅ​វាស់ យក​ទៅ​បោះ​បង្គោល​ហ្នឹង គឺ​ជា​ផែនទី​ដែល​មិន​ផ្សាយ​ជា​​សាធារណៈ​ទេ។»

ការ​ខ្វែង​គំនិត​គ្នា​រឿង​ព្រំដែន​នៅ​ចំណុច​ឃុំ​ជាំ ស្រុក​មេមត់ នេះ កើត​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​កម្ពុជា ចោទ​ប្រកាន់​កាល​ពី​ពេល​ថ្មីៗ​ថា វៀតណាម បាន​បាញ់​ថ្នាំ​ពុល​ធ្វើ​ឲ្យ​ខូច​ដំណាំ​កសិកម្ម។ ក៏ប៉ុន្តែ​ភ្លាមៗ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង បាន​ប្រតិកម្ម​វិញ ដោយ​អះអាង​ថា ការ​ពិត​ពលរដ្ឋ​កម្ពុជា បាន​ធ្វើ​ស្រែ​ចូល​ដី​វៀតណាម ជាង ១៦​ហិកតារ ទៅ​វិញ​ទេ៕


No comments:

Post a Comment