ក្រសួង ការបរទេស ព្រមាន ទីភ្នាក់ងារ អ.ស.ប.រឿងសេចក្ដី ព្រាងច្បាប់ អង្គការ-សមាគម
RFA / វិទ្យុ អាស៊ី សេរី | ២១ ឧសភា ២០១៥
រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កម្ពុជា ដាស់តឿន តំណាង ទីភ្នាក់ងារ អង្គការ សហប្រជាជាតិ ប្រចាំកម្ពុជា ចំនួន ៤រូប ឲ្យបញ្ឈប់ ការរិះគន់ ទៅលើរដ្ឋាភិបាល ទាក់ទង នឹងការធ្វើ សេចក្ដីព្រាងច្បាប់ ស្ដីពី សមាគម និងអង្គការ ក្រៅរដ្ឋាភិបាល។
ការដាស់តឿននេះ ធ្វើឡើង ក្នុងជំនួប រវាង លោក ហោ ណាំហុង រដ្ឋមន្ត្រី ក្រសួង ការបរទេស និងតំណាង ទីភ្នាក់ងារ អង្គការ សហប្រជាជាតិ (អ.ស.ប.) នាទីស្ដីការ ក្រសួង ការបរទេស កាលពីព្រឹក ថ្ងៃទី២១ ឧសភា។
ការកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបទាំងក្រុមនៅពេលនេះ ធ្វើឡើង ៤ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រសួងការបរទេសបានផ្ញើលិខិតទៅកាន់ពួកគេ ដើម្បីបញ្ជាក់អំពីកំហុសឆ្គងដែលពួកគេបានប្រព្រឹត្តកាលពីពេលថ្មីៗ នេះ។
តំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចំនួន ៤រូបនោះ រួមមានតំណាងការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុក សិទ្ធិមនុស្ស អ្នកស្រី វ៉ាន់ ហ៊ាលី (Wan-Hea Lee) តំណាងអង្គការ យូនីសេហ្វ (UNICEF) អ្នកស្រី រ៉ាណា វ្លៅវើរ៍ (Rana Flowers) តំណាងអង្គការមូលនិធិប្រជាជនអង្គការសហប្រជាជាតិ (UNFPA) លោក ម៉ាក ដឺវើវ (Marc Derveeuw) និងតំណាងស្ថាប័នអង្គការសហប្រជាជាតិដើម្បីសមភាពយេនឌ័រ និងការផ្ដល់សិទ្ធិអំណាចស្ត្រី (UN Women) អ្នកស្រី វែនី គូស៊ូម៉ា (Wenny Kusuma)។
ពួកគេត្រូវបានក្រសួងការបរទេសចោទប្រកាន់ថា បានប្រព្រឹត្តនូវទង្វើខុសឆ្គងផ្ទុយទៅនឹងធម្មនុញ្ញអង្គការ សហប្រជាជាតិ ក្នុងនាមជាតំណាងភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ក្រោយពីពួកគេបានផ្ដល់យោបល់ និងរិះគន់ចំពោះសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅតាមសារព័ត៌មានក្នុងស្រុកកាលពីពេល ថ្មីៗនេះ។
ក្រសួងការបរទេសលើកឡើងថា ក្នុងនាមជាតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិ ពួកគេត្រូវបំពេញតួនាទីរបស់ខ្លួនដោយគោរពតាមធម្មនុញ្ញអង្គការ សហប្រជាជាតិ ដែលក្រសួងការបរទេសអះអាងថា ក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ គ្មានពាក្យណាមួយអនុញ្ញាតឲ្យអង្គការសហប្រជាជាតិ ធ្វើអន្តរាគមន៍លើកិច្ចការដែលស្ថិតនៅក្រោមច្បាប់នៃរដ្ឋណាមួយ ឡើយ។
លើសពីនេះ ក្រសួងការបរទេសអះអាងថា អនុស្សរណៈនៃការយោគយល់គ្នារវាងការិយាល័យឧត្ដមស្នងការអង្គការ សហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា មិនបានអនុញ្ញាតឲ្យតំណាងរបស់ស្ថាប័ននេះធ្វើការទិតៀនតាមរយៈ បណ្ដាញសារព័ត៌មានប្រឆាំងទៅនឹងសេចក្ដីព្រាងច្បាប់របស់កម្ពុជា ដែលក្រសួងការបរទេស អះអាងថា គ្មានពាក់ព័ន្ធអ្វីទាល់តែសោះទៅនឹងបញ្ហាសិទ្ធិមនុស្ស កុមារ ប្រជាជនកម្ពុជា ឬស្ត្រីឡើយ។
បន្ថែមពីលើនេះទៀត ក្រសួងការបរទេសបញ្ជាក់ថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុជា ក៏ពុំមានពាក្យណាមួយតម្រូវឲ្យធ្វើការពិគ្រោះយោបល់ជាមួយអង្គការ មិនមែនរដ្ឋាភិបាល សង្គមស៊ីវិល មុននឹងដាក់សេចក្ដីព្រាងច្បាប់ទៅកាន់រដ្ឋសភានោះទេ។
អ្នកនាំពាក្យក្រសួងការបរទេស លោក កុយ គួង មានប្រសាសន៍នៅថ្ងៃទី២១ ឧសភា ថា ការកោះហៅតំណាងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំង ៤រូប នៅពេលនេះ គឺគ្រាន់តែចង់ដាស់តឿនអំពីការបំពេញកាតព្វកិច្ចការងាររបស់ពួកគេនៅ កម្ពុជា ប៉ុណ្ណោះ៖ «គ្រាន់តែជាការរំលឹកពីតួនាទីរបស់គាត់ ប៉ុន្តែអារឿងគោរព ឬមិនគោរពអានេះជាកិច្ចការរបស់គាត់ សំខាន់រដ្ឋាភិបាលយើងបានដាស់តឿនគាត់ រំលឹកគាត់អំពីអ្វីដែលមានចែងក្នុងធម្មនុញ្ញកម្ពុជា អ្វីដែលមានចែងនៅក្នុងលិខិតតែងតាំង អ្វីដែលមានចែងក្នុងអនុស្សរណៈយោគយល់គ្នា ដែលអង្គការគាត់បានធ្វើជាមួយរដ្ឋាភិបាលកន្លងមក សំខាន់តែប៉ុណ្ណឹង។»
យ៉ាងណាក៏ដោយ នៅបន្ទាប់ពីមានជំនួបជាមួយលោក ហោ ណាំហុង ការិយាល័យនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ក៏បានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់ខ្លួន។ សេចក្ដីប្រកាសព័ត៌មាននោះ ឲ្យដឹងថា តំណាងទីភ្នាក់ងារទាំង ៤រូបរបស់អង្គការសហប្រជាជាតិ បានអះអាងថា ពួកគេបានធ្វើសកម្មភាពការងារស្ថិតក្នុងអាណត្តិរបស់ខ្លួន។ ពួកគេក៏បានបញ្ជាក់ជាថ្មីដែរថា នឹងនៅតែផ្ដល់ការឧបត្ថម្ភ គាំទ្ររបស់ខ្លួនសម្រាប់កិច្ចសន្ទនាជាមួយសង្គមស៊ីវិលលើច្បាប់ដ៏ មានសារសំខាន់មួយនេះ។
បើទោះជាបែបនេះក្តី លោក កុយ គួង មិនបានបញ្ជាក់ថា តើរដ្ឋាភិបាលអាចចាត់វិធានការបែបណាចំពោះពួកគេនោះឡើយ ប្រសិនបើពួកគេនៅតែបន្តរិះគន់លើសេចក្ដីព្រាងច្បាប់របស់រដ្ឋាភិបាល នៅពេលខាងមុខ។
ក្រសួងការបរទេសកាលពីថ្ងៃទី២០ ឧសភា ក៏បានផ្ញើលិខិតទៅឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក វីល្លៀម ថត (William E. Todd) ដើម្បីសម្ដែងការមិនពេញចិត្តចំពោះឯកអគ្គរដ្ឋទូតរូបនេះដែល រដ្ឋាភិបាលអះអាងថា បានទិតៀនលើសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលនៅតាមបណ្ដាញសារព័ត៌មាន។ ក្រសួងការបរទេសបានចាត់ទុកពាក្យសម្ដីរបស់លោក វីល្លៀម ថត ថាមានលក្ខណៈព្រហើនខ្លាំងទៀតផង។
ទោះជាបែបនេះក្តី លោក កុយ គួង បញ្ជាក់ថា ក្រសួងការបរទេសមិនទាន់មានព័ត៌មាន ថាតើត្រូវកោះហៅលោក វីល្លៀម ថត ចូលជួប ឬក៏យ៉ាងណានោះទេ។
សេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលត្រូវបានតាក់តែងដោយក្រសួងមហាផ្ទៃ ហើយបើតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្បាប់នេះ ត្រូវបានក្រសួងបញ្ជូនទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីរួចហើយ។ លោក ហ៊ុន សែន កាលពីពេលថ្មីៗនេះ ក៏បានជំរុញឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់នេះ បើទោះជាមានការរិះគន់យ៉ាងខ្លាំងពីក្រុមអង្គការសង្គមស៊ីវិលក្តី៕
No comments:
Post a Comment