Paris Peace Accords 23 Oct. 1991

Tuesday, May 19, 2015

រដ្ឋាភិបាល​ បដិសេធ​ រឿង​វៀតណាម ​រំកិល​ព្រំដែន ​ចូល​ដី​ខ្មែរ​ នៅ​តន់ហន់ | Govt rejects accusations that Vietnam moved border posts into Cambodia at Taun Haun

រដ្ឋាភិបាល​ បដិសេធ​ រឿង​វៀតណាម ​រំកិល​ព្រំដែន ​ចូល​ដី​ខ្មែរ​ នៅ​តន់ហន់

RFA / ​វិទ្យុ ​អាស៊ី សេរី |  ១៨ ឧសភា ២០១៥

ព្រំដែន តន់ហន់ ៦២០
ច្រក​ទ្វារ​ព្រំដែន​កម្ពុជា នៅ​តំបន់​តន់ហន់ ក្នុង​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត។ រូបថត​ថ្ងៃ​ទី​១៤ ឧសភា ឆ្នាំ​២០១៥  (RFA/Tha Kitya)


មន្ត្រី​ ជំនាញ​ ខាង​កិច្ចការ​ ព្រំដែន​ របស់​ រដ្ឋាភិបាល ប្រតិកម្ម​ ចំពោះ​ ការ​ចោទ​ប្រកាន់​ ពី​តំណាងរាស្ត្រ​ បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ ​ដែល​ថា វៀតណាម​ បាន​ខិត​ព្រំដែន​ ចូល​ដី​ខ្មែរ​ នៅ​តំបន់​តន់ហន់, នោះ​ ថា ជា​ រឿង​មិន​ពិត ​ឡើយ។  មន្ត្រី ដដែល​ បញ្ជាក់​ថា,  កម្ពុជា ​មិន​បាន ​បាត់បង់​ទឹក​ដី​ ទៅ​ ឲ្យ​វៀតណាម ទេ, ហើយ​ ប្រឡាយ ៧៩ ក៏​មិន​មែន ​កំណត់​សម្គាល់ ​ជា​ខ្សែ​បន្ទាត់ ​ព្រំដែន​ នោះ​ដែរ។


ប្រតិកម្ម​នេះ​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​តន់ហន់ ខេត្ត​កំពត អះអាង​ថា ព្រែកវិញតេ គឺ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម នៅ​មុន​ឆ្នាំ​១៩៧៩ ពោល​គឺ​មិន​មែន​ប្រឡាយ ៧៩ នោះ​ទេ។

បញ្ហា​ព្រំដែន​គឺ​ជា​រឿង​រសើប​ដែល​រដ្ឋាភិបាល​មិន​ចង់​អោយ​អ្នក​ សារព័ត៌មាន និង​ប្រជាពលរដ្ឋ នឹក​ដើម​ដង្ហើម​ដល់។ អ្នក​វិភាគ​លើក​ឡើង​ថា បញ្ហា​ចម្រូងចម្រាស​ជុំវិញ​ព្រំដែន​ពុះ​ចែក​ប្រទេស​កម្ពុជា-វៀតណាម មិន​មែន​ជា​រឿង​ថ្មី​ឡើយ។ 

បាតុភាព​ដែល​កើត​ឡើង​នៅ​តាម​ខ្សែបន្ទាត់​ ព្រំដែន​កម្ពុជា-​វៀតណាម នៅ​តំបន់​តន់ហន់ ស្ថិតនៅ​ឃុំ​ព្រែកក្រឹស ស្រុក​កំពង់ត្រាច ខេត្ត​កំពត គឺ​ជា​រឿង​ប្រវត្តិសាស្ត្រ​ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ប្រជាពលរដ្ឋ​ខំ​ជីក​កកាយ​ឡើង​វិញ​ដើម្បី​រក​យុត្តិធម៌។


បុរស​ចំណាស់​សក់ស្កូវ ដុះ​ពុកចង្កា សម្បុរ​ខ្មៅ​ម្នាក់ កំពុង​អង្គុយ​ក្រោម​ម្លប់​ដើម​ឈើ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ថា នៅ​មុន​ឆ្នាំ​១៩៧៩ គិត​ចាប់​ពី​ប្រឡាយ៧៩ រហូត​ដល់​ព្រែក​វិញតេ គឺ​ជា​ទឹកដី​របស់​ខ្មែរ ហើយ​ព្រែក​នេះ ប្រជាពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​ជាមួយ​គ្នា​ធម្មតា ប៉ុន្តែ​នៅ​ក្រោយ​ឆ្នាំ​១៩៧៩ ព្រែក​វិញតេ បាន​ក្លាយ​ជា​កម្មសិទ្ធិ​ផ្ដាច់​មុខ​របស់​វៀតណាម ពោល​គឺ​ប្រជាពលរដ្ឋ​ខ្មែរ​ពុំ​អាច​ប្រើប្រាស់​ទឹក​ព្រែក​ទី​នេះ​បាន​ទៀត​ ឡើយ។

ចំណែក​ឯក​ខ្សែបន្ទាត់​ព្រំដែន​វិញ ក៏​ត្រូវ​បាន​រំកិល រហូត​ដល់​ប្រឡាយ​៧៩ ដែរ៖ «ខ្ញុំ ​ដឹង​ពី​៧៩ មក កាល​ណោះ​ប្រជាជន​បែក​ពី​អា ពត មិន​ទាន់​ចុះ​មក​ទេ ដូច្នេះ​វៀតណាម យក​ខ្មែរ​យើង​ដែល​រត់​ទៅ​វៀតណាម ហ្នឹង ជីក​ប្រឡាយ​៧៩ ដើម្បី​ធ្វើ​ជា​ខ្សែក្រវាត់​ព្រំដែន។»

ជា​ទូទៅ​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​នោះ មិន​សូវ​ហ៊ាន​និយាយ​ពី​បញ្ហា​ព្រំដែន​ឡើយ ហើយ​បើ​និយាយ​ក៏​សុំ​លាក់​អត្តសញ្ញាណ​ដែរ។ វិទ្យុ​អាស៊ីសេរី បាន​ជួប​សម្ភាស​ជាមួយ​ពលរដ្ឋ​ម្នាក់​ទៀត មាន​រាង​ស្គម​ខ្ពស់ និយាយ​ថា សម័យ​សង្គម​រាស្ត្រ​និយម សម័យ លន់ នល់ និង​សម័យ ប៉ុល ពត នោះ ព្រែក​វិញតេ ស្ថិត​ក្នុង​កណ្ដាប់ដៃ​របស់​ខ្មែរ​នៅ​ឡើយ៖ «ព្រែក​វិញតេ នៅ​គ្រប់​ជំនាន់ ពិសេស​សម័យ លន់ នល់ សម័យ ប៉ុល ពត ក៏​នៅ​តែ​ខ្មែរ​យើង​កាន់​កាប់​ដដែល ដូច្នេះ​ទើប​នឹង​បាត់បង់​ក្រោយ​៧៩ ហ្នឹង​ទេ ដោយសារ​ខ្មែរ​យើង​អស់​ឥទ្ធិពល»


ព្រំដែន តន់ហន់ ៦២០
១៤-ឧសភា-២០១៥៖ ព្រែក​វិញតេ ដែល​តំណាងរាស្ត្រ​បក្ស​ប្រឆាំង និង​ពលរដ្ឋ​អះអាង​ថា ជា​ខ្សែ​បន្ទាត់​ព្រំដែន​ចាស់ ពុះ​ចែក​ប្រទេស​កម្ពុជា-​វៀតណាម ហើយ​នៅ​មុន​ឆ្នាំ​១៩៧៩ គឺ​ពលរដ្ឋ​ទាំង​ពីរ​ប្រើប្រាស់​បាន ប៉ុន្តែ​ក្រោយ​ឆ្នាំ​១៩៧៩ ជា​កម្មសិទ្ធិ​វៀតណាម ផ្តាច់​មុខ។ RFA/Tha Kitya


កាលពី​ថ្ងៃ ​ទី​១៤ ឧសភា ថ្មីៗ​នេះ, តំណាងរាស្ត្រ ​គណបក្ស​ សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​ចុះ​ ទៅ​ត្រួត​ពិនិត្យ​ ខ្សែ​បន្ទាត់​ ព្រំដែន​ កម្ពុជា-​វៀតណាម នៅ​តំបន់​ តន់ហន់។  លោក​ រក​ឃើញ​ ថា, ខ្សែបន្ទាត់​ព្រំដែន​ នៅ​តំបន់​នេះ គឺ ​កំណត់​ យក​ប្រឡាយ​ ៧៩, ដូច្នេះ ​វា​ មិនមែន ​ជា​ខ្សែបន្ទាត់​ ព្រំដែន ​កម្ពុជា-​ វៀតណាម ដែល​មាន​ នៅ​ក្នុង​ផែនទី​ ធ្វើ​នៅ​ចន្លោះ ឆ្នាំ​១៩៣៣-​១៩៥៣ ដែល​ព្រះ​ បរម​រនតកោដ្ឋ បាន​យក​ ទៅ​តម្កល់​ នៅ​អង្គការ​ សហប្រជាជាតិ ឆ្នាំ​១៩៦៤ នោះ​ទេ។

លោក អ៊ុំ សំអាន«ព្រំដែន​នេះ កំណត់​ដោយ​ប្រឡាយ​៧៩ ជា​សម័យ​ដែល​យួន​គ្រប់គ្រង​ខ្មែរ​យើង។ ដូច្នេះ​ពេល​យើង​មក​មើល​ជាក់ស្ដែង គឺ​ប្រជាពលរដ្ឋ​គាត់​ប្រាប់​ហើយ​ថា ខ្សែ​បន្ទាត់​ព្រំដែន​កំណត់​ដោយ​ព្រែក​វិញតេ ឬ​ព្រែកជីក ហើយ​តាម​ផែនទី​ដែល​បារាំង ធ្វើ​នៅ​ឆ្នាំ​១៩៥២ ដែល​សម្ដេច​តា​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ ក៏​កំណត់​ពាក់​កណ្ដាល​ព្រែក​វិញតេ​ដែរ ដូច្នេះ​តើ​រឿង​អី​ដែល​គាត់ (វ៉ា គឹមហុង) កំណត់​ដោយ​ប្រឡាយ​៧៩ បើ​មិន​ដឹង​ឭ គឺ​កាត់​ដី​អោយ​យួន​ហើយ»

​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​នេះ សេក ឈិន មេឃុំ​ព្រែក​ក្រឹស ចាត់​ទុក​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ និង​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា មិន​មែន​ជា​ការ​ពិត​នោះ​ទេ គឺ​គ្រាន់តែ​ជា​ការ​ញុះញង់​ឲ្យ​មាន​បញ្ហា​ជម្លោះ។

លោក​បន្ត​ថា សព្វថ្ងៃ​នេះ ទំនាក់ទំនង​រវាង​ប្រជាពលរដ្ឋ​កម្ពុជា និង​វៀតណាម ល្អ​ធម្មតា ពុំ​មាន​អ្វី​ជា​ឧបសគ្គ​នោះ​ទេ៖ «មិនមែន ​ដូច​ការ​និយាយ​ទេ ជាក់ស្ដែង​យើង​ផ្អែក​ទៅ​លើ​បារាំង ដែល​ចែក​អោយ​មាន​ខ្សែបន្ទាត់​ព្រំដែន​ច្បាស់លាស់។ ប្រជាជន​យើង​មាន​ដីស្រែ​នៅ​ជាប់​ព្រំដែន​ទាំង​អស់ មិន​អាច​វៀតណាម មក​យក​បាន​ទេ ព្រោះ​អ្នក​និយាយ​អត់​ដី​ស្រែ​ចេះ​តែ​ថា​ទៅ។ ខ្ញុំ​ខ្មែរ​ដែរ រឿង​អី​ខ្ញុំ​មិន​ស្រលាញ់​ទឹក​ដី​ខ្មែរ។ ខ្សែ​ព្រំដែន​គេ​មាន​បង្គោល​ឡាក់​ចាស់​របស់​បារាំង»

របាយការណ៍​ស្ដីពី​សភាពការណ៍​ព្រំដែន​ដើម​ឆ្នាំ​១៩៩៩ របស់​អគ្គ​មេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ លោក កែ គឹមយ៉ាន ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ខែ​សីហា ឆ្នាំ​១៩៩៩ បាន​បង្ហាញ​ថា វៀតណាម​បាន​ជីក​ព្រែក​តាម​បន្ទាត់​ព្រំដែន​ពី​កើត​ទៅ​លិច។ បើ​តាម​ការ​អះអាង​ពី​ប្រជាជន​ថា ព្រែក​ជីក​នេះ វៀតណាម​ជីក​នៅ​ឆ្នាំ​១៩៧៩ ចូល​ដី​ខ្មែរ ១.២៧០​ម៉ែត្រ ដោយ​គិត​ពី​ព្រែក​ជីកវិញតេ ដែល​បាន​ជីក​តាំង​ពី​ជំនាន់​អាណានិគម​និយម​បារាំង។ ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ របាយការណ៍​នេះ ត្រូវ​បាន​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន លោក វ៉ា គឹមហុង បដិសេធ​ចោល ដោយ​អះអាង​ថា លោក កែ គឹមយ៉ាន មិន​មែន​ជា​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​ឡើយ។

លោក វ៉ា គឹមហុង៖ «កុំ​និយាយ កែ គឹមយ៉ាន ប្រមាណ ១០​ឆ្នាំ​ជាង​ហើយ ខ្ញុំ​ឃើញ​នៅ​ក្រសួង​មហាផ្ទៃ ថា​ចូល​អ៊ីចេះ ចូល​អ៊ីចុះ។ នេះ​ជា​ធម្មតា​ទេ គាត់​ទទួល​ខុស​ត្រូវ គាត់​តែងតែ​និយាយ​ការ​ពិត​ថា ចូល ប៉ុន្តែ​យើង​ដេញ​អោយ​គេ​ទៅ​វិញ យើង​តវ៉ា ហើយ​រដ្ឋាភិបាល​ក៏​មិន​នៅ​ស្ងៀម​ដែរ»

លោក វ៉ា គឹមហុង ទទួល​ស្គាល់​ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ថា ចំណុច​ខ្លះ​នៃ​ព្រែក​វិញតេ គឺ​ជា​ខ្សែ​បន្ទាត់​ព្រំដែន​ពុះ​ចែក​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​ដោយឡែក​ចំណុច​ខ្លះ​ទៀត គឺ​វា​នៅ​ជ្រៅ​ក្នុង​ប្រទេស​វៀតណាម មិន​មែន​ជា​របស់​ខ្មែរ​ឡើយ បើ​យោង​ទៅ​តាម​ផែនទី។

លោក​ពន្យល់​ទៀត​ថា ប្រឡាយ​៧៩​នេះ គឺ​មិន​មែន​កំណត់​សម្គាល់​ថា ជា​ខ្សែបន្ទាត់​ព្រំដែន​ឡើយ ជា​រួម​គឺ​ធ្វើ​យោង​ទៅ​តាម​ផែនទី​ដែល​តម្កល់​នៅ​អង្គការ​សហប្រជាជាតិ​ខ្នាត ១/១០០,០០០ របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន៖ «ព្រែក​តាមែង ខ្ញុំ​មិន​ស្គាល់​អី​ទេ ព្រោះ​វា​គ្មាន​នៅ​ក្នុង​ផែនទី​របស់​ក្រុម​ភូមិសាស្ត្រ​ឥណ្ឌូចិន ព្រោះ​យើង​យក​ខ្សែ​ព្រំដែន​តាម​ផែនទី​ភូមិសាស្ត្រ​ឥណ្ឌូចិន ដែល​គេ​ទុក​តម្កល់​អោយ​យើង។ យើង​ទៅ​ដាក់​នៅ​អង្គការ​សហប្រជាជាតិ​ក៏​ផែនទី​ហ្នឹង យើង​យក​ទៅ​ប្រើ​ក៏​ផែនទី​ហ្នឹង ទាំង​អស់​គឺ​មាន​តែ​ផែន​ទី​មួយ​ប៉ុណ្ណឹង។ ទី​១ ខ្ញុំ​ថា ព្រែក​ព្រៃ​តាមែង គឺ​វា​មិន​មាន​នៅ​ក្នុង​ផែនទី។ ទី​២ ខ្សែ​ព្រំដែន វា​នៅ​កន្លែង​ខ្លះ វា​ដើរ​ទន្ទឹម​នឹង​ព្រែក​តន់ហន់ ដូច្នេះ​វៀតណាម រមៀល​ចូល​ដី​ខ្មែរ​មិន​កើត​ទេ»

ទាក់ទិន​នឹង​បញ្ហា​នេះ លោក សុខ ទូច អ្នក​វិភាគ​ឯករាជ្យ បាន​លើក​ឡើង​ថា បើ​និយាយ​ពី​រឿង​ប្រវត្តិ​នៃ​ការ​បាត់​ទឹក​បាត់​ដី គឺ​មាន​រឿង​ឈឺ​ចាប់​ច្រើន​ណាស់​សម្រាប់​កម្ពុជា ប៉ុន្តែ​ទាំង​នោះ​ជា​រឿង​ប្រវត្តិសាស្ត្រ។ លោក​លើក​ឡើង​ថា ការ​បោះ​បង្គោល​ព្រំដែន​ថ្មី​រវាង​កម្ពុជា-​វៀតណាម គឺ​ជា​រឿង​ល្អ​មួយ​ដើម្បី​បញ្ឈប់​ការ​ឈ្លានពាន​ពី​បរទេស ហើយ​កម្ពុជា ក៏​មាន​ឱកាស​អភិវឌ្ឍ​ប្រទេស និង​ការពារ​កុំ​អោយ​បាត់បង់​ដី​ត​ទៅ​ទៀត៖ «អ៊ីចឹង ​យើង​កំណត់​ព្រំដែន​យើង​អោយ​ហើយ​ទៅ ហើយ​យើង​ចាប់​ផ្តើម​អភិវឌ្ឍន៍ ឬ​ការពារ​ព្រំដែន​ដែល​មាន​បង្គោល​ស្រាប់ កុំ​អោយ​បន្ត​លួច​មក​ទៀត។ បើ​និយាយ​រឿង​ប្រវត្តិសាស្ត្រ គឺ​វា​ឆ្ងាយ​ណាស់ មិន​មែន​ត្រឹម​ព្រែក​វិញតេ​ហ្នឹង​ទេ។»

​ផែនទី​ដែល​កម្ពុជា ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ពេល​បច្ចុប្បន្ន​នេះ ត្រូវ​បាន​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​រិះគន់​ថា មាន​ភាព​មិន​ប្រក្រតី ដោយសារ​សន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ឆ្នាំ​២០០៥ និង​សន្ធិសញ្ញា​ព្រំដែន​គោក​ឆ្នាំ​១៩៨៥ វា​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស និង​ផ្ទុយ​ទៅ​នឹង​មាត្រា​៥៥ នៃ​រដ្ឋធម្មនុញ្ញ ដែល​ទុក​ជា​មោឃភាព​នៃ​សន្ធិសញ្ញា​ទាំង​អស់​ក្នុង​ទសវត្ស​៨០។

ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ ធ្លាប់​បាន​អះអាង​ថា សន្ធិសញ្ញា​ឆ្នាំ​១៩៨២ ដែល​លោក ហ៊ុន សែន បាន​ចុះ​ហត្ថលេខា​ជាមួយ​លោក ង្វៀង កូថាច់ រដ្ឋមន្ត្រី​ការបរទេស​វៀតណាម ខណៈ​កម្ពុជា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​វៀតណាម បាន​នាំ​ឲ្យ​កម្ពុជា បាត់​ព្រំដែន​ទឹក​របស់​ខ្លួន​ចម្ងាយ​ជាង ៣​ម៉ឺន​គីឡូម៉ែត្រ​ការ៉េ ហើយ​បាន​បាត់​កោះ​ត្រល់​ទំហំ​ជាង ៥០០​គីឡូម៉ែត្រ​ការ៉េ ស្មើ​នឹង​ប្រទេស​សិង្ហបុរី ទាំង​មូល ព្រម​ទាំង​បាត់​កោះ​ក្រចកសេះ ទំហំ​ប្រហែល ៦​គីឡូម៉ែត្រ​ការ៉េ​ថែម​ទៀត។

ទាក់​នឹង​បញ្ហា​ព្រំដែន​នេះ​ដែរ លោក អ៊ុំ សំអាន អះអាង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ប្រើប្រាស់​វប្ប​ធម៌​សន្ទនា​ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ លោក ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​កម្ពុជា ដើម្បី​កុំ​អោយ​ភាគី​វៀតណាម ចូល​ទឹកដី​កម្ពុជា ដែល​ធ្វើ​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ៕



No comments:

Post a Comment