ពិធីបុណ្យសព លោក ជា ស៊ីម ប្រារព្ធ តាមបែបផែន ពលរដ្ឋទូទៅ
RFA / វិទ្យុ អាស៊ី សេរី | ៩ មិថុនា ២០១៥
ពិធីបុណ្យសព លោក ជា ស៊ីម ប្រធាន គណបក្ស ប្រជាជន កម្ពុជា និងជាប្រធាន ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ត្រូវ បានអ្នករៀបចំ កម្មវិធី អះអាងថា, ត្រូវ ធ្វើឡើង យ៉ាងមហោឡារិក ព្រោះ លោក ជាឥស្សរជន ជាន់ខ្ពស់ របស់ជាតិ។ ប៉ុន្តែ គេ មិនធ្វើ ឲ្យដូចព្រះរាជ ពិធីបុណ្យសព របស់ ព្រះមហាវីរៈក្សត្រ ទេ។
មន្ត្រីជាន់ខ្ពស់ របស់ ស្ថាប័នជាតិ បន្តគ្នា ចូលរួម ពិធីបុណ្យសព លោក ជា ស៊ីម ចាប់តាំង ពីថ្ងៃ លោក ទទួលមរណភាព រហូត មកដល់ថ្ងៃ ទី៩ ខែមិថុនា នេះ យ៉ាងគគ្រឹក គគ្រេង ក្នុងទឹកមុខ ក្រៀមក្រំ សម្ដែង ពីការសោកស្ដាយ។
មកទល់ពេលនេះ ការរៀបចំពិធីបុណ្យសពគេមិនទាន់បើកឲ្យសាធារណជនទូទៅ ចូលគោរពវិញ្ញាណក្ខន្ឋសពនៅឡើយទេ។
លោក ហេង សំរិន ប្រធានរដ្ឋសភា និងជាមិត្តប្រកៀកស្មារួមគ្នារំដោះទឹកដីកម្ពុជា ជាមួយ លោក ជា ស៊ីម នោះ ថ្លែងក្រោយចូលរួមពិធីបុណ្យសពថា ការតស៊ូលំបាកវេទនានៃការរំដោះទឹកដីពីការគ្រប់គ្រងរបស់ក្រុម ប៉ុល ពត ជាអនុស្សាវរីយ៍ដែលលោកមានជាមួយ លោក ជា ស៊ីម ដែលមិនអាចបំភ្លេចបាន។
ប្រធានរដ្ឋសភា និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា រូបនេះ ប្រាប់ឲ្យដឹងទៀតថា លោកបានជួបមុខ លោក ជា ស៊ីម ចុងក្រោយបង្អស់ គឺចំពេល លោក ជា ស៊ីម សម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ និងនៅពេល លោក ជា ស៊ីម រលត់សង្ខារ៖ «អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន គឺការលំបាកវេទនាគ្រប់ជំនាន់កន្លងមកនៃការតស៊ូរំដោះទឹកដី។»
លោក ជា ស៊ីម បានទទួលមរណភាពដោយរោគាពាធកាលពីរសៀលថ្ងៃទី៨ មិថុនា វេលាម៉ោង ៣ និង ៤៥នាទី នៅគេហដ្ឋានរបស់លោកក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
រដ្ឋាភិបាលកម្ពុជា ប្រកាសយកថ្ងៃទី១៩ ខែមិថុនា ជាថ្ងៃកាន់ទុក្ខនៃការស្លាប់របស់ លោក ជា ស៊ីម ដែលតម្រូវឲ្យគ្រប់ស្ថាប័ននានា វត្តអារាម មន្ទីរពេទ្យទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមមួយភាគបីនៃដងទង់ជាតិ។ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ ត្រូវផ្អាកផ្សាយកម្មវិធីដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេង។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ថ្លែងអះអាងថា មរណភាព លោក ជា ស៊ីម មិនប៉ះពាល់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ទេ ព្រោះគណបក្សបានត្រៀមរៀបចំអ្នកបន្តការងារ លោក ជា ស៊ីម រួចរាល់ហើយ៖ «មិនមានអីទេ ព្រោះនៅក្នុងគណបក្សយើង (គណបក្សប្រជាជនកម្ពុជា) មានត្រៀមរៀបចំអ្នកបន្តវេនច្បាស់លាស់។»
កម្មវិធីបុណ្យសព លោក ជា ស៊ីម ត្រូវចែកចេញជាពីរផ្នែក គឺពិធីសាសនាដែលជាពិធីវេរភត្តាហារប្រគេនព្រះសង្ឃ និងរំកិលសពឡើងលើរថយន្តបុស្បុក ជាដើម។ ចំណែកពិធីគោរពវិញ្ញាណក្ខន្ធវិញ ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី និងសម្ដេចម៉ែ ព្រមទាំងមន្ត្រីជាន់ខ្ពស់គ្រប់ស្ថាប័នរដ្ឋ ចូលគោរពសព លោក ជា ស៊ីម ជាផ្លូវការចាប់ពីថ្ងៃទី១០ ខែមិថុនា តទៅ។
ទាក់ទងពិធីនេះដែរ ព្រះមហាក្សត្រ កាលពីថ្ងៃទី៨ ខែមិថុនា បានត្រាស់បង្គាប់ឲ្យបង្កើតគណៈកម្មការរៀបចំពិធីបុណ្យសព លោក ជា ស៊ីម ដែលមានប្រធានរដ្ឋសភា ប្រមុខរដ្ឋាភិបាលជាក្រុមកាន់ការ ដើម្បីឲ្យពិធីបុណ្យនេះសក្ដិសមនឹងវីរភាព និងកិត្តិយសរបស់ លោក ជា ស៊ីម។
ព្រះញាណវង្ស ឃឹម សន ជាព្រះមេគណរាជធានីភ្នំពេញមានថេរដីកាថា ពិធីបុណ្យសព លោក ជា ស៊ីម ធ្វើឡើងយ៉ាងមហោឡារិក ព្រោះលោកជាឥស្សរជនរបស់ជាតិ ប៉ុន្តែពិធីបុណ្យធ្វើតាមបែបទំនៀមពលរដ្ឋទូទៅ មិនធ្វើដូចទៅនឹងព្រះរាជពិធីព្រះមហាវីរៈក្សត្រ ព្រះបាទនរោត្តម សីហនុ ទេ។ ព្រះអង្គបន្តថា ពិធីបូជាសពនឹងធ្វើនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ក្នុងទីធ្លាសួនច្បារមុខវត្តបទុមវតី ហើយព្រះមហាក្សត្រជាអ្នកថ្វាយភ្លើងបូជាសព លោក ជា ស៊ីម៖ «ពិធី កិច្ចរៀបចំពិធីនេះត្រូវធ្វើយ៉ាងមហោឡារិកដូចគ្នា ព្រោះសម្ដេច ជា ស៊ីម ជាឥស្សរជនឆ្នើមមួយរូប ប៉ុន្តែពិធីនេះធ្វើឡើងតាមបែបរាស្ត្រសាមញ្ញ។»
សព លោក ជា ស៊ីម ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីទំនៀមទម្លាប់ព្រះពុទ្ធសាសនា នៅភូមិគ្រឹះរបស់លោកនាក្រុងភ្នំពេញ។ ក្រោយបាត់មុខមួយរយៈពីពិភពនយោបាយព្រោះបញ្ហាសុខភាព លោក ជា ស៊ីម ទទួលមរណភាពក្នុងអាយុ ៨៣ឆ្នាំដោយរោគាពាធ៕
No comments:
Post a Comment