Paris Peace Accords 23 Oct. 1991

Sunday, June 7, 2015

រដ្ឋាភិបាល ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ អង្គការ-​សមាគម | Govt adopts draft NGO Law


រដ្ឋាភិបាល ​អនុម័ត​ សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ អង្គការ-​សមាគម

RFA / ​វិទ្យុ ​អាស៊ី សេរី | ៥ មិថុនា ២០១៥

វិមាន​សន្តិភាព ៦១០
អគារ​រដ្ឋាភិបាលដែលមានឈ្មោះថា "វិមានសន្តិភាព" ស្ថិតនៅក្នុងរាជធានីភ្នំពេញ។  RFA

សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​ សមាគម និង​អង្គការ ​មិនមែន ​រដ្ឋាភិបាល ត្រូវ​ បាន​រដ្ឋាភិបាល​ អនុម័ត​ ជា​ស្ថាពរ​ហើយ នៅ​ថ្ងៃ​ ទី​៥ ខែ​មិថុនា។  មន្ត្រី​រដ្ឋាភិបាល​ អះអាង​ថា, មាន​ចំណុច និង​មាត្រា ​មួយ​ចំនួន ​ត្រូវ​ បាន​កែប្រែ និង​លុបចោល។  យ៉ាង​ណា​ក៏ដោយ សង្គម​ស៊ីវិល​ នៅ​តែ ​សម្ដែង​ ការ​ខកចិត្ត​ ចំពោះ​ ការ​អនុម័ត ​សេចក្ដី​ព្រាង​ ច្បាប់ ​របស់ ​រដ្ឋាភិបាល​ នៅ​ពេល​នេះ។


បើ​ ទោះ​ជា​មាន ​ការ​រិះគន់​ របស់​ អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នៅ​ពេល​កន្លង​មក​យ៉ាង​ណា​ក៏ដោយ ទីបំផុត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូងចម្រាស​មួយ​នេះ ត្រូវ​បាន​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​អនុម័ត​ដោយ​រលូន។

​អ្នកនាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ថា បើ​ទោះ​ជា​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​រួច​រាល់​ហើយ​ក្តី រដ្ឋាភិបាល​ក៏​បាន​លុប​ចោល​មាត្រា​ចំនួន​២ ដើម្បី​ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​ដំណើរការ​ទៅ​បាន​ល្អ។ មាត្រា​ចំនួន ២​នោះ គឺ​មួយ​ចំនួន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រឹតត្បិត​ទៅ​លើ​ការ​ប្រើប្រាស់​ថវិកា​ រដ្ឋបាល​របស់​សង្គម​ស៊ីវិល និង​មួយ​ទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ភាព​ស្មុគស្មាញ​នៃ​ការិយាធិបតេយ្យ​ក្នុង​ការ​ បង្កើត​អង្គការ។

លោក ផៃ ស៊ីផាន ឲ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​លុបចោល​មាត្រា​មួយ​ចំនួន​ក៏​មាន​ការ​កែប្រែ​ពាក្យ​ពេចន៍​ខ្លះៗ​ផង​ ដែរ។ លោក​ថា រដ្ឋាភិបាល​នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចាំបាច់​នេះ​ទៅ​កាន់​ រដ្ឋសភា​នៅ​សប្ដាហ៍​ក្រោយ៖ «ការ​គិត​ការ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​ ហ្នឹង​មាន​រយៈពេល ២០​ឆ្នាំ​ហើយ មាន​ការ​ធ្វើ​សេចក្ដី​ព្រាងច្បាប់ ការ​កែ​សម្រួល ឬ​ការ​ប្រមូល​ទិន្នន័យ​មួយ​ចំនួន​ដើម្បី​ធ្វើ​ច្បាប់​ហ្នឹង គឺ​អស់​រយៈ​ពេល ២០​ឆ្នាំ​ហើយ នៅ​ក្នុង​នោះ​គឺ​មាន​តាំង​ពី​គណបក្ស​ប្រឆាំង ក៏​បាន​គិត​បាន​គូរ​នៅ​ក្នុង​រឿង​ហ្នឹង​ដែរ ដូច្នេះ​អ្នក​ដែល​លើក​ឡើង​ថា ច្បាប់​នេះ​មិន​មាន​ជា​សារសំខាន់​សម្រាប់​កម្ពុជា គឺ​ខុស។ ឥឡូវ​យើង​បាន​ធ្វើ​សម្រេច​ហើយ​ច្បាប់​នេះ សម្តេច​តេជោ លោក​មាន​ប្រសាសន៍​ថា ជា​ច្បាប់​មួយ​ដើម្បី​ការពារ​ផលប្រយោជន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល។»

​បើ​ទោះ​ជា​លោក ផៃ ស៊ីផាន អះអាង​ថា ច្បាប់​នេះ​បង្កើត​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​អង្គការ​មិនមែន​ រដ្ឋាភិបាល និង​បាន​អនុញ្ញាត​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្ដល់​យោបល់​រួច​ហើយ​ក្តី មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​សម្ដែង​ការ​ខក​ចិត្ត​ចំពោះ​ការ​អនុម័ត​ សេចក្ដី​ព្រាង​​ច្បាប់​ដ៏​រហ័ស​របស់​រដ្ឋាភិបាល​នៅ​ពេល​នេះ។

​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិការ​ដើម្បី​កម្ពុជា ហៅ​កាត់​ថា ស៊ី.ស៊ី.ស៊ី (CCC) លោក សឿង សារឿន មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បើក​ឲ្យ​សង្គម​ស៊ីវិល​បាន​ចូលរួម​ផ្តល់​យោបល់​ឲ្យ​បាន​ ទូលំទូលាយ មុន​នឹង​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​បញ្ជូន​ទៅ​កាន់​រដ្ឋសភា។

​លោក សឿង សារឿន បញ្ជាក់​ថា លោក​គាំទ្រ​រដ្ឋាភិបាល​ដែល​បាន​លុប​មាត្រា​ចំនួន​២ នោះ យ៉ាង​ណា​ក៏ដោយ លោក​ថា នៅ​មាន​ចំណុច​អវិជ្ជមាន​មួយ​ចំនួន​ទៀត​ដែល​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ ក្នុង​នោះ​មាន​ដូចជា​ការ​រឹតត្បិត​លើ​ការ​ប្រតិបត្តិការ​របស់​អង្គការ​នៅ​ តាម​មូលដ្ឋាន ភាព​មិន​ច្បាស់លាស់​ថា តើ​បណ្ដាញ​សង្គម​មួយ​ចំនួន​ដែល​មិន​បាន​ចុះបញ្ជី​អាច​ធ្វើ​ប្រតិបត្តិ​របស់​ ខ្លួន​បាន​ដែរ ឬ​ក៏​យ៉ាង​ណា និង​ពី​ការ​រំលាយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាដើម។

លោក សឿង សារឿន មាន​ប្រសាសន៍​ទៀត​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​នេះ​ហើយ​ក៏ដោយ​ចុះ លោក​សង្ឃឹម​ថា នៅ​ពេល​ច្បាប់​នេះ​ទៅ​ដល់​រដ្ឋសភា រដ្ឋសភា​នឹង​បើក​ទូលាយ​ឲ្យ​សង្គម​ស៊ីវិល​ចូលរួម​ផ្ដល់​យោបល់​មុន​នឹង​ អនុម័ត៖ «យើង​កន្លង​មក​ធ្លាប់​បាន​ជជែក​ជាមួយ​ឯកឧត្តម ឈាង វុន ហើយ​និង​សមាជិក​គណៈកម្មការ​ទី​៥ នៃ​រដ្ឋ​សភា គឺ​យើង​សង្ឃឹម​ថា នឹង​មាន​ការ​ទទួល​បាន​ការ​ពិគ្រោះ​យោបល់​យ៉ាង​ទូលំទូលាយ ហើយ​សង្ឃឹម​ថា អ្វី​ដែល​យើង​បារម្ភ​ពីរ​បី​ចំណុច​ទៀត។ យើង​សង្ឃឹម​ថា នឹង​អាច​ត្រូវ​ដោះស្រាយ​នៅ​រដ្ឋ​សភា។»

បច្ចុប្បន្ន ប្រទេស​កម្ពុជា មាន​អង្គការ​សង្គម​ស៊ីវិល​ដែល​កំពុង​ធ្វើ​សកម្មភាព​មាន​ចំនួន​សរុប​ប្រមាណ ៥​ពាន់។ ពួកគេ​បាន​រួម​ចំណែក​យ៉ាង​ច្រើន​នៅ​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា ទាំង​ក្នុង​វិស័យ​សង្គម សេដ្ឋកិច្ច និង​ពង្រឹង​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ។ យ៉ាង​ណា​ក៏ដោយ អង្គការ​សហប្រជាជាតិ និង​អង្គការ​សង្គម​ស៊ីវិល​អន្តរជាតិ​មួយ​ចំនួន បាន​លើក​ឡើង​ថា វា​ជា​រឿង​ចម្លែក​នៅ​ពេល​ដែល​រដ្ឋាភិបាល​ធ្វើ​ច្បាប់​ដើម្បី​ការពារ​ ផលប្រយោជន៍​របស់​សង្គម​ស៊ីវិល តែ​រដ្ឋាភិបាល​បែរ​ជា​មិន​ឲ្យ​សង្គម​ស៊ីវិល​ចូល​រួម​ក្នុង​ដំណើរ​ការ​ធ្វើ​ ច្បាប់​នេះ​ទៅ​វិញ៕



No comments:

Post a Comment