រដ្ឋាភិបាល ច្រានចោល របាយការណ៍ វាយតម្លៃ ថា, សន្តិភាព នៅកម្ពុជា ធ្លាក់ចុះ
RFA / វិទ្យុ អាស៊ី សេរី | ១៨ មិថុនា ២០១៥
របាយការណ៍ស្ដីពីសន្តិភាពក្នុងពិភពលោកឆ្នាំ២០១៥ ចេញផ្សាយដោយវិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និងសន្តិភាព បង្ហាញថា ប្រទេសកម្ពុជា ជាប្រទេសដែលមានការធ្លាក់ចុះផ្នែកសន្តិភាពក្នុងឆ្នាំ២០១៤ ដោយសារប្រទេសនេះ រឹតត្បិតទៅលើសេរីភាពក្នុងការបញ្ចេញមតិ និងការបង្ក្រាបដោយហិង្សាទៅលើក្រុមអ្នកតវ៉ាអហិង្សា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា កម្ពុជាមានសន្តិភាពល្អ ហើយរបាយការណ៍នោះ មិនឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា នោះទេ។
បើទោះជាមានរបាយការណ៍ចេញពីអង្គការអន្តរជាតិធំៗ រិះគន់ទៅលើស្ថានភាពសិទ្ធិមនុស្សអំពីនីតិរដ្ឋ ឬសន្តិភាពចំពោះប្រទេសកម្ពុជា ជាហូរហែក្នុងខែមិថុនា ក្តី ប៉ុន្តែរបាយការណ៍របស់ពួកគេមិនបានធ្វើឲ្យរដ្ឋាភិបាលកម្ពុជា ចាប់អារម្មណ៍ឡើយ ហើយជារឿយៗ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា គ្រាន់តែជារបាយការណ៍មួលបង្កាច់គ្មានការពិតប៉ុណ្ណោះ។
ក្នុងរបាយការណ៍របស់ខ្លួនមានចំណងជើងថា «សុច្ចនាករសន្តិភាពសកលឆ្នាំ២០១៥» វិទ្យាស្ថានដើម្បីសេដ្ឋកិច្ច និងសន្តិភាព បានចាត់ចំណាត់ថ្នាក់កម្ពុជា លេខ ១១១ ក្នុងចំណោមប្រទេសចំនួន ១៦២លើសកលលោក។ ចំណាត់ថ្នាក់នេះ បង្ហាញឲ្យឃើញថា ស្ថានភាពសន្តិភាពនៅកម្ពុជា មានការធ្លាក់ចុះបើប្រៀបទៅនឹងរបាយការណ៍ដែលចេញផ្សាយកាលពីឆ្នាំ ២០១៤។
បើទោះជាកម្ពុជា ស្ថិតក្នុងចំណោមប្រទេសពណ៌លឿងក្នុងរបាយការណ៍ដែលមានន័យថា ជាប្រទេសមានសន្តិភាព «មធ្យម» ប៉ុន្តែបើប្រៀបធៀបជាមួយប្រទេសក្នុងសមាគមអាស៊ាន ដូចគ្នាវិញ ចំណាត់ថ្នាក់១១១ របស់កម្ពុជា គឺស្ថិតនៅពីក្រោយប្រទេសសិង្ហបុរី (Singapore) ប្រទេសម៉ាឡេស៊ី (Malaysia) ប្រទេសឡាវ (Laos) ប្រទេសឥណ្ឌូនេស៊ី (Indonesia) និងប្រទេសវៀតណាម (Vietnam)។ ប៉ុន្តែចំណាត់ថ្នាក់នេះ ធ្វើឲ្យកម្ពុជា មានស្ថានភាពសន្តិភាពប្រសើរជាងប្រទេសថៃ (Thailand) ប្រទេសមីយ៉ាន់ម៉ា (Myanmar) និងប្រទេសហ្វីលីពីន (Philippines)។
របាយការណ៍វាយតម្លៃធ្វើឡើងដោយផ្អែកទៅលើស្ថានភាពសន្តិសុខ សុវត្ថិភាពផ្ទៃក្នុង ស្ថានភាពជម្លោះ និងការប្រើប្រាស់កម្លាំងប្រដាប់អាវុធ ក៏បានបង្ហាញដែរថា ដោយសារតែការបង្ក្រាបអំពើហិង្សាទៅលើក្រុមបាតុករ និងអ្នកតវ៉ាដោយសន្តិវិធីរបស់បក្សប្រឆាំងកាលពីឆ្នាំ២០១៤ បានធ្វើឲ្យកម្ពុជា ខាតបង់សេដ្ឋកិច្ចជាតិជាង ២៣០០លានដុល្លារអាមេរិក។ លើសពីនេះ វិទ្យាសា្ថនដើម្បីសេដ្ឋកិច្ច និងសន្តិភាពដែលមានមូលដ្ឋាននៅបុរីញីវយ៉ក សហរដ្ឋអាមេរិក មួយនេះ ក៏ឲ្យដឹងដែរថា ក្នុងឆ្នាំ២០១៣ រដ្ឋាភិបាលបានចំណាយប្រាក់អស់ ១៥០០លានដុល្លារ ដើម្បីទប់ស្កាត់ និងបង្ក្រាបអំពើហិង្សានៅក្នុងប្រទេស។
យ៉ាងណាក៏ដោយចុះ របាយការណ៍នេះ មិនបានធ្វើឲ្យមន្ត្រីរដ្ឋាភិបាលឈឺក្បាលវិលមុខឡើយ។
មន្ត្រី រដ្ឋាភិបាល និងជាអ្នកនាំពាក្យ អង្គភាព និងប្រតិកម្ម រហ័ស នៃទីស្ដីការ គណៈរដ្ឋមន្ត្រី លោក ទិត សុធា មានប្រសាសន៍ នៅថ្ងៃ ទី១៨ ខែមិថុនា ថា, លោក មិនចាប់អារម្មណ៍ ទៅ នឹងរបាយការណ៍ នេះទេ ព្រោះ លោក ថា, វា គ្រាន់តែ ជារបាយការណ៍ ដែលគេ បង្កើតឡើង, ប៉ុន្តែ វា មិនឆ្លុះបញ្ចាំង ពីស្ថានភាព ពិត នៅកម្ពុជា នោះទេ។
លោក ទិត សុធា អះអាងទៀតថា រដ្ឋាភិបាលកម្ពុជា បានធានានូវសុខសន្តិភាព ប្រជាពលរដ្ឋអាចដើរហើរគ្រប់ទីកន្លែង និងប្រកបរបរទទួលទានដោយសេរី ប៉ុន្តែលោកថា ការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗត្រូវធ្វើឡើងក្នុង ក្របខ័ណ្ឌច្បាប់ មិនត្រូវរំលោភបំពានលើសិទ្ធិសេរីភាពរបស់អ្នកដទៃឡើយ។
លោកអះអាងដែរថា ហេតុការណ៍ហិង្សាដែលបានកើតឡើងកាលពីឆ្នាំ២០១៤ គឺបង្កឡើងដោយក្រុមជ្រុលនិយម ញុះញង់មួយក្ដាប់តូច ដូច្នេះគេមិនអាចនិយាយបានទេថា អំពើហិង្សានេះធ្វើឲ្យប៉ះពាល់ដល់សន្តិភាពដែលកម្ពុជា មាននៅទូទាំងប្រទេសបាននោះទេ៖ «ការគ្រប់គ្រងប្រទេសវាមិនដែលថា រដ្ឋាភិបាលត្រូវរក្សាបានស្ថិរភាពទាំងស្រុងនោះទេ នៅពេលណាដែលមានក្រុមជ្រុលនិយមដោយមានការញុះញង់ ដោយផ្នែកនយោបាយនៅពីក្រោយខ្នងផង ជួនកាលស្ថិរភាពដែលកំពុងមានក៏ដោយ ប៉ុន្តែចរិតរបស់ក្រុមប្រឆាំងតែងតែបង្កភ្នក់ភ្លើងឲ្យទៅជាហិង្សា កើតឡើង។ អ៊ីចឹងយើងមិនអាចថា នៅពេលដែលមានអំពើល្មើសច្បាប់ណាមួយហើយ រដ្ឋាភិបាលត្រូវអង្គុយស្ងៀមដោយមិនចាត់វិធានការនោះទេ យើងមិនអាចប្រែក្លាយសន្តិភាពឲ្យទៅជាហិង្សា ហើយទម្លាក់កំហុសលើរដ្ឋាភិបាលនៅពេលដែលចាត់វិធានការនោះទេ។»
ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើអ្នកគាំទ្របក្សប្រឆាំង សកម្មជនការពារសិទ្ធិមនុស្ស និងកម្មករកាលពីឆ្នាំ២០១៤ បានបណ្ដាលឲ្យកម្មករចំនួន ៥នាក់បាត់បង់ជីវិត និងមនុស្សច្រើននាក់ផ្សេងទៀតរងរបួស និងត្រូវបានអាជ្ញាធរចាប់ខ្លួន។ កាលពីពេលថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏បានទទូចឲ្យរដ្ឋាភិបាលកម្ពុជា បើកការស៊ើបអង្កេតឯករាជ្យ ដើម្បីនាំខ្លួនកម្លាំងសមត្ថកិច្ចដែលបានបាញ់សម្លាប់កម្មករ ផ្ដន្ទាទោសតាមច្បាប់។ អង្គការលើកលែងទោសអន្តរជាតិ លើកឡើងថា ខណៈដែលកម្មករ និងគ្រួសារពួកគេកំពុងទទួលរងនូវអំពើអយុត្តិធម៌ ចំណែកអ្នកប្រព្រឹត្តវិញកំពុងដើរហើរយ៉ាងសេរី។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ យល់ឃើញថា របាយការណ៍ដែលបង្ហាញពីការធ្លាក់ចុះផ្នែកសន្តិភាពនៅកម្ពុជា ក្នុងឆ្នាំ២០១៤ គឺជាការឆ្លុះបញ្ចាំងទៅនឹងស្ថានភាពជាក់ស្ដែងនៅកម្ពុជា នៅពេលនោះ។ លោកថា ក្នុងកំឡុងឆ្នាំ២០១៣ និងឆ្នាំ២០១៤ រដ្ឋាភិបាលបានរឹតត្បិតទៅលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ការតវ៉ារបស់ពលរដ្ឋជុំវិញរឿងលទ្ធផលបោះឆ្នោត និងរឿងដីធ្លីជាដើម។
លោកថា បើទោះជាពេលនេះ កម្ពុជាហាក់មានស្ថានភាពល្អជាងឆ្នាំមុនៗបន្តិចក៏ដោយ ប៉ុន្តែលោកសង្ឃឹមថា ការប្រសើរនេះ គួរតែឈរលើគោលការណ៍ច្បាប់ និងយុត្តិធម៌សង្គមពេញលេញ៖ «អ្វីដែលត្រូវបន្តទៅទៀតនោះ គឺកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីធ្វើឲ្យប្រជាពលរដ្ឋទទួលបានយុត្តិធម៌ នៅពេលមានយុត្តិធម៌ក្នុងសង្គមយើងអាចដោះស្រាយការរំលោភ ហើយពលរដ្ឋមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តបាន។ កង្វះខាតយុត្តិធម៌សង្គម ដែលប្រជាពលរដ្ឋទទួលបាន វាប្រាកដជាធ្វើឲ្យមានបញ្ហាទៀត។ ការរំលោភប្រជាពលរដ្ឋយកដី ចាប់ម្ចាស់ដីដាក់គុក ហើយយើងទម្លាក់កំហុសមកពីអ្នកតវ៉ា ជាការងារមួយដែលយើងឲ្យឈ្មោះថា ការដឹកនាំដោយគ្មានការទទួលខុសត្រូវ។»
ជាការពិតណាស់ សង្គមមួយមានសន្តិភាពពេញលេញទៅបានលុះណាតែពលរដ្ឋក្នុងសង្គមនោះមាន សន្តិភាពទាំងក្នុងផ្លូវកាយ និងផ្លូវចិត្ត ឬគេហៅម្យ៉ាងទៀតថា សន្តិភាពអវិជ្ជមាន និងសន្តិភាពវិជ្ជមាន។
សន្តិភាពអវិជ្ជមានគឺសំដៅលើភាពគ្មានសង្គ្រាម គ្មានអំពើហិង្សា គ្មានជម្លោះ ឬគ្មានការភ័យខ្លាច។ រីឯសន្តិភាពវិជ្ជមាន គឺសំដៅលើនីតិរដ្ឋ យុត្តិធម៌សង្គម ការអភិវឌ្ឍសេដ្ឋកិច្ច ការបែងចែកផលសេដ្ឋកិច្ចដោយសមធម៌ ការគោរពសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងការលុបបំបាត់អំពើពុករលួយជាដើម។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់ផ្នែកសិទ្ធិមនុស្សអង្គការលីកាដូ (Licadho) លោក អំ សំអាត កត់សំគាល់ថា បើទោះជាកម្ពុជា បានបញ្ចប់សង្គ្រាមស៊ីវិលក៏ដោយ ប៉ុន្តែពលរដ្ឋកម្ពុជា មិនទាន់ទទួលបានសន្តិភាពពេញលេញនៅឡើយ ព្រោះលោកថា ពួកគេនៅតែប្រឈម នឹងការរំលោភបំពានផ្នែកសិទ្ធិមនុស្ស និងអំពើហិង្សា។
លោក អំ សំអាត៖ «នៅឆ្នាំ២០១៤ យើងឃើញហើយថា ជាឆ្នាំមួយដែលយើងចាត់ទុកថា សិទ្ធិមនុស្សបានធ្លាក់ចុះយ៉ាងធ្ងន់ ទាក់ទងនឹងសេរីភាពក្នុងការបញ្ចេញមតិ ទាក់ទងនឹងការបង្ក្រាបទៅលើការតវ៉ារបស់គណបក្សប្រឆាំង និងការប្រើប្រាស់អំពើហិង្សា ការបង្ក្រាបលើកម្មករដែលតវ៉ា ហើយមានការបាញ់ស្លាប់ ហើយនិងរងរបួសជាច្រើននាក់។ នេះហើយដែលរបាយការណ៍នេះបានឆ្លុះបញ្ចាំងថា សន្តិភាពនៅកម្ពុជា ធ្លាក់ចុះ ហើយមានចំណាត់ថ្នាក់ ១១១។»
លោក អំ សំអាត មានប្រសាសន៍ថា ដើម្បីឲ្យពលរដ្ឋកម្ពុជា មានសន្តិភាពពេញលេញ ទាំងផ្លូវកាយ និងផ្លូវចិត្ត រដ្ឋាភិបាលត្រូវអនុវត្តច្បាប់រដ្ឋធម្មនុញ្ញ ត្រូវគោរពតាមបទដ្ឋានច្បាប់សិទ្ធិមនុស្សអន្តរជាតិនានា ដែលកម្ពុជាជាភាគីត្រូវបើកសិទ្ធិសេរីភាពពេញលេញឲ្យពលរដ្ឋត្រូវ ដោះស្រាយបញ្ហាសង្គមផ្សេងៗ ជាពិសេសបញ្ហារំលោភបំពានដីធ្លី ឬត្រូវលុបបំបាត់នូវការលាបពណ៌គ្នាជាដើម៕
No comments:
Post a Comment