Paris Peace Accords 23 Oct. 1991

Monday, June 22, 2015

[Vietnamization] វៀតណាម​ មិន​ទាន់​ឆ្លើយ​តប ​កំណត់​ទូត​ រដ្ឋាភិបាល ​កម្ពុជា​ រឿង​ព្រំដែន | Vietnam yet to respond to diplomatic notes from govt

វៀតណាម​ មិន​ទាន់​ឆ្លើយ​តប ​កំណត់​ទូត​ រដ្ឋាភិបាល ​កម្ពុជា​ រឿង​ព្រំដែន

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ មិថុនា ២០១៥

ជីក​ស្រះ​នៅ​រតនគិរី ៦២០
សកម្មភាព​ប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និស្សិត និង​ប្រជាពលរដ្ឋ​ខ្មែរ ប្រឈម​មុខ​នឹង​កង​កម្លាំង​ការពារ​ព្រំដែន និង​ប្រជាពលរដ្ឋ​វៀតណាម ករណី​វៀតណាម ជីក​ស្រះ​ចូល​ក្នុង​តំបន់​ហាម​ឃាត់​នៅ​ខេត្ត​រតនគិរី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០១៥។  RFA/Ratha Visal

រដ្ឋាភិបាល ​វៀតណាម មិន​ទាន់ ​ឆ្លើយ​តប ​ចំពោះ ​កំណត់​ទូត ​របស់​ រដ្ឋាភិបាល ​កម្ពុជា ពី​បញ្ហា ​រំលោភ​បំពាន ​ព្រំដែន ​នៅ​ឡើយ​ ទេ រហូត ​មក​ទល់​ នឹង​ថ្ងៃ​ ទី​២១ មិថុនា។  ចំណែក ​បក្ស​ប្រឆាំង ​វិញ ជំរុញ ​ឲ្យ​រដ្ឋាភិបាល ពន្លឿន​ នីតិវិធី ​ប្ដឹង​ទៅ​កាន់​ តុលាការ​ យុត្តិធម៌​ អន្តរជាតិ (ICJ) ឲ្យ​បាន​ ឆាប់​រហ័ស។

បើ​ ទោះ​ជា ​រដ្ឋាភិបាល​ កម្ពុជា បាន​ផ្ញើ​ កំណត់​ទូត ​ចំនួន​ បី​ដង​ ផ្ទួនៗ​គ្នា​ ទៅ​កាន់​ រដ្ឋាភិបាល ​វៀតណាម ដើម្បី ​ឲ្យ​អាជ្ញាធរ​ វៀតណាម បញ្ឈប់​ ការ​រំលោភ​បំពាន ​ចូល​ក្នុង​ទឹក​ដី ​ប្រទេស​កម្ពុជា ក្តី, ប៉ុន្តែ ​រហូត ​មក​ទល់ ​ពេល​នេះ រដ្ឋាភិបាល ​កុម្មុយនីស្ត​ វៀតណាម មិន​ទាន់ ​ឆ្លើយ​តប​ នៅ​ឡើយ ​សូម្បី​ តែ​ មួយ​ម៉ាត់។


ក្នុង​ចំណោម​កំណត់​ទូត​ចំនួន​៣ ដែល​ផ្ញើ​ទៅ​កាន់​ស្ថានទូត​វៀតណាម ក្នុង​ពេល​ផ្សេងៗ​គ្នា គឺ​នៅ​ថ្ងៃ​ទី​១២ ទី​១៤ និង​ទី​១៧ មិថុនា ក្នុង​នោះ​កំណត់​ទូត​ចំនួន​២ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​អាជ្ញាធរ​វៀតណាម ជីក​ស្រះ​ចំនួន​៨ ចូល​ក្នុង​ទឹក​ដី​កម្ពុជា ដែល​មាន​ចម្ងាយ​ពី ៣៨០​ម៉ែត្រ ដល់ ៥៤៥​ម៉ែត្រ​ពី​ព្រំដែន​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី និង​កំណត់​ទូត​មួយ​ទៀត គឺ​ពាក់ព័ន្ធ​នឹង​អាជ្ញាធរ​វៀតណាម ជីក​ដី​ធ្វើ​គ្រឹះ​សម្រាប់​សាងសង់​ប៉ុស្តិ៍​យោធា នៅ​ភូមិ​ព្រែកស្បូវ ឃុំ​សំពៅពូន ស្រុក​កោះធំ ខេត្ត​កណ្ដាល។

រដ្ឋាភិបាល​កម្ពុជា អះអាង​ថា ខ្សែ​ព្រំដែន​នៅ​ទីតាំង​ទាំងអស់​នោះ​មិន​ត្រូវ​បាន​បោះ​បង្គោល​ខណ្ឌ​សីមា​នៅ ​ឡើយ ហើយ​ទាមទារ​ឲ្យ​អាជ្ញាធរ​វៀតណាម គោរព​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ និង​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ជា​បន្ទាន់​រហូត​ដល់​គណៈកម្មការ​ចម្រុះ​ ព្រំដែន​កម្ពុជា-វៀតណាម បោះ​បង្គោល​ព្រំដែន​ក្នុង​តំបន់​ទាំង​នោះ​ចប់​ជា​ស្ថាពរ។

យ៉ាង​ណា​ក៏ដោយ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក ជុំ សន្ទរី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២១ មិថុនា ថា លោក​មិន​ទាន់​ឃើញ​មាន​ការ​ឆ្លើយ​តប​ពី​រដ្ឋាភិបាល​វៀតណាម នៅ​ឡើយ​ចំពោះ​កំណត់​ទូត​របស់​កម្ពុជា។ លោក​ថា ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៅ​តំបន់​ទាំង​នោះ ថា​តើ​អាជ្ញាធរ​វៀតណាម បញ្ឈប់​ការ​រំលោភ​បំពាន ឬ​នៅ​បន្ត ឬ​មាន​ការ​ប្រែប្រួល​យ៉ាង​ណា​នោះ ក្រសួង​ការ​បរទេស ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​អាជ្ញាធរ​ដែនដី ឬ​ពី​គណៈកម្មាធិការ​ជាតិ​ព្រំដែន​នោះ​ដែរ៖ «តើ​វា​មាន​សភាព​ប្រែប្រួល​ យ៉ាង​ម៉េច គឺ​វា​អាស្រ័យ​លើ​អាជ្ញាធរ​ដែនដី អាជ្ញាធរ​ដែនដី គឺ​រាយការណ៍​មក​ក្រសួង​មហាផ្ទៃ ហើយ​ក្រសួង​មហាផ្ទៃ ធ្វើ​របាយការណ៍​ទៅ​ក្រសួង​ការ​បរទេស បាន​ក្រសួង​ការ​បរទេស ធ្វើ​សកម្មភាព​កំណត់​ទូត​តវ៉ា ឬ​ធ្វើ​អ្វីៗ​ទៀត គឺ​ផ្អែក​លើ​របាយការណ៍​ដែល​យើង​ទទួល​បាន តែ​ឲ្យ​យើង​មាន​កម្លាំង​ចុះ​ទៅ​ដល់​តំបន់​នោះ គឺ​ក្រសួង​ការ​បរទេស អត់​មាន​ទេ។»

វិទ្យុ​អាស៊ីសេរី មិន​អាច​ស្វែងរក​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​នៅ​ឡើយ​ទេ​ចំពោះ​ករណី​នេះ។

ចាប់​ពី​មាន​ការ​កក្រើក​ឡើង​វិញ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម តាំង​ពី​ខែ​មេសា មក តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង យុវជន និង​សង្គម​ស៊ីវិល បាន​នាំ​គ្នា​ចុះ​ពិនិត្យ​មើល​តំបន់​ព្រំដែន​ដែល​មាន​បញ្ហា​ជា​បន្តបន្ទាប់ ហើយ​ពេល​ខ្លះ​ពួក​គេ​បាន​ប្រឈម​ត​ទល់​ជាមួយ​អាជ្ញាធរ​វៀតណាម ទៀត​ផង ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​សេចក្តី​រាយការណ៍​ណា​មួយ ថា​មាន​ផ្ទុះ​អំពើ​ហិង្សា​នៅ​ឡើយ​ទេ។

តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​អះអាង​ថា ការ​រំលោភ​បំពាន គឺ​មាន​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-វៀតណាម គឺ​មាន​នៅ​តំបន់​តន់ហន់ ខេត្ត​កំពត ភ្នំ​ដិន ខេត្ត​តាកែវ រំដួល ខេត្ត​ស្វាយរៀង មេមត់ ខេត្ត​ត្បូងឃ្មុំ ភូមិ​ឡំ ខេត្ត​រតនគិរី ហើយ​នៅ​ពេល​នេះ​ទៀត គឺ​នៅ​ស្រុក​កោះធំ ខេត្ត​កណ្ដាល។

តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ចាត់​ទុក​សកម្មភាព​រំលោភ​បំពាន​របស់​វៀតណាម ថា​ជា​មហិច្ឆតា​របស់​វៀតណាម ដើម្បី​លេប​ត្របាក់​ទឹក​ដី​ខ្មែរ ហើយ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រៀបចំ​នីតិវិធី​ឲ្យ​ឆាប់​រហ័ស ដើម្បី​ប្ដឹង​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ កុំ​ឲ្យ​វៀតណាម ចូល​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ​បន្ត​ទៀត។

យ៉ាង​ណា​ក៏ដោយ លោក ជុំ សន្ទរី មាន​ប្រសាសន៍​ថា ក្នុង​ដំណាក់​ការ​នេះ រដ្ឋាភិបាល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត​ជា​មុន គឺ​តាម​រយៈ​ការ​ធ្វើ​កំណត់​ទូត តាម​រយៈ​យន្តការ​ទ្វេ​ភាគី ដូចជា​តាម​រយៈ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​ប្រទេស​ទាំង​ពីរ ឬ​តាម​រយៈ​ទំនាក់ទំនង​អាជ្ញាធរ​ដែនដី​ប្រទេស​ទាំង​ពីរ ជាដើម។ លោក​ថា គេ​ត្រូវ​រង់ចាំ​មើល​លទ្ធផល​យន្តការ​ទ្វេ​ភាគី​ជា​មុន​សិន មុន​នឹង​ប្រើប្រាស់​យន្តការ​ដទៃ​ទៀត។

អ្នក​វិភាគ​យល់​ឃើញ​ថា ប្រសិន​បើ​វៀតណាម មិន​ព្រម​ឆ្លើយ​តប ហើយ​នៅ​តែ​បន្ត​ចូល​រំលោភ​បំពាន​ទឹក​ដី​ខ្មែរ កម្ពុជា អាច​ចាត់​វិធានការ​ជា​ឯកតោ​ភាគី ដោយ​ចូល​លុប​ស្រះ​ទាំងអស់​វិញ​តែ​ម្តង រួច​ត្រូវ​ស្វែងរក​អន្តរាគមន៍​ពី​ភាគី​ទី​បី​ជា​បន្ទាន់ ក្នុង​នោះ​មាន​ដូចជា ប្រទេស​បារាំង ដែល​ជា​អតីត​អាណានិគម​របស់​ខ្មែរ សមាគម​អាស៊ាន និង​ជាពិសេស គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ៕


No comments:

Post a Comment