ពលរដ្ឋ ថា, សមត្ថកិច្ច ព្រំដែន មិនទប់ស្កាត់ ពលរដ្ឋថៃ ចូលធ្វើស្រែ ក្នុងដីខ្មែរ នៅបន្ទាយមានជ័យ
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិថុនា ២០១៥
ប្រជាពលរដ្ឋ នៅតំបន់ ជាយដែន ស្រុក អូរជ្រៅ, ខេត្ត បន្ទាយមានជ័យ ព្រួយបារម្ភ បញ្ហា ប្រជាពលរដ្ឋ ថៃ ចូលធ្វើស្រែ ក្នុងទឹកដីខ្មែរ តំបន់បង្គោល ឡាក់លេខ ទី៤៣ នៅស្រុក អូរជ្រៅ។ ការព្រួយបារម្ភនេះ កើតមាន ដោយសារ ជនជាតិថៃ នាំគ្នា យកត្រាក់ទ័រ ចូលភ្ជួរដីស្រែ ក្នុងទឹកដីខ្មែរ អស់ប្រមាណ ៣០ហិកតារ ជាបន្តបន្ទាប់ កាលពីដើមខែ មិថុនា កន្លងទៅ, ប៉ុន្តែ ពុំមាន សមត្ថកិច្ច កម្ពុជា ណាទប់ស្កាត់ នោះទេ។
ផ្ទៃដី ដែលប្រជាពលរដ្ឋ ថៃ ចូលមក ធ្វើស្រែនោះ ទីកន្លែងខ្លះ ត្រូវ គេ ព្រោះស្រូវ ដុះខ្លីៗ ប្រមាណជា ១០ថ្ងៃ និងទីតាំង ខ្លះទៀត ទើបតែ ព្រោះស្រូវ ថ្មីៗ, គឺ ប្រមាណពី ៣ ទៅ ៥ថ្ងៃប៉ុណ្ណោះ, ហើយ មានចម្ងាយចូល ក្នុងទឹកដីខ្មែរ ប្រមាណ ៥០០ម៉ែត្រ ពីបង្គោលឡាក់ព្រំដែន លេខ៤៣ នៃព្រំដែន ខេត្ត បន្ទាយមានជ័យ។
នៅតំបន់ជាយដែននោះមានប្រជាពលរដ្ឋខ្មែរប្រមាណ ៣០នាក់ នាំគ្នាការពារទឹកដីនៅក្រោមដើមឈើនៅតំបន់ដីដែលមានបញ្ហានោះដោយ ខ្លួនឯង។ ក្រៅអំពីប្រជាពលរដ្ឋហើយ យើងក៏សង្កេតឃើញមានមន្ត្រីប៉ូលិស និងទាហានការពារព្រំដែនប្រមាណ ៣នាក់ ចងអង្រឹងតាមដើមឈើក្បែរនោះដែរ ប៉ុន្តែពួកគេហាក់ពុំខ្វល់ការពារទឹកដីដែលប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែនោះឡើយ។ មន្ត្រីទាំងនោះ ព្យាយាមរារាំងមិនឲ្យអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរី ចូលទៅផ្ដិតរូបភាពនៅបង្គោលឡាក់ព្រំដែនឡើយ។
ក្រុមប្រជាពលរដ្ឋដែលឈរក្រោមដើមឈើការពារទឹកដីនៅតំបន់ព្រំដែន ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នោះអះអាងថា ប្រជាពលរដ្ឋថៃ ចូលមកភ្ជួរដីស្រែក្នុងទឹកដីខ្មែរបែបលួចឆ្មក់ ដោយធ្វើសកម្មភាពម្ដងៗដែលប្រជាពលរដ្ឋថៃ ប្រហែល ២០នាក់ និងត្រាក់ទ័រភ្ជួរដីប្រមាណពី ៣ ទៅ ១០គ្រឿង ហើយនាំគ្នាភ្ជួរព្រោះក្នុងពេលតែមួយ ដោយប្រើរយៈពេលខ្លីប្រមាណ ២ម៉ោង ហើយពួកគេវិញត្រឡប់ចូលទឹកដីថៃ វិញ៖ «បាទ! ដីខាងដែលថៃ ធ្វើនេះបានកំណត់ថា ជាដីរបស់ខ្មែរ ហើយផ្នែកចាប់ពីបង្គោលឡាក់លេខ៤៣ ទៅជាដីរបស់ថៃ។ យើងមកនេះដើម្បីរួមគ្នាការពារដីរបស់ខ្មែរ មិនឲ្យពលរដ្ឋថៃ ធ្វើស្រែលើទឹកដីខ្មែរទៀត។»
ក្រុមប្រជាពលរដ្ឋសម្ដែងការព្រួយបារម្ភថា ផ្ទៃដីដែលពលរដ្ឋថៃ ចូលមកធ្វើស្រែនៅចំណុចភូមិព្រៃចាន់ នោះ ពួកគេនឹងបន្តសកម្មភាពភ្ជួរស្រែទៅមុខទៀត។ បញ្ហានេះ ប្រជាពលរដ្ឋព្រួយបារម្ភថា ប្រសិនបើសមត្ថកិច្ចខ្មែរមិនទប់ស្កាត់ទេ ផ្ទៃដីប្រមាណ ២០០ហិកតារនៅតំបន់ជាយដែន នឹងក្លាយជាដីស្រែរបស់ថៃ គ្មានសល់ក្នុងពេលឆាប់ៗ។
ឆ្លើយតបនឹងបញ្ហានេះ មេបញ្ជាការវរៈការពារព្រំដែនលេខ៥១៥ ប្រចាំការនៅតំបន់នោះ លោក ឃួន ជឿន ទទួលស្គាល់ថា ពិតជាមានប្រជាពលរដ្ឋថៃ ចូលមកភ្ជួរដីធ្វើស្រែនៅចំណុចភូមិព្រៃចាន់ នៃឃុំអូរបីជាន់ នោះប្រាកដមែន។ ប៉ុន្តែលោកមានប្រសាសន៍ថា បញ្ហានេះពុំមែនខាងសមត្ថកិច្ចខ្មែរដែលប្រចាំការនៅទីនោះ មិនស្រឡាញ់ទឹកដីរបស់ខ្លួននោះទេ។ មូលហេតុដែលពុំបានទៅរារាំងពលរដ្ឋថៃ នោះ ដោយសារពុំមានបញ្ជាពីថ្នាក់លើ៖ «ពួកខ្ញុំទទួលបទបញ្ជាពីថ្នាក់ លើឲ្យដាក់កម្លាំងការពារតំបន់នោះជាប្រចាំ ហើយខ្ញុំក៏បានរាយការណ៍ជុំវិញបញ្ហានេះទៅថ្នាក់លើជារៀងរាល់ថ្ងៃ ដែរ។»
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ហេតុការណ៍ដែលកើតឡើងចំពោះមុខ សមត្ថកិច្ចមិនបំពេញការងារដោយមិនបាច់ទទួលបញ្ជាពីថ្នាក់លើឡើយ។
ទោះយ៉ាងនេះក្ដី ប្រជាពលរដ្ឋអះអាងថា នៅពេលដែលពលរដ្ឋថៃ ចូលមកធ្វើស្រែក្នុងទឹកដីខ្មែរម្ដងៗ គឺតែងតែមានប៉ូលិសថៃ ជាច្រើននាក់ ចូលមកការពារដល់ប្រជាកសិកររបស់គេជានិច្ច៖ «សមត្ថកិច្ច ថៃ គេមកពីដំបូងចំនួន ៣នាក់។ ក្រោយមកទៀត គេបញ្ជូនកម្លាំងប៉ូលិសចំនួន ១០នាក់បន្ថែមទៀត ដើម្បីការពារឲ្យប្រជាពលរដ្ឋរបស់គេ។ សមត្ថកិច្ចគេចូលមកដល់ ពួកគេបញ្ជាឲ្យពលរដ្ឋថៃ ភ្ជួរដីធ្វើស្រែលើទឹកដីរបស់ខ្មែរតែម្ដងទៅ។»
ទាក់ទងនឹងបញ្ហានេះដែរ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា ផ្ទៃដីដែលអ្នកភូមិអះអាងថា ប្រជាពលរដ្ឋថៃ ចូលមកធ្វើស្រែនោះ គឺពួកគាត់ជាប្រជាពលរដ្ឋខ្មែរ ហើយមានសញ្ជាតិទៅរស់នៅប្រទេសថៃ ដែលពួកគេធ្លាប់ដាំដុះនៅលើដីនោះពីមុនមកហើយ។ ម្យ៉ាងវិញទៀត ដោយសារមានកិច្ចព្រមព្រៀងអនុសារណៈយោគយល់គ្នា ឬហៅថា អិម.អូ.យូ (MOU) ឆ្នាំ២០០០ ដែលបានកំណត់ឲ្យប្រជាពលរដ្ឋប្រទេសទាំងពីរដែលធ្លាប់ដាំដុះអាស្រ័យ ផលនៅលើដីចំណុចណា ឲ្យរក្សានៅដដែលសិន៖ «អ៊ីចឹងទេបានជារឿង នោះវានៅស្មុគស្មាញទៅ។ ម្យ៉ាងទៀត យើងមាន ស.ជ.ណ របស់រាជរដ្ឋាភិបាលទើបចេញថ្មី បានអនុញ្ញាតឲ្យក្រុមហ៊ុន សម ផាណារិទ្ធ អភិវឌ្ឍហេដ្ឋារចនាសម្ពន្ធធ្វើផ្លូវ ដើម្បីឈានទៅបើកច្រកទ្វារនៅទីនោះ។ ប៉ុន្តែបើកច្រកនោះបាន លុះណាដោះស្រាយផលប៉ះពាល់ជាមួយអ្នកកាន់កាប់ឲ្យអស់ជាមុនសិន។»
ទោះយ៉ាងនេះក្ដី លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ផ្ទៃដីដែលប្រជាពលរដ្ឋថៃ ចូលមក ស្រែនោះកន្លងមកជាដីរបស់ខ្មែរ ហើយអាជ្ញាធរបណ្ដោយឲ្យពលរដ្ឋថៃ ចូលមកធ្វើស្រែជាបន្តបន្ទាប់៖ «ថៃ មកធ្វើស្រែក្នុងទឹកខ្មែរនៅចំណុចព្រំដែននោះទៅបាន ដោយមានពាក់ព័ន្ធមន្ត្រីមេច្រកជាប់សាច់ញាតិជាមួយថៃ ដែលបានអនុញ្ញាតឲ្យពលរដ្ឋថៃ ចូលមកធ្វើស្រែ។»
យ៉ាងណា លិខិតលេខ៥៨៣ ស.ជ.ណ ផ.ក ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៣ របស់គណៈរដ្ឋមន្ត្រីត្រង់ចំណុចទី២ ភាគីកម្ពុជា បានបញ្ជាក់ថា ភាគីកម្ពុជា បានសុំឲ្យភាគីថៃ មុននឹងចូលទៅធ្វើស្រែជាបណ្ដោះអាសន្ន ត្រូវជួបពិភាក្សាគ្នារវាងគណៈកម្មការចម្រុះនៃប្រទេសទាំងពីរ ដើម្បីកុំឲ្យមានការរុករានបន្ថែមទៀត។ ក្នុងលិខិតដែលចុះហត្ថលេខាដោយ លោក ស ខេង នោះឲ្យដឹងទៀតថា កន្លងមកប្រជាពលរដ្ឋថៃ មកធ្វើស្រែក្នុងទឹកដីកម្ពុជា មិនបានសុំការអនុញ្ញាតពីគណៈកម្មការចម្រុះនៃភាគីកម្ពុជា ទេ។ ម្យ៉ាងទៀត ក៏ពុំមានប្រជាពលរដ្ឋថៃ មកធ្វើស្រែទៀតដែរ។ លិខិតដដែលបញ្ជាក់ថា ដើម្បីធានាការពារឲ្យបាននូវបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឲ្យបានគង់វង្ស អាជ្ញាធរខេត្តត្រូវបញ្ឈប់ការចូលមកធ្វើស្រែរបស់ប្រជាពលរដ្ឋថៃ ក្នុងទឹកដីកម្ពុជា ទោះបីក្នុងរូបភាពណាក៏ដោយ។ ប៉ុន្តែរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋថៃ នៅតែចូលមកធ្វើស្រែក្នុងទឹកដីខ្មែរនៅភូមិព្រៃចាន់ នោះដដែល៕
No comments:
Post a Comment