តំណាងរាស្ត្រ និងសង្គមស៊ីវិល បារម្ភរឿង ពលរដ្ឋ តាមព្រំដែន ជួលដីស្រែ ឲ្យកសិករ វៀតណាម
RFA / វិទ្យុ អាស៊ី សេរី | ២៣ មិថុនា ២០១៥
នៅអមសងខាងនៃកំណាត់ផ្លូវដែលបែកចេញពីផ្លូវជាតិលេខ២១ ក្នុងឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ចូលទៅកាន់តំបន់ព្រំដែនកម្ពុជា-វៀតណាម ភូមិព្រែកស្បូវ លំអទៅដោយវាលស្រែខៀវខ្ចីដាច់កន្ទុយភ្នែក។ នៅក្នុងចំណោមផ្ទាំងទេសភាពនេះ ក៏មានស្រែខ្លះជិតទុំប្រែពណ៌ស្លាបសេក និងមានចម្ការបន្លែលាយឡំគ្នាខ្លះផងដែរ។
ទេសភាពដ៏ល្អប្រណិតអមសងខាងផ្លូវចម្ងាយប្រមាណជិត ១០គីឡូម៉ែត្រនេះ អ្នកធ្វើដំណើរម្នាក់ៗតែងតែរំភើបចិត្ត និងសរសើរមិនដាច់ពីមាត់ដល់ម្ចាស់ស្រែចម្ការ ជាពិសេសមានមោទនភាពចំពោះកសិករខ្មែរនៅតំបន់នោះ។ ប៉ុន្តែនៅពេលជួបពលរដ្ឋម្ចាស់ស្រុកនៅទីនោះផ្ទាល់ អ្វីៗបានផ្ទុយពីការគិត និងការរំពឹងទុកទាំងអស់។
ក្រុមប្រជាពលរដ្ឋរស់នៅភូមិព្រែកស្បូវ ជាប់នឹងព្រំដែនវៀតណាម បានបញ្ជាក់ថា ម្ចាស់ស្រូវស្រែ និងដំណាំចម្ការជុំវិញភូមិប្រមាណ ៩០ភាគរយនោះ គឺជាជនជាតិវៀតណាម។ ជនជាតិវៀតណាម បានមកជួលដីស្រែចម្ការពីពលរដ្ឋខ្មែរធ្វើអាជីវកម្មជាច្រើនឆ្នាំ មកហើយ។
ពលរដ្ឋខ្មែរម្ចាស់ដីស្រែចម្ការ បានបញ្ជាក់ពីហេតុផលនៃការជួលដីទៅឲ្យវៀតណាម ដូចគ្នាថា ដោយសារពួកគាត់ខ្វះបច្ចេកទេស ប្រព័ន្ធធារាសាស្ត្រ និងបញ្ហាលំបាកផ្សេងៗទៀតដែលនាំឲ្យពួកគាត់ខាតបង់ក្នុងមុខរបរនេះ ស្ទើរជារៀងរាល់ឆ្នាំ៖ «ទឹករបស់គេ ស្អីរបស់គេទាំងអស់ យើងទិញគ្រប់មុខគ្រប់សព្វវាអត់ចំណេញ ទឹកក៏ទិញគេដែរ មួយកុង ១៣លីត្រប្រេង ហើយគេយកស្រូវបួនតៅទៀត ហើយនៅថ្លៃប្រេង ជី ថ្នាំ ពេលសរុបទៅអត់ចំណេញ។ ជួលឲ្យគេមួយហិកតារបាន ៣ជី ៤ជីមាស តាមដីទាបដីខ្ពស់ មួយហិកតារគេធ្វើបានដប់តោន យើងធ្វើបានតែតែ ៥ ទៅ ៦តោន យើងធ្វើអត់ប្រសប់ដូចគេ។»
ទាក់ទងនឹងការជួលដីស្រែចម្ការទៅឲ្យកសិករវៀតណាម នេះដែរ ចាស់ទុំម្នាក់ក្នុងភូមិព្រែកស្បូវ លោកតា រស់ ជីម មានប្រសាសន៍បញ្ជាក់បន្ថែមថា បញ្ហាធំផុត គឺប្រភពទឹកដែលកសិករខ្មែរពឹងផ្អែកទាំងស្រុងពីប្រទេសវៀតណាម និងបញ្ហាបច្ចេកទេស ប្រេង ជី ថ្នាំ ថ្លៃជាងនៅវៀតណាម ដែលបញ្ហាទាំងនេះ កម្ពុជា មិនអាចប្រជែងជាមួយវៀតណាម បានឡើយ៖ «បញ្ហាទីមួយ បើហាមគេមិនឲ្យចូល យើងក៏អត់មានទឹកធ្វើស្រែដែរ ផ្លូវទឹកទាំងប៉ុន្មាន គឺអត់ទាំងអស់។»
អ្នកភូមិដដែលបានឲ្យដឹងទៀតថា វៀតណាម ហាក់មានចេតនារាំងខ្ទប់ផ្លូវទឹកតាមរយៈការចាក់ដីលុបក្បាល ព្រែកស្បូវ ដែលបែកចេញពីដៃទន្លេមួយ ដែលវៀតណាម ហៅ ប៊ិន យី ស្ថិតនៅតំបន់ ១០០ម៉ែត្រពីមាត់ទន្លេ ស្របនឹងខ្សែបន្ទាត់ព្រំដែនបណ្ដោះអាសន្ននៃប្រទេសទាំងពីរ ដែលហូរចូលមកភូមិព្រែកស្បូវ ឃុំសំពៅពូន ដើម្បីធ្វើផ្សារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ក្រៅពីស្រុកកោះធំ ខេត្តកណ្ដាល នៅបណ្ដាខេត្តផ្សេងៗទៀតដែលជាប់នឹងព្រំដែនវៀតណាម ក៏មានករណីជួលដី និងរហូតមានដាក់បញ្ចាំទៅឲ្យជនជាតិវៀតណាម ទៀតផង។
ចំពោះទិដ្ឋភាពបែបនេះ តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ម៉ៅ ពិសេស។ លោកមានក្តីបារម្ភចំពោះបញ្ហានេះ ហើយលោកចាត់ទុកថាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បូរណភាពទឹកដី កម្ពុជា ពីសំណាក់ប្រទេសជិតខាងតាមរយៈយុទ្ធសាស្ត្រច្រែះស៊ីដែក ដែលបានរៀបចំទុកជាយូរណាស់មកហើយ៖ «គេហ៊ុមព័ទ្ធសេដ្ឋកិច្ចតាម រយៈគេធ្វើបែបហ្នឹង ហើយរដ្ឋាភិបាលយើងមិនបានយកចិត្តទុកដាក់ ក្នុងការធ្វើឲ្យដីស្រែរបស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនមានការ អភិវឌ្ឍ មិនមានធារាសាស្ត្រគ្រប់គ្រាន់ ដើម្បីបង្កបង្កើនផល។ ដូច្នេះវៀតណាម បានប្រើយុត្តិសាស្ត្រនេះលេបទឹកដីខ្មែរបន្តិចម្តងៗរហូតបាន សម្រេច។»
ឆ្លើយតបនឹងក្តីកង្វល់នេះ អភិបាលស្រុកកោះធំ លោក ចាន់ សុខុម មិនទាន់អាចធ្វើអត្ថាធិប្បាយបានទេ។
ប៉ុន្តែមេបញ្ជាការវរៈការពារព្រំដែនស្រុកកោះធំ លោក លុយ ធៀម មានប្រសាសន៍កាលពីថ្ងៃទី២០ មិថុនា នៅពេលតំណាងរាស្ត្រ ព្រះសង្ឃ ក្រុមយុវជន ព្រមទាំងប្រជាពលរដ្ឋចុះទៅពិនិត្យស្ថានភាពព្រំដែននៅភូមិព្រែកស្បូវ ឃុំសំពៅពូន នោះថា អាជ្ញាធរខេត្ត និងកម្លាំងសមត្ថកិច្ចការពារព្រំដែន បានយកចិត្តទុកដាក់មិនឲ្យមានការរំលោភព្រំដែនដោយមធ្យោបាយណាមួយ ពីភាគីវៀតណាម នោះទេ៖ «ពួកខ្ញុំដើរល្បាតផ្ទាល់ហើយ មិនព្រងើយកន្តើយទេ។»
យ៉ាងណាក៏ដោយចុះ អ្នកតំណាងរាស្ត្រមកពីបក្សប្រឆាំង អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម នៅតែចាត់ទុកថា ការជួលដីនៅតាមព្រំដែន គឺជាភាពផុយស្រួយមួយក្នុងការធ្វើឲ្យបាត់បង់ទឹកដី នៅពេលតំបន់នោះមិនទាន់បោះបង្គោលព្រំដែនជាផ្លូវការ និងជាវិបត្តិមួយធ្ងន់ធ្ងរ នៅពេលចាប់ផ្ដើមកំណត់ព្រំដែនជាផ្លូវការនោះ។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត កែម ឡី មើលឃើញថា នៅតាមតំបន់ព្រំដែនជុំវិញកម្ពុជា ជាពិសេសជាប់វៀតណាម មិនត្រឹមតែមានករណីជួលប៉ុណ្ណោះទេ គឺមានលក់ ដាក់បញ្ចាំទៀតផងទៅឲ្យជនជាតិវៀតណាម ដែលកាន់អត្តសញ្ញាណប័ណ្ណខ្មែរ។ ករណីនេះ ពីមួយថ្ងៃទៅមួយថ្ងៃ ធ្វើឲ្យពលរដ្ឋខ្មែរអត់ដីធ្វើស្រែចម្ការ អត់ការធ្វើ ហើយនាំគ្នាធ្វើចំណាកស្រុក។ ពេលនោះ វិបត្តិធ្ងន់ធ្ងរក្រៅពីបញ្ហាសង្គម គឺវិបត្តិបាត់ដីព្រំដែន ហើយទន្ទឹមគ្នា លោកឃើញថា វៀតណាម ហាក់មានយុទ្ធនាការមួយជួល ឬទិញដីតាមព្រំដែនពីពលរដ្ឋខ្មែរតាមរូបភាពផ្សេងៗកាន់តែច្រើន ឡើងៗ៖ «វៀតណាម រំងាប់សេដ្ឋកិច្ចកសិកម្មខ្មែរ សូម្បីតែទិញពូជគេ ទាំងដើមឈើ ទាំងសត្វ សុទ្ធតែខ្ទើយ ដែលមិនអាចយកមកបង្កាត់ពូជបន្តបាន។ មួយទៀត ខ្មែរក្លាយជាកន្លែងទីផ្សាររបស់វៀតណាម ដោយសារខ្មែរបាត់បង់ផលិតភាព ហើយចុងក្រោយ វិបត្តិសេដ្ឋកិច្ចពឹងផ្អែកលើវៀតណាម ទាំងស្រុង។ អ៊ីចឹងបើកម្ពុជា មិនខំស្ដារទេ កម្ពុជា នឹងក្លាយជាខ្ញុំរបស់វៀតណាម។»
ទោះយ៉ាងណា រដ្ឋាភិបាលកម្ពុជា បានផ្ញើកំណត់ទូតចំនួនបីដងផ្ទួនៗគ្នាទៅកាន់រដ្ឋាភិបាលវៀតណាម ដើម្បីឲ្យអាជ្ញាធរវៀតណាម បញ្ឈប់ការរំលោភបំពានចូលក្នុងទឹកដីប្រទេសកម្ពុជា ក្តី ប៉ុន្តែរហូតមកទល់ពេលនេះ រដ្ឋាភិបាលកុម្មុយនីស្តវៀតណាម មិនទាន់ឆ្លើយតបនៅឡើយ។
ទន្ទឹមគ្នានេះ បក្សប្រឆាំងវិញបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ពន្លឿននីតិវិធីប្ដឹងភាគីវៀតណាម ដែលបានរំលោភទឹកដីតាមព្រំដែនកម្ពុជា ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន៕
No comments:
Post a Comment