Paris Peace Accords 23 Oct. 1991

Monday, June 22, 2015

អ្នក​នាំ​ពាក្យ៖ គ.ជ.ប. ​នឹង​បោះឆ្នោត ជ្រើស​អគ្គលេខាធិការ ​ថ្មី​ ក្នុង​រយៈពេល ​៣​ខែ​ទៀត | Spokesman: NEC will elect new SG in 3 mos time

អ្នក​នាំ​ពាក្យ៖ គ.ជ.ប. ​នឹង​បោះឆ្នោត ជ្រើស​អគ្គលេខាធិការ ​ថ្មី​ ក្នុង​រយៈពេល ​៣​ខែ​ទៀត

RFA / ​វិទ្យុ ​អាស៊ី សេរី | ២១ មិថុនា ២០១៥

ហង្ស ពុទ្ធា ៦២០
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ថ្លែង​បន្ទាប់​ពី​កិច្ច​ប្រជុំ នៅ​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៥។  RFA/Morm Moniroth

មន្ត្រី​នាំ​ពាក្យ ​នៃ​គណៈកម្មាធិការ​ ជាតិ ​រៀបចំ ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ថ្លែង​ថា, អគ្គលេខាធិការ និង​អគ្គលេខាធិការ ​រង ​របស់ គ.ជ.ប. នឹង​ត្រូវ​ បោះ​ឆ្នោត​ ជ្រើសរើស ​ក្នុង​រយៈពេល ៣​ខែ​ ខាង​មុខ ​ទៀត​នេះ។  ការ​បញ្ជាក់ ​ពី​ជំហរ ​ដូច​នេះ​ របស់​ មន្ត្រី គ.ជ.ប. គឺ​ ធ្វើ​ឡើង ​បន្ទាប់ ​ពី​សាធារណជន ​នៅ​រង់ចាំ​ លទ្ធផល​ នៃ​ការ​ជ្រើសរើស​ អគ្គលេខាធិការ ​ថ្មី​ នៅ​ក្រោយ​ ពេល​ស្ថាប័ន គ.ជ.ប. ​ថ្មី​ បាន​បង្កើត​ឡើង​ ជាច្រើន​ខែ​ មក​ហើយ, តែ​ គេ ​ឃើញ​អគ្គលេខាធិការ​ ចាស់​ នៅ​តែ ​បន្ត​ តួនាទី​នេះ​ ដដែល។

មន្ត្រី​ជាន់​ខ្ពស់​របស់ គ.ជ.ប ថ្លែង​ឲ្យ​ដឹង​ថា ដោយសារ​ពុំ​បាន​ចង​ដោយ​ច្បាប់ និង​បទបញ្ជា​ផ្ទៃ​ក្នុង​នៃ គ.ជ.ប ហេតុ​នេះ​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប ក្នុង​ពេល​ខាង​មុខ​នេះ នឹង​ពុំ​បាន​បិទ​សិទ្ធិ ឬ​ប្រកាន់​ថា ទាល់​តែ​បេក្ខជន​ថ្មី​ទើប​អាច​មាន​សិទ្ធិ​ចូលរួម​ប្រកួត​ប្រជែង​ឈរ​ឈ្មោះ​ បាន​នោះ​ទេ ពោល​គឺ​អ្នក​ចាស់​នៅ​តែ​មាន​សិទ្ធិ​ឈរ​ឈ្មោះ​ដដែល។

លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​របស់ គ.ជ.ប ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ថា ពេលវេលា​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​ថ្មី​របស់ គ.ជ.ប នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​រយៈពេល​ប្រមាណ ១២០​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។ លោក​ថ្លែង​បន្ត​ថា មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​យឺតយ៉ាវ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង​របស់ គ.ជ.ប នេះ គឺ​ដោយសារ​ត្រូវ​រង់ចាំ​ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយ​ឡែក​មន្ត្រី​ រាជការ​របស់ គ.ជ.ប ជា​មុន​សិន។ បន្ថែម​ពី​លើ​នេះ​ទៀត បន្ទាប់​ពី​មាន​លក្ខន្តិកៈ​ដោយ​ឡែក​មន្ត្រី​រាជការ​របស់ គ.ជ.ប ហើយ គឺ​ត្រូវ​អម​ដោយ​អនុក្រឹត្យ​មួយ​បន្ថែម​ទៀត គឺ​អគ្គលេខាធិការដ្ឋាន​ដែល​ចែង​លម្អិត​ពី​រចនាសម្ព័ន្ធ តួនាទី និង​ការ​ទទួល​ខុស​ត្រូវ​ក្រោយ​ពី​មន្ត្រី គ.ជ.ប ដំណើរ​ការ។

លោក​បណ្ឌិត ហង្ស ពុទ្ធា ឲ្យ​​ដឹង​ទៀត​ថា ព្រះរាជក្រឹត្យ​ស្ដីពី​លក្ខន្តិកៈ​ដោយ​ឡែក​មន្ត្រី​រាជការ​របស់ គ.ជ.ប ត្រូវ​បាន​ព្រះមហាក្សត្រ​ឡាយ​ព្រះហស្តលេខា​រួច​ហើយ​កាល​ពី​ពាក់​កណ្ដាល​ខែ​ មិថុនា កន្លង​ទៅ។ លក្ខន្តិកៈ​នេះ​មាន​ភារកិច្ច​ដ៏​ចម្បង គឺ​សម្រាប់​ធ្វើ​សមាហរណកម្ម​ពី​មន្ត្រី​ជាប់​កិច្ចសន្យា​របស់ គ.ជ.ប មក​ជា​មន្ត្រី​ចូល​ក្នុង​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ​ដូច​ស្ថាប័ន​រដ្ឋ​ដទៃ​ទៀត​ ដែរ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ក៏​បាន​សម្រេច​​នូវ​គោល​នយោបាយ​ ផ្ទៃ​ក្នុង​របស់​ខ្លួន​ចំនួន ២​ចំណុច​ដែរ គឺ​ទី​១ សេចក្ដី​សម្រេច​អំពី​ការ​បែង​ចែក​ការ​ទទួល​ខុស​ត្រូវ​ទៅ​តាម​បណ្ដា​ខេត្ត និង​សេចក្ដី​សម្រេច​ទី​២ ពាក់ព័ន្ធ​ទៅ​នឹង​សមាជិក គ.ជ.ប ត្រូវ​មាន​ទំនាក់ទំនង​នឹង​ការ​ទទួល​ខុស​ត្រូវ​ជាមួយ​ស្ថាប័ន​រដ្ឋ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល។

លោក ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា ការ​ប្រព្រឹត្ត​ទៅ​នៃ​ការ​ជ្រើសរើស​អគ្គលេខាធិការ និង​អគ្គលេខាធិការ​រង គ.ជ.ប នេះ ដោយសារ​ពុំ​មាន​ចង​ដោយ​ច្បាប់ ថែម​ទាំង​ពុំ​មាន​កំណត់​នៅ​ក្នុង​បទបញ្ជា​ផ្ទៃ​ក្នុង​ផង។ ហេតុ​នេះ បេក្ខជន​ទាំង​ថ្មី និង​ចាស់​របស់ គ.ជ.ប អាច​ចូលរួម​ប្រកួត​ប្រជែង​បាន ដោយ​រួម​ទាំង​អគ្គលេខាធិការ​កំពុង​នៅ​ក្នុង​តួនាទី​ផង ក៏ប៉ុន្តែ សេចក្ដី​សម្រេច​បែប​ណា​នៅ​នាទី​ចុង​ក្រោយ គឺ​ផ្អែក​លើ​ថ្នាក់​ដឹក​នាំ គ.ជ.ប ជា​អ្នក​បោះ​ឆ្នោត​សម្រេច។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) ទទួល​ស្គាល់​ថា ថ្វី​បើ​ពុំ​មាន​កំណត់​ដោយ​ច្បាប់​ចំពោះ​សមាសភាព​នៃ​អគ្គលេខាធិការ​នេះ​ ក៏ដោយ​ចុះ ប្រសិន​បើ គ.ជ.ប មិន​ធ្វើ​កំណែ​ទម្រង់​ដោយ​ប្រាកដ​និយម​ទេ ហើយ​ការ​សម្រេច​ចុង​ក្រោយ​ដោយ​បន្ត​រក្សា​តួនាទី​អគ្គលេខាធិការ​ចាស់ លោក ទេព នីថា នោះ អាច​នឹង​ប៉ះពាល់​ជំនឿ និង​សេចក្ដី​ទុក​ចិត្ត​ពី​ម្ចាស់​ឆ្នោត។

ក្រោយ​ការ​បោះ​ឆ្នោត​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ មាន​ប្រតិកម្ម​ជា​ខ្លាំង​ចំពោះ​លទ្ធផល​បោះ​ឆ្នោត។ គណបក្ស​ប្រឆាំង ព្យាយាម​ជំទាស់​ជា​ញឹកញាប់ និង​ច្រាន​ចោល​លទ្ធផល​ឆ្នោត។ ប្រតិកម្ម​នេះ​រហូត​ធ្វើ​ឲ្យ​គណបក្ស​នយោបាយ ដែល​ជា​គូប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​ពហិការ​មិន​ចូល​សភា និង​ជម្រើស​ចុង​ក្រោយ ធ្វើ​បាតុកម្ម​ប្រឆាំង​លទ្ធផល​ឆ្នោត​ថែម​ទៀត​ផង។ បញ្ហា​ទាំង​នេះ ជា​កំហុស​មួយ​ផ្នែក​ធំ គឺ​ត្រូវ​បក្ស​ប្រឆាំង​ចោទ​ប្រកាន់​ថា ជា​បន្ទុក​របស់ គ.ជ.ប ហើយ​ស្ថាប័ន​ឯករាជ្យ​មួយ​នេះ​ទៀត​សោត ប្រហែល​ជា​ធ្វើ​កិច្ចការ​មួយ​ចំនួន​បម្រើ​ឲ្យ​គណបក្ស​គ្រប់គ្រង​អំណាច។ នៅ​ទីបំផុត គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​រំលាយ​សមាសភាព គ.ជ.ប ចាស់ និង​បង្កើត​ច្បាប់​បោះ​ឆ្នោត​ថ្មី និង​រៀបចំ​ស្ថាប័ន គ.ជ.ប ថ្មី វិញ​ដែរ។

មក​ទល់​ពេល​នេះ អគ្គលេខាធិការ​ចាស់ លោក ទេព នីថា នៅ​តែ​បន្ត​ការងារ​ដដែល។ ទាំង​បទបញ្ជា​ផ្ទៃ​ក្នុង និង​ច្បាប់ គ.ជ.ប ចាស់ កៅអី​អគ្គលេខាធិការ​នេះ គឺ​ជា​សេនាធិការ​ដ៏​មាន​ឥទ្ធិពល​របស់​ប្រធាន គ.ជ.ប. ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​សេចក្តី​សម្រេច​នានា។ ស្ថិត​ក្រោម​ហេតុផល​នេះ​ហើយ ដែល​ក្រុម​អ្នក​ជំនាញ​កិច្ចការ​បោះ​ឆ្នោត និង​គណបក្ស​នយោបាយ​មក​ពី​សំឡេង​ភាគ​តិច យល់​ឃើញ​ថា គឺ​ជា​ក្ដី​កង្វល់ និង​អាច​បង្កើត​ភាព​ស្មុគស្មាញ​បន្ត​ទៀត ប្រសិន​បើ​អគ្គលេខាធិការ​ចាស់ លោក ទេព នីថា ត្រូវ​បាន​រក្សា​ទុក​ក្នុង​តួនាទី​ជា​អគ្គលេខាធិការ​ដដែល​នេះ៕



No comments:

Post a Comment