អាជ្ញាធរ ខេត្ត ត្បូងឃ្មុំ រងការ ចោទថា, តាមដាន តំណាង ពលរដ្ឋ ដែលតវ៉ា បញ្ហាដីធ្លី
RFA / វិទ្យុ អាស៊ី សេរី | ២១ មិថុនា ២០១៥
តំណាងពលរដ្ឋ ម្នាក់ ក្នុងចំណោមតំណាងពលរដ្ឋជាង ១០នាក់ សម្ដែងក្តីបារម្ភចំពោះសុវត្ថិភាពរបស់ខ្លួន ក្រោយពេលគាត់ដឹងថា អាជ្ញាធរភូមិចេះតែបន្តតាមដានសកម្មភាពរបស់ពួកគេ ពិសេសនៅពេលមានកិច្ចប្រជុំជាមួយប្រជាពលរដ្ឋនៅក្នុងភូមិម្តងៗ ដើម្បីស្វែងរកដំណោះស្រាយដីធ្លីជាមួយក្រុមហ៊ុនចិន មួយនៅទីនោះ គឺព័ត៌មានតែងតែបែកធ្លាយលេចឮទៅដល់អាជ្ញាធរជានិច្ច។
តំណាងពលរដ្ឋនៅភូមិស្រែប្រាំង លោក សុង ហុង ឲ្យដឹងថា ក្រោយពេលពលរដ្ឋនាំគ្នាតវ៉ាចំពោះក្រុមហ៊ុនចិន មួយឈ្មោះ ហាម៉ីនីវិន អ៊ិនវេសមេន (HAMENIVEN Investment) មិនឲ្យជីកទំនប់ និងបញ្ឈប់សកម្មភាពឈូសឆាយប៉ះពាល់លើដីពលរដ្ឋ និងដីព្រៃលិចទឹករបស់សហគមន៍មក អាជ្ញាធរភូមិចេះតែដាក់កម្លាំងតាមដានសកម្មភាពរបស់ពួកគាត់។ ជាងនេះទៀត ពលរដ្ឋនៅក្នុងភូមិចេះតែបែកបាក់សាមគ្គីគ្នា ធ្វើឲ្យលោកយល់ថា អាចមានអាជ្ញាធរជាអ្នកនៅពីក្រោយ៖ «ខ្ញុំយល់ ថា រឿងនេះជារឿងចង់កាច់បំបាក់ខ្ញុំ ឬជារឿងចង់គាបសង្កត់ខ្ញុំផ្នែកការអប់រំ គាបសង្កត់ផ្នែកផ្លូវចិត្តដែលក្នុងគោលបំណងមិនចង់ឲ្យខ្ញុំតវ៉ា រឿងដី។»
កាលពីខែមីនា ប្រជាពលរដ្ឋនៅភូមិស្រែប្រាំង ១៧៥គ្រួសារ នាំគ្នាទៅឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិន មួយឈ្មោះ ហាម៉ីនីវិន អ៊ិនវេសមេន ដែលបានឈូសឆាយប៉ះពាល់លើដីរបស់ពួកគាត់ និងប៉ះពាល់លើដីព្រៃលិចទឹករបស់សហគមន៍ជាង ៣០០ហិកតារ។ ជាងនេះទៀត ក្រុមហ៊ុនចិន ថែមទាំងជីកប្រឡាយលើកទំនប់ខ្ពស់ៗ មិនឲ្យពលរដ្ឋឆ្លងកាត់ទៀតផង។
ឆ្លើយតបការចោទប្រកាន់នេះ មេភូមិស្រែប្រាំង លោក ម៉ល់ មឿន មានប្រសាសន៍ថា ខាងលោកមិនបានតាមដានសកម្មភាពពលរដ្ឋនៅក្នុងភូមិឡើយ។ លោកបញ្ជាក់ថា ខាងអាជ្ញាធរមូលដ្ឋានគ្រាន់តែតាមដានដំណើរការរឿងនេះ ថាតើបានលទ្ធផលយ៉ាងណា ដើម្បីរាយការណ៍ទៅថ្នាក់លើ។ លោកអះអាងទៀតថា ការតវ៉ារបស់ពលរដ្ឋ គឺជារឿងមិនអាចទៅរួចឡើយ ព្រោះពួកគេបានផ្ដិតមេដៃលក់ដីនោះទៅឲ្យក្រុមហ៊ុនចិន កាលពីឆ្នាំ២០១១ រួចរាល់ហើយ ប៉ុន្តែលោកយល់ថា រឿងនេះអាចមានការញុះញង់ពីអ្នកនយោបាយឲ្យពលរដ្ឋតវ៉ាច្រើនជាង៖ «អា ហ្នឹងគ្រាន់តែជាការចោទប្រកាន់ដោយគ្មានមូលហេតុ ឬមូលដ្ឋានច្បាស់លាស់។ គេធ្វើអីធ្វើទៅ ខ្ញុំអត់មានលូកដៃលូកជើងអីទេ។»
ជម្លោះដីធ្លីដែលមានចំនួនសរុបជាង ៦០០ហិកតារ ដែលជាប្រភេទដីព្រៃលិចទឹកនៅឃុំត្រពាំងព្រីង កើតឡើងចាប់តាំងពីឆ្នាំ២០១១ បន្ទាប់ពីមានអាជ្ញាធរស្រុក ឃុំ និងភូមិមួយចំនួន បានដើរបញ្ចុះបញ្ចូលពលរដ្ឋឲ្យផ្ដិតមេដៃលក់ដីព្រៃសហគមន៍នៅក្នុង ឃុំ ទៅឲ្យក្រុមហ៊ុនចិន ដោយប្រើទម្រង់លិខិតមួយមានភាពមិនច្បាស់លាស់ និងមានលក្ខណៈបង្ខិតបង្ខំផង។ កាលណោះ ពលរដ្ឋព្រមផ្ដិតមេដៃលក់ដីឲ្យក្រុមហ៊ុនចិន មួយចំហៀងដែលមានផ្ទៃដីប្រមាណ ៣០០ហិកតារប៉ុណ្ណោះ ព្រោះផ្ទៃដីមួយចំហៀងទៀត គឺជាដីពលរដ្ឋធ្លាប់អាស្រ័យផល និងជាកន្លែងប្រកបរបរនេសាទ និងរកអនុផលពីធម្មជាតិរបស់ពួកគាត់ក្នុងសហគមន៍។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត មានប្រសាសន៍ថា ករណីនេះប្រសិនដូចការលើកឡើងរបស់តំណាងពលរដ្ឋ ថាមានអាជ្ញាធរឃ្លាំមើលសកម្មភាពពួកគាត់មែន គឺជារឿងខុសទៅនឹងផ្លូវច្បាប់ ព្រមទាំងជាការរំលោភសិទ្ធិមនុស្សផង៖ «ព្រោះយើងជាអាជ្ញាធរ គឺជាខ្ញុំបម្រើរបស់ប្រជាពលរដ្ឋ ដូចលោកនាយករដ្ឋមន្ត្រីថាអ៊ីចឹង។ ទៅជាបង្កើតភាពអសន្តិសុខដល់ប្រជាពលរដ្ឋនៅក្នុងភូមិទៅវិញ ទៅជាតាមដានមានការឃ្លាំមើលអ៊ីចឹងទៅ។ ទៅណាមកណា ធ្វើឲ្យប្រជាពលរដ្ឋនៅកន្លែងហ្នឹងមានការភ័យខ្លាចណាស់។»
មន្ត្រីសិទ្ធិមនុស្សដដែលបន្ថែមថា ការតវ៉ារបស់ពលរដ្ឋដើម្បីការពារដីស្រែចម្ការ និងរក្សាទុកដីសហគមន៍ជាសម្បត្តិសមូហភាព គឺនៅតែមានប្រសិទ្ធភាព បើផ្អែកទៅលើផ្លូវច្បាប់ ព្រោះដីនោះជាដីរបស់រដ្ឋ អាចក្លាយជាសម្បត្តិឯកជនបាន ទាល់តែរាជរដ្ឋាភិបាលធ្វើអនុប្រយោគពីដីរបស់រដ្ឋ មកជាសម្បត្តិឯកជន ប៉ុន្តែរដ្ឋធ្វើទៅបាន លុះត្រាតែដីនោះលែងបម្រើឲ្យប្រយោជន៍សាធារណៈ។ ម្យ៉ាងទៀត ក្រុមហ៊ុនចិន គឺមិនបានទទួលទិញដីពីម្ចាស់ដីនោះទេ ចំណែកពលរដ្ឋព្រមផ្ដិតមេដៃលក់ដីសហគមន៍កាលពីឆ្នាំ២០១១ គឺលក់ដីរបស់រដ្ឋ មិនមែនលក់ដីរបស់ពួកគាត់ឡើយ៕
No comments:
Post a Comment