រដ្ឋាភិបាល មិនទាន់តប សំណើ របស់ បក្សប្រឆាំង រឿងទាហាន វៀតណាម នៅលើដីខ្មែរ
RFA / វិទ្យុ អាស៊ី សេរី | ១៤ មិថុនា ២០១៥
តំណាងរាស្ត្រ មណ្ឌលខេត្ត កំពង់ចាម ស្នើប្រធាន គណៈកម្មការ កិច្ចការ ព្រំដែន កម្ពុជា ឱ្យដោះស្រាយ បញ្ហាទាហាន វៀតណាម ចូលមក បោះទីតាំង ក្នុងទឹកដីខ្មែរ នៅចំណុច មួយចំនួន ក្នុងឃុំ ត្រពាំងផ្លុង, ស្រុក ពញាក្រែក, ខេត្ត ត្បូងឃ្មុំ ដែលបណ្ដាល ឱ្យប៉ះពាល់ ដល់ការ ប្រកបរបរ ចិញ្ចឹមជីវិត របស់ ពលរដ្ឋ នៅតំបន់នោះ។ ទាក់ទងបញ្ហានេះ ប្រធាន កិច្ចការ ព្រំដែន កម្ពុជា នៅមិនទាន់ ឆ្លើយតប យ៉ាងណាទេ ព្រោះ លោក មិនទាន់ ទទួលបាន លិខិតនោះ។
លិខិត មួយច្បាប់ របស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ចាម បានផ្ញើទៅប្រធានគណៈកម្មការកិច្ចការព្រំដែន តាមរយៈលោក ហេង សំរិន ប្រធានរដ្ឋសភា។ សំណើនោះ បានផ្ញើទៅដល់ខុទ្ទកាល័យប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែមិថុនា ក៏ប៉ុន្តែនៅមិនទាន់ដល់ដៃរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែននៅ ឡើយទេ។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសកិច្ចការព្រំដែន លោក វ៉ា គឹមហុង មានប្រសាសន៍នៅថ្ងៃទី១៣ ខែមិថុនា ថា លោកមិនអាចពន្យល់ជុំវិញបញ្ហានេះបានទេ ព្រោះលោកមិនទាន់ទទួលបានលិខិតរបស់អ្នកតំណាងរាស្ត្រខេត្តកំពង់ចាម។ យ៉ាងណាលោកយល់ថា ការចេញចូលប៉ះពាល់ដីគ្នាទៅវិញទៅមករវាងកម្លាំងការពារព្រំដែននៃ ប្រទេសទាំងពីរ គឺតែងកើតមានឡើងដោយជៀសមិនរួច។
លោក វ៉ា គឹមហុង៖ «ចាំមើលលិខិតគេសិនទៅណា! ព្រោះខ្ញុំមិនទាន់ឃើញលិខិតគេទេ ព្រោះខ្ញុំដឹងថា មានយាមល្បាតនៅតំបន់ហ្នឹង ព្រោះរឿងហ្នឹងយូរហើយ មិនមែនថ្មីទេ ហើយគាត់ទើបទៅឃើញ ហើយវរៈព្រំដែនយើងក៏ទទួលស្គាល់ថា មានការហូរចូលដែរ។ នៅតាមព្រំដែនគេចេញចូលៗគ្នាហ្នឹងណា។»
លិខិតរបស់អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម លោក វ៉ាន់ ណារិទ្ធ បញ្ជាក់ថា ទាហានវៀតណាម ចូលមកយាមល្បាតប្រចាំការនៅតំបន់ត្រពាំងត្រឡោក ត្រពាំងធ្លក ស្ថិតនៅក្នុងភូមិត្រពាំងរំសែង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។ លិខិតនេះ ធ្វើឡើងក្រោយពេលអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងដឹកនាំសមាជិករបស់ ខ្លួន និងពលរដ្ឋចុះទៅពិនិត្យស្ថានភាពផ្ទាល់កាលពីថ្ងៃទី៧ ខែមិថុនា ស្របតាមពាក្យបណ្ដឹងរបស់អ្នកភូមិ។ ការចុះពិនិត្យ គឺរកឃើញថា ទាហានវៀតណាម ពិតជាបានចូលយាមល្បាតក្នុងដីខ្មែរដែលមានចម្ងាយប្រមាណ ៥០០ម៉ែត្រ ពីបង្គោលព្រំដែនលេខ ១១៤ ប្រាកដមែន។ លើសពីនេះ ទាហានព្រំដែនវៀតណាម ថែមទាំងហាមឃាត់ប្រជាពលរដ្ឋខ្មែរមិនឱ្យឆ្លងកាត់ ឬចូលរុករកអនុផលព្រៃឈើ ដូចជារកវល្លិ បេះផ្លែឈើ រកអុសនៅក្នុងព្រៃដែលពួកគេបោះទីតាំងជាដើម។
ទោះយ៉ាងនេះក្តី តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក វ៉ាន់ ណារិទ្ធ មានប្រសាសន៍ថា ខាងលោកនឹងរង់ចាំការឆ្លើយតបជាផ្លូវការពីសំណាក់ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែនជុំវិញបញ្ហានេះ។ លោកបន្តថា ការយាមល្បាតអាចប៉ះពាល់ដីគ្នាទៅវិញទៅមកខ្លះមែន ប៉ុន្តែករណីនេះមិនមែនជាការយាមល្បាតឡើយ ព្រោះពួកគេចូលមកក្នុងដីខ្មែរចម្ងាយរាប់រយម៉ែត្រពីបង្គោល ព្រំដែន ហើយថែមទាំងហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យឆ្លងកាត់ ឬធ្វើអ្វីលើដីនោះបានទៀតជាហេតុលោកគិតថា វៀតណាម ចង់បានដីខ្មែរនៅតំបន់នោះតែម្ដង។
លោក វ៉ាន់ ណារិទ្ធ៖ «អ្វីដែលខ្ញុំគិត គឺគោលបំណងចង់យកដីតំបន់ហ្នឹងតែម្ដង ព្រោះដីតាំងពីដូនតាមកប្រជាពលរដ្ឋគាត់ចេញចូលកន្លែងហ្នឹងបាន ស្រេចតែនឹងចិត្ត ដល់ឥឡូវគេមិនឱ្យចូល។»
អ្នកតំណាងគណបក្សប្រឆាំងដដែលបញ្ជាក់ថា ប្រសិនបើការឆ្លើយតបជាផ្លូវការពីសំណាក់ទេសរដ្ឋមន្ត្រីទទួលបន្ទុក កិច្ចការព្រំដែន ដូចទៅនឹងការយល់ឃើញរបស់លោកពេលនេះ លោក វ៉ាន់ ណារិទ្ធ នឹងដឹកនាំប្រជាពលរដ្ឋ ព្រមទាំងអ្នកតំណាងរាស្ត្រឱ្យកាន់តែច្រើន ដើម្បីចុះទៅពិនិត្យតំបន់មានបញ្ហាម្ដងទៀត ហើយនឹងប្រកាសជាសាធារណៈចំពោះទង្វើរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអនុញ្ញាតឱ្យកងទ័ពវៀតណាម មកបោះទីតាំងលើដីខ្មែរ ហើយថែមទាំងបណ្ដោយឱ្យកងទ័ពបរទេសមួយនេះ ហាមឃាត់ពលរដ្ឋខ្មែរមិនឱ្យអាស្រ័យផលលើដីរបស់ខ្លួនបាន៕
No comments:
Post a Comment