លោក ផ្កាយមាស៤ ជា តារា ថា, កងទ័ព ជាទ័ព របស់ គណបក្ស ប្រជាជនកម្ពុជា
RFA / វិទ្យុ អាស៊ី សេរី | ២៩ កក្កដា ២០១៥
មេទាហាន ផ្កាយមាស៤ នៃកងយោធពល ខេមរភូមិន្ទ ម្នាក់ លើកឡើង ថា, ទាហាននៃកងយោធពលខេមរភូមិន្ទជារបស់គណបក្សប្រជាជនកម្ពុជា ព្រោះ លោក ហ៊ុន សែន ដែលជាប្រធានគណបក្សនេះជាអ្នកផ្គត់ផ្គង់ទាហាននាពេលបច្ចុប្បន្ន។
បញ្ហានេះ គណបក្សប្រឆាំង និងអ្នកវិភាគនយោបាយ ថាការលើកឡើងនេះ ខុសទៅនឹងរដ្ឋធម្មនុញ្ញ ដែលចែងពីកងកម្លាំងប្រដាប់អាវុធជាកងកម្លាំងរបស់រដ្ឋ មិនមែនជារបស់បក្សទេ និងទាមទារឲ្យមានការកែតម្រូវ។
អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាតំណាងគណៈមេបញ្ជាការឯកភាពសមរភូមិប្រាសាទព្រះវិហារ ផ្កាយមាស៤ លោក ជា តារា រំឭកទៅកងទ័ពថា កងទាហានទាំងអស់ជារបស់គណបក្សប្រជាជនកម្ពុជា និងជារបស់ប្រជាជន។ ថ្លែងនៅចំពោះមុខមន្ត្រីយោធា មន្ត្រីរដ្ឋាភិបាល និងវិស័យឯកជន មេទាហានផ្កាយមាស៤ ប្រចាំតំបន់ព្រះវិហារ នៅវិមានសន្តិភាព ថ្ងៃទី២៩ ខែកក្កដា លោក ជា តារា និយាយសម្ដីស្មោះត្រង់របស់ខ្លួនថា កងទ័ពត្រូវការចូលរួមការពារជាតិ និងការពារមិនឲ្យមានបដិវត្តន៍ពណ៌៖ «បើនិយាយឲ្យចំ កងទ័ព គឺជារបស់គណបក្សប្រជាជន ព្រោះសម្ដេចតេជោជាអ្នកចិញ្ចឹមបីបាច់ថែរក្សា ដឹកនាំបញ្ជាកងទ័ព។»
\
ការលើកឡើងរបស់ លោក ជា តារា នេះ គឺស្របទៅនឹងគណបក្សប្រជាជនកម្ពុជា បានដាក់បញ្ចូលសមាសភាពថ្នាក់ដឹកនាំកងកម្លាំងជាច្រើនរូប ជាសមាជិកគណៈកម្មការកណ្ដាលរបស់គណបក្សកាន់អំណាចចាស់វស្សាមួយនេះ។ ក្នុងនោះក៏មាន លោក ជា តារា កាន់តួនាទីនៅក្នុងគណៈកម្មការកណ្ដាលគណបក្សនេះដែរ។ ការបញ្ចូលថ្នាក់ដឹកនាំយោធា និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថទៅក្នុងជួរដឹកនាំគណបក្សនេះ ត្រូវបានសាធារណជនរិះគន់យ៉ាងខ្លាំងដែលមន្ត្រីទាំងនោះទទួលប្រាក់ ខែពីរដ្ឋ តែបែរជាបម្រើការងារឲ្យបក្សទៅវិញ។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់យោធាបែបនេះ ត្រូវបានអ្នកវិភាគនយោបាយលើកឡើងថា ជាកាយវិការមួយចង់បង្ហាញថា កងកម្លាំងឯករាជ្យរបស់រដ្ឋក្លាយទៅជាកម្មសិទ្ធិផ្ដាច់មុខរបស់ គណបក្សកាន់អំណាច ហើយក៏អាចឆ្លុះបញ្ចាំងពីឥទ្ធិពលកងកម្លាំងយោធាក្នុងការការពារ គណបក្សនេះនៅពេលចាញ់ឆ្នោតក៏ថាបាន។
ចំណែកអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ សម្ដែងការសោកស្ដាយចំពោះការលើកឡើងរបស់ លោក ជា តារា នេះ និងថា លោក ជា តារា យល់ដឹងពីជាតិនៅមានកម្រិត។ អ្នកនាំពាក្យគណបក្សប្រឆាំងរូបនេះ ចង់ឃើញស្ថាប័ននីតិប្រតិបត្តិមានការកែតម្រូវនៅពេលខាងមុខ៖ «យើង មានការសោកស្ដាយណាស់នូវអ្វីដែលបានលើកឡើង ព្រោះហាក់បីដូចជាមិនបានយល់អ្វីទៅហៅថា កងទ័ព ជាតិ អ្វីទៅនាយករដ្ឋមន្ត្រី។»
ការអះអាងរបស់ លោក ជា តារា ដែលថាកងយោធពលខេមរភូមិន្ទជាកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា ហាក់ផ្ទុយពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថ្លែងកាលពីថ្ងៃទី២៣ កក្កដា ថា កងកម្លាំងប្រដាប់អាវុធ គឺជាឧបករណ៍របស់រដ្ឋក្នុងកិច្ចការពារជាតិ ការពាររដ្ឋធម្មនុញ្ញ និងការពាររដ្ឋាភិបាលស្របច្បាប់។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ មានប្រសាសន៍ថា កងប្រដាប់អាវុធគ្រប់ប្រភេទរបស់ជាតិបើកប្រាក់ខែពីជាតិ ត្រូវបម្រើជាតិ មិនមែនបក្សទេ។ លោកបណ្ឌិតស្នើឲ្យ លោក ជា តារា កែតម្រូវការលើកឡើងបែបនេះ ព្រោះផ្ទុយទៅនឹងរដ្ឋធម្មនុញ្ញរបស់ជាតិ៖ «តាមទៅមិនត្រឹមត្រូវទេ ពាក្យនេះ ពីព្រោះកងទ័ព គឺជារបស់ជាតិ ការពារប្រយោជន៍ជាតិ មិនមែនការពារគណបក្សណាមួយទេ ចឹងគាត់មានកាតព្វកិច្ចមួយការពារជាតិ មិនមែនកងទ័ពការពារគណបក្សទេ។»
ច្បាប់ស្ដីពីសហលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ មាត្រា១ ចែងថា កងយោធពលខេមរភូមិន្ទ មានភារកិច្ចបម្រើប្រទេសជាតិ។ បេសកកម្មរបស់កងយោធពលខេមរភូមិន្ទ គឺត្រូវរៀបចំកម្លាំងដើម្បីការពារ កសាងមាតុភូមិ និងដើម្បីបម្រើផលប្រយោជន៍ដ៏ខ្ពង់ខ្ពស់របស់ប្រទេសជាតិ។
ទោះបែបនេះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ គាំទ្រការលើកឡើងរបស់ លោក ជា តារា ព្រោះរដ្ឋាភិបាលកម្ពុជា សព្វថ្ងៃដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដូចនេះទាហានមិនអាចទៅការពារគណបក្សផ្សេងបានទេ។ លោកបន្ថែមទៀតថា ពាក្យដែលលើកឡើងថា នាយករដ្ឋមន្ត្រីចិញ្ចឹមទាហាន គឺមានន័យថា នាយករដ្ឋមន្ត្រីគ្រប់គ្រងទាហាន៖ «គោលនយោបាយរដ្ឋាភិបាល ជាគោលនយោបាយរបស់គណបក្សឈ្នះឆ្នោត ហើយបច្ចុប្បន្នជាគោលនយោបាយរបស់គណបក្សប្រជាជន មានន័យថា ការពារគណបក្សឈ្នះឆ្នោតនេះឯង។»
យ៉ាងណាក៏ដោយចុះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោកបណ្ឌិត រស់ រ៉ាវុធ ពន្យល់ថា កងកម្លាំងបាត់បង់អព្យាក្រឹតភាព ប្រសិនបើគណបក្សនយោបាយផ្សេងឈ្នះឆ្នោតឈានដល់ការកាន់អំណាចនៅពេល ខាងមុខ អាចនឹងមានរដ្ឋប្រហារយោធា ឬក្លាយជារបបផ្តាច់ការមួយ ប៉ុន្តែលោកថា ក្នុងបរិបថប្រទេសកម្ពុជា សព្វថ្ងៃ មិនអាចកើតមានរឿងនេះបានទេ ហើយនេះគ្រាន់តែជាការបញ្ចេញមតិរបស់មេទ័ពម្នាក់ប៉ុណ្ណោះ៕
No comments:
Post a Comment