រដ្ឋាភិបាល បន្ថយរយៈពេល នៃកិច្ចសន្យា សម្បទាន ដីសេដ្ឋកិច្ច មកត្រឹម ៥០ឆ្នាំ
RFA / វិទ្យុ អាស៊ី សេរី | ២៨ កក្កដា ២០១៥
រដ្ឋាភិបាល សម្រេច ថា, កាត់បន្ថយ រយៈពេល នៃគោលនយោបាយ សម្បទាន ដីសេដ្ឋកិច្ច ពីរយៈពេល ៩៩ឆ្នាំ មកនៅត្រឹម ៥០ឆ្នាំ យ៉ាងយូរ បំផុត។ ការកាត់ បន្ថយនេះ បន្ទាប់ ពីអ្នកស្រាវជ្រាវ រកឃើញ ថា, ការផ្ដល់ សម្បទាន ដីសេដ្ឋកិច្ច ពីរយៈពេល ៩៩ឆ្នាំនោះ បានហុចផល អវិជ្ជមានច្រើន ជាងផល វិជ្ជមាន ដល់សេដ្ឋកិច្ច។
ចាប់ពីពេលនេះតទៅ ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ មិនត្រូវបានអនុញ្ញាតឲ្យប្រតិបត្តិការគម្រោងរបស់ខ្លួនយូរជាង ៥០ឆ្នាំនោះទេ។ ការសម្រេចកែប្រែរយៈពេលនៃការអនុវត្តកិច្ចសន្យាគម្រោងវិនិយោគលើដី សម្បទាននេះ បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន ចុះថ្ងៃទី២៨ ខែកក្កដា។
មន្ត្រីស៊ើបអង្កេតនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត សម្តែងការសាទរចំពោះការសម្រេចថ្មីនេះ ប៉ុន្តែលោកយល់ថា ការសម្រេចបែបនេះហ្នឹងប៉ះពាល់ដល់ក្រុមហ៊ុនវិនិយោគដែលប្រតិបត្តិការ ដោយស្របច្បាប់៖ «បើគ្មានការដោះដូរណាមួយ វាមិនអាចបន្ថយទៅបានទេ។ ខ្ញុំគិតថា ប្រហែលរដ្ឋាភិបាលគាត់គិតគូរទៅលើការផ្ដល់ការអនុគ្រោះពន្ធ ឬក៏បញ្ហាអីផ្សេងៗទៀតជាថ្នូរនឹងការកាត់បន្ថយដើម្បីជាការ ប៉ះប៉ូវ។»
ទាក់ទងនឹងបញ្ហានេះ វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបកស្រាយបន្ថែមពីនាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ ប៉ុន្ដែមិនមានការឆ្លើយតប។
យ៉ាងណា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អ៊ាង សុផល្លែត សង្ឃឹមថា ការបន្ថយមកនៅត្រឹម ៥០ឆ្នាំនេះ នឹងមិនបង្កជាបញ្ហាដល់ក្រុមហ៊ុនដែលទទួលបានសិទ្ធិវិនិយោគកន្លងមក នោះទេ ដោយលោកអះអាងថា ក្រុមហ៊ុនទាំងនោះភាគច្រើនមិនបានអនុវត្តពេញលេញតាមកិច្ចសន្យា វិនិយោគ។ លោកលើកឡើងថា រដ្ឋាភិបាលបានយោគយល់រួចទៅហើយដល់ក្រុមហ៊ុនទាំងនោះ ដោយបានអនុញ្ញាតឲ្យបន្តអនុវត្តគម្រោងរបស់ពួកគេ។ ចំពោះក្រុមហ៊ុនដែលបានអនុវត្តតាមលក្ខខណ្ឌកិច្ចសន្យាកន្លងមក រដ្ឋាភិបាលសំណូមពរឲ្យក្រុមហ៊ុនទាំងនោះយោគយល់។
រដ្ឋាភិបាលធ្លាប់បានបង្ហាញថា ក្នុងឆ្នាំ២០១៣ ក្រុមហ៊ុនចំនួន ២៣០ បានទទួលសិទ្ធិវិនិយោគលើផ្ទៃដីសរុបជិត ២លានហិកតារ។ ប៉ុន្តែអង្គការទិន្នន័យស្ដីពីការអភិវឌ្ឍហៅកាត់ថា អូ.ឌី.ស៊ី (ODC) កត់សម្គាល់ឃើញថា ទិន្នន័យស្ដីពីសម្បទានដីសេដ្ឋកិច្ចនៅមានភាពលាក់បាំងនៅឡើយ។
ក្រោយពីការសិក្សាមួយចំនួនរកឃើញថា គោលនយោបាយសម្បទានដីសេដ្ឋកិច្ចបង្កផលប៉ះពាល់ច្រើនដល់សង្គម ក្រសួងទាំងពីរដែលទទួលបន្ទុកការងារនេះ កាលពីខែឧសភា ឆ្នាំ២០១៤ បានចេញសេចក្ដីប្រកាសឲ្យមានការពង្រឹងការគ្រប់គ្រងគម្រោងវិនិយោគ សម្បទានដីសេដ្ឋកិច្ចឡើងវិញ។
ចំពោះការកាត់បន្ថយរយៈពេលអនុវត្តគម្រោងមកនៅត្រឹម ៥០ឆ្នាំយ៉ាងយូរនេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ថា អាចនឹងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ៖ «កិច្ច សន្យាជំនួញមួយៗ កាលណាយើងប្រែប្រួល វាអាចធ្វើឲ្យមិនផ្ដល់ទំនុកចិត្តដល់ជំនួញ និងស្តង់ដារដទៃទៀតដែលគេរៀបមក។»
ចំណែកលោក អ៊ូ វីរៈ នាយកវេទិកាអនាគតដែលជាមជ្ឈមណ្ឌលស្រាវជ្រាវគោលនយោបាយវិញយល់ថា សេចក្ដីសម្រេចរបស់រដ្ឋាភិបាលនៅពេលនេះ មិនមែនជាបញ្ហាចោទដល់ក្រុមហ៊ុនសម្បទានទាំងនោះទេ៖ «ដីសម្បទាន សេដ្ឋកិច្ចហ្នឹង ភាគច្រើនជាអ្នកហក់ឆត្រទេ ដូច្នេះមិនមែនជាអ្នកវិនិយោគត្រឹមត្រូវទេ ដូច្នេះមិនមានបញ្ហាទេ ព្រោះពួកគាត់ដឹងហើយថា រឿងអ៊ីចឹងៗ គឺជារឿងដែលពួកគាត់មិនអាចទុកចិត្ត១០០%ទេ។»
តាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណូលដែលបានពីគម្រោងវិនិយោគសម្បទានដីសេដ្ឋកិច្ចក្នុងរយៈពេលបី ឆ្នាំចុងក្រោយនេះមានបរិមាណ ៨០លានដុល្លារ ជាបរិមាណដែលរដ្ឋាភិបាលចាត់ទុកថា តិចតួច ដូចដែលបានលើកឡើងក្នុងរបាយការណ៍របស់ខ្លួនកាលពីដើមឆ្នាំនេះ។ របាយការណ៍នោះក៏បានលើកឡើងដែរថា ការអនុវត្តរបស់ក្រសួងបរិស្ថាន រួមទាំងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លងមក មានភាពឆកល្វែង។
ការស្រាវជ្រាវមួយចំនួនពីផលប៉ះពាល់នៃការអនុវត្តគោលនយោបាយនេះ បានរកឃើញថា ក្រុមហ៊ុនវិនិយោគតែងមិនបានគោរពតាមគោលការណ៍ដែលមានចែងនៅក្នុង កិច្ចសន្យានោះទេ ហើយសម្បទានជាច្រើនមានទំហំលើសពីមួយម៉ឺនហិកតារដែលច្បាប់បាន កំណត់ និងធ្វើលើផ្ទៃដីដែលច្បាប់ហាមឃាត់។
ស្របពេលរដ្ឋាភិបាលកំណត់ឡើងវិញលើរយៈពេលកិច្ចសន្យាសម្បទានដី សេដ្ឋកិច្ចនេះ ក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែកក្កដា ក៏បានសម្រេចឲ្យក្រុមហ៊ុនចំនួន ១៦ ដែលទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុបជាង ៩ម៉ឺនហិកតារ ក្នុងខេត្តមណ្ឌលគិរី រតនគិរី និងកំពង់ស្ពឺ ចុះកិច្ចសន្យាឡើងវិញ និងបន្ថយរយៈពេលវិនិយោគមកនៅត្រឹម ៥០ឆ្នាំ។
សេចក្ដីប្រកាសរបស់ក្រសួងបរិស្ថាននៅពេលនេះ ឲ្យដឹងដែរថា ក្រសួងបានពិនិត្យ និងវាយតម្លៃគម្រោងវិនិយោគទាំងអស់បានចំនួន ១១៣គម្រោង លើផ្ទៃដីសរុបជាង ៦២ម៉ឺនហិកតារ។ ក្នុងនោះរដ្ឋាភិបាលបានសម្រេចដកហូតសិទ្ធិវិនិយោគពីគម្រោងរបស់ ក្រុមហ៊ុនចំនួន ២៣ លើផ្ទៃដីសរុបជាង ៩ម៉ឺនហិកតារ ក្រោយពីពិនិត្យឃើញថា ក្រុមហ៊ុនទាំងនោះមិនបានគោរពតាមគោលការណ៍ និងនីតិវិធីដែលបានកំណត់ក្នុងកិច្ចសន្យា។
ជុំវិញសេចក្ដីសម្រេចរបស់រដ្ឋាភិបាលស្ដីពីការកែប្រែរយៈពេល អនុវត្តគម្រោងសម្បទានដីសេដ្ឋកិច្ចមកនៅត្រឹម ៥០ឆ្នាំនេះ យើងមិនទាន់សង្កេតឃើញមានប្រតិកម្មពីសំណាក់ក្រុមហ៊ុនដែលទទួលបាន សិទ្ធិវិនិយោគកន្លងមកនោះទេ។ វិទ្យុអាស៊ីសេរី នឹងបន្តតាមដានការវិវត្តនៃរឿងនេះនៅក្នុងសេចក្ដីរាយការណ៍ក្រោយៗ ទៀត៕
No comments:
Post a Comment