គណបក្ស សង្គ្រោះជាតិ មិនចូលរួម ពិភាក្សា លើសេចក្ដី ព្រាងច្បាប់ អង្គការ-សមាគម
RFA / វិទ្យុ អាស៊ី សេរី | ៨ កក្កដា ២០១៥

ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា
និងជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់
ក្នុងកិច្ចពិភាក្សាជាមួយអាជ្ញាធរខេត្តកំពង់ចាម កាលពីថ្ងៃទី២៧
ខែកុម្ភៈ ឆ្នាំ២០១៥។ Photo Provided
លោក ហូរ វ៉ាន់ តំណាងរាស្ត្រ គណបក្ស សង្គ្រោះជាតិ បញ្ជាក់ ថា, គណបក្ស សង្គ្រោះជាតិ ធ្វើពហិការ មិនចូលរួម ក្នុងសិក្ខាសាលា ដើម្បីបើកឲ្យសាធារណជន និងអង្គការសង្គមស៊ីវិល ពិភាក្សា សេចក្ដី ព្រាងច្បាប់ អង្គការ-សមាគម នៅព្រឹកពុធ ទី៨ ខែកក្កដា នេះទេ។
លោក ហូរ វ៉ាន់ ដែលជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃរដ្ឋសភាដែរនោះ អះអាងថា ការធ្វើពហិការនេះគឺជំរុញឲ្យរដ្ឋសភាបញ្ជូនសេចក្ដីព្រាងច្បាប់ នេះទៅទីស្ដីការគណៈរដ្ឋមន្ត្រី ដើម្បីឲ្យកែតម្រូវមាត្រាមួយចំនួនដែលប៉ះពាល់ដល់សិទ្ធិសេរីរបស់ អង្គការសង្គមស៊ីវិល ហើយដើម្បីឲ្យអង្គការទាំងនោះមានឱកាសគ្រប់គ្រាន់ចូលរួមផ្ដល់ អនុសាសន៍កែលំអលើមាត្រាមួយចំនួននៃសេចក្ដីព្រាងច្បាប់ដ៏ ចម្រូងចម្រាសនេះ៖ «មូលហេតុមកពីយើងមើលឃើញថា ច្បាប់នេះមានភាពចម្រូងចម្រាសខ្លាំងពីសង្គមស៊ីវិល ពីមហាជន ពីសមាគមរាប់ម៉ឺនដែលកំពុងបម្រើការនៅកម្ពុជា ហ្នឹង គឺគាត់មិនសុខចិត្តទេ...។»
លោក ហូរ វ៉ាន់ លើកឡើងទៀតថា ប្រសិនបើរដ្ឋសភាតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា នៅតែបន្តយកសេចក្ដីព្រាងច្បាប់នេះទៅប្រជុំអនុម័តនៅពេលខាងមុខ ដោយពុំមានការកែប្រែទេនោះ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នឹងពិភាក្សាជាថ្មីទៀតថា តើត្រូវចូលរួមប្រជុំ ឬមិនចូល? យ៉ាងនេះក្ដី លោកបន្ថែមថា មកទល់ពេលនេះ លោកមិនទាន់ដឹងថា សភានឹងរៀបចំប្រជុំនៅពេលណានៅឡើយទេ៕
No comments:
Post a Comment