មន្ត្រី បក្សប្រឆាំង ថា, លោក ឈាង វុន គំរាម ទះកំផ្លៀង ជនណា ហ៊ានផ្ដល់ បទសម្ភាសន៍ ក្នុងសភា
RFA / វិទ្យុ អាស៊ី សេរី | ៨ កក្កដា ២០១៥
មន្ត្រី បក្សប្រឆាំង អះអាង ថា, តំណាងរាស្ត្រ បក្សកាន់អំណាច គំរាម ប្រើអំពើហិង្សា ប្រសិនបើ តំណាងរាស្ត្រណា នៅមាន ការរឹងទទឹង ក្នុងការផ្ដល់ បទសម្ភាសន៍ នៅក្នុង បរិវេណ មន្ទីរ រដ្ឋសភា។
តំណាងរាស្ត្រមណ្ឌលព្រៃវែងពីខាងគណបក្សសង្គ្រោះជាតិ លោក ឡាត់ លិតេយ្យ ប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទកាលពីយប់ថ្ងៃ ទី៧ ខែកក្កដាថា លោក ឈាង វុន តំណាងរាស្ត្ររបស់បក្សប្រជាជនកម្ពុជាគំរាមធ្ងន់ៗ ថានឹងទះកំផ្លៀងជនណាដែលហ៊ានផ្ដល់បទសម្ភាសន៍ដល់ អ្នកសារព័ត៌មាន ដោយគ្មានការអនុញ្ញាតពីប្រធានរដ្ឋសភា៖ «ពេលហ្នឹងគាត់ មកចាប់ស្មារបស់ខ្ញុំពេលខ្ញុំកំពុងអង្គុយ គាត់មកហ្នឹងគឺ មកគួរសមទេ។ តែខ្ញុំជម្រាបគាត់ថា លោកសុំទោសព្រោះខ្មែរយើងចាប់ពីស្មាឡើងលើគេប្រកាន់។ ហើយគាត់ថា គាត់ស្រឡាញ់ទេដែលគាត់ធ្វើអញ្ចឹង។ ហើយដល់ចប់វគ្គហ្នឹងទៅ ខ្ញុំថាឯកឧត្ដមថ្ងៃមុនខ្ញុំឃើញ ឯកឧត្ដម ពេលចប់ប្រជុំគណៈកម្មការទាំងបីនឹងទៅពេលគេសម្ភាស លើវិទ្យុអាស៊ីសេរីដូចជាឃើញឯកឧត្ដមកាចបន្តិច ហើយខ្ញុំថាកុំកាចពេក ព្រោះយើងធ្វើការសភាដូចគ្នាទេ ហើយគាត់ថា ខ្ញុំគ្មានកាចឯណា ខ្ញុំកាចតែពាក្យសម្ដីតើស។ ខ្ញុំថាពាក្យសម្ដីហ្នឹងហើយវាឈឺចាប់ជាងវៃទៅទៀត។ ហើយគាត់ថាអញ្ចឹងលើកក្រោយចាំទះកំផ្លៀងតែម្ដង»
ការគំរាមទះកំផ្លៀងនេះ គឺបន្ទាប់ពីលោក ឈាង វុន កាលពីថ្ងៃទី១ ខែកក្កដា បានបណ្ដេញតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន មិនឲ្យផ្ដល់បទសម្ភាសន៍ ដល់អ្នកកាសែតនៅក្នុងបរិវេណមន្ទីររដ្ឋសភា ហើយថែមទាំង គំរាមបោកកម្ទេចឧបករណ៍ថតយកព័ត៌មានរបស់ អ្នកកាសែតទៀតផង។
ទោះជាយ៉ាងណាក៏ដោយ លោក ឈាង វុន បានបដិសេធធ្វើអត្ថាធិប្បាយលើបញ្ហានេះ៖ «ខ្ញុំអត់មានអីត្រូវនិយាយផង។ ខ្ញុំធុញទ្រាន់ណាស់ជាមួយវិទ្យុអីឥឡូវ សម្រាប់ខ្ញុំវាអត់ប្រយោជន៍។ អគុណហើយ។»
ជុំវិញបញ្ហានេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ធន សារាយ កត់សម្គាល់ថា លោកមិនដែលឃើញតំណាងរាស្ត្របក្សកាន់អំណាចកាលពីអាណត្តិមុនប្រើ អាកប្បកិរិយាច្រងេងច្រងាងដូចអាណត្តិនេះទេ។
លោកបន្តថា តំណាងរាស្ត្ររបស់បក្សកាន់អំណាចគួរតែប្រកាន់យកវប្បធម៌គោរពគ្នាទៅវិញទៅមកប្រកបដោយសេចក្ដីថ្លៃថ្នូរ។
លោក ធន សារាយ មានប្រសាសន៍ថាទង្វើរបស់លោក ឈាង វុន កន្លងមកគឺជាការជះឥទ្ធិពលអាក្រក់ដល់ក្មេងជំនាន់ក្រោយ៖ «យើង ធ្វើអញ្ចឹងវាទៅជាគំរូមិនល្អសម្រាប់យុវជនជំនាន់ក្រោយរបស់ យើង ព្រោះថាអ្នកដែលមានប្រសាសន៍អញ្ចឹងសុទ្ធតែមនុស្សដែលមាន អាយុ ៥០-៦០ ទៅហើយអញ្ចឹង។ យើងគួរតែកុំឲ្យបង្ហាញគំរូអាក្រក់នេះ ទៅអ្នកនយោបាយជំនាន់ក្រោយៗរបស់យើងយកតម្រាប់តាម។»
ទាក់ទិនបញ្ហានេះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន នឹងដាក់លិខិតមួយច្បាប់ប្ដឹងទៅប្រធានរដ្ឋសភា លោក ហេង សំរិន នៅថ្ងៃទី៨ កក្កដានេះ ដើម្បីជំរុញឲ្យមានការព្រមានស្ដីបន្ទោស លោក ឈាង វុន និង ទាមទារឲ្យលោក ឈាង វុន សុំទោសជាសាធារណៈចំពោះ រូបលោក រួមទាំងអ្នកសារព័ត៌មានផងដែរ។
តំណាងរាស្ត្របក្សប្រឆាំងរូបនេះ ក៏ទាមទារឲ្យស្ថាប័នរដ្ឋសភាបង្កើតសាល ឬទីកន្លែងមួយសមរម្យសម្រាប់អ្នកតំណាងរាស្ត្រអាច ផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន និងទាមទារឲ្យលោក ហេង សំរិន បញ្ឈប់រាល់សកម្មភាពប្រើប្រាស់បណ្ដាញសង្គមហ្វ៊េសប៊ុក (Facebook) ជាផ្លូវការរបស់រដ្ឋសភា ក្នុងការវាយប្រហារផ្នែកនយោបាយទៅលើក្រុមតំណាងរាស្ត្របក្សជំទាស់៕
No comments:
Post a Comment