HRW ចាត់ទុក ការកាត់ទោស សកម្មជន បក្សប្រឆាំង ១១នាក់ ថា ជាសាលក្រម នយោបាយ
RFA / វិទ្យុ អាស៊ី សេរី | ២៧ កក្កដា ២០១៥
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch = HRW) បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសសាលក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសឲ្យសកម្មជនគណបក្សប្រឆាំងចំនួន ១១រូប ជាប់ពន្ធនាគារ ដែលក្នុងនោះ ៣នាក់ជាប់រហូតដល់ ២ទសវត្សរ៍ ពីបទចូលរួម និងដឹកនាំកុប្បកម្ម បង្កហិង្សានៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
អង្គការឃ្លាំមើលសិទ្ធិមនុស្សលើពិភពលោកមួយនេះ ហៅសេចក្តីសម្រេចចេញដោយក្រុមចៅក្រមជំនុំជម្រះដឹកនាំដោយ លោក លឹម មករន្ទ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ នោះ ថាជាសាលក្រមនយោបាយ និងបំពានច្បាប់។
សូមស្តាប់កិច្ចសម្ភាសន៍រវាង លោក ជីវិតា នៃវិទ្យុអាស៊ីសេរី និងលោក ប្រ៊ែដ អាដាម (Brad Adams) នាយកប្រតិបត្តិទទួលបន្ទុកផ្នែកអាស៊ី នៃអង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ជុំវិញរឿងនេះ៖
លោក ជីវិតា៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ ចេញផ្សាយមួយថ្ងៃបន្ទាប់ពីតុលាការរាជធានីភ្នំពេញ ចេញសាលក្រមកាត់ទោសសកម្មជនគណបក្សសង្គ្រោះជាតិ ចំនួន ១១នាក់ ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំ ដល់ ២០ឆ្នាំនោះ លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើឧបាយកលចាស់ទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីចាប់អ្នកទាំង ១១នាក់នោះដាក់ពន្ធនាគារ។ តើឧបាយកលចាស់អ្វីទៅ?
លោក ប្រ៊ែដ អាដាម៖ បាទ! នៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ គណបក្សប្រជាជនកម្ពុជា និងលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី ដឹកនាំរដ្ឋដោយការគាបសង្កត់សិទ្ធិសេរីភាពរបស់ពលរដ្ឋ ដោយប្រើកម្លាំងប៉ូលិសជាឧបករណ៍។ ពេលនោះ អ្នកណាដែលចូលរួមក្នុងបាតុកម្មត្រូវបានចាប់ខ្លួន និងដាក់គុកក្នុងរយៈពេលយូរ។ បន្ទាប់មកនៅឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញកម្ពុជាថ្មីមួយត្រូវបានបង្កើតឡើង។ រដ្ឋធម្មនុញ្ញចែងថា ពលរដ្ឋមានសិទ្ធិសេរីភាពជួបជុំសម្ដែងមតិ និងបង្កើតសមាគម ប៉ុន្តែយើងមើលឃើញថា មនុស្សទាំង ១១នាក់ ត្រូវតុលាការសម្រេចដាក់ពន្ធនាគារថ្មីៗនេះ គឺជាអ្នកដែលបានព្យាយាមទប់ស្កាត់អំពើហិង្សាទៅវិញទេ។ គ្មានភស្តុតាងណាមួយបញ្ជាក់ថា ពួកគេម្នាក់ៗនោះបានចូលរួមក្នុងអំពើហិង្សានោះឡើយ។ ដូច្នេះ អំពើចាប់ដាក់គុកពេលនេះ គឺជាការរំឭកឡើងវិញនូវរបបដឹកនាំក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ពីព្រោះទី១ កម្ពុជាឥឡូវ ការធ្វើបាតុកម្មត្រូវបានហាមឃាត់ ហើយបង្កើតច្បាប់ និងវិធានផ្សេងៗរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ ទី២ នៅពេលដែលពលរដ្ឋចូលរួមបាតុកម្មសម្ដែងការតស៊ូមតិ ជំទាស់ទៅនឹងការហាមឃាត់ ដោយសារយល់ថាជាសិទ្ធិរបស់ពួកគេ ប៉ុន្តែបែរជាត្រូវរដ្ឋាភិបាលកម្ពុជា ប្រើហិង្សាបង្ក្រាប ហើយតុលាការជាអ្នកសម្រេចផ្ដន្ទាទោស។
និយាយពីតុលាការ គួរតែមិនបាច់ឆ្ងល់ទេថា តើតុលាការនេះសម្រេចចិត្តដោយឯករាជ្យខ្លួនឯង ឬតាមបញ្ជារបស់អ្នកណានោះ ពីព្រោះគ្មានចៅក្រមណាម្នាក់បន្ទាប់ពីពិនិត្យមើលភស្តុតាងក្នុង សំណុំរឿងនេះហើយ ក៏សម្រេចថា អ្នកទាំង ១១នាក់នោះពិតជាមានទោស ហើយត្រូវផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំនោះឡើយ លុះត្រាតែចៅក្រមរូបនោះទទួលបញ្ជាពីរដ្ឋាភិបាល។ ឥឡូវ កម្ពុជា ហាក់ដូចជាកំពុងត្រូវបានគ្រប់គ្រងដូចរបបផ្ដាច់ការក្នុងទសវត្សរ៍ ឆ្នាំ១៩៨០ អ៊ីចឹង។ ហេតុដូច្នេះ មនុស្សគ្រប់រូបគួរតែមានការព្រួយបារម្ភខ្លាំង ពីព្រោះកម្ពុជា បច្ចុប្បន្ន មិនមានរចនាសម្ព័ន្ធមូលដ្ឋានច្បាប់រឹងមាំសោះឡើយ។ ច្បាប់ស្រេចតែនៅលើបបូរមាត់របស់ លោក ហ៊ុន សែន។
ឧទាហរណ៍ លោក ហ៊ុន សែន និយាយថា ច្បាប់ត្រូវចាប់អ្នកតំណាងរាស្ត្របក្សប្រឆាំង ៧រូបដាក់គុកក្នុងរយៈពេលយូរ ជាដើម។
លោក ជីវិតា៖ សរុបមក លោកចង់បញ្ជាក់ថា តុលាការគ្មានភស្តុតាងអ្វីទាល់តែសោះក្នុងការដាក់ទោសអ្នកទាំង ១១នាក់នោះ។
លោក ប្រ៊ែដ អាដាម៖ គ្មានភស្តុតាងទាល់តែសោះ។ ផ្ទុយទៅវិញ ភស្តុតាងក្នុងឃ្លីបវីដេអូបង្ហាញថា ពួកគេមួយចំនួនបានព្យាយាមទប់ស្កាត់មិនឲ្យមានអំពើហិង្សា។ បក្សសង្គ្រោះជាតិ តែងតែធ្វើបាតុកម្មដោយអហិង្សា។ ប្រសិនបើមានជនណាប្រើហិង្សាក្នុងព្រឹត្តិការណ៍បាតុកម្ម អាជ្ញាធរមានសមត្ថកិច្ចត្រូវកំណត់មុខសញ្ញាឲ្យច្បាស់ ហើយចាប់ខ្លួនផ្ដន្ទាទោសទៅតាមច្បាប់ ហើយបើប៉ូលិស កងរាជអាវុធហត្ថ និងទាហាន ប្រើអំពើហិង្សា ក៏ត្រូវការអនុវត្តច្បាប់របៀបនេះលើពួកគេដែរ។ ប៉ុន្តែការអនុវត្តច្បាប់មិនស្មើភាពគ្នាឡើយ។ យើងឃើញហើយថា អ្នកដែលទទួលខុសត្រូវបាញ់សម្លាប់បាតុករកាលពីខែមករា ឆ្នាំ២០១៤ មិនទាន់ត្រូវបាននាំខ្លួនមកកាត់សេចក្តីតាមច្បាប់នៅឡើយទេ ពីព្រោះពួកគេជាកងកម្លាំងយោធា។ មានសាក្សីជាច្រើនបានឃើញការបាញ់ប្រហារនោះ។ ដូច្នេះនៅកម្ពុជា វាមានស្តង់ដារពីរក្នុងការអនុវត្តច្បាប់។ ស្តង់ដារមួយសម្រាប់ក្រុមប្រឆាំង គឺថា អ្នកឯងនឹងត្រូវអាជ្ញាធរចាប់ញាត់គុក ប្រសិនបើចេញមុខតវ៉ា។ ស្តង់ដារមួយទៀត គឺសម្រាប់កងកម្លាំងសន្តិសុខដែលប្រើអាវុធប្រល័យជីវិតបាតុករ ប៉ុន្តែរួចផុតពីទោសទណ្ឌ។
លោក ជីវិតា៖ នៅក្នុងសវនាការកាត់ទោសសកម្មជនបក្សសង្គ្រោះជាតិ ទាំង ១១នាក់ឲ្យជាប់ពន្ធនាគារពី ៧ឆ្នាំដល់ ២០ឆ្នាំនោះ ជនជាប់ចោទមួយចំនួនមិនមានមេធាវីឡើយ ដោយសារមានតែមេធាវីម្នាក់គត់បង្ហាញខ្លួននៅពេលនោះ។ តើសវនាការក្នុងដំណាក់ការដ៏សំខាន់បែបនោះ ប៉ុន្តែបែរជាជនជាប់ចោទមិនមានមេធាវីតំណាងឲ្យខ្លួនដូច្នេះ វាបញ្ជាក់អំពីបញ្ហាអ្វីដែរបាទ?
លោក ប្រ៊ែដ អាដាម៖ ក្នុងពេលនោះ តុលាការទំនងជាបានទទួលបញ្ជាឲ្យបញ្ចប់រឿងក្តីនោះ។ ការជូនដំណឹងដល់មេធាវីរបស់ជនជាប់ចោទ ធ្វើឡើងក្នុងរយៈពេលដ៏ខ្លីមិនអាចឲ្យពួកគេមកនិយាយការពារកូន ក្តីរបស់ខ្លួន ក្នុងដំណាក់ការចុងក្រោយបានឡើយ។ ដោយគ្មានខ្វាយខ្វល់ពីភាពត្រឹមត្រូវខាងគតិយុត្តិ ឬផ្លូវច្បាប់ ក្រុមចៅក្រមបានទទួលយកសេចក្តីថ្លែងការណ៍ជាច្រើនពីដើមចោទ ធ្វើជាភស្តុតាងដាក់បន្ទុក ចោទទៅលើក្រុមបាតុករដោយមិនមានវត្តមានម្ចាស់បណ្ដឹងនៅក្នុង សវនាការ។ ដូច្នេះយើងមិនដឹងទេថា តើអ្នកទាំងនោះនិយាយការពិត ឬទេ? ក្រៅពីនេះ ក្នុងសវនាការនោះ នៅមានការខ្វះខាតបញ្ហាច្បាប់ច្រើនទៀត។
យ៉ាងណាក៏ដោយចុះ វាច្បាស់ណាស់ថា ទោះជាមានភស្តុតាងត្រឹមត្រូវក្តី មិនមានក្តី តុលាការនេះនឹងកាត់ឲ្យអ្នកទាំង ១១នាក់នោះមានទោសដដែលទៅតាមបញ្ជានយោបាយ។
លោក ជីវិតា៖ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ លោកថ្លែងថា សហគមន៍អន្តរជាតិបានចំណាយពេល ២ទសវត្សរ៍ជួយពង្រឹងនីតិរដ្ឋក្នុងស្ថាប័នតុលាការកម្ពុជា ប៉ុន្តែពុំទទួលបានលទ្ធផលល្អទេ។ តើអ្វីទៅជាឧបសគ្គចម្បង?
លោក ប្រ៊ែដ អាដាម៖ យើងបានចំណាយពេល ២០ឆ្នាំ ផ្តល់ជំនួយផ្នែកបច្ចេកទេស ដូចជាបើកវគ្គបណ្តុះបណ្តាលផ្នែកច្បាប់ និងហិរញ្ញវត្ថុដល់ចៅក្រម និងព្រះរាជអាជ្ញាក្នុងតុលាការកម្ពុជា រួមទាំងសាលាក្តីខ្មែរក្រហមផង។ មន្ត្រីតុលាការមួយចំនួន ក៏ត្រូវបានបញ្ជូនឲ្យទៅមើលតុលាការគំរូនៅប្រទេសផ្សេងៗដែរ។ កាលពីខ្ញុំធ្វើការជាមន្ត្រីច្បាប់នៅក្នុងការិយាល័យអង្គការ សហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ខ្ញុំក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះពីរបីឆ្នាំដែរ។
បើទោះជាមានការប្រឹងប្រែងបង្ហាត់បណ្តុះបណ្តាលអំពីស្តង់ដារ អន្តរជាតិ វិធីស៊ើបអង្កេត និងនីតិវិធីជំនុំជម្រះក្តីត្រឹមត្រូវច្រើនបែបណាក៏ដោយ ក៏ហាក់ដូចជាគ្មានបានប្រយោជន៍អ្វីទាំងអស់ ពីព្រោះទាំងព្រះរាជអាជ្ញា និងចៅក្រម មិនបានសម្រេចយោងតាមច្បាប់ទេ នៅពេលណាសំណុំរឿងនយោបាយរបស់ក្រុមប្រឆាំងចូលមកដល់តុលាការ។ ពួកគេសម្រេចផ្ដន្ទាទោសសមាជិកបក្សប្រឆាំងតាមការបញ្ជារបស់អ្នក នយោបាយកាន់អំណាច។ នៅសាលា ពួកគេរៀនពីរបៀបសម្រេចចិត្តផ្អែកលើវិជ្ជាជីវៈ មិនមែនផ្អែកលើឥទ្ធិពលនយោបាយ ប៉ុន្តែការងារជាក់ស្តែង សំណុំរឿងទាក់ទងនឹងនយោបាយមួយហើយមួយទៀត ពួកព្រះរាជអាជ្ញា និងចៅក្រមទាំងនោះ តែងស្វែងរកយោបល់ណែនាំបែបនយោបាយ មុនធ្វើសេចក្តីសម្រេចចិត្ត។ ការសម្រេចធ្វើតាមបញ្ជានយោបាយបានកាន់តែច្រើន កាន់តែធ្វើឲ្យពួកគេក្លាយជាសមាជិកគណបក្សប្រជាជនកម្ពុជា យ៉ាងមានប្រសិទ្ធភាពកាន់តែឆាប់។ តាមការពិតទៅ ចៅក្រមប៉ុន្មាននាក់ដែលចេញសាលក្រមសម្រេចឲ្យអ្នកទាំង ១១នាក់នោះមានទោសនោះ គួរតែលាលែងពីតំណែង ហើយមិនបាច់ហៅខ្លួនឯងថា ចៅក្រមអីទៀតទេ។
លោក ជីវិតា៖ កន្លងមក មន្ត្រីតុលាការមួយចំនួនបង្ហើបឲ្យអ្នកសារព័ត៌មានដឹងថា ពួកគេមិនចង់ធ្វើដូច្នេះទេ ប៉ុន្តែពួកគេទទួលការគាបសង្កត់ឲ្យធ្វើដូច្នេះ។
លោក ប្រ៊ែដ អាដាម៖ ជាការពិតណាស់ ជាញឹកញាប់ពួកចៅក្រម និងព្រះរាជអាជ្ញាខ្លះនិយាយថា ពួកគេទទួលបញ្ជាឲ្យសម្រេចក្តីដែលពួកគេមិនចង់ធ្វើឡើយ។ ទោះជាយ៉ាងនោះក៏ដោយ ក៏មិនអាចរួចខ្លួនទេ។ និយាយបែបនេះខ្ញុំក៏យល់ដល់អារម្មណ៍ និងមានការអាណិតដល់ពួកចៅក្រម និងព្រះរាជអាជ្ញាទាំងនោះ ដែលទទួលរងការគាបសង្កត់ដែរ។ ប៉ុន្តែទន្ទឹមនឹងនេះ ពួកគេគួរតែទទួលខុសត្រូវផ្ទាល់ខ្លួនខ្លះ ដោយលាលែងចេញពីតំណែង ហើយរកការងារផ្សេងទៀត ពីព្រោះការសម្រេចចិត្តកាត់ទោសជនណាម្នាក់ដាក់ក្នុងពន្ធនាគារ ចំនួន ២០ឆ្នាំ ដែលជននោះមិនបានធ្វើអ្វីខុស ក្រៅពីគ្រាន់តែមានវត្តមាននៅទីកន្លែងមានអំពើហិង្សានោះ គឺមិនអាចទទួលយកបានទេ។ ចៅក្រមទាំងនោះគួរតែលាលែងដោយប្រកាសថា "ខ្ញុំត្រូវបានគេបញ្ជាឲ្យចេញសាលក្រមបែបនោះ ដែលខុសពីកាតព្វកិច្ចវិជ្ជាជីវៈរបស់ខ្ញុំ។ ធ្វើទៅមិនរួចទេ ខ្ញុំមិនអាចកាត់ទោសនរណាម្នាក់ឲ្យជាប់ពន្ធនាគារចំនួន ២០ឆ្នាំ ក្នុងសំណុំរឿងនយោបាយបែបនេះទេ ដូច្នេះខ្ញុំសុំលាលែងចេញពីតំណែង"។
លោក ជីវិតា៖ លោកបានអំពាវនាវឲ្យប្រទេសម្ចាស់ជំនួយបញ្ចប់ភាពស្ងៀមស្ងាត់របស់ ខ្លួន ហើយថ្កោលទោសសាលក្រមដែលដាក់ទោសសកម្មជនបក្សសង្គ្រោះជាតិ ទាំង ១១នាក់នោះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ហាក់ដូចជាមានតែសហរដ្ឋអាមេរិក ទេ ដែលសម្ដែងការមិនពេញចិត្តចំពោះសាលក្រមនោះ។
លោក ប្រ៊ែដ អាដាម៖ តាមរយៈការនៅស្ងៀមស្ងាត់របស់ខ្លួន ពួកប្រទេសម្ចាស់ជំនួយទាំងនោះក្លាយជាអ្នករួមគំនិត ដោយបន្តផ្តល់ជំនួយ ហើយធ្វើពុតជាយល់ថា ប្រទេសកម្ពុជា មានប្រជាធិបតេយ្យដែលការពិតមិនមានទេនោះ។
លោក ជីវិតា៖ ប៉ុន្តែប្រទេសម្ចាស់ជំនួយអាចនិយាយថា ពួកគេធ្វើអ្វីមិនបានទេ ដោយសំអាងថា បញ្ហាផ្ទៃក្នុង គឺជាអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។
លោក ប្រ៊ែដ អាដាម៖ វាគ្មានទាក់ទងនឹងអធិបតេយ្យភាពស្អីទេ នៅពេលនិយាយដល់គោលការណ៍សិទ្ធិមនុស្សអន្តរជាតិនោះ។ សិទ្ធិមនុស្សអន្តរជាតិ មានមូលដ្ឋានផ្អែកលើគោលការណ៍សកលស្ដីពីសិទ្ធិមនុស្ស ដែលការពារមនុស្សគ្រប់រូបរស់នៅលើភពផែនដីនេះ ទោះនៅក្នុងប្រទេសណាក៏ដោយចុះ។ យើងជាអ្នកគោរពសិទ្ធិមនុស្ស ថ្កោលទោសការរំលោភសិទ្ធិមនុស្សគ្រប់ទីកន្លែង ទោះកើតមាននៅក្នុងសហរដ្ឋអាមេរិក ក្តី ក្នុងប្រទេសចិន ក្តី ឬក្នុងប្រទេសកម្ពុជា ក្តី។
លោក ជីវិតា៖ ប៉ុន្តែប្រទេសម្ចាស់ជំនួយទាំងនោះអាចយល់នូវអ្វីដែលលោកលើកឡើង ប៉ុន្តែហេតុអ្វីបានជាពួកគេជាទូទៅនៅស្ងៀមស្ងាត់?
លោក ប្រ៊ែដ អាដាម៖ ប្រាកដណាស់! ពួកគេយល់ ប៉ុន្តែមិនចង់ប្រឈមមុខជាមួយ លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ ពួកគេយល់ថា កម្ពុជា ជាប្រទេសគ្រប់គ្រងដោយគណបក្សតែមួយ និងមានការរំលោភសិទ្ធិមនុស្ស។ ប៉ុន្តែឥឡូវ ពួកគេផ្ដោតការយកចិត្តទុកដាក់សំខាន់ទៅលើប្រទេសផ្សេងទៀតជាង ប្រទេសកម្ពុជា។ ខ្ញុំយល់ថា នេះជាការមិនទទួលខុសត្រូវ ដែលធ្វើឲ្យខ្ញុំសោកស្ដាយ ពីព្រោះគ្មានប្រទេសណាសំខាន់ជាងប្រទេសណាទេ។ មនុស្សគ្រប់រូបមានសិទ្ធិដូចៗគ្នា និងគួរទទួលបានការប្រព្រឹត្តចំពោះដូចគ្នាដែរ។ ដោយសារតែប្រទេសកម្ពុជា លែងជាប្រទេសដែលមានភូមិសាស្ត្រនយោបាយសំខាន់ដូចកាលពី ២០ឆ្នាំមុន មិនត្រូវមានន័យថា ប្រទេសម្ចាស់ជំនួយត្រូវលែងយកចិត្តទុកដាក់ទៅលើអ្វីដែលកំពុងកើត មាននៅកម្ពុជា នោះឡើយ។
អតីតរដ្ឋទូតសហភាពអឺរ៉ុប ដែលទើបផ្លាស់ចេញពីកម្ពុជា ស្ទើរគ្មានការប្រឹងប្រែងទាល់តែសោះក្នុងការការពារសិទ្ធិមនុស្ស នៅពេលគាត់ធ្វើការនៅកម្ពុជា។ បន្ទាប់មក គាត់ត្រូវបានឡើងស័ក្តិដោយផ្លាស់ទៅធ្វើការនៅប្រទេសផ្សេងទៀត។ នោះហើយជាបញ្ហា។
លោក ជីវិតា៖ អ្វីដែលលោកលើកឡើងមកនេះ ស្តាប់ទៅហាក់ដូចជាមិនសូវមានសង្ឃឹម។
លោក ប្រ៊ែដ អាដាម៖ ខ្ញុំមិនដែលអស់សង្ឃឹមទេ ពីព្រោះខ្ញុំដឹងថា ពលរដ្ឋកម្ពុជា យល់ស្របនឹងអ្វីដែលខ្ញុំនិយាយនេះ។ ពលរដ្ឋកម្ពុជា ភាគច្រើនធុញទ្រាន់ និងជិនណាយជាមួយនឹងរបបដឹកនាំឯកបក្ស ធុញទ្រាន់ជិនណាយនឹងនាយករដ្ឋមន្ត្រីដែលរំលោភសិទ្ធិមនុស្ស ធុញទ្រាន់ជិនណាយនឹងតុលាការដែលចាប់មនុស្សស្លូតត្រង់ដាក់ ពន្ធនាគារ និងធុញទ្រាន់ជិនណាយចំពោះកងកម្លាំងសន្តិសុខ ដែលប្រើហិង្សាជួសមុខឲ្យគណបក្សប្រជាជនកម្ពុជា។ ដោយសារតែឆ្អែតឆ្អន់ និងធុញទ្រាន់ជិនណាយទាំងអស់នេះហើយ ទើបគេឃើញប្រជាពលរដ្ឋកម្ពុជា ចូលរួមតវ៉ានានាកាន់តែច្រើនឡើងៗ។ ផ្ទុយទៅវិញខ្ញុំជឿថា ការដែល លោក ហ៊ុន សែន ចាប់មនុស្សស្លូតត្រង់ដាក់ពន្ធនាគារនោះ គឺបង្ហាញពីចំណុចខ្សោយរបស់គាត់ទៅវិញទេ មិនមែនបង្ហាញថា គាត់ខ្លាំងនោះទេ ពីព្រោះវាបង្ហាញពីការភិតភ័យរបស់គាត់ នៅពេលដែលឃើញប្រជាពលរដ្ឋចាប់ផ្តើមក្លាហានឡើងៗ។ មនុស្សជាច្រើនចាប់ផ្ដើមប្រឆាំងនឹងរដ្ឋាភិបាល ពីព្រោះពួកគេឆ្អែតឆ្អន់នឹងការដឹកនាំរដ្ឋជាង ៣០ឆ្នាំដោយគណបក្សតែមួយ។ ដូច្នេះ ចំនួនថ្ងៃនៃអំណាចរបស់គាត់កាន់តែខើចទៅ កាន់តែតិចទៅ ហើយ លោក ហ៊ុន សែន ក៏កាន់តែបង្ហាញនូវភាពអស់សង្ឃឹម។ ការចាប់មនុស្សដែលមិនបានប្រព្រឹត្តអ្វីខុសយកទៅដាក់គុក ២០ឆ្នាំ គឺបញ្ជាក់អំពីការដឹកនាំផ្ដាច់ការ ដូចដែលកម្ពុជា ធ្លាប់មានពីអតីតកាល។
លោក ជីវិតា៖ អ៊ីចឹងលោកថា បច្ចុប្បន្នកម្ពុជា ជារដ្ឋផ្ដាច់ការ?
លោក ប្រ៊ែដ អាដាម៖ កម្ពុជា កំពុងធ្វើដំណើរយ៉ាងលឿនឆ្ពោះទៅរករបបផ្ដាច់ការ។ ថ្មីៗនេះ ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានអនុម័តដោយគណបក្សតែមួយ ដោយមិនស្តាប់យោបល់អ្នកណាទាំងអស់។ នៅក្នុងរបបប្រជាធិបតេយ្យ អ្នកស្តាប់គំនិតយោបល់របស់សាធារណជន និងប្រជាពលរដ្ឋ។ អ្នកមិនចាំបាច់ធ្វើឲ្យដូចគំនិតយោបល់របស់ពួកគេនោះទេ ប៉ុន្តែអ្នកស្តាប់ពួកគេ និងយកគំនិតយោបល់ទាំងនោះមកពិគ្រោះ។ ប៉ុន្តែផ្ទុយទៅវិញ យើងឃើញច្បាប់នានាត្រូវបានរៀបតាក់តែងឡើងដោយស្ងាត់ៗ ហើយសមាជិកគណបក្សកាន់អំណាចគ្រប់រូបបោះឆ្នោតគាំទ្រ។ របៀបធ្វើច្បាប់បែបនេះ យើងឃើញមាននៅប្រទេសកូរ៉េខាងជើង នៅប្រទេសចិន និងនៅក្នុងប្រទេសវៀតណាម មិនមែននៅក្នុងប្រទេសកាន់លទ្ធិប្រជាធិបតេយ្យទេ។
លោក ជីវិតា៖ អរគុណ លោក ប្រ៊ែដ អាដាម
លោក ប្រ៊ែដ អាដាម៖ អរគុណ!
No comments:
Post a Comment